ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​ឲ្យ​មាន​ប្រសិទ្ធភាព


អ្នក​ភូមិ​តវ៉ា​នៅ​បឹងកក់​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១២។
អ្នក​ភូមិ​តវ៉ា​នៅ​បឹងកក់​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១២។

អង្គការ​សង្គម​ស៊ីវិលបាន​កត់​សំគាល់​ជា​ថ្មី​ម្តង​ទៀតថា​រដ្ឋា​ភិបាល​បាន​ខក​ខាន​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ប្រកប​ដោយ​ប្រសិទ្ធភាព។ ប៉ុន្តែ​មន្ត្រីរដ្ឋា​ភិបាល​បាន​ច្រាន​ចោល​ការ​លើក​ឡើងនេះ។

វិធានការ​របស់​រដ្ឋា​ភិបាល​ហាក់​មិន​មាន​ប្រសិទ្ធភាព​គ្រប់​គ្រាន់ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​នោះ​ទេ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​លំនៅ​ស្ថានបាន​និយាយ​ដូច្នេះ​នៅថ្ងៃ​ចន្ទ​នេះដោយ​សំអាង​ថា​ជម្លោះ​ដី​ធ្លី​នៅ​តែ​បន្ត​កើត​មានឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យ៉ាង​ហោច​ណាស់មាន​ប្រជា​ពលរដ្ឋ​សរុប​ជាង​ ៧៧ម៉ឺននាក់​បាន​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​ពី​ចន្លោះ​ឆ្នាំ​ ២០០០ រហូត​ដល់​ឆ្នាំ​២០១៣។​ ដោយ​ឡែក​សម្រាប់​រយៈ​ពេល​ប្រាំមួយ​ខែ​ដើមឆ្នាំ​២០១៤​នេះ​ករណីជម្លោះ​ដីធ្លីមាន​ចំនួន​១០២​ករណី។ ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ចំនួន​១៣៥​ករណី។

នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិម​នុស្ស​អាហុក។ លោក​ សុខ​ សំអឿ​ន ប្រធាន​សម្រប​សម្រួល​គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ថ្លែង​ក្នុង​សិក្ខា​សាលាស្តីអំពី​ស្ថាន​ភាព​សិទ្ធិ​ដី​ធ្លី​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​សាជីវកម្ម​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ភ្នំពេញ​នៅថ្ងៃ​ចន្ទ័​នេះ​ថាក្រុម​អាជ្ញាធរ​ថ្នាក់​ក្រោយ​ជាតិ​បាន​បរាជ័យ​ក្នុង​ការ​ជួយ​ស្វែងរក​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​ នៅពេល​ដែល​មាន​ជម្លោះដីធ្លី​កើត​មាន​ឡើង​។

«រឿង​ខ្លះ​គាំងនៅ​ថ្នាក់​ស្រុក​ ដោយសារ​ថ្នាក់​ស្រុក​សម្រេចហើយ​ទើប​អាចទៅ​ថ្នាក់​ខេត្ត​បាន​ ពេលខ្លះ​ស្រុក​អត់ហ៊ាន​សម្រេច​ ឲ្យ​សម្រេច​ដូច​ម្តេច​បើ​គេ​ចុះ​ហត្ថលេខា​ដី​សម្បទាន​សេដ្ឋកិច្ច​ពីនាយករដ្ឋ​មន្ត្រី​ ទីស្តីការ​ ស្រុក​ប៉ុន​ហ្នឹង​ធ្វើ​ម្តេច​ហ៊ាន​សម្រេច?»។

សិក្ខា​សាលា​ខាង​លើរៀប​ចំឡើង​ដោយ​គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ហៅ​ថា(CHRAC) អង្គ​សិទ្ធិ​លំនៅស្ថាន​(HRTF) វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា (NGO Forum) និង​អង្គការ​ទស្សនៈពិភព​លោក​ប្រចាំ​នៅ​កម្ពុជា។

មាន​តំណាង​ប្រជាពលរដ្ឋ​រង​គ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​ពី​បណ្តាខេត្ត​នានា​ និង​អ្នក​ចូលរួម​ដទៃ​ទៀត​ប្រហែល​ជិត​១០០នាក់​។

សិក្ខា​សាលា​ដែល​មាន​គោលដៅ​អប់រំ​ប្រជាពលរដ្ឋ​អំពីសិទ្ធិដីធ្លី​និង​ការតវ៉ា​តាម​ផ្លូវច្បាប់។

​ស្រប​គ្នា​និង​សិក្ខា​សាលា​នេះប្រជា​ពលរដ្ឋ​អ្នក​ភូមិបឹង​កក់ប្រមាណ​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើទីស្នាក់​ការរបស់​កង​រាជអាវុធហត្ថ​លើ​ដីមាន​ទំនាស់​ដែល​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់។

ទំនាស់​នៅ​សហគមន៍​ក្រីក្រ​នេះ​បាន​អូស​បន្លាយ​ជិត​ដប់​ឆ្នាំ​មក​ហើយ។ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​និង​មួយ​ចំនួន​ទៀត​ទទួល​រង​ការវាយ​ដំ​ក្នុង​ការ​បង្រ្កាប​ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​ការតវ៉ា។

លោក​ឡាត់​ គី ​ប្រធាន​ផ្នែក​កម្មវិធី​ដីធ្លី​នៃ​សមាគមន​អាដហុក (Adhoc) ថ្លែងថា​យន្តការ​នៃ​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ដែល​មាន​រដ្ឋ​ភិបាល​កម្ពុជា​ដែល​មិន​មាន​ប្រសិទ្ធភាព​បាន​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ងើប​ឡើង​តវ៉ា​ជាច្រើន។

«យន្តការ​ដោះស្រាយ​មាន​ក៏ប៉ុន្តែ​អត់​ប្រើ​ មូល​ហេតុ​អត់ប្រើ​ដោយសារ​គ្មាន​ជំនឿ​។ ហេតុផល​អត់​ជំនឿ​ដោយសារ​ដាក់​ទៅ​បុព្វហេតុ​ខ្ញុំ​បាន​ប្រាប់​ទុក​យ៉ូរៗ​ដើម្បី​រំសាយ។ ​លែង​ទុក​ចិត្ត​ប្រជាពលរដ្ឋ​រក​ដំណោះស្រាយ​ខ្លួន​ឯង តែ​ខ្លួន​ឯ​ងគ្មាន​អ្វី​ក្រៅពីតវ៉ា​ តែតវ៉ា​បញ្ហា​វា​នៅ​តែ​ហ្នឹង»។

តំណាង​ប្រជាពលរដ្ឋ​រង​គ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​កោះកុង លោក​ អាន​ ហៃយា​ថ្លែង​យល់​ស្រប​ថា​អាជ្ញាធរ​ថ្នាក់​មូល​ដ្ឋាន​បាន​ព្យាយាម​គេចវេស​មិន​បាន​ជួយ​ស្វែងរក​ដំណោះ​ស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​អ្នក​ភូមិ​ស្វែង​រក​អន្តរាគមន៍​ក្នុង​ជម្លោះ​ដីធ្លី។

«ឥឡូវ​ហ្នឹង​អត់​ជំនឿ​រាល់​ថ្ងៃហ្នឹង​ប្តឹងចុះ​ប្តឹង​ឡើង​ មិន​ប្តឹង​តែនៅ​ស្រុក​ខ្មែរ​ ប្តឹង​ទៅ​ដល់​បរទេស​ទៀត​ណោះ​ អត់​ជំនឿ​ទាំង​ខ្ញុំ​ទាំង​គេ​វង្វេង​អស់​ហើយ»។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី​លោក​ប៉េង​ ហ៊ុង​សុជាតិ ខេមរ៉ូ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ដែន​ដី​នគររូបនីយកម្ម ថ្លែង​បដិសេធ​ការ​លើកឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

«តើ​គាត់​បាន​ទិន្នន័យ​ពី​ណា​មក បើ​ថាកើន​ឡើង​ឡើង​ខុស​ពី​របស់​រដ្ឋ​ហើយ។​ គាត់​មិនមែន​អុ្នកធ្វើ​ការ​ដោះស្រាយ​ទំនាស់​ទេ​ ហើយ​កន្លងមក​ក៏​មិន​ដែល​ក៏​មក​សហការណ៍​ជាមួយ​រដ្ឋ​ដែរ​ ដើម្បី​ទទួល​បាន​ទិន្នន័យ​ហ្នឹង»។

ក្រោយ​ពី​សិក្ខាសាលា​ខាង​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​នឹង​ជំរុញ​ឲ្យ​រដ្ឋា​ភិបាលពង្រឹង​យន្តការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​យ៉ាង​រ៉ាំរ៉ៃ​ក្នុង​ប្រទេស៕

XS
SM
MD
LG