ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តឹង​ប្រឆាំង​លោក​ហ៊ុន សែន​ទៅ​ដល់​ ICC នៅ​ដំណាច់​ខែ​មករា


ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​នៅ​មុខ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​កាន់​បដា​ដែល​​ទាមទារ​ឲ្យ​មាន​ការ​នាំ​ខ្លួន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ (ម៉ែន គឹមសេង VOA)
ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​នៅ​មុខ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​កាន់​បដា​ដែល​​ទាមទារ​ឲ្យ​មាន​ការ​នាំ​ខ្លួន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ (ម៉ែន គឹមសេង VOA)
មេធាវីអាមេរិកាំង​ម្នាក់​នឹង​ដាក់​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ដំណាច់​ខែ​មករា​នេះ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​មន្ត្រី​ជាន់​ខ្ពស់​របស់​លោកទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​រារាំង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម។

លោក​ ម័រតុន សក្លា (Morton Sklar)​ មេធាវី​តំណាង​ឱ្យ​ក្រុម​សម្ព័ន្ធ​នៃ​អ្នក​តស៊ូ​មតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ក្រុម​របស់​លោក​បាន​ប្រមូល​ភស្តុតាង​ជាយូរឆ្នាំ​មក​ហើយ​ទាក់​ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា​នៅ​កម្ពុជានិង​រង់ចាំ​លែងបាន​ទៀត​ហើយ​ដោយ​ខ្លាច​ក្រែង​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​អាក្រក់​ជាងនេះ​ទៀត។​

លោក​ម័រតុន សក្លា​បាន​បន្ថែម​ទៀត​ថា៖​ «អ្វី​ដែល​នាំ​ឱ្យ​យើង​សម្រេច​ចិត្ត​ថា​ត្រូវ​តែ​ធ្វើ​ដោយ​សារ​តែ​ព្រឹត្តិការណ៍​នាពេល​ថ្មីៗ​នេះ​ទាក់​ទង​នឹង​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៣ ​គឺ​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​ការ​ចូលរួម​ពាក់​ព័ន្ធ​របស់​លោក​ហ៊ុន សែន ​ក្នុង​បញ្ហា​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​សម​នឹង​ត្រូវ​គេ​យក​មក​កាត់​ទោស​នៅ​ចំពោះ​មុខ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​ពេល​ឥឡូវ​នេះ។ សកម្មភាព​របស់​លោក​ទាក់​ទិន​នឹង​ការ​បោះឆ្នោត​គឺ​ជា​សកម្មភាព​ចុងក្រោយ​មួយ​ដែល​ទាមទារ​ឱ្យ​មាន​ចំណាត់​ការ​ជា​បន្ទាន់»។

ក្រុម​សម្ព័ន្ធ​នៃ​អ្នកតស៊ូ​មតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​សម្រាប់​ពលរដ្ឋ​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ពួកគេ​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​ថា​ក្នុង​ចំណោម​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​រួម​មាន​សកម្មភាព​ដែល​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ប្រព្រឹត្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លងមក​នេះ​ដូច​ជា ​ការវាយប្រហារ​លើ​ក្រុមបាតុករ​និង​ការតវ៉ា​របស់​កម្មករ​នៅ​ទីលាន​ប្រជាធិបតេយ្យ ​ការហាមឃាត់​មិន​ឱ្យ​មាន​ការ​ជួបជុំ​សាធារណៈ​ដែល​មាន​មនុស្ស​១០​នាក់​ឡើង​ទៅ ​និង​ការវាយ​ប្រហារ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​និង​ការ​ចាប់​ខ្លួន​បាតុករ​ដោយ​ក្រុម​កងកុម្មង់ដូ​ពិសេស​៩១១។

ការ​ចោទ​ប្រកាន់​ថា​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​រារាំង​ដល់​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម​ក៏​នឹង​បញ្ចូល​នៅ​ក្នុង​ពាក្យ​បណ្តឹ​ង​នោះ​ដែរ ​ដោយ​ចាត់​ទុក​ថា​សកម្មភាព​របស់​លោក​កន្លង​មក​ក្នុង​ការ​រារាំង​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម​គឺ​បាន​ដាក់​ខ្លួន​ទៅ​ជា​អ្នក​សម​គំនិត​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។

លោក​ម័រតុន សក្លា ​បាន​បន្ថែម​ថា៖​ «អ្វី​ដែល​លោក​ហ៊ុន សែន​បាន​ធ្វើ​ដើម្បី​បញ្ឈប់​សកម្មភាព​នៃ​សាលាក្តី​ខ្មែរ​ក្រហមនៅ​ប្រទេស​កម្ពុជា​គឺ​ជា​ការ​សម​គំនិត​នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​តុលាការ​ខ្មែរ​ក្រហម​ព្យាយាម​កាត់​ក្តី ​ដូច្នេះ​យើង​ជឿជាក់​ថា​លោក​បាន​ក្លាយ​ជា​អ្នក​សម​គំនិត​ក្នុង​ការ​រំលោភ​ដល់​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​និង​គួរ​តែ​យក​មក​កាត់​ទោស​នៅ ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ»។​

ប្រទេស​កម្ពុជា​កំពុង​តែ​ជាប់​គាំង​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​ដោយ​គណបក្ស​សង្គ្រោះជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ដែលប្រកាស​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទទួល​បាន​អាសនៈ​ចំនួន​៦៨​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តែ​៥៥​ពី​ក្នុង​សភា​ដែលមាន​អាសនៈ​ចំនួន​១២៣។​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​បាតុកម្ម​អស់​រយៈ​ពេល​ជា​យូរ​មុន​នឹង​រង​ការ​បណ្តេញ​ដោយ​ហិង្សា​ពី​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៤​ខែ​មករា​នេះ។​

បណ្តឹង​នេះ​ជួន​ គ្នា​នឹង​បណ្តឹង​មួយ​ទៀត​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ប្រកាស​កន្លង​មក​ថា​ពួកគេ​មិន​ខ្វាយខ្វល់​នឹង​បណ្តឹង​ទាំងនោះ​ទេ។

យ៉ាង​ណា​ក៏ដោយ​ លោក​ម៉ក់ សម្បត្តិ ​អនុប្រធាន​នៃ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ដល់​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​កាលពី​ថ្ងៃ​អង្គារ​ថា​រដ្ឋាភិបាល​មិន​ដែល​លូកដៃ​ចូល​កិច្ច​ការ​របស់​តុលាការ​ខ្មែរ​ក្រហម​ទេ៖​

«រដ្ឋាភិបាល​គោរព​តាម​នីតិវិធី​របស់​តុលាការ​ខ្មែរ​ក្រហម​បាន​ន័យ​ថា​គោរព​តាម​ច្បាប់​ស្តី​ពី​ការ​បង្កើត​របស់​តុលាការ​ខ្មែរ​ក្រហម​ កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​និង​អង្គការ​សហប្រជាជាតិ​ វិធាន​ផ្ទៃ​ក្នុង​របស់​តុលាការ​និង​ទីបួន​អង្គ​បុរេ​ជំនុំ​ជម្រះ​របស់​សាលាក្តី​ខ្មែរ​ក្រហម។ រាជរដ្ឋាភិបាលកម្ពុជា​មិន​ដែល​លូកដៃ​ចូល​ទៅក្នុង​ផ្ទៃក្នុង​របស់​តុលាការ​ខ្មែរ​ក្រហម​ទេ»។

ហើយ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​លើ​ការ​រំលោភ​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ ជា​ពិសេស​បាតុកម្ម​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​ លោក​ម៉ក់ សម្បត្តិបាន​ស្តី​បន្ទោស​ដល់​ក្រុ​មបាតុករ​ថា​ជា​អ្នក​បាន​បង្ក​ហិង្សាមុន​ទេ​ដែល​ឈាន​នាំ​ឱ្យ​រដ្ឋាភិបាល​បង្រ្កាប៖

«បាតុកម្ម​ធ្វើ​ចុះ ធ្វើ​ឡើង​រហូត​ដល់​ម៉ោង​ពីរ​យប់។ ម៉ោង​ពីរ​កណ្តាល​អាធ្រាត​ហើយ​បាន​បង្ក​ទៅ​ជា​បញ្ហា​មាន​ដុំ​ថ្ម​មាន​ដំបង​ទៅ​មាន​ការ​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ដូច្នេះ​សមត្ថកិច្ច​កាល​ណា​ប៉ះទង្គិច​មាន​ទាំង​សង​ខាង​បញ្ហា​កកើត​មាន​ឡើង​ ក៏​ប៉ុន្តែ​យើង​ក៏​មិន​ធ្វើ​អ្វី ​ដែរ​បញ្ហា​ដែល​បាន​កើត​មាន​ឡើង​នៅ​ពេល​ហ្នឹង។ អញ្ចឹង​បាន​ថា​យើង​ផ្តល់​សិទ្ធិ​ប៉ុន្តែ​ធ្វើ​ម៉េច​កុំ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ ​របស់​ប្រជាពលរដ្ឋ»។

យ៉ាង​ណា​ក៏ដោយ ​ដំណើរ​រឿង​ក្តី ​នេះ​នឹង​ត្រូវ​ការ​ពេល​វេលា​ប្រហែល​ពីរ​ខែ​សម្រាប់​តុលាការ​នេះ​ធ្វើ​ការ​ស៊ើប​អង្កេត​បឋម​ដោយ​ការ​មើល​លើ​ការចោទ​ប្រកាន់​ដែល​បាន​ដាក់​ទៅ​តុលាការ​ហើយ​ទើប​សម្រេច​ថា​តើ​បទល្មើស​នេះ​ស្ថិត​នៅ​ក្រោម​យុត្ថាធិការ​របស់​តុលាការ​ឬ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ម័រតុន សក្លា ​ដោយ​បន្ថែម​ថា​ប្រសិន​បើ​រក​ឃើញ​ថា​បទល្មើស​នោះ ស្ថិត​ក្រោម​យុត្ថាធិការ​របស់​ខ្លួន​គឺ​តុលាការ​នេះ​នឹង​ចេញ​ដីការ​កោះហៅ​ជន​សង្ស័យ៕
XS
SM
MD
LG