ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឆ្លង​ព្រំដែន​


រូប​ថត​ឯកសារ៖ ច្រក​ទ្វា​អន្តរជាតិ​ប៉ោយប៉ែត។
រូប​ថត​ឯកសារ៖ ច្រក​ទ្វា​អន្តរជាតិ​ប៉ោយប៉ែត។

កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៤​ ​ សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​១០០​លាន​ដុល្លារ​អាមេរិក​​ដល់​បណ្តា​ប្រទេស​អាស៊ី​ និង​អាហ្វ្រិក​ដើម្បី​ទប់​ទល់​នឹង​គ្រោះ​ធម្មជាតិ​។

ខណៈ​ដែល​រដ្ឋមន្ត្រីអាស៊ាន​ទទួល​បន្ទុក​កិច្ចការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​មក​ជួប​ប្រជុំ​គ្នា​នៅ​ក្នុងរាជធានី​ភ្នំពេញ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទទូច​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​បង្កើន​កិច្ច​សហ​ប្រតិបតិ្តការ​រួម​គ្នា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ ដោយ​ធ្វើការ​ជួយសង្គ្រោះ​ឆ្លងព្រំដែន​នៃ​ប្រទេស​ជា​សមាជិក​នីមួយៗ។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃពុធនេះ​ បាន​ស្នើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ធ្វើ​ការរួម​គ្នា​ក្នុង​ការ​បើក​យុទ្ធនាការ​ឆ្លង​ព្រំដែន​ដើម្បី​សង្គ្រោះប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំប្រទល់​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​នីមួយៗ​ បើសិន​ជាគ្រោះ​មហន្តរាយ​ បណ្តាល​មក​ពី​កត្តា​ធម្មជាតិ​ ឬ​កត្តាមនុស្ស។​

ការ​ស្នើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដ៏​មាន​ឥទ្ធិពល​នេះ​កើត​មានឡើង​ ខណៈ​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​កំពុងរួម​ដៃ​គ្នា​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (Asean Economic Community)​ ដែល​គេ​រំពឹង​ថា ​នឹង​លេច​ចេញជារូប​រាង​នៅ​ចុង​ឆ្នាំ​នេះ។

ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​នៅ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​អាស៊ាន​ទទួល​បន្ទុក​កិច្ច​ការ​គ្រោះ​មហន្តរាយ​ ហើយ​ដែល​រៀប​ចំឡើង​នៅ​ឯ​សណ្ឋាគារ​មួយនៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មាន​ប្រសាសន៍​ថា​ ប្រទេស​ជា​សមាជិក​អាស៊ាន​គួរ​បើក​ឲ្យ​មាន​ការ​ជួយ​សង្គ្រោះ​ឆ្លង​ដែន​ទៅ​វិញ​ទៅ​មក សម្រាប់​ការ​ឆើ្លយ​តប​ភ្លាមៗ​ទៅ​នឹង​គ្រោះ​ធម្មជាតិ ដែល​បង្ក​ឡើង​ដោយ​ធម្មជាតិ ​ឬដោយ​មនុស្ស​ខ្លួន​ឯង។​ លោក​ថ្លែងថា​ រដ្ឋាភិបាល​នីមួយៗ​ ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​ពី​សកម្មភាព​សង្គ្រោះ​ឆ្លងដែន​ និង​ការ​ឈ្លានពាន​ ដើម្បី​បញ្ចៀស​ការ​ភាន់​ច្រឡំ។​

«ខ្ញុំ​លើក​ឧទាហរណ៍​ថា​ ព្រំដែន​កម្ពុជា​ថៃ​ទៅចុះ!​ តំបន់​ខ្លះ​ បើ​សិនជា​អន្តរាគមន៍​ ឧបមាថា​ ភ្លើង​ឆេះ​ផ្សារ​ ភ្លើង​ឆេះ​ផ្ទះ​នៅ​តាម​តំបន់​ជាយ​ដែន​ របស់​កម្ពុជា​ ​ បើ​អន្តរាគមន៍​ពី​ខាង​កម្ពុជា​ទៅ​គឺ​ច្បាស់​ណាស់​ថា​ នឹង​មាន​នឹង​ឆ្ងាយ​ជាង។​ ប៉ុន្តែ​បើ​សិនអន្តរាគមន៍​ឡាន​បូម​ទឹក​ពី​ខាង​ថៃ​ត្រឡប់​មក​វិញ​គឺ​ វា​ងាយ​គ្រប់​គ្រង​ជាង។​ ​ ប៉ុន្តែ​បើ​សិន​ជាមិន​ស្រួល​ទេ​ គេ​ថា​ ថៃ​ឈ្លាន​ពាន​កម្ពុជា»។​

លោក​ថ្លែង​បន្ត​ថា​ សេចក្តី​ព្រាង​ប្រកាស​យុទ្ធសាស្ត្រ​អាស៊ាន​មួយ​នឹង​ត្រូវ​សម្រេច​បាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ សម្រាប់​ការ​ឆ្លើយ​តប​ ​ការ​បង្កា និង​កាត់​បន្ថយ​កម្រិតហានិភ័យនៃ​គ្រោះ​មហន្តរាយ។​

«ក្នុងបរិការណ៍​នេះ​ ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ សេចក្តី​ព្រាង​សេចក្តី​ប្រកាស​យុទ្ធសាស្ត្រ​អាស៊ាន​តែ​មួយ​ ការ​ឆ្លើយ​តប​តែ​មួយ​នឹង​ត្រូវ​បាន​ពិនិត្យ​បញ្ចប់​ក្នុង​កិច្ច​ប្រជុំ​នេះ​ ដោយ​មិន​ពន្យារ​ពេល​ទៀត​ឡើយ»។​

ទោះ​ជា​ការ​ប្រជុំ​នោះមិន​ទាន់​បញ្ជាក់​ពី​ផែន​ការ​ជាក់​លាក់​ណាមួយ​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ទៅ​វិញ​ទៅមក​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​យ៉ាង​ណា​ក៏​ដោយ​ ​ក៏​លោក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន សែន​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរិ៍​បាន​លើក​ឡើង​អំពី​ការ​ចែក​រំលែក​ព័ត៌មានទាក់​ទិន​នឹង​សញ្ញា​ហានិភ័យ​នៃ​ការ​កើត​មាន​គ្រោះ​មហន្តរាយ​សម្រាប់​ការ​បង្ការ​និង​ត្រៀម​ឆ្លើយ​តប។​

ប្រទេស​កម្ពុជា​ត្រូវ​គេ​ដឹង​ថា​ នៅ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​នៅ​ឡើយ​ បន្ទាប់​ពី​ប្រទេស​ក្រី​ក្រនេះ​រួច​ផុត​ពី​សង្គ្រាម​ក្នុង​ស្រុក​ទាំង​ស្រុង​កាល​ពីឆ្នាំ​១៩៩៨។​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេសកម្ពុជា​បាន​ជួប​គ្រោះ​ធម្មជាតិ​ ដូច​ជា​ភាពរំាង​ស្ងួត​ និង​ទឹក​ជំនន់​ជាដើម។​

កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៤​ ​ សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​១០០​លាន​ដុល្លារ​អាមេរិកដល់​បណ្តា​ប្រទេស​អាស៊ី​ និង​អាហ្វ្រិក​ដើម្បី​ទប់​ទល់​នឹង​គ្រោះ​ធម្មជាតិ​ សម្រាប់​ទប់ទល់​អសន្តិសុខ​ស្បៀង ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​កត្តា​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​មានភាព​ក្រីក្រ​នោះ។​

​របាយការណ៍​របស់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​ប្រាក់​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រាក់​ជំនួយ​មួយ​ភាគ​បី​ត្រូវ​បាត់​បង់​ទៅ​លើ​ការ​ចំណាយ​សម្រាប់​វិបត្តិ​ធម្មជាតិ​ជា​បន្ត​បន្ទាប់។​ ហើយ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទឹក​ប្រាក់​ដែល​បាត់​បង់​ដោយសារ​គ្រោះ​ធម្មជាតិ​បាន​កើន​ដល់​៣,៨​លានលាន​ដុល្លារ​ ($3,8 trillions)។​

លោក ​យ៉ែម បុញ្ញឫទ្ធិ​ អ្នក​នាំពាក្យ​នៃគណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ប្រាប់​ VOA ថា​ ​ កម្ពុជា​ត្រូវ​ពឹង​ផ្អែក​លើ​កិច្ច​សហប្រតិបតិ្តការ​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ជាពិសេស​ប្រទេស​ក្បែរខាង​របស់​កម្ពុជា​ ក្នុង​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជួប​គ្រោះ​មហន្តរាយ​ ដោយ​ហេតុថា​កម្ពុជា​នៅ​ខ្វះ​ខាត​អ្នក​ជំនាញ​ និង​មធ្យោបាយ​ សម្រាប់​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្ត​រាយ​នេះ។​

«ដោយ​សារ​ប្រទេស​យើង​ ខ្ញុំ​គិត​ថា​ នៅ​មាន​កង្វះ​ខាត​ ទាំង​មធ្យោបាយ​ ទាំង​ធន​ធាន​មនុស្ស​ ទាំង​មធ្យោបាយ ​ដូច្នេះ​ការ​ជួយ​សង្គ្រោះ​ជីវិត​គឺ​ជា​រឿង​ដ៏​ល្អ​ ដែល​យើង​តែង​តែ​ឃើញ។​ កាល​ណា​មាន​គ្រោះ​មហន្តរាយ​ធំៗ​ តែង​តែ​មាន​ប្រទេស​ ដែល​មាន​មធ្យោបាយ​ ឬ​មាន​ធនធាន​ តែង​តែ​ចូល​រួម​ជួយ​នៅ​លើ​លោក​នេះ»។​

VOA បានព្យាយាម​ទាក់​ទង​លោក​ញឹម វណ្ណដា ​អនុ​ប្រធាន​ទី១​នៃ​គណៈ​កម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ​របស់​រដ្ឋាភិបាល ដើម្បី​សុំការ​អធិប្បាយ​បន្ថែម​ ​តែ​នៅ​មិន​ទាន់អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

យ៉ាង​ណាក៏ដោយ​ សមាជិក​សភា​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​ក្នុង​សភា​ជាតិ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥​នេះ។​ ច្បាប់​នោះ​មាន​ចែង​បទ​បញ្ញត្តិ​ដាក់​ទោស​ទណ្ឌ​ដល់​មន្ត្រី​អសមត្ថ​ភាព​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ ឬ​ពលរដ្ឋ​ណា​ដែល​បាន​ដឹង​ពី​ហនិភ័យ​នៃ​ការ​កើត​មាន​គ្រោះ​មហន្តរាយ​ តែមិន​ជូន​ដំណឹង​ដល់​អាជ្ញាធរ។​

សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ ការ​ពិន័យ​ជា​ប្រាក់​នឹង​មាន​ពី​១​លាន​រៀល​ដល់​៤​លាន​រៀល​ (ឬ​ប្រមាណ​២៥០​ដុល្លារទៅ​ដល់​១.០០០​ដុល្លារ)​ ហើយ​ពួក​គេ​អាច​នឹងជាប់​ទោស​ក្នុង​ពន្ធនាគារ​ដល់​ទៅ​ពីរ​ឆ្នាំ​ ​រីឯ​មនុស្ស​ទូទៅ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​រហូត​ដល់​៦​លាន​រៀល​ (ឬ​ប្រមាណ​ ២៥០​ដុល្លារ​ទៅ​ដល់​១.៥០០​ដុល្លារ)​ ហើយ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​៦​ខែ​ផង​ដែរ៕​

XS
SM
MD
LG