ប្រទេសកម្ពុជាបានរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង(Omicron)លើស្រ្តីខ្មែរម្នាក់អាយុ២៣ឆ្នាំដែលបានធ្វើដំណើរចេញពីតំបន់អាហ្រ្វិកខាងលិចហើយបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃអាទិត្យ។
នេះជាការរកឃើញលើកដំបូងនៃវីរុសអូមីក្រុងក្នុងប្រទេសកម្ពុជាដែលកំពុងមានការធ្លាក់ចុះយ៉ាងគំហុកនៃករណីឆ្លងជំងឺកូវីដ១៩គិតចាប់តាំងពីពេលបញ្ចប់ពិធីបុណ្យអុំទូកកាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២១នេះ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាចុះថ្ងៃអង្គារទី១៤ខែធ្នូ ស្ត្រីខ្មែរដែលរកឃើញថាមានវីរុសអូមីក្រុងរូបនោះមានអាសយដ្ឋាននៅក្រុងបាវិតខេត្តស្វាយរៀងនិងមានផ្ទៃពោះចំនួន១៥សប្តាហ៍។
សេចក្តីប្រកាសរបស់ក្រសួងបានលើកឡើងថាស្ត្រីខ្មែរដែលមានផ្ទៃពោះ១៥សប្តាហ៍រូបនោះបានធ្វើដំណើរតាមជើងយន្តហោះចេញពីប្រទេសហ្គាណាឆ្លងកាត់តាមឌូបៃរួចបន្តជើងយន្តហោះនៅព្រលានយន្តហោះទីក្រុងបាងកកប្រទេសថៃជាទីដែលស្រ្តីរូបនោះត្រូវរង់ចាំជើងយន្តហោះចំនួន១៤ម៉ោងទើបបន្តដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២១។
ពីរថ្ងៃក្រោយពេលមកដល់កម្ពុជា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញថា គាត់មានវីរុសបម្លែងថ្មីប្រភេទអូមីក្រុងបន្ទាប់ពីការពិនិត្យសំណាក។នេះបើតាមក្រសួងសុខាភិបាល។
សេចក្តីប្រកាសដដែលរបស់ក្រសួងសុខាភិបាលលើកឡើងថា៖«បច្ចុប្បន្នអ្នកជំងឺខាងលើកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិនថ្មីក្នុងរាជធានីភ្នំពេញ»។
អង្គការសុខភាពពិភពលោក(WHO)និងសហរដ្ឋអាមេរិកធ្លាប់បានបញ្ជាក់ថាវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុងហាក់ដូចជាមិនបង្កគ្រោះថ្នាក់ខ្លាំងជាងវីរុសកូវីដ១៩ប្រភេទផ្សេងទៀតនោះទេ ហើយថាការស្រាវជ្រាវបន្ថែមទៀតលើវីរុសនេះគឺចាំបាច់ដើម្បីវាយតម្លៃអំពីគ្រោះថ្នាក់ដែលវាអាចបង្កឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។
ក៏ប៉ុន្តែក្រសួងសុខាភិបាលកម្ពុជាបន្តក្រើនរំឭកឲ្យប្រជាពលរដ្ឋបន្តវិធានការការពារខ្លួនឲ្យបានហ្មត់ចត់និងចាក់វ៉ាក់សាំងកូវីដ១៩នៅពេលដល់វេនដែលត្រូវចាក់ថ្នាំបង្ការនេះ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការសណ្ឋាគារប្រណីតមួយគឺសណ្ឋាគារហាយ៉ាត់រីជិនស៊ីភ្នំពេញ(Hyatt Regency Phnom Penh)នាថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រីលោកហ៊ុន សែនលើកឡើងថាប្រជាពលរដ្ឋគួរកុំមានការភ័យស្លន់ស្លោនឹងវីរុសអូមីក្រុងនេះទេព្រោះមិនទាន់មានករណីស្លាប់បង្កឡើងដោយវីរុសនេះនៅឡើយទេនៅក្នុងប្រទេសលើកលែងតែករណីស្លាប់លើកទីមួយនៅចក្រភពអង់គ្លេស។
«ប្រទេសយើងអត់មានធ្វើចត្តាឡីស័កគឺជាប្រទេសដែលងាយស្រួលអ៊ីចឹងបានជាខ្ញុំអន់ចិត្ត....អន់ចិត្តថាចុះអា[អូ]មីក្រុងនោះមិនទាន់ងាប់នរណាមួយផងនាំគ្នាប្រកាច់ភ័យម៉េសៗ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនស្នើឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះមេរោគបំប្លែងថ្មីនេះ ស្របពេលប្រទេសកំពុងបើកឲ្យដំណើរការឡើងវិញ។ លោកក៏បានប្រកាសថា កុមារនិងយុវវ័យអាយុចាប់ពី១២ឆ្នាំទៅ១៨ឆ្នាំនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ឬដូសជំរុញ ហើយយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣នេះនឹងធ្វើឡើងនៅខែមករាឆ្នាំ២០២២ដោយអនុវត្តតាមវិធីសាស្ត្រផ្ការីក។
«ខ្ញុំទើបនឹងអនុម័តពីម្សិលមិញឲ្យចាក់វ៉ាក់សាំងដូសទី៣សម្រាប់កុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំទៅអាយុ១៨ឆ្នាំ។ ចាប់ពីខែមករានេះទៅត្រូវចាប់ផ្តើមចាក់ហើយអនុវត្តតាមវិធីសាស្ត្រផ្ការីកដូចមនុស្សចាស់ដែរ។មនុស្សចាស់មកដល់ពេលនេះចាក់បានប្រមាណ៣លាននាក់ៗទៅហើយ»។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១នេះ ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩មានចំនួន៨ករណី ហើយករណីជាថ្មីមានចំនួន១២ករណីនាំឲ្យករណីជាសះស្បើយសរុបមានចំនួន១១៦.៧៤៦ករណីនិងករណីស្លាប់ថ្មី៣នាក់នាំឲ្យចំនួនមនុស្សស្លាប់សរុបឡើងដល់២.៩៩៥នាក់៕