ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពល​រដ្ឋខេត្ត​កណ្តាល​កាន់​តែ​ព្រួយ​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី


អ្នកស្រី ជាង សុភាព អាយុ៦០ឆ្នាំ រស់នៅលើទំនប់ទឹក៩៤ ជិតអាកាសយានដ្ឋាន​ថ្មីក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ជាង សុភាព អាយុ៦០ឆ្នាំ រស់នៅលើទំនប់ទឹក៩៤ ជិតអាកាសយានដ្ឋាន​ថ្មីក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

ពល​រដ្ឋ​រស់​នៅ​ទំនប់​៩៤​ជិត​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ ដោយ​លើក​ឡើង​ថា​សន្តិ​សុខ​របស់​ក្រុមហ៊ុន​តែង​តែ​មក​ដើរ​ល្បាត​ទាំង​យប់​ទាំង​ថ្ងៃ។​

ពលរដ្ឋ​ឲ្យ​ដឹង​ថា​សន្តិសុខ​បាន​ឲ្យ​ពួកគេ​រុះរើ​ផ្ទះ​ចេញ​ បើ​ទោះ​បី​ជា​អាជ្ញាធរ​ខេត្ត​បាន​ធានា​ជាមួយ​ប្រជា​ពល​រដ្ឋ​ថា​ មិន​មាន​អ្នកណា​ហ៊ាន​បង្ខំ​ពល​រដ្ឋ​ឲ្យ​ចេញ​ពី​តំបន់​នោះ​ក្តី។​ ពល​រដ្ឋ​ទាំង​នោះ​បាន​ស្នើ​យ៉ាង​ទទូច​ទៅ​អភិបាល​ខេត្ត​ ឲ្យ​បើក​វេទិកា​សាធារណៈ​មួយ ដើម្បី​បញ្ជាក់​អំពី​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​នេះ។​

អ្នក​ស្រី ​ជាង សុភាព​ អាយុ​៦០​ឆ្នាំ ​ប្រាប់​វីអូអេ​ថា​អ្នកស្រី​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ​នៅ​ពេល​ដែល​សន្តិសុខ​របស់​ក្រុម​ហ៊ុន​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី ​OCIC ​របស់​លោក​ឧកញ៉ា ​ពុង ឃាវសែ ​បាន​ចុះ​មក​ភូមិ​របស់​អ្នកស្រី ដើរ​បាញ់​ថ្នាំ​ពណ៌ ​បង់​លេខ​តាម​ខ្នង​ផ្ទះ​ប្រជា​ពល​រដ្ឋ​ និង​ឲ្យ​ពល​រដ្ឋ​ខ្លះ​រុះ​រើ​លំនៅ​ដ្ឋាន​ បើទោះ​បី​ជា​ពលរដ្ឋ​បាន​ទៅ​ជួប​អភិបាល​រង​ខេត្ត​កណ្តាល​កាលពី​សប្តាហ៍មុន។ ​ពេល​នោះ អភិបាល​រង​ខេត្ត​កណ្តាល​ម្នាក់​ដែល​ជួប​ជាមួយ​ប្រជា​ពល​រដ្ឋ​ដែល​ជាអ្នក​តវ៉ា​ ​បាន​ប្រាប់​ពួកគាត់​ថា​ មិន​មាន​អ្នក​ណា​ហ៊ាន​បណ្តេញ​ពលរដ្ឋ​ឡើយ។​

អ្នក​ស្រី ​សុភាព​ បញ្ជាក់​ថា​ ​កាល​ពី​ថ្ងៃ​២​ ខែ​មករា​ ឆ្នាំ​២០២៣ ​សន្តិ​សុខ​របស់​ក្រុម​ហ៊ុន​ OCIC ​ប្រមាណ​៣០​នាក់ បាន​ចុះ​មក​ភូមិ​របស់​អ្នក​ស្រី ​ដោយ​ប្រាប់​ពល​រដ្ឋ​ម្នាក់​ឲ្យ​រុះ​រើ​ផ្ទះ ដែល​ប្រក់​ពី​ស័ង្កសី។ អ្នក​ស្រី​បន្ត​ថា ​សន្តិ​សុខ​ក្រុម​ហ៊ុន​នេះ​បាន​ដើរ​ល្បាត​ភូមិ​អ្នក​ស្រី ​ជា​រៀង​រាល់​ថ្ងៃ​មិន​ថា​យប់ មិន​ថា​ថ្ងៃ ​ដែល​ធ្វើ​ឲ្យ​ពល​រដ្ឋ​ពិបាក​ចេញ​ទៅ​ធ្វើការ​ ឬ​រក​ស៊ី​ ព្រោះ​ខ្លាច​សន្តិសុខ​ព្រលាន​យន្តហោះ​ រុះ​រើ​ផ្ទះ​ចោល។ អ្នក​ស្រី​បន្ថែម​ថា​ មិន​ទាន់​មាន​ដំណោះ​ស្រាយ​សម្រាប់​ដីស្រែ​ចម្ការ​ដែល​ធ្លាប់​អាស្រ័យ​ផល ​ផងឥឡូវ​មក​មាន​បញ្ហា​ដី​លំនៅដ្ឋាន​ដែល​កំពុង​រស់​នៅ​បច្ចុប្បន្ន​ទៀត។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«សូម្បី​ដី​៤០០​ហិកតា​ជាង​ មិន​ទាន់​ដោះ​ស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង ហើយ​ឥឡូវ​មក​វិវាទ​ដី​ធ្លី​ ពួក​ខ្ញុំ​កំពុង​នៅ​លើ​ទំនប់​ ដែល​ប្រឡាយ​ពួក​ខ្ញុំ​ជីក​រែក​មក​តាស។​ ខ្ញុំ​មិន​មែន​រស់​នៅ​លើទឹក​ដីអ្នក​ណា ​មួយ​ឯណា...។​ ហើយ​ទី​ពីរ​ ​ចង់​សួរ​ថា​ ពួ​កគាត់​ជា​អ្នក​ណា​ ដែល​គាត់​ដាក់​ឈ្មោះ​ថា​ ព្រលាន​ អ៊ីចឹង?ចុះ​ខ្ញុំ​ជា​អ្នកណា​នៅ​ទី​នេះ?​ ចង់​សួរ​ថា​ ឧទាហរណ៍​ថាឪពុក​ម្តាយ​ ​ខ្ញុំ​មាន​ហើយ​ តើ!​ ​ហើយ​ចាំបាច់​យក​ព្រលាន​ធ្វើ​ម៉ែ​ឪ​របស់​ខ្ញុំ​ធ្វើ​អី​ទៀត?អ៊ីចឹង​លោក​ព្រលាន​ចង់​ធ្វើ​ម៉ែ​ ធ្វើ​ឪ​ខ្ញុំ​ តើ​លោក​ជា​អ្នក​ណា?»​

អ្នកស្រី​បន្ថែម​ថា៖ ​«បើ​លោក​មក​ឃោរ​ឃៅ ​អ៊ីចឹង​ ប្រជាជន​កាន់តែ​ភ័យខ្លាច​ រួញ​ខ្លួន​ដូច​អណ្តើក​អ៊ីចឹង​ រាល់​ថ្ងៃ។​ ហើយ​ពួក​គាត់​[សន្តិ​សុខ​ព្រលាន​យន្ត​ហោះ]ដូច​មៀម ​ដូច​ទី​ទុយ​ យប់​ក៏​ដើរ​ ថ្ងៃ​ក៏​ដើរ​ល្បាត។ ​[បើ]​សង្គ្រាម​ [គឺ] ​សង្គ្រាម​ ឯ​ណា​ ហើយ?​ ខ្ញុំ​ចង់​សួរ​ប៉ុណ្ណឹង​ ថា​គាត់​ជា​អ្នកណា?»​

អ្នក​ស្រី​ស្នើ​ឲ្យ​អភិបាល​ខេត្ត​កណ្តាល​ លោក ​គង់ សោភ័ណ្ឌ ​បើក​វេទិកា​សាធារណៈ​ឲ្យ​បាន​លឿន​ ​ក្នុង​ការ​ពន្យល់​អំពី​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​ដើម្បី​ឲ្យ​ពល​រដ្ឋ​បាន​ស្ងប់​ចិត្ត។​ អ្នកស្រី​បញ្ជាក់​ថាប្រសិន​បើ​រដ្ឋ​ត្រូវ​ការ​ដី​នៅ​តំបន់​៩៤​នេះ​ គួរ​តែ​មាន​ការ​ដោះ​ដូរ​ដី​សម​រម្យ​ដល់​ប្រជា​ពល​រដ្ឋ។​

អ្នកស្រី​ថ្លែង​ថា៖​ «ស្នើ​អភិបាល​ខេត្ត​ សូម​អភិបាល​ខេត្ត​ឲ្យ​យោបល់​មក​ពួក​ខ្ញុំ​ ឲ្យ​ដំណឹង​មក​ពួក​ខ្ញុំ​ដែល​មក​នៅ​ទីនេះ​បាន​សេចក្តី​សុខ​ផង​ ព្រោះ​ខ្ញុំ​នៅ​តាំង​ពីអាយុ​៣២​ឆ្នាំ។​ ឥឡូវ​ខ្ញុំ​ដល់​ខ្ញុំ​៦០​ឆ្នាំ​គត់...​និយាយ​រួម​ពីឆ្នាំ​១៩៩១​...។ ​ហើយ​ខ្ញុំ​នៅ​ទីនេះ​មុន​ ​ដំបូង​មាន​តែ​៩០​គ្រួសារ​ទេ​ អត់​ច្រើន​ទេ ។​ ប៉ុន្តែ​ដល់​ពេល​យូរ​ទៅៗ​ ប្រជាជន​នៅ​ខាង​ក្រៅ ​ គាត់​លក់​ណា​ណី​អ៊ីចឹង​មក​ គាត់​មក​ទិញ​ដី​ហ្នឹង​គ្រាន់​ធ្វើ​ផ្ទះ​ ធ្វើអី​អ៊ីចឹង។​ ចុះ​ហេតុ​អី? ​មូល​ហេតុអី? ​បាន​ជា​គាត់​មិន​ចង់​ឲ្យ​ប្រជាជន​យើង​ហ្នឹង​សាង​សង់​ផ្ទះ​តូច​តាច​ហ្នឹង​គ្រាន់​នៅ ព្រោះ​គ្នា​ ទម្រាំ​សន្សំ​លុយ​ហ្នឹង​បាន​មក​ បែក​ពី​ម្តាង​ឪពុក​អី​មក​ ដល់​ពេល​រួច​មក​រស់​នៅ​កន្លែង​ហ្នឹង​ដើម្បី​ស្វែង​រក​កន្លែង​សុខ​ខ្លួន​ឯង ​គ្រាន់​តែ​ឲ្យ​គាត់​សុខ​ផង​មិន​បាន​ហ្ហេ?​បើ​សន្តិ​ភាព​ ​ហើយហ្នឹង»។​

អ្នកស្រី រ៉េត ពៅ អាយុ៤៨ឆ្នាំ រស់នៅលើទំនប់ទឹក៩៤ ជិតអាកាសយានដ្ឋាន​ថ្មីក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី រ៉េត ពៅ អាយុ៤៨ឆ្នាំ រស់នៅលើទំនប់ទឹក៩៤ ជិតអាកាសយានដ្ឋាន​ថ្មីក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ចំណែក​អ្នកស្រី ​រ៉េត ពៅ ​អាយុ​៤៨​ឆ្នាំ ​ដែល​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​អ្នក​ស្រី ​ជាង សុភាព ​ដែរ​នោះ​ ក៏​ព្រួយ​បារម្ភ​ដូច​គ្នា​ផង​ដែរ។​ អ្នកស្រី​ចង់​ឲ្យ​អភិបាល​ខេត្ត​បើក​វេទិកា​សាធារណៈ ​ពន្យល់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ច្បាស់​ ថា​ ពលរដ្ឋ​អាច​រស់​នៅ​ទំនប់​៩៤​នេះ​បាន​ ឬ​ចង់​ដោះដូរ​លំនៅដ្ឋាន​ពល​រដ្ឋ​ទៅ​កន្លែង​ណា​ផ្សេង?

អ្នកស្រី​ថ្លែង​ថា៖​ «ចង់​ឲ្យ​ចៅហ្វាយ​ខេត្ត​ បើក​វេទិកា​[សាធារណៈ]​ឲ្យ​ឆាប់ៗ ​ចង់​ដឹង​ថាដោះដូរ​អ្វី​ [ឬ]​ធ្វើអី​ក៏​ដោយ​ ចង់​ថា​ ព្រម​ពៀង​ថា​ឲ្យ​សម​រម្យ​...​ធ្វើម៉េច​ដោះ​ដូរ​ជា​ដីធ្លី​ឲ្យ​សម​រម្យ​[ដល់]​ប្រជា​ពលរដ្ឋ​មក។ ​បើក​វេទិកា​ឲ្យ​ឆាប់ៗ»។​

ប្រជា​ពល​រដ្ឋ​ផ្សេង​ទៀត​ ដែល​រស់​នៅ​ទំនប់​៩៤​ ហើយ​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌​មាន​របស់​វីអូអេ​ ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ ​ដោយ​ចង់​ឲ្យ​មាន​ការ​បើក​វេទិកា​ឲ្យ​បាន​ឆាប់​ពន្យល់​អំពី​គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី​នេះ។ ​ ពល​រដ្ឋ​ទាំង​នោះ​ ចង់​ឲ្យ​អាជ្ញាធរ​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ដល់​ពួកគេ​ផង​ដែរ។​ ​

កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​ធ្នូ​ ឆ្នាំ​២០២២​ ប្រជា​ពល​រដ្ឋរស់​នៅ​ទំនប់​៩៤​ប្រមាណ​២០០​នាក់ ​ ​ដែល​រស់​នៅ​ក្នុង​ភូមិ​អំពៅ​ព្រៃ ឃុំ​កណ្តោក​ ស្រុក​កណ្តាល​ស្ទឹង​ និង​ភូមិ​អាចម៍​កុក​ សង្កាត់​កំពង់​សំណាញ់ ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​ខេត្ត​កណ្តាល ​ដោយ​ទាម​ទារ​ឲ្យ​អភិបាល​ខេត្ត​កណ្តាល​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទាក់​ទង​ការ​បាញ់​ថ្នាំ​ពណ៌​បង់​លេខ​រៀង​ នៅ​តាម​ខ្នង​ផ្ទះ​របស់​ពួកគេ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ព្រួយ​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន ​នៅ​ថ្ងៃ​ណា​មួយ។​

ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ ដោយ​ហេតុ​ថា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​តាឡុង ​ដែល​កំពុង​មាន​វិវាទ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី​ OCIC ​របស់​លោក​ឧកញ៉ា ​ពុង ឃាវសែ ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ​រង​ការ​បណ្តេញ​ចេញ​រួច​ទៅ​ហើយ។ ​ប្រជា​ពល​រដ្ឋ​អះអាង​ថា ​អភិបាល​រង​ខេត្ត​កណ្តាល​ដែល​បាន​ជួប​ប្រជុំ​ជាមួយ​ប្រជា​ពលរដ្ឋ​បាន​យល់​ព្រម​តាម​សំណើ​របស់​ប្រជា​ពលរដ្ឋ ដោយ​ថា​ នឹង​រៀបចំ​វេទិកា​សាធារណៈ​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ​ ២០២៣ ​នេះ​ ប៉ុន្តែ​មិន​ទាន់​អាច​កំណត់​ពេល​វេលា​បាន​នៅ​ឡើយ​ទេ។​

វីអូអេ​បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​តាម​ទូរ​ស័ព្ទ​ពី​លោក ​ពុង ឃាវសែ ​ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ OCIC ប៉ុន្តែ​មិន​ទាន់​ទាក់ទង​បាន​ទេនៅ​ថ្ងៃ​អង្គារ​នេះ។​

អភិបាល​ខេត្ត​កណ្តាល​ លោក ​គង់ សោភ័ណ្ឌ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ រដ្ឋបាល​ខេត្ត​នឹង​ហៅ​ពល​រដ្ឋ​មក​ជួប​ជុំ​នៅ​សាលា​ខេត្ត​ជំនួស​វិញ ​ប៉ុន្តែ​មិន​ទាន់​អាច​បញ្ជាក់​ពេល​វេលា​ឡើយ។​

លោក ​បញ្ជាក់​ថា​ សំណង់​នៅ​ទំនប់​៩៤ ​ជា​សំណង់​អនា​ធិបតេយ្យ ​ហើយ​ពលរដ្ឋ​រស់​នៅ​មិនមាន​របៀប​រៀប​រយ​ ដែល​លោក​ថា ​វា​ប៉ះពាល់​ដល់​ផ្លូវ​ទឹក​ ឬ​ស្ទះ​ផ្លូវ​ទឹក​ ដែល​លោក​កំពុង​រក​វិធី​សាស្ត្រ​ដោះ​ស្រាយ​តាម​រយៈ​ការ​លើក​ទឹក​ចិត្ត ដោយ​មិន​មែន​ជា​សំណង​ដោះ​ដូរ​ដី ​ហើយ​មិន​មាន​ការ​កំណត់​លក្ខ​ខណ្ឌ​អ្វី​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «ការ​ដោះ​ដូរ​មាន​លក្ខ​ខណ្ឌ​អីបង?​ ​សំណង់​អានា​ធិបតេយ្យ​ទៅ​មាន​លក្ខ​ខណ្ឌ​ម៉េច?​ អានេះ ​សុទ្ធ​តែ​រក​វិធី​សម​រម្យ​សម្រួល​ទឹក​ចិត្ត​...​ ទៅ​ធ្វើ​វេទិកាខុស​ច្បាប់​ ​ស្រែក​តែ​មួយ​ម៉ាត់​ខុស​បាត់​ហើយ ​យល់​ទេ​អ៊ីចឹង?​ អ៊ីចឹង​បាន​គេ​អត់​ធ្វើ​វេទិកា​សាធារណៈ​ទេ។​ គេ​ធ្វើ​ការ​ងារ​ពិភាក្សា​គ្នា​ ដំណោះ​ស្រាយ។​ អាជ្ញាធរ​ខិតខំ​ដោះ​ស្រាយ​ ក្នុង​នាម​អាជ្ញាធរ​ជា​ម៉ែ​ជាឪ​ កុំ​ឲ្យ​បងប្អូន​យើង​មាន​បញ្ហា​លំបាក។ ​អ៊ីចឹង​កន្លែង​នៅ​សិន​ នៅ​បណ្តោះ​អាសន្ន​ ហើយ​គេ​ខិតខំ​ទំនាក់​ទំនង​ដោះ​ស្រាយ​ទៀត។ ​បើ​ធ្វើ​វេទិកា​សាធារណៈ​ដាច់​មួយ​ម៉ាត់​ហ្នឹង​ហើយ។ ​តែ​ខុស​ច្បាប់​ យើង​ធ្វើ​ម៉េច​ឲ្យ​ត្រូវ​ច្បាប់​បាន»។​

ភូមិ​អំពៅ​ព្រៃ ​ឃុំ​កណ្តោក​ ស្រុក​កណ្តាល​ស្ទឹង​ និង​ភូមិ​អាចម៍​កុក​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល​ គឺ​នៅ​ជាប់​គ្នា ​និង​មាន​ចម្ងាយ​ប្រមាណ​៥​គីឡូ​ម៉ែត្រ ​ពី​ព្រលាន​យន្តហោះ​ថ្មី​ OCIC។​ ប្រជា​ពល​រដ្ឋ​ទាំង​ពីរ​ភូមិ ​មាន​ប្រមាណ​៥០០​គ្រួសារ​ ដែល​បាន​រស់​នៅ​ទី​នោះ ​ដោយ​ផ្ទះ​ខ្លះ​សាង​សង់​ពី​ស័ង្កសី ​ខ្លះ​ធ្វើ​ពី​ឈើ​ជា​ដើម។ ហើយ​ពល​រដ្ឋ​នៅ​តំបន់​នេះ​ប្រកប​មុខ​របរ​បេះ​ត្រកួន​ នេសាទ​ត្រី ​និង​លក់​ដូរ​នៅ​តាម​ផ្ទះ។​ ពល​រដ្ឋ​ខ្លះ​អះអាង​ថា ពួក​គេ​បាន​រស់​នៅ​ទីនោះ​យូរ​មក​ហើយ​ចន្លោះ​ពី​ ២០ ​ឆ្នាំ​ទៅ​៣០ ​ឆ្នាំ។​

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក ​វណ្ណ សុផាត​ កត់​សម្គាល់​ថា​ ពល​រដ្ឋ​ខ្លះ​ ដែល​រស់​នៅ​ស្រុក​កណ្តាល​ស្ទឹង ​ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ ហើយ​មាន​ប្លង់​កាន់​កាប់​ស្រប​ច្បាប់ ​ក៏​នៅតែ​មិន​អាច​ទទួល​បាន​សំណង​សមរម្យ។ ​ដូច្នេះ​លោក​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​គិត​គូរ​អំពី​សិទ្ធិ​រស់​រាន​របស់​ប្រជា​ពលរដ្ឋ​ ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​ដែល​មាន​ចែង។​

លោក​ថ្លែង​ថា៖ ​«ក្នុង​ច្បាប់​ភូមិបាល​ និង​ច្បាប់​អស្សាមិករណ៍ ទាំង​រដ្ឋ​ធម្មនុញ្ញ ​គឺ​បាន​ចែង​ច្បាស់​អំពី​សិទ្ធិ​មាន​ដីធ្លី ​និង​លំនៅដ្ឋាន។​ អ៊ីចឹង​ក្នុង​ករណី​ណា​មួយ​ដែល​ រដ្ឋ​ត្រូវ​ការ​អីៗ ​គឺ​ត្រូវ​មាន​ការ​ដោះដូរ​ ឬ​មួយ​ត្រូវ​មាន​សំណង​ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រកប​មុខ​របរ​ក្នុង​នាម​ជា​មនុស្ស​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ដូច​គេ​ដូច​ឯង​ មិនមែន​បាន​ន័យ​ថា​ ចោទ​ថា​ពួក​គាត់​រស់នៅ​ដោយ​ខុស​ច្បាប់​ហើយ​ ស្រាប់​តែ​បណ្តេញ​ពួក​គាត់​ចេញ ​យក​ទៅ​ចោល​នៅ​កន្លែង​ណា ​ទីតាំង​កន្លែង​ណា​ផ្សេង​ទៀត។​ សួរ​ថា​ អាហ្នឹង​ជា​តួនាទី​របស់​រដ្ឋ​ដែរ?​ ព្រោះ​តួនាទី​រដ្ឋ​ត្រូវ​ពិនិត្យ​មើល ​និង​ធានា​នូវ​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ»។​

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​ OCIC ​កំពុង​សាង​សង់​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី​ ដែល​គេ​ស្គាល់​ឈ្មោះ​មួយ​ផ្សេង​ទៀត​ថា​ «អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តា​ខ្មៅ» ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​ ១.៥០០​ លាន​ដុល្លារ​អាមេរិក ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល។ ​បច្ចុប្បន្ន​នេះ​ ក្រុម​ហ៊ុន​នេះ​ក៏​កំពុង​មាន​វិវាទ​ដីធ្លី​ជា​មួយ​ពល​រដ្ឋ​ ដែល​រស់​នៅ​ក្នុង​ឃុំ​មួយ​ចំនួន ​ក្នុង​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្ត​ហោះ​ថ្មី​នោះ​ផង​ដែរ​ ដែល​ទាក់​ទង​នឹង​ការ​ផ្តល់​សំណង​ដីធ្លី​ ដែល​ពលរដ្ឋ​ថា​ ក្រុមហ៊ុន​ឲ្យ​ថោក​ត្រឹម​ ៨ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ​ខណៈ​តម្លៃ​ដី​លើ​ទីផ្សារ​ចន្លោះ​ពី​ ៥០​ដុល្លារ​ទៅ​ ១០០ ​ដុល្លារ។ ​ពល​រដ្ឋ​ថា​ មិន​អាច​ទទួល​យក​បាន​តាម​តម្លៃ​ដែល​ក្រុម​ហ៊ុន​ផ្តល់​ឲ្យ​នោះ​ទេ៕

XS
SM
MD
LG