លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានច្រានចោលការលើកឡើងដែលថាការដំឡើងឋានន្តរស័ក្ដិផ្នែកយោធាដល់លោក ហ៊ុន ម៉ាណែត គឺដើម្បីត្រៀមខ្លួនសម្រាប់លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីនៅពេលខាងមុខ។
លោក ហ៊ុន សែន បានប្រតិកម្មបែបនេះ ទៅនឹងអ្នកវិភាគមួយចំនួន ដោយលោកនាយករដ្ឋមន្រ្តីហៅជាថា«បណ្ឌិតខ្វះការចេះដឹង»។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន ពន្យល់ថាការដំឡើងឋានន្តរស័ក្តិដល់លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោករហូតដល់ផ្កាយ៤ គួរត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១៨ នៅពេលលោក ហ៊ុន ម៉ាណែត បានទទួលតំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមកម្ល៉េះ។ លោកថាពេលនោះ លោក ហ៊ុន ម៉ាណែត មិនទាន់ក្លាយជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់គណបក្សប្រជាជនកម្ពុជានៅឡើយទេ។ ប៉ុន្តែការដំឡើងឋានន្តរស័ក្តិមិនទាន់បានធ្វើ ដោយសារលោក ហ៊ុន ម៉ាណែត មិនចង់បានការដំឡើងនេះ។ នេះបើតាមលោក ហ៊ុន សែន។
លោកថ្លែងថា៖ «ហើយសុំផ្តាំទៅ ផ្កាយ៤ វាជាផ្កាយដែលវាត្រូវមាន។ ក្នុងចំណោមអគ្គបញ្ជាការរងទាំងអស់ ផ្កាយ៤ទាំងអស់ មានតែម្នាក់គត់ [អត់មាន គឺហ៊ុន ម៉ាណែត] អញ្ចឹងទេ ម៉ាណែត អត់ដឹងខ្លួនទេ ពេលដំឡើងផ្កាយនេះ»។
លោក ហ៊ុន សែន បានអះអាងទៀតថាមានការប្រមូលផ្តុំជា«រណសិរ្ស» ដើម្បីវាយប្រហារកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ប៉ុន្តែលោកថាការវាយប្រហារនេះ ជួយលោក ហ៊ុន ម៉ាណែត ឱ្យកាន់តែរឹងមាំ និងត្រៀមខ្លួនជាមេដឹកនាំប្រទេស។
លោក ហ៊ុន សែន ថ្លែងថា៖ «អស់លោករកតែចំណុចវាយខ្ញុំតែប៉ុណ្ណឹង។ អស់លោកគិតថាការវាយខ្ញុំប៉ុណ្ណឹង វាគ្រប់គ្រាន់សម្រាប់អស់លោកផ្តួលគណបក្សប្រជាជន ហើយផ្តួលគោលដៅនៃការប្រែក្លាយហ៊ុន ម៉ាណែត ទៅជាអនាគតនាយករដ្ឋមន្រ្តីមែនទេ?»។
អ្នកសិក្សាភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេកាលពីពេលថ្មីៗថាការដំឡើងឋានន្តរស័ក្តិ គឺដើម្បីឱ្យលោក ហ៊ុន ម៉ាណែត មានតួនាទីខ្ពស់ ដែលអាចបើកផ្លូវឱ្យលោក ហ៊ុន ម៉ាណែត ឆ្ពោះទៅចាប់យកតំណែងនាយករដ្ឋមន្ត្រី៕