លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីការគ្រប់គ្រងបាននៃការឆ្លងជំងឺកូវីដ១៩ ក្រោយព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្ភៈ ឆ្នាំ២០២១ ជាពេលដែលកម្ពុជាបានចាប់ផ្តើមរឹតបន្តឹងវិធានការសុខាភិបាល និងវិធានការបិទខ្ទប់មួយរយៈ ទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែម និងការចាក់វ៉ាក់សាំងបង្ការការឆ្លងជំងឺរាតត្បាតលក្ខណៈសាកលមួយនេះ។
មេដឹកនាំកម្ពុជារូបនេះ បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍នេះ ដោយសារករណីឆ្លងថ្មី ថយចុះជាបន្តបន្ទាប់ និងគ្មានករណីស្លាប់ថ្មី គិតត្រឹមថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។ នេះ បើតាមសារជាសំឡេងពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្ញើទៅកាន់សាធារណជន និងស្ថាប័នរដ្ឋតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។
ក្នុងខ្សែអាត់សំឡេងដែលមានរយៈពេលជិត១៧នាទី លោក ហ៊ុន សែន លើកឡើងយ៉ាងដូច្នេះ៖
«ខ្ញុំព្រះករុណាខ្ញុំមានកិត្តិយស ដើម្បីទូលប្រគេន និងជម្រាបជូនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ឲ្យបានជ្រាបថា ខ្ញុំព្រះករុណាខ្ញុំ សម្រេច ប្រកាសបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ ដែលយើងចាប់ផ្តើមជួបព្រឹត្តិការណ៍សោកនាដកម្មសម្រាប់ប្រទេសយើង ដោយសារជំងឺកូវីដ១៩»។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ករណីឆ្លងសរុបនៃជំងឺកូវីដ១៩ មានចំនួន១២០.៤២៧នាក់ ដែលរកឃើញការឆ្លងថ្មីតែ ៤ ករណី និងគ្មានករណីស្លាប់ថ្មីទេនៅថ្ងៃទី២០ ខែធ្នូ។ បើតាមក្រសួងសុខាភិបាល ករណីស្លាប់សរុបមានចំនួន ៣០០៥ នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការចូលរួមមរណទុក្ខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩កន្លងមក ហើយតាមការសង្កេតរបស់អាជ្ញាធរសុខាភិបាលអ្នកស្លាប់ភាគច្រើនជាមនុស្សវ័យចំណាស់ មានជំងឺរ៉ាំរ៉ៃប្រចាំកាយ បន្ថែមលើការឆ្លងជំងឺកូវីដ១៩៕