នេះជាលើកទី១ហើយក្រោយពីគណបក្សប្រជាជនកម្ពុជាបាត់បង់អាសនៈនៅក្នុង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រយ៉ាងច្រើនកាលពីមួយឆ្នាំមុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្តីបន្ទោសមន្ត្រីរដ្ឋអំណាចមូលដ្ឋាននិងមន្ត្រីរដ្ឋាភិបាលរបស់លោកចំពោះបរាជ័យក្នុងការដោះស្រាយទំនាស់ដីធ្លីនៅក្នុងប្រទេស។ ទំនាស់ដីធ្លីបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជារាប់សែននាក់រងគ្រោះហើយទំនាស់នេះក៏បានទាញទម្លាក់សំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចយូរឆ្នាំមកហើយឲ្យបាត់បង់អាសនៈក្នុងរដ្ឋសភាចំនួន២២អាសនៈក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភឆ្នាំ២០១៤-២០១៨នៅថ្ងៃច័ន្ទនេះលោកហ៊ុន សែន បានគំរាមផងនិងសម្លុតផងដល់មន្ត្រីរបស់ខ្លួនចំពោះការព្រងើយកន្តើយក្នុងការដោះស្រាយបញ្ហាដីធ្លីរបស់ក្រុមប្រជាពលរដ្ឋក្នុងទំនាស់ជាមួយក្រុមហ៊ុនឯកជន។
«ប្រជាជនទៅតាំងទីលំនៅបួន ប្រាំឆ្នាំហើយមិនប្រគល់(ដី)ឲ្យ។ដល់ពេលអ្នកវិនិយោគទៅបែរជាឲ្យបាន។ពិនិត្យខ្លួនឯងទៅចាស់ៗរៀងខ្លួនហើយ។រឿងនេះដោយសារអស់លោកមិនព្រមធ្វើស្ថានភាពស្បែកខ្លានេះគឺនៅពេលដែលមានដីប៉ះពាល់ដល់ប្រជាជនត្រូវផ្អាកតែមិនព្រមអនុវត្ត»។
លោកប្រមុខរដ្ឋាភិបាលបានលើកបញ្ហាទាំងនេះនៅចំពោះមុខអ្នកកាទូតហើយបាននិយាយត្អូញត្អែរពីការលំបាករបស់ខ្លួននៅក្នុងការដោះស្រាយសំណុំរឿងដីធ្លីក្នុងប្រទេស។
លោកហ៊ុន សែន រំលឹកដល់ក្រុមមន្ត្រីរបស់ខ្លូនឲ្យរួសរាន់ក្នុងការចាត់វិធានការលើដំណោះស្រាយដីធ្លីនិងជំរុញឲ្យក្រុមមន្ត្រីទាំងនោះលាលែងពីតំណែងប្រសិនបើបរាជ័យក្នុងកិច្ចការនេះ។
«កុំស្ទក់ពេក។ ស្ទក់រហូតដល់ប្រជាពលរដ្ឋមកដល់នាំគ្នាខ្ទប់។ យកប៉ូលិសទៅខ្ទប់ រួចហើយទទួលយកញ្ញត្តិ។ ហើយញ្ញត្តិនេះមិនដឹងទៅដល់កន្លែងណាទេ។ (ខ្ញុំ)សូមជម្រាបទៅប្រជាពលរដ្ឋ(ថា) ញ្ញត្តិនោះមិនដល់ខ្ញុំទេ»។
មន្ត្រីគណបក្សជំទាស់និងសង្គមស៊ីវិលបានស្វាគមន៍ចំណាត់ការថ្មីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប៉ុន្តែបានរិះគន់ថានេះជាវិធានការដែលកើតឡើងយឺតពេល។
លោកយឹម សុវណ្ណ តំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលើកឡើងថាលោកនាយករដ្ឋមន្ត្រីមិនគួរស្តីបន្ទោសតែថ្នាក់ក្រោមរបស់លោកតែប៉ុណ្ណោះទេ។
«ខ្ញុំយល់ឃើញថាគាត់ត្រូវពិនិត្យមើលតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។មិនអាចបន្ទោសតែថ្នាក់ក្រោមតែមួយមុខទេបើសិនជាគ្មានការយល់ព្រមពីថ្នាក់លើ។ហើយខ្ញុំយល់ថានេះទាក់ទងនឹងឆន្ទៈនយោបាយរបស់គណបក្សប្រជាជនកម្ពុជាតែម្តង»។
ដោយឡែកលោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកយល់ថាទំនាស់ដីធ្លីនៅប្រទេសកម្ពុជាមិនមែនទើបតែកើតឡើងស្របពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្តីបន្ទោសដល់មន្ត្រីរបស់លោកនោះទេ។ លោកបន្ថែមថា៖
«ការស្តីបន្ទោសនេះយឺតពេលហើយព្រោះថារឿងនេះមិនមែនទើបតែកើតនៅពេលនេះទេ។ហើយប្រជាជនដែលឡើងមកតវ៉ាក៏មិនមែនជាលើកទី១ដែរ»។
ទំនាស់ដីធ្លីនៅក្នុងប្រទេសកម្ពុជាបានកើតឡើងជាច្រើនទសវត្សរ៍មកហើយ។យោងតាមរបាយការណ៍នានារបស់អង្គការសង្គមស៊ីវិលមានជនរងគ្រោះរាប់សែននាក់ត្រូវបានបណ្តេញចេញពីលំនៅដ្ឋាននិងបានបាត់បង់ដីស្រែចំការរបស់ពួកគេ៕