លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញមោទនភាពអំពីជ័យជម្នះក្នុងការគ្រប់គ្រងបានលើស្ថានភាពជំងឺឆ្លងកូវីដ១៩ និងភាពស៊ាំទប់ទល់នឹងជំងឺនេះ នៅកម្ពុជា ក្រោយរដ្ឋាភិបាល បង្កើនយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ តភ្ជាប់ខេត្តជាប់មាត់សមុទ្រ គឺខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ដែលនៅជាប់ប្រទេសថៃ នៅថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានលើកឡើងពីប្រសិទ្ធភាពនៃយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដែលធ្វើឲ្យមានភាពស៊ាំក្នុងសហគមន៍ ហើយបានអនុញ្ញាតឲ្យរដ្ឋាភិបាលមានលទ្ធភាពបើកដំណើរការសេដ្ឋកិច្ចប្រទេសទាំងមូលឡើងវិញ។
លោកបានថ្លែងថា៖ «ក្នុងរយៈកាលចាប់ពីយើងបើកប្រទេសឡើងវិញ ថ្ងៃ១ ខែវិច្ឆិកាហើយយើងបិទបញ្ចប់ព្រឹត្តិការណ៍ថ្ងៃ២០ ខែធ្នូ គឺ ១០ខែគត់នៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ចំណូលប៉ុន្មានខែចុងឆ្នាំងើបឡើងវិញ បន្ទាប់ពីយើងចាក់វ៉ាក់សាំងគ្រប់គ្រាន់»។
ដំណាលគ្នានោះដែរលោក ហ៊ុន សែន បានបញ្ជាក់ពីស្ថានភាពល្អប្រសើរពីការគេចផុតការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំជាថ្មីទៀត ជាពិសេសអំឡុងពេលការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ។
លោកប្រាប់ក្រុមមន្ត្រីរដ្ឋាភិបាលយ៉ាងដូច្នេះថា៖ «ហើយខ្ញុំសូមបញ្ជាក់ ខ្ញុំសប្បាយចិត្តជាងគេនៅត្រង់ថា ប្រឡងបាក់ឌុប យើងថាបាក់ឌុប....ភាសាពីដើម តែបើភាសាត្រូវ យើងថា ប្រឡងមធ្យមសិក្សាទុតិយភូមិ ... កូនសិស្ស ១១៥.០០០នាក់ជាងតែករណីឆ្លងកូវីដ១៩ មានតែបីប៉ុណ្ណោះ ...ពីរ គឺករណីនាំចូលពីក្រៅប្រទេស គឺចាត់តាំងឲ្យប្រឡងនៅមន្ទីរពេទ្យតែម្តង។ មួយទៀត គឺនៅបាត់ដំបង គឺមានតែ៣ករណីគត់»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឲ្យមានយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបីទៅដល់ពលរដ្ឋនៅទូទាំងរាជធានីខេត្តនៅក្នុងប្រទេសផងដែរ និងបានបញ្ជាឲ្យក្រសួងសុខាភិបាលពិនិត្យឡើងវិញនូវលទ្ធភាពផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនពលរដ្ឋចំនួនប្រមាណ ៧ម៉ឺននាក់ ដែលត្រូវបានវេជ្ជបណ្ឌិត មិនបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ១៩ កាលពីពេលដើមដំបូង។
ប្រធានមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោកនៅតែមានការព្រួយបារម្ភពីការកើតមានរលកនៃការឆ្លងជំងឺកូវីដ១៩ សាជាថ្មី ដោយសារវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង។
លោកបានថ្លែងថា៖ «ប៉ុន្តែទោះបីជាយ៉ាងណា ខ្ញុំសង្កេតឃើញថា កម្ពុជាមិនមែនមានន័យថា យើងរួចផុតពីភាពភ័យខ្លាច ឬកង្វល់ពីជំងឺកូវីដ១៩ នោះទេ។ កម្ពុជានៅតែមានការព្រួយបារម្ភ ព្រោះដោយសារបញ្ហាមេរោគបំប្លែងថ្មីនេះ ក៏បានចូលមកប្រទេសកម្ពុជាដែរ។ ហើយនឹងមានការព្រួយបារម្ភ បើសិនវាឆ្លងរាលដាលខ្លាំងធ្វើឲ្យប៉ះពាល់ទៅដល់វិស័យផ្សេងៗជាច្រើនទៀត រួមទាំងវិស័យសេដ្ឋកិច្ចផងដែរ»។
លោកបានបន្ថែមថា បើទោះបីជាករណីឆ្លងប្រចាំថ្ងៃ ត្រូវបានរាយការណ៍ថា បានធ្លាក់ចុះក្នុងកម្រិតទាបខ្លាំងក៏ដោយ ក៏កម្ពុជានៅតែមិនទាន់អាចឆ្លងផុតទាំងស្រុងពីហានិភ័យនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩នៅឡើយទេ ដោយសារតែវីរុសកូវីដ១៩ កំពុងតែបន្តរាតត្បាតនៅតាមបណ្តាប្រទេសដទៃទៀតនៅលើសាកលលោក ហើយបានបំប្លែងជាប្រភេទថ្មីផ្សេងៗ។
អ្នកស្រីវេជ្ជបណ្ឌិត Li Ailan អ្នកតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានឆ្លើយតបសំណួរវីអូអេតាមអ៊ីមែលថា មានការរំពឹងទុកថា មានករណីវីរុសប្រភេទអូមីក្រុង (Omicron) នាំចូលប្រទេសកម្ពុជា និងការឆ្លងក្នុងស្រុកដោយសារការបំប្លែងរបស់វីរុស និងស្ថានភាពឆ្លងនៅក្នុងពិភពលោកដែលត្រូវមានទំនាក់ទំនងគ្នា។ អង្គការសុខភាពពិភពលោក បាននិងកំពុងណែនាំ និងគាំទ្រប្រទេសកម្ពុជា ជាពិសេសដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត និងដៃគូនានាដើម្បីត្រៀមទប់ទល់នឹងជំងឺរាតត្បាតនេះ។
កម្ពុជានៅតែត្រូវត្រៀមខ្លួនឆ្លើយតបដ៏ល្អទប់ទល់កំណើនដែលអាចកើតមានដោយសារវីរុសប្រភេទ Omicron និងប្រភេទថ្មីផ្សេងទៀត។ វាជាដំណឹងល្អ ដែលការចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា បានជួយជីវិតមនុស្សជាច្រើន ហើយការឆ្លងជំងឺកូវីដ១៩ ជាទូទៅ នៅមានកម្រិតទាបនៅឡើយ។ ប៉ុន្តែយើងនៅតែត្រូវប្រុងប្រយ័ត្ន។
អ្នកស្រីបន្តថា ប្រទេសកម្ពុជា បានបំពេញការងារបានល្អក្នុងការចាក់ថ្នាំបង្ការដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលងាយរងគ្រោះ រួមមានមនុស្សចាស់ បុគ្គលិកថែទាំសុខភាព និងអ្នកដែលមានជម្ងឺ។ ទោះជាយ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ដើម្បីការពារសហគមន៍កម្ពុជាកុំឱ្យឆ្លងជំងឺកូវីដ១៩ គឺត្រូវមានវិធានការបន្ថែម។
គិតត្រឹមថ្ងៃទី២ ខែមករានេះ កម្ពុជា បានចាក់វ៉ាក់សាំងជំងឺកូវីដ១៩ បានជិត ៩០ភាគរយនៃចំនួនប្រជាជនសរុប ១៦លាននាក់ ដោយចំនួនពលរដ្ឋអាយុលើនិងក្រោម ១៨ឆ្នាំ ដែលបានទទួលវ៉ាក់សាំងយ៉ាងតិចពីរដូសមានសរុបជាង ១៣,៦លាននាក់។ នេះ បើយោងតាមទិន្នន័យពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។
កាលពីដើមខែវិច្ឆិកាឆ្នាំមុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបើកប្រទេសឡើងវិញនៅគ្រប់វិស័យ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ហើយពលរដ្ឋអាចបំពេញកិច្ចការប្រចាំថ្ងៃដោយមិនមានជាប់បម្រាមអ្វីតទៅទៀតនោះទេ។
ការបើកដំណើរការគ្រប់វិស័យឡើងវិញនេះ កើតមានឡើង បន្ទាប់ពីមានការបិទខ្ទប់ទ្រង់ទ្រាយធំនៅតាមរាជធានី និងខេត្តមួយចំនួន រយៈពេលអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២១ និងក្រោយពិធីបុណ្យជាតិនេះ និងការដាក់បម្រាមជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ១៩ ក្រោយពីមានការផ្ទុះឆ្លងរាតត្បាតជំងឺកូវីដ១៩ ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍«២០ កុម្ភៈ»មក។
វីអូអេ មិនទាន់អាចសុំការបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងលទ្ធភាពនៃការរាតត្បាតជំងឺនេះនាពេលបច្ចុប្បន្នពីរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ឌឌីន បានទេនៅថ្ងៃចន្ទនេះ។
គិតត្រឹមថ្ងៃទី២ ខែមករាកម្ពុជាបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩សរុបចំនួនជាង១២០.៥០០ករណី ដោយមានករណីឆ្លងថ្មី ដែលបញ្ជាក់ដោយម៉ាស៊ីន PCR និងសុទ្ធជាប្រភេទបំប្លែងថ្មីអូមីក្រុងចំនួន ៦ករណី ខណៈករណីជាសះស្បើយសរុបមានចំនួនជិត១១៧.០០០នាក់ ហើយករណីស្លាប់សរុបចំនួន៣.០១៤នាក់៕