ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ឈប់​ប្រើ​ហ្វេសប៊ុក លោក ហ៊ុន សែន ព្រមាន​បិទ​បណ្តាញ​សង្គម​មួយ​នេះ


រូប​ឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ១ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។
រូប​ឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ១ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​បិទ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​(Facebook) ក្រោយ​ក្រុមហ៊ុន​ Meta​ ដែល​គ្រប់គ្រង​ហ្វេសប៊ុក​កំពុង​ពិចារណា​អំពី​ការព្យួរ​គណនី​របស់​លោក​រយៈពេល​៦ខែ ហើយ​ការ​ព្យួរ​នេះ​ត្រូវ​បាន​ចំអក​ដោយ​ក្រុម​ជំទាស់​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស។

ការព្រមាន​របស់​ លោក ហ៊ុន សែន ធ្វើ​ឡើង​ក្រោយ​លោក​បាន​សម្រេច​ចិត្ត​ឈប់​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ ដែល​ទំព័រ​ហ្វេសប៊ុក​របស់​លោកដែល​មានអ្នក​ចុច​ចូលចិត្ត​ (Likes) ដល់​ទៅជាង ១៤លាន​នាក់។

នៅ​ក្នុង​ពិធី​ជួប​ជុំ​ជាមួយ​កម្មករ​នៅ​ខេត្ត​ពោធិ៍​សាត់ នា​ថ្ងៃសុក្រ​នេះ​ លោក ហ៊ុន សែន បាន​ប្រកាស​គោរព​ទទួល​យក​គោលការណ៍​របស់​ Facebook តែ​បាន​គំរាម​បិទ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដ៏ពេញ​និយម​មួយ​នេះ​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ «យប់​មិញ​នេះ​ ពូបាន​ សម្រេច​លុបចោល​ Facebook ​ដែល​មាន​មនុស្ស​ ១៤លាន​នាក់ ១៤លាន​នាក់​ លុប​ចោល​ Facebook​ ហើយ​ឃើញពួក​ប្រឆាំង​នៅ​ក្រៅ​ប្រទេសកំពុង​សប្បាយ​។ ក៏​ប៉ុន្តែ​អ្នកត្រូវ​គិត​ បើ​ខ្ញុំ​ចេញ​បញ្ជា​បិទ​ Facebook ​នៅ​ស្រុក​ខ្មែរ​ លោក​ឯង​ដាច់​ផ្ងារ​ ខ្ញុំ​គ្រាន់​តែ​ប្រាប់​លោក​ឯង​ទេ តែ​មិនមែន​ជា​មធ្យោបាយ​ ហ៊ុន​ សែន​ ត្រូវ​ប្រកាន់​យក​ទេ។ តែ​លោក​ឯង​កុំ​ ​កុំ​ប្រមាថ​ យុទ្ធសាស្ត្រ​របស់ ហ៊ុន សែន ឱ្យ​សោះ»។

លោក ហ៊ុន សែន បាន​អះអាង​ថា​ ក្រុមហ៊ុន​ Meta​ ចាប់​កំហុស​តែ​លើ​ការ​ថ្លែង​សារ​នយោ​បាយ​របស់​លោក​ ហើយ​មិន​អើពើ​ពាក្យ​សម្តី​របស់អ្នក​ជំទាស់​ដែល​ប្រើ​ពាក្យ​អសុរោះ​មក​លើ​លោក​ផង​ដែរ។

លោក​ថ្លែងថា៖ «ពួក​ឯង​និយាយ​មក​អញ​ អសុរោះ​ប៉ុណ្ណាទៅ? រហូត​ដល់​ប្រមាថ​កូន​ប្រពន្ធ​របស់​អញ​ថា​ជា​ជន​ជាតិ​បរទេស។ អ៊ីចឹង​ ពួក​អាដេញ​ Facebook ហ្នឹង​ អាគោល​នយោបាយ​ Facebook ​វា​បាន​គិត​ទេ​ អាហ្នឹង​?»

លោក​បន្ថែម​ថា៖ «អាហ្នឹង​បាន​ជាខ្ញុំ​ រង់​ចំា​មើល​ដែរ។ Facebook គេ​មាន​គោល​ការណ៍​របស់​គេ​ ខ្ញុំ​ទទួល​ការ​គោរព។ ប៉ុន្តែ​ Facebook មើល​រំលង​ ទៅ​លើ​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ខុស​នឹង​គោល​ការណ៍​របស់​ Facebook អ៊ីចឹង​មាន​ន័យ​ថា​ម៉េច? មាន​ន័យ​ថា​ម៉េច?​ ប្រយ័ត្ន​ច្របាច់​ក​ ហ៊ុន សែន​ លៀន​អណ្តាត​ខ្លួន​ឯង»។ ​

រូប​ឯកសារ៖ បុរស​ម្នាក់​បើក​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ទូរស័ព្ទ​ដៃ​របស់​លោក នៅ​តាមចិញ្ចើម​ថ្នល់​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៦។
រូប​ឯកសារ៖ បុរស​ម្នាក់​បើក​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ទូរស័ព្ទ​ដៃ​របស់​លោក នៅ​តាមចិញ្ចើម​ថ្នល់​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៦។

កាល​ពីថ្ងៃ​ព្រហស្បតិ៍ ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ Meta បាន​អំពាវនាវឲ្យ​ព្យួរ​គណនី​ហ្វេសប៊ុក​របស់​ លោក​ ហ៊ុន សែន​ រយៈ​ពេល ​៦​ខែ​ ដោយ​លើក​ហេតុផលថា ​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក បាន​បំពានវិធាន​របស់​ក្រុម​ហ៊ុន​ Meta ទាក់​ទង​នឹង​ការ​គំរាម​កំហែង​ហិង្សា​លើ​គូប្រជែង​ខាង​នយោបាយ​។ ក្រុម​ប្រឹក្សា​ក៏​បាន​រក​ឃើញ​ថា​ ក្រុមហ៊ុន​ Meta មាន​កំហុស​ដោយ​បណ្តោយ​ឱ្យ​វីដេអូ​ដែល​មាន​រយៈពេល ១ម៉ោង​និង៤១នាទី​មាន​វត្តមាន​លើ​ Facebook។

ក្រោយ​ឈប់​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​លោក​កាន់​កាប់​ជា​ផ្លូវ​ការ​តាំង​ពី​ឆ្នាំ​២០១៥ លោក​ ហ៊ុន សែន បាន​ស្នើ​ឱ្យ​សាធារណជន​កុំ​ទទួល​ស្គាល់​គណនី​ហ្វេសប៊ុក​របស់​លោក​ជាង ​២០ ​ផ្សេង​ទៀត​ និង​គណនី TikTok​ ជាច្រើន​ទៀត​ ដោយ​ថា​គណនី​ទាំងនោះ​ជា​គណនី​ក្លែង​ក្លាយ។ លោក​បន្ថែម​ថា​ លោក​អាច​បន្ត​រក្សា​ការ​ទំនាក់ទំនង​ជាមួយ​សាធារណ​ជន​តាម​ប្រព័ន្ធ​ Telegram និង​ TikTok។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch លោក Phil Robertson បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ស្តីពី​ការ​ឈប់​ប្រើប្រាស់​ហ្វេសប៊ុក​របស់​ លោក ហ៊ុន សែន​ថា។ «នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ទីបំផុត​ត្រូវ​គេ​ដក​ចេញ ដោយ​សារ​ប្រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ដើម្បី​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ក្រុម​ប្រឆាំង ហើយ​ច្បាស់​ណាស់ គាត់​មិន​ចូលចិត្តការ​សម្រេច​ចិត្ត​នេះ​ទេ។ … ​ការ​ប្រឈម​ទល់​មុខ​គ្នា​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​និង​ជន​ផ្តាច់​ការ ដោយ​សារ​បញ្ហា​សិទ្ធិ​មនុស្ស គួរ​តែ​ធ្វើ​យូរ​យារ​មក​ហើយ ព្រោះ​មាន​ហានិភ័យ​ធំធេង​ដោយ​សារ​តែ​គ្រោះថ្នាក់​ពិតប្រាកដ​ជាច្រើន​ បណ្តាល​មក​ពី​ជន​ផ្តាច់ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ញុះញង់​ឲ្យ​មាន​ហិង្សា ដូច​យើង​ឃើញ​កើត​ឡើង​ច្រើន​ដង​ពេក​ហើយ​ក្នុង​ប្រទេស​កម្ពុជា»។

រដ្ឋលេខាធិការ​ និងជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន​ ចាត់​ទុក​សេចក្តីថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch ថា​ ជា​ការ​និយាយ​ដោយ​បង្កប់​គំនុំ​នយោបាយ។

លោក​ថ្លែង​ថា៖ «ទីមួយ​ខ្ញុំ​មិន​ដឹង​ថា​ ក្រុមហ៊ុន​ Facebook Meta ហ្នឹង​គាត់​សម្រេច​យ៉ាង​ម៉េច​នោះ​ទេ​ ហើយ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​អី​ អាហ្នឹងជា​រឿង​របស់​គាត់។ ទីពីរ​ សម្តេច​តេជោ​ បាន​ជូនដំណឹង​ ព័ត៌មាន​ជា​សាធារណៈ​ហើយ​ថា​គាត់​មិន​ប្រើ​ប្រាស់​ Facebook ​ទៀត​ទេ។ គាត់​ប្រើ​ប្រព័ន្ធ​ Telegram ហើយ​និង​ TikTok ដែល​ងាយ​ស្រួល​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ និង​ទំនាក់​ទំនង​ជាមួយ​សាធារណ​ជន។ ចំណែក​ឯការ​ចោទ​របស់​ Human Rights Watch វា​ជារឿង​ធម្មតា​ ជា​ទម្លាប់​នយោបាយ​របស់​គាត់​ហើយ​ ដែល​គាត់​តែង​តែ​ចោទ​ប្រកាន់​ទៅតាម​គំនុំ​គុំកួន​ផ្នែក​នយោ​បាយ​ដែល​គាត់​មានជា​មួយ​រដ្ឋាភិបាល​នៅ​ពេល​កន្លង​មក»។

ការ​សម្រេច​របស់​ក្រុមហ៊ុន​ Meta កើត​មាន​ឡើង ខណៈ​កម្ពុជា​នឹង​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​នៅ​ខែកក្កដា​ខាងមុខ​នេះ​ ដោយ​គ្មាន​គណបក្ស​ជំទាស់​សំខាន់​មួយ​ចូលរួម។ ក្រុម​អ្នក​រិះ​គន់ចាត់​ទុកថា​ ការ​បោះ​ឆ្នោត​នៅថ្ងៃទី​២៣ ខែកក្កដា​ ខាង​មុខនោះ​ មិន​អាច​យក​ជា​ការ​បាន​ទេ​ ព្រោះ​គ្មាន​គណបក្ស​ជំទាស់​ គឺ​គណបក្ស​ភ្លើង​ទៀន​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ។

បើ​តាម​សេចក្តី​ពន្យល់​របស់​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន​ Meta ​វីដេអូ​ដែល​នាំ​ឱ្យ​ឈាន​ទៅដល់​ការ​ព្យួរ​គណនី​របស់​លោក​ ហ៊ុន សែន ​នោះ​ មាន​ខ្លឹម​សារ​ឆ្លើយ​តប​របស់​លោក​នាយករដ្ឋមន្ត្រី​នឹង​ការ​ចោទប្រកាន់​ថា​ គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​បាន​លួច​សន្លឹក​ឆ្នោត​ក្នុង​អំឡុង​ពេល​បោះឆ្នោត​មូលដ្ឋាន​ក្នុង​ប្រទេស​នៅ​ឆ្នាំ​២០២២។

ក្នុង​វីដេអូ​នោះ លោក​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​គូប្រជែង​នយោបាយ​របស់​គាត់​ដែល​ធ្វើ​ការ​ចោទ​ប្រកាន់​នោះ​ ជ្រើសរើស​ រវាង​«ប្រព័ន្ធ​ផ្លូវច្បាប់» និង​«ដំបង»។ បើ​តាម​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ Meta បន្ទាប់​ពី​ការ​ផ្សាយ​ផ្ទាល់​កាលពី​ថ្ងៃទី​៩ ខែ​មករា​ ឆ្នាំ​២០២៣​ វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ទំព័រ​ Facebook របស់​លោក​ ហ៊ុន​ សែន​ ដែល​មាន​អ្នក​ចូល​មើល​ប្រមាណ ៦០ម៉ឺន​ដង៕

XS
SM
MD
LG