រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានស្នើឲ្យប្រជាកសិករនិងអាជ្ញាធរមូលដ្ឋានសហការជាមួយមន្ត្រីកសិកម្មដែលទើបប្រឡងជាប់ចំនួន ២៥០ នាក់ នៅពេលពួកគេត្រូវបានបញ្ជូនឲ្យទៅបំពេញការងារតាមឃុំនីមួយៗនៅក្នុងប្រទេស។
មន្ត្រីកសិកម្មដែលទើបប្រឡងជាប់ខាងលើគឺស្ថិតនៅក្នុងផែនការដំបូងរបស់រដ្ឋាភិបាលក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំក្នុងខេត្តចំនួន ១៧ ទីដែលសម្បូរដោយការដាំដុះដំណាំស្រូវ និងដំណាំផ្សេងទៀត។
ក្នុងសន្និសីទព័ត៌មានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាលសាធារណៈ កាលពីព្រឹកថ្ងៃសុក្រនេះ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ប្រាប់អ្នកកាសែតថា កសិករ និងអាជ្ញាធរមូលដ្ឋានគួរតែផ្តល់កិច្ចសហការជាមួយមន្ត្រីដែលនឹងត្រូវបញ្ជូនឲ្យទៅធ្វើការតាមឃុំនីមួយៗ ដើម្បីធានាបានថា ពួកគេអាចសម្រេចការងារដែលរដ្ឋាភិបាលប្រគល់ជូន។
លោកថ្លែងថា៖ «កត្តាធំជាងគេ គឺប្រជាកសិករយើងឯមូលដ្ឋាន ហើយក្នុងនោះក៏មានអាជ្ញាធរមូលដ្ឋានរបស់យើងដែរ គឺសុំឲ្យមានការស្វាគមន៍ពួកគាត់ ជឿជាក់លើពួកគាត់ អមដំណើរជាមួយពួកគាត់ ព្រោះថា អ្វីៗភ្លាម គឺថា អាចចុះទៅភ្លាមមិនអាចចាប់បាន ១០០ ភាគរយទាំងស្រុងទេ តែដោយសារឆន្ទៈ និងការខំប្រឹងប្រែង និងសមត្ថភាពរបស់ពួកគាត់ជាក់លាក់ជាមួយនឹងការអមដំណើររបស់ក្រសួង កសិកម្ម រុក្ខា និងប្រមាញ់ គ្រប់ជាន់ថ្នាក់ទាំងអស់ យើងជឿជាក់ ហើយថា ពួកគាត់នឹងអាចធ្វើបាន។ ហើយត្រូវចាំថា ពួកគាត់ទៅដើម្បីរស់នៅជាមួយប្រជាពលរដ្ឋ ប្រជាកសិករ ហើយនឹងនៅជាមួយពួកគាត់ដែរ»។
បើតាមលោក ហ៊ុន ម៉ានី មន្ត្រីកសិកម្មទាំង ២៥០ នាក់ ដែលទើបប្រឡងជាប់នឹងទទួលបានការបណ្តុះបណ្តាលបន្ថែមលើជំនាញពាក់ព័ន្ធនឹងការងារ និងបច្ចេកទេសកសិកម្មរយៈពេលមួយឆ្នាំ ហើយការងារជាអាទិភាពរបស់ពួកគេនឹងផ្តោតលើការជួយកសិករក្នុងការដាំដុះ។
លោកថ្លែងថា៖ «ឆ្លងកាត់នូវការប្រឡងនេះ គឺគាត់មានសមត្ថភាពជាមូលដ្ឋាន តែក្រោយពីហ្នឹងថែមទៀត គឺយើងត្រូវការបណ្តុះបណ្តាលគាត់ក្នុងរយៈពេល ១ ឆ្នាំ ឲ្យស្របទៅតាមអ្វីដែលជាជំនាញជាក់ស្តែង ហើយនៅទីនេះមាន ឯកឧត្តម យ៉ង់ សាំងកុមារ តំណាងឲ្យឯកឧត្តម ឌិត ទីណា ផងដែរ គឺយើងជ្រើសរើសជាមូលដ្ឋានសិន ជាសមត្ថភាព ហើយដល់ពេលរួចទៅគឺយើងបណ្តុះបណ្តាលឲ្យចំជំនាញ ហើយស្របទៅតាមអ្វីដែលជាគោលដៅ ដែលយើងបានដាក់ចំពោះ ២៥០ នាក់នេះ ហើយជាពិសេសគឺកំណត់នៅលើកនេះ គឺរឿងការដាំដុះ គឺការដាំដុះតែម្តង»។
តាមផែនការរបស់រដ្ឋាភិបាល នៅឆ្នាំ ២០២៤ មន្ត្រីកសិកម្មចំនួន ៨០០ នាក់ទៀតនឹងត្រូវជ្រើសរើសតាមការប្រឡងឲ្យចូលបម្រើការងារផ្នែកកសិកម្មនៅតាមឃុំទូទាំងប្រទេស។ ហើយនៅឆ្នាំ ២០២៥ រដ្ឋាភិបាលនឹងជ្រើសរើសមន្ត្រីកសិកម្មបន្ថែមទៀតឲ្យបានដល់ ១៦០០ នាក់ ដើម្បីត្រៀមជួយកសិករ ឬបំពេញបន្ថែមកន្លែងដែលមានអ្នកបោះបង់ការងារ។ នេះបើតាមរដ្ឋមន្ត្រីកសិកម្ម។
ប្រធានអនុគណៈកម្មការកំណែនៃការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ ២០២៣ លោក យក់ ប៊ុនណា ដែលជានាយកសាលាភូមិន្ទរដ្ឋបាលសាធារណៈផងនោះ បានប្រាប់អ្នកកាសែតថា ការប្រឡងលើកនេះធ្វើឡើងដោយតម្លាភាព និងផ្អែកលើសមត្ថភាពរបស់បេក្ខជន។
លោកថ្លែងថា៖ «ជាគោលការណ៍របស់គណៈកម្មការរៀបចំដំណើរការប្រឡងទាល់តែគាត់បានពិន្ទុលើសពី ៥០ ភាគរយ បានយើងទទួល។ អ៊ីចឹង ជាលទ្ធផល គឺថា ពិន្ទុរបស់ពួកគាត់គឺលើសពី ៥០ ភាគរយដែលជាប់។ ហ្នឹង ទី ១។ ទី ២ ការកែនេះ សុក្រឹត ដោយសារគ្រូកែ គឺជាគ្រូជំនាញ ហើយកែពីរលើកទៅទៀត …ត្រូវមានការត្រួតពិនិត្យ ពីគ្រូកែទី១ហើយនឹងមានការពិនិត្យពីគ្រូកែលើកទី ២។ ហើយពិសេសជាងនេះទៅទៀត គឺមានការត្រួតពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ ១ ជាន់ទៀត។ អ៊ីចឹងបើនិយាយពីការត្រួតពិនិត្យទៅលើកំណែនេះ គឺថា បីជាន់»។
លោកឲ្យដឹងបន្ថែមថា បេក្ខជនដែលចូលរួមប្រឡងត្រូវមានជំនាញកសិកម្មចំណេះដឹងទូទៅ និងជំនាញភាសាអង់គ្លេស។
នៅក្នុងការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដែលរៀបចំឡើងកាលពីពាក់កណ្តាលខែធ្នូឆ្នាំ ២០២៣ នេះ មានបេក្ខជនជាង ៣០០០ បានបំពេញគ្រប់លក្ខខណ្ឌសម្រាប់ការចូលរួមការប្រឡង។ បេក្ខជនទាំងនោះត្រូវបានសម្រិតសម្រាំងចេញពីអ្នកដែលបានដាក់ពាក្យចំនួនជាង ១២.០០០ នាក់ ដែលមានជំនាញផ្សេងៗគ្នា។ ក្នុងនោះ គឺ ៣៣,៤៨ ភាគរយ នៃបេក្ខជនដែលបានដាក់ពាក្យប្រឡងមានជំនាញហិរញ្ញវត្ថុ និង ធនាគារ ហើយនឹងជំនាញផ្សេងទៀត ដែលមិនពាក់ព័ន្ធខាងកសិកម្ម។ នេះបើតាមលោក ហ៊ុន ម៉ានី។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន ប្រាប់វីអូអេថា កិច្ចការជាអាទិភាពសម្រាប់មន្ត្រីកសិកម្មឃុំដែលនឹងចូលបម្រើការងារនាពេលឆាប់ៗនេះ គឺការប្រមូលព័ត៌មានពាក់ព័ន្ធនឹងការលំបាករបស់កសិករខាងសេដ្ឋកិច្ច និងសង្គម និងបញ្ហាផ្សេងទៀតដែលកើតមានក្នុងការដាំដុះមកធ្វើការវិភាគ ឈានទៅរកដំណោះស្រាយដើម្បីបន្ថយបន្ទុករបស់កសិករទាំងបច្ចេកទេសដំាដុះ និងទីផ្សារលក់កសិផល។
លោកថ្លែងថា៖ «រឿងទី ១ ដែលជាអាទិភាពនោះគឺថា ការប្រមូលបញ្ហា និងក្តីកង្វល់របស់កសិករដើម្បីមកធ្វើការវិភាគ រួមជាមួយនឹងចាត់ជាអាទិភាពនូវចំណុចសំខាន់ៗដើម្បីធ្វើការដោះស្រាយ។ វាជារឿងសំខាន់ដែលពួកគាត់ត្រូវធ្វើ។ទី ២ រឿងដែលអាទិភាពបំផុតនោះ គឺថា គាត់ត្រូវពិនិត្យមើលអំពីភូមិសាស្ត្រ និងយន្តការនៃការកំណត់ អំពីទិសដៅនៃការដោះស្រាយបញ្ហា មានន័យថា ប្រសិនបើតំបន់ហ្នឹង ប្រឈមនូវស្ថានភាពទាក់ទងនឹងវិស័យកសិកម្ម ដូចជាកសិផលទីផ្សារជាដើម គឺគាត់ត្រូវកំណត់អំពីយន្តការជាក់លាក់ថា តើពួកគាត់ត្រូវធ្វើការដោះស្រាយដោយរបៀបម៉េច? ហើយត្រូវរកការគាំទ្រពីស្ថាប័នណា?»
លោកបន្ថែមថា មន្ត្រីកសិកម្មឃុំក៏គួរបង្កើតឲ្យមានយន្តការទំនាក់ទំនងជាមួយកសិករ លើបញ្ហាទីផ្សារដែលជាចំណុចសំខាន់មួយដែលកសិករចង់បាន ហើយក្រៅពីនោះគឺការជួយកសិករឲ្យយល់អំពីបច្ចេកទេសវេចខ្ចប់ និងការផ្តល់ព័ត៌មានអំពីគោលនយោបាយកសិកម្មទាំងថ្នាក់ជាតិ និងក្រោមជាតិដល់កសិករ ក៏ដូចជា ការពន្យល់កសិករឲ្យយល់ពីតម្រូវការនានារបស់ទីផ្សារអន្តរជាតិដែលចង់បានទំនិញកសិកម្មនាំចេញពីកម្ពុជា៕