ក្រុមអ្នកធ្វើការផ្នែកលើកស្ទួយសិទ្ធិស្រ្តីនៅកម្ពុជាសាទរការប្រកាសបង្កើតក្រុមមេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីការពារស្រ្តីរងគ្រោះក្រីក្រ តែពួកគេបារម្ភថា ការអនុវត្តអាចនឹងមិនស្មើភាពគ្នាចំពោះស្ត្រីទាំងនោះ ដោយសារនិន្នាការនយោបាយ។
ការបង្ហាញការសាទររបស់ក្រុមអ្នកធ្វើការផ្នែកលើកស្ទួយសិទ្ធិស្រ្តីធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រកាសឲ្យដឹងពីចេតនារបស់លោកក្នុងការបង្កើតក្រុមមេធាវីការពារក្តីជូនស្រ្តីក្រីក្រទូទាំងប្រទេស ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
អ្នកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ប្រាប់ VOA ថា ការប្រកាសបង្កើតក្រុមមេធាវីការពារស្រ្តីរងគ្រោះក្រីក្រនេះអាចកើតឡើង ដោយសារលោកនាយករដ្ឋមន្រ្តីទទួលស្គាល់ថា ស្រ្តីនៅកម្ពុជាមានបញ្ហាប្រឈមខ្លាំងទាំងការប្រើហិង្សា ការរើសអើង និងផលវិបាកក្នុងការស្វែងរកសេវាផ្លូវច្បាប់។
អ្នកស្រីបន្ថែមដោយអំពាវនាវឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដោយស្មើភាពជូនស្រ្តីក្រីក្រដែលរងគ្រោះពីការរំលោភដីធ្លី និងស្រ្តីដែលមាននិន្នាការនយោបាយខុសៗគ្នា។
អ្នកស្រីបញ្ជាក់ថា៖
«រាជរដ្ឋាភិបាលគួរតែស្តាប់សម្តីរបស់គាត់ហើយទៅមើល ហើយសិក្សាឲ្យបានត្រឹមត្រូវ ហើយចាត់វិធានការឲ្យបានត្រឹមត្រូវនោះ ទើបបានប្រជាពលរដ្ឋគាត់បានទទួលសេវានេះស្មើភាព។ បើសិនជាបែរជាយល់ថា គាត់តវ៉ាហ្នឹងជាគណបក្សប្រឆាំងនោះ នោះធ្វើឲ្យគាត់កាន់តែទទួលរងគ្រោះហើយរងគ្រោះទៀត»។
ទន្ទឹមនឹងការសាទរចំពោះការបង្កើតក្រុមមេធាវីការពារស្រ្តីក្រីក្រដែលជាជនរងគ្រោះនោះ អ្នកស្រី រស់ សុភាព ក៏បានបញ្ជាក់ទៀតថា រដ្ឋាភិបាលគួរតែពង្រឹងប្រព័ន្ធយុត្តិធម៌ឲ្យបានរឹងមាំផងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖
«មែនទែនទៅប្រព័ន្ធច្បាប់ តុលាការអីមានគ្រប់គ្រាន់ហើយ បើសិនជាយើងពង្រឹងការអនុវត្តច្បាប់ ពង្រឹងការអនុវត្តនៃការយកចិត្តទុកដាក់ និងតួនាទីរបស់មេធាវី ក៏ដូចជាអ្នកដែលធ្វើការផ្នែកច្បាប់ ប៉ូលិសអីជាដើមហ្នឹង វាជាជាងបង្កើតគណៈកម្មការកាន់តែច្រើន ធ្វើឲ្យមនុស្សកាន់តែទទួលនូវតួនាទីកាន់តែច្រើន ហើយគាត់ពិបាកថា មិនដឹងថា តួនាទីណាមួយដែលគាត់ធ្វើឲ្យបានល្អត្រឹមត្រូវ»។
ចំណែកកញ្ញា សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ (Silika) ដែលជាអង្គការធ្វើការពាក់ព័ន្ធនឹងសិទ្ធិស្រ្តី លើកឡើងថា ការបង្កើតក្រុមមេធាវីការពារស្រ្តីរងគ្រោះនេះនឹងមានប្រសិទ្ធភាព ប្រសិនបើការអនុវត្តច្បាប់ក្នុងតុលាការមានភាពរឹងមាំនិងមិនមានការរើសអើងនិន្នាការនយោបាយ។ កញ្ញាបន្ថែមដោយរំពឹងថា ក្រុមមេធាវីដែលបង្កើតឡើងដើម្បីការពារជនរងគ្រោះដែលជាស្រ្តីក្រីក្រនោះនឹងធ្វើឡើងប្រកបដោយតម្លាភាព និងវិជ្ជាជីវៈសម្រាប់ស្រ្តីគ្រប់រូប។
កញ្ញានិយាយថា៖
«ទោះបីជាក្នុងរូបភាពណាក៏ដោយ សំខាន់បំផុតគឺការកាន់ខ្ជាប់នូវក្រមសីលធម៌របស់មេធាវី និងវិជ្ជាជីវៈរបស់តុលាការ រួមជាមួយនឹងភាពឯករាជ្យហ្នឹង។ បើទោះបីជានៅខាងក្នុង ក្រោមរូបភាពជាកញ្ចប់ ដែលបង្កើតឡើងដោយសម្តេចនាយករដ្ឋមន្រ្តីក៏ដោយ បង្កើតឡើងដោយខាងណាក៏ដោយ ក៏ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈរបស់គាត់រៀងខ្លួន»។
ក្រុមអ្នកធ្វើការផ្នែកលើកស្ទួយសិទ្ធិស្រ្តីបានបញ្ជាក់ឲ្យដឹងបន្តថា ស្រ្តីនៅកម្ពុជាកំពុងប្រឈមនឹងការខ្វះខាតការប្រឹក្សាផ្លូវច្បាប់ និងមិនបានទទួលសេវាផ្លូវច្បាប់គ្រប់គ្រាន់ ជាពិសេសក្នុងករណីរងនូវអំពើហិង្សាផ្សេងៗ ស្របពេលដែលចំនួនស្រ្តីជាមេធាវីនៅក្នុងវិស័យតុលាការនៅមានចំនួនតិចតួចនៅឡើយ។
ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៨និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៩របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យស្ថាប័នរដ្ឋដែលពាក់ព័ន្ធទាំងអស់ធានានូវភាពយុត្តិធម៌និងពន្លឿនការដោះស្រាយរឿងក្តីឲ្យបានឆាប់រហ័ស ជាពិសេសសំណុំរឿងក្តីដែលពាក់ព័ន្ធទៅនឹងស្ត្រី។
លោក ហ៊ុន សែន បានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកតាមន័យដើមថា៖
«ដើម្បីជួយស្រ្តីរងគ្រោះទន់ខ្សោយឱ្យកាន់តែមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងពិចារណាក្នុងការបង្កើតក្រុមមេធាវីការពារក្តី ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្តេចតេជោ ដើម្បីជួយដល់ជនរងគ្រោះដែលជាស្រ្តីក្រីក្រ»។
ក្រោយការប្រកាសនោះ អង្គភាពព័ត៌មាន Fresh News ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្សាយថា លោក ហ៊ុន សែន បានចាត់តាំងលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើជាអ្នករៀបចំបង្កើតក្រុមមេធាវីនេះ។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក គី តិច បានទេ រហូតដល់ល្ងាចថ្ងៃអង្គារនេះ។
យ៉ាងណាក្តីអង្គភាពព័ត៌មាន Fresh News បានស្រង់សម្តីលោក គី តិច នាល្ងាចថ្ងៃច័ន្ទថា ក្រុមមេធាវីដែលផ្តួចផ្តើមបង្កើតដោយលោកនាយករដ្ឋមន្រ្តីនឹងមានមេធាវីចំនួន៣០រូបចូលរួម ភាគច្រើនជាស្រ្តី។ លោកបន្តថា ទីស្នាក់ការកណ្តាលរបស់ក្រុមមេធាវីនោះគឺស្ថិតក្នុងទីស្តីការគណៈរដ្ឋមន្រ្តី ហើយនឹងមានមេធាវីតាមបណ្តាខេត្តនានា និងថ្នាក់តំបន់ដើម្បីត្រៀមជួយដល់ស្រ្តីតាមខេត្ត ដែលរងគ្រោះដោយអំពើរំលោភបំពានណាមួយ។
ក្នុងកម្មវិធីបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ រៀបចំកាត់ទោស និងពិនិត្យសម្រួលការព្យួរទោសស្ត្រីជាប់ពន្ធនាគារ ឲ្យពួកគេមានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យ។
នៅពេលមិនមានការបង្កើតក្រុមមេធាវីការពារក្តីសម្រាប់ស្រ្តីរងគ្រោះនេះ ស្រ្តីជាច្រើននាក់ដែលរងគ្រោះដោយសារការរំលោភបំពានផ្សេងៗ ក្នុងនោះមានការរំលោភដីធ្លី បានស្វែងរកសេវាផ្លូវច្បាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលជាអង្គការមិនរណបរដ្ឋាភិបាល។
ស្ត្រីមួយចំនួនក៏ត្រូវបានអាជ្ញាធរចាប់ដាក់ក្នុងពន្ធនាគារក្នុងសំណុំរឿងជម្លោះដីធ្លីនេះ តែក្រោយពីមានការរិះគន់ពីអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ពួកគេក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ៕