តុលាការឧទ្ធរណ៍នៅថ្ងៃច័ន្ទនេះ បានច្រានចោលការពន្យល់របស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការសុំធ្វើមោឃភាពនីតិវិធីរបស់តុលាការក្រុងភ្នំពេញដែលបានចេញដីកាកោះហៅលោកកឹម សុខាឲ្យចូលខ្លួនទៅបំភ្លឺបណ្តឹងនិងការចោទប្រកាន់នានានៅសាលាដំបូងរាជធានីភ្នំពេញ។
លោក កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានរងបណ្តឹងបរិហារកេរ្តិ៍របស់នាងធី សុវណ្ណថា និងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើសញ្ចារកម្ម ដែលលោកត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឲ្យចូលខ្លួនមកបំភ្លឺមិនតិចជាងពីរលើកក្នុងនាមជាសាក្សី។
ក្តីក្តាំទាំងអស់នេះគឺផ្តើមចេញពីរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខាមានជាមួយនារីម្នាក់គឺនាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេនៅមានមន្ទិលនៅឡើយ។
លោក ហែម សុជាតិ មេធាវីម្នាក់ក្នុងចំណោមមេធាវីប្រាំនាក់ ដែលការពារលោកកឹម សុខាបានប្រាប់អ្នកសារព័ត៌មានក្នុងបរិវេណសាលាឧទ្ធរណ៍នាព្រឹកថ្ងៃច័ន្ទនេះថា លោកភូ ពៅស៊ុន ប្រធានសភាស៊ើបសួរក្នុងអង្គជំនុំជម្រះ នេះ មិនគាំទ្រហេតុផលនានាដែលក្រុមមេធាវីបានលើកឡើងដើម្បីសុំធ្វើមោឃភាពនីតិវិធីរបស់តុលាការក្រុងភ្នំពេញ ចំពោះការកោះហៅលោកកឹម សុខា ដែលនៅមានអភ័យឯកសិទ្ធិជាតំណាងរាស្ត្រនៅឡើយនោះ។
«អ្វីដែលមេធាវីបានលើកឡើងពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិដែលកំណត់ក្នុងមាត្រា៨០នៃរដ្ឋធម្មនុញ្ញ មាត្រា៧ មាត្រា៩នៃលក្ខខន្តិកៈតំណាងរាស្ត្រនោះ គឺខាងសភាស៊ើបសួរបញ្ជាក់ថា គ្មានមូលភាព ហើយគេគ្មានសមត្ថកិច្ច»។
មាត្រា៧នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រចែងថា៖
«តំណាងរាស្ត្រណាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌអាចនឹងត្រូវអនុញ្ញាតឲ្យមានការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនតាមច្បាប់ និងនីតិវិធីបាន លុះត្រាតែមានការលើកអភ័យឯកសិទ្ធិសភាជាមុន»។
ចំពោះមាត្រា៩នៃច្បាប់ដដែលនេះបានចែងថា៖
«ការលើកអភ័យឯកសិទ្ធិសភាក្នុងរយៈពេលសម័យប្រជុំរដ្ឋសភាត្រូវអនុវត្តនីតិវិធីដូចខាងក្រោមនេះ៖ រដ្ឋសភាអាចប្រជុំជាសម្ងាត់ តាមការស្នើសុំពីប្រធាន ឬសមាជិកចំនួនមួយភាគដប់យ៉ាងតិច ឬពីនាយករដ្ឋមន្ត្រី។ កូរ៉ុមប្រជុំត្រូវមានលើសពីពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។ ការអនុម័តគឺត្រូវមានមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល»។
លោកមេធាវីហែម សុជាតិបានបន្តប្រាប់អ្នកសារព័ត៌មានថា ក្រុមមេធាវីនឹងធ្វើបណ្តឹងសារទុក្ខទៅសាលាកំពូល ហើយនឹងពិនិត្យលើលទ្ធភាពនៃការប្តឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដើម្បីពិនិត្យមើលនីតិវិធីរបស់តុលាការក្រុងភ្នំពេញ ដែលចាត់ការក្តីរបស់លោកកឹម សុខា និងប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាអំពីធម្មនុញ្ញភាពនៃអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ។
«មេធាវីនឹងពិចារណាអំពីបណ្តឹងសារទុក្ខទៅតុលាការកំពូលទៀតពាក់ព័ន្ធនឹងមោឃភាពនីតិវិធីនេះ»។
លោកបានបន្ថែមថា តុលាការឧទ្ធរណ៍ក៏ដូចជាតុលាការដំបូងក្រុងភ្នំពេញ ហាក់ដូចជាមិនមានសេចក្តីក្លាហានក្នុងការអារកាត់រឿងក្តីដែលជាប់ពាក់ព័ន្ធនឹងនយោបាយដោយឈរលើគោលការណ៍ឯករាជ្យពីអំណាចនីតិប្រតិបត្តិទេ។
រដ្ឋាភិបាលបានដាក់កម្លាំងអាជ្ញាធរមានសមត្ថកិច្ចតាមឃាត់ខ្លួនលោកកឹម សុខា កាលពីចុងខែឧសភា បន្ទាប់ពីសភាដែលមានតែអ្នកតំណាងរាស្ត្រ៦៨រូបមកពីគណបក្សគ្រប់គ្រងប្រទេស បានសម្រេចឲ្យតុលាការក្រុងភ្នំពេញបន្តនីតិវិធីរបស់ខ្លួនលើសំណុំរឿងលោកកឹម សុខា។
ដោយសារតែមានការយារយីពីរដ្ឋអំណាចជាច្រើនលើកជាច្រើនសារនោះ លោកកឹម សុខាបានគេចវេះមិនចូលខ្លួននៅតុលាការក្រុងភ្នំពេញទេ ដោយលោកបានបន្តស្ថិតនៅក្នុងទីស្នាក់ការកណ្តាលគណបក្ស ហើយបានស្នើឲ្យមេធាវីរបស់លោកលើកហេតុផលអំពីការមិនចូលខ្លួននៅតុលាការក្រុងភ្នំពេញ ដែលមិនព្រមទទួលស្គាល់ហេតុផលនោះឡើយ។ អយ្យការអមតុលាការក្រុងភ្នំពេញក៏បានចោទលោកកឹម សុខាពីបទ«បដិសេធមិនចូលខ្លួន»តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។
ទោះបីមានការគេចវេះយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្មីៗនេះ ក៏បានដាក់ផ្លែផ្កាទៅលោកកឹម សុខាឲ្យដើរចេញពីទីស្នាក់ការកណ្តាលគណបក្ស ហើយលោកអះអាងថា បើលោកកឹម សុខាជាប់ពន្ធនាគារនោះ នោះលោកកឹម សុខានឹងគ្មានថ្ងៃចេញពីពន្ធនាគារវិញនោះទេ។ ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីកើតមានឡើងបន្ទាប់ពីលោកកឹម សុខាបានប្រាប់បណ្តាញព័ត៌មានអន្តរជាតិ Reuters ថា លោកហ៊ុន សែនខ្លាចចាញ់នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោកចៅក្រមភូ ពៅស៊ុន ប្រធានសភាស៊ើបសួរដែលបានស្តាប់ការបកស្រាយរបស់ក្រុមមេធាវីការពារក្តីលោកកឹម សុខានៅសាលាឧទ្ធរណ៍ បានសុំមិនធ្វើការអធិប្បាយទេ ដោយលោកបានបង្វែរសំណួរទៅលោកទូច ថាវរិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍។
លោកទូច ថាវរិទ្ធបានប្រាប់ VOA ថា តុលាការឧទ្ធរណ៍បានច្រានចោលសំណើររបស់ក្រុមមេធាវីការពារលោកកឹម សុខា ដែលសុំមោឃភាពចំពោះចំណាត់ការរបស់តុលាការភ្នំពេញ។ លោកបញ្ជាក់ថា តុលាការក្រុងភ្នំពេញនឹងបន្តចាត់ការសំណុំរឿងលោកកឹម សុខាបន្តទៀត។
«ឥឡូវនេះ ខាងសាលាឧទ្ធរណ៍ព្រឹកមិញ ដែលចៅក្រមជំនុំជម្រះហ្នឹងគាត់បានសម្រេចហើយបង ដោយច្រានចោលដូចបងបានមានប្រសាសន៍អញ្ចឹង ច្រានចោលការសុំមោឃភាពនីតិវិធី។ អញ្ចឹងទេ ត្រូវតែបង្វិលសំណុំរឿងនេះទៅឲ្យសាលាដំបូងរាជធានីភ្នំពេញហ្នឹង ចាត់ការបន្តទៅតាមផ្លូវច្បាប់»។
ទាក់ទងនឹងសំណួររបស់ VOA ដែលថា ជារឿយៗ ខាងមេធាវីលើកឡើងថា តុលាការមិនមានជំហរឯករាជ្យក្នុងការវិនិច្ឆ័យលើរឿងក្តីដែលមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះ លោកទូច ថាវរិទ្ធសុំមិនធ្វើអធិប្បាយទេ។
បន្ទាប់ពីការសម្រេចរបស់តុលាការឧទ្ធរណ៍ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទដដែលនេះ បានចេញសេចក្តីថ្លែងការណ៍មួយសម្តែងការព្រួយបារម្ភអំពីការបន្តភាពលម្អៀងរបស់តុលាការនៅកម្ពុជា ដែលបង្ហាញពីអគតិទាំងបួន គឺឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិ។ អគតិនេះហើយដែលនាំឲ្យចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការខ្លះធ្វើការអនុវត្ត ធ្វើការសន្និដ្ឋាន និងធ្វើសេចក្តីសម្រេចដោយរំលោភលើនីតិវិធី និងច្បាប់ជាធរមាន រហូតដល់ហ៊ានរំលោភលើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលទៀតផង។
នៅក្នុងសំណុំរឿងអាស្រូវស្នេហាលួចលាក់របស់លោកកឹម សុខានេះមានមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់សមាគមអាដហុកចំនួនបួនរូប និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប រួមទាំងមេឃុំគណបក្សប្រឆាំងមួយរូបនៅខេត្តកំពង់ចាម ត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងសំណុំរឿងសូកប៉ាន់សាក្សី៕