ស្រុកសៀមបូក ខេត្តស្ទឹងត្រែង — វិស័យចន្ទីកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈមានកំណើនទិន្នផល ហើយនិងការបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយចំនួនដែលបំពាក់ដោយឧបករណ៍ស្វ័យប្រវត្តិ និងស្របតាមបទដ្ឋានអនាម័យ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីកសិម្មនិងអ្នកនៅក្នុងវិស័យមួយនេះ។
ក្នុងពិធីផ្សព្វផ្សាយអំពីទស្សនកិច្ចរបស់អ្នកសារព័ត៌មានដើម្បីឈ្វេងយល់ពីសង្វាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាលោក ស៊ុយ កុកធាន លើកឡើងអំពីការកើនឡើងនៃទិន្នផលស្វាយចន្ទីដែលអាចឲ្យកម្ពុជាក្លាយជាអធិរាជនៃស្វាយចន្ទី ដែលត្រូវបានកែច្នៃប្រកបដោយគុណភាពខ្ពស់និងត្រូវបានគេទទួលស្គាល់។
លោកថ្លែងថា៖ «ខ្ញុំគិតថា ពាក្យថា អធិរាជនេះ មិនមែនមានន័យថា យើងមានស្វាយចន្ទីច្រើនជាងគេទេ ប៉ុន្តែយើងអាចមានចន្ទីល្អជាងគេ។ អ្វីដែលខ្ញុំរំពឹងទុកមែនទែននោះ គឺគុណភាពស្វាយចន្ទីរបស់កម្ពុជាយើង គឺនៅលើពិភពលោកអត់មាននរណាប្រៀបបានទេ។ ប៉ុន្តែគ្រាន់តែនៅចំណុចតូចមួយដែលយើងត្រូវកែច្នៃផលិតផលដែលល្អបំផុតរបស់យើងហ្នឹង ឲ្យក្លាយទៅជាផលិតផលដែលគេមានការទទួលស្គាល់លើពិភពលោក។ ប៉ុន្តែឥឡូវនេះ គឺយើងចេញដំណើរហើយតាមរយៈការណ៍ដែលយើងបានទៅចូលរួមសន្និសីទស្វាយចន្ទីពិភពលោក នៅទីក្រុងឌូបៃហ្នឹង គឺគេអបអរមែនទែនថា នោះប្រទេសកម្ពុជាដែលគេមិនធ្លាប់ស្គាល់នោះបែរជាមានគ្រាប់ស្វាយចន្ទីជាប់លេខ ១ ក្នុងឆ្នាំ ២០២១ អ៊ីចឹងទៅ។ អ៊ីចឹងនេះជាជំហានមួយយ៉ាងវិជ្ជមានបំផុត»។
កម្ពុជានាំចេញស្វាយចន្ទី ដែលមិនទាន់កែច្នៃស្ទើរតែ ៩០ ភាគរយ ទៅលក់ឲ្យក្រុមហ៊ុននៅប្រទេសវៀតណាម និងក្រុមហ៊ុនអន្តរជាតិផ្សេងទៀត ដូចជាក្រុមហ៊ុនមកពីប្រទេសឥណ្ឌា។ គ្រាប់ស្វាយចន្ទីស្ងួតត្រូវបានលក់ក្នុងតម្លៃខ្ពស់បំផុតក្នុងចន្លោះពី ១៨៥០ រៀល ទៅ១៩០០ រៀល ក្នុង ១ គីឡូក្រាម នៅឆ្នាំ ២០២៣ គឺកើនប្រមាណ ១៥ ភាគរយនៃតម្លៃលក់កាលពីឆ្នាំ ២០២២។ នេះបើតាមលោក ស៊ុយ កុកធាន។
ក្នុងពេលសមត្ថភាពកែច្នៃស្វាយចន្ទីរបស់កម្ពុជានៅមានកម្រិត អនុប្រធានសមាគមចន្ទីកម្ពុជារូបនេះ ឲ្យដឹងបន្ថែមថា វិនិយោគិនក្នុងស្រុកបង្ហាញចំណាប់អារម្មណ៍កាន់តែច្រើនក្នុងការបណ្តាក់ទុនលើការកែច្នៃស្វាយចន្ទីសម្រាប់ការនាំចេញ។
លោកថ្លែងថា៖ «មួយរយៈកន្លងមកនេះ ខ្ញុំបានឃើញឧកញ៉ាៗ មួយចំនួនដែលជាអ្នកមានលុយ គាត់បានបែរការចាប់អារម្មណ៍ មកលើស្វាយចន្ទី ហើយគាត់ក៏បានណាត់ជួបសមាគមជាញឹកញាប់ ដើម្បីឈ្វេងយល់បន្ថែម។ ខ្ញុំជឿជាក់ថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនឹងមានវិនិយោគិនក្នុងស្រុក អាចធ្វើការវិនិយោគច្រើនទៅលើវិស័យចន្ទីនេះ ការកែច្នៃចន្ទីនេះ»។
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក តូច ប៊ុនហួរ បានថ្លែងថា ដំណាំស្វាយចន្ទីជាដំណាំឧស្សាហកម្មមានសក្តានុពលខ្ពស់សម្រាប់ប្រទេសកម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បីជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំគ្រាប់ និងសរីរាង្គតាមបែបប្រពៃណី ហើយបច្ចុប្បន្ននេះ ខេត្តដែលបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ គឺមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ សៀមរាប និងកំពង់ឆ្នាំង។
លោកបន្ថែមថា ប្រទេសកម្ពុជាមានលក្ខខណ្ឌដីសមស្របសម្រាប់ដំណាំស្វាយចន្ទី សរុបប្រមាណ ២លាន ៣៨ម៉ឺនហិកតា។
គ្រាប់ស្វាយចន្ទីផ្តល់អត្ថប្រយោជន៍មួយចំនួន រួមមានជំនួយដល់សុខភាពសក់ និងស្បែក ពង្រឹងប្រព័ន្ធភាពស៊ាំនិងចូលរួមជំរុញដល់ការផលិតកោសិកាឈាមក្រហម ហើយក៏មានផ្ទុក ជាតិសរសៃខ្ពស់ និងជួយសម្រួលដល់ការបន្ទោរបង់។ នេះបើតាមព័ត៌មានទទួលបានពីម្ចាស់សិប្បកម្ម កែច្នៃគ្រាប់ស្វាយចន្ទីមួយចំនួននៅប្រទេសកម្ពុជា។
នៅឯឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ម្ចាស់សិប្បកម្មកែច្នៃស្វាយចន្ទីមួយរូបគឺអ្នកស្រី អ៊ិន ឡៃហួត បានបង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីជាលក្ខណៈប្រពៃណី មកជាសិប្បកម្មមានបំពាក់ម៉ាស៊ីនកែច្នៃដើរដោយស្វ័យប្រវត្តិ ដែលអាចជំរុញផលិតភាព និងពង្រីកការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនៅលើទីផ្សារ ក្នុងស្រុក និងអន្តរជាតិ។
អ្នកស្រីថ្លែងថា៖ «ឥឡូវបើនិយាយទៅលើការបកដោយដៃបរិមាណនៃការបករបស់យើងមួយថ្ងៃ យើងធ្វើបានត្រឹមតែម្នាក់ ៣០ គីឡូទេ តែបច្ចុប្បន្ននេះ គឺយើងធ្វើបានក្នុងមួយថ្ងៃគ្នា ១៥ នាក់ហ្នឹង គឺយើងធ្វើបានដល់ទៅ ២ តោនគ្រាប់ស្រស់»។
ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៣ នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសក្នុងបរិមាណជាង ៤២ ម៉ឺនតោន គឺថយជាង ១០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២២ ខណៈការនាំទំនិញកសិកម្មផ្សេងក៏បានថយចុះ ដោយសារវិបត្តិសាកលមួយចំនួនក្នុងនោះគឺជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស់ដែលមានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្មសាកលដែលបានចុះខ្សោយរួចទៅហើយនោះ និងវិបត្តិផ្សេងៗទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។
ទោះបីស្ថានការណ៍នៅក្រៅប្រទេសបង្កផលប៉ះពាល់ខ្លះៗទៅលើការនាំចេញផលិតផលកសិឧស្សាហកម្មរបស់កម្ពុជាយ៉ាងណាក្តី ក៏ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងប្រទេសកម្ពុជានៅកំពុងបន្តការពង្រឹងសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឲ្យមានគុណភាពខ្ពស់ ដើម្បីនាំចេញ។
អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់ «សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ» ក្នុងខេត្តកំពង់ធំបាន បន្ថែមថា គិតចាប់តាំងពីឆ្នាំ ២០២០ សិប្បកម្មរបស់អ្នកស្រីមានដៃគូពីប្រទេសជប៉ុន ដែលបានជួយនាំចេញគ្រាប់ចន្ទី ៧០ ម៉ឺនតោន ទៅកាន់ប្រទេសជប៉ុន ហើយបានផ្គត់ផ្គង់ប្រមាណ ៣០ តោនក្នុងស្រុក។ អ្នកស្រីថា សិប្បកម្មអ្នកស្រីកំពុងស្នើសុំលិខិតបញ្ជាក់ស្តង់ដារគុណភាពអនាម័យសម្រាប់ការនាំចេញនៅឆ្នាំ ២០២៤។
អ្នកស្រីថ្លែងថា៖ «តែមកដល់ក្នុងឆ្នាំ ២០២៣ នេះ គឺខ្ញុំអត់ទាន់បាននាំចេញទេដោយសារតែខ្ញុំកំពុងតែត្រៀមខ្លួនដើម្បីរៀបចំឯកសារ រៀបយក apply [សុំ]ស្តង់ដារ តែដល់ក្នុងឆ្នាំ ២០២៤ យើងនឹងគ្រោងពង្រីករោងចក្របន្ថែម ដើម្បីនឹងពង្រីកទាំងផលិតកម្ម នាំចេញឲ្យបាន ១៥០០ តោន ក្នុងមួយឆ្នាំនៅក្នុងឆ្នាំ ២០២៤ ផងដែរ»។
ការពង្រឹងគុណភាពគ្រាប់ស្វាយចន្ទី និងពង្រីកសង្វាក់ផលិតកម្មក៏កំពុងកើតឡើង នៅសិប្បកម្មហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែងរបស់អ្នកស្រី មុត ចរិយា។
ស្ត្រីជាអ្នកជំនួញរូបនេះបានដាក់ទុនជិត ១ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកសាងរោងចក្រកែច្នៃស្វាយចន្ទី ចាប់តាំងពីការបង្កើតសិប្បកម្មរបស់អ្នកស្រី កាលពីឆ្នាំ ២០២០។
ដំណាលគ្នានឹងពេលដែលចាប់ផ្តើមបើកសិប្បកម្មកែច្នៃនេះ អ្នកស្រី ចរិយា បានព្យាយាមសិក្សាពីសក្តានុពលនៃទីផ្សារ ដោយការបំពេញទស្សនកិច្ចនៅក្រៅប្រទេស។ អ្នកស្រីជឿថា គុណភាពគ្រាប់ស្វាយចន្ទីរបស់កម្ពុជា អាចប្រកួតប្រជែងបានជាមួយនឹងគ្រាប់ស្វាយចន្ទីដែលត្រូវបានកែច្នៃនៅប្រទេសក្បែរខាង ហើយក៏អាចបង្កើនការនាំចេញបានច្រើនព្រោះកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេ ពោលគឺទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងសាកលលោកនៅក្នុងសន្និសីទស្វាយចន្ទីពិភពលោក ក្នុងទីក្រុងឌូបៃ (Dubai) ប្រទេស អារ៉ាប់រួម កាលពីខែកុម្ភៈ ឆ្នាំ ២០២៣។
អ្នកស្រីថ្លែងថា៖ «អ្វីដែលយើងជឿជាក់ថា យើងអាចប្រកួតប្រជែងបាននៅទីនេះ គឺគុណភាព។ គុណភាពគឺជារឿងសំខាន់បំផុត។ គុណភាពទាំងអស់ហ្នឹងដើម្បីបញ្ជាក់ពីគ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជារបស់យើង។ អ៊ីចឹងថ្វីដ្បិតតែយើងផលិតកែច្នៃ បានតិចក៏ពិតមែន ប៉ុន្តែគុណភាពគឺជារឿងសំខាន់បំផុត ដែលយើងអាចប្រកួតប្រជែងជាមួយនឹងគេបាន»។
ក្នុងដំណើរទស្សនកិច្ចរបស់អ្នកកាសែតទៅកាន់ខេត្តកំពង់ធំ ក្រចេះ និងស្ទឹងត្រែង កសិករក៏បានឲ្យដឹងអំពីការខិតខំរបស់ពួកគេក្នុងការបង្កើនការដាំដុះដំណាំស្វាយចន្ទី និងការចងក្រងជាសហគមន៍ដើម្បីប្រមូលទិញផលគ្រាប់ស្វាយចន្ទីទៅឲ្យអ្នកបញ្ជាទិញ។
អ្នកស្រី វេន សាវីន ប្រធានសហគមន៍កសិកម្មអូគគីរនៅស្រុកចិត្របុរី ខេត្តក្រចេះ ប្រាប់អ្នកកាសែតថា ការចងក្រងសហគមន៍បានផ្តល់ឱកាសឲ្យកសិករបង្កើនការចំណេញពីការដាំដុះ និងការលក់កសិផលរបស់ពួកគេ។
អ្នកស្រីថ្លែងថា៖ «យើងចងក្រងជាសហគមន៍ងាយស្រួលផលិតដាំដំណាំ ដោយសារបើសិនជាយើងលក់តែម្នាក់ឯង គឺវាអត់សូវមានបានតម្លៃថ្លៃទេ។ អ៊ីចឹងបានជាយើងបង្កើតសហគមន៍ទៅ ដើម្បីប្រមូលផ្តុំផលិតផល»។
ក្រោយការចងក្រងជាសហគមន៍កាលពីឆ្នាំ ២០១៨ សហគមន៍ដែលមានសមាជិកភាគច្រើនជាស្ត្រី ៧១ នាក់នោះមានលទ្ធភាពប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតបានប្រមាណ ៤០៥ តោននៅឆ្នាំ ២០២៣ ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Intersnack ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស្បៀងអាហាររបស់អាល្លឺម៉ង់ និងឈ្មួញផ្សេងទៀត ហើយកំពុងត្រៀមការប្រមូលទិញឲ្យដល់ ៣២០០ តោន ដើម្បីផ្គត់ផ្គង់ទៅឆ្នាំក្រោយ។ ការទិញដូរនោះទៀតសោត បានធ្វើទៅតាមការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន និងសហគមន៍កសិករឯទៀតៗ។
អ្នកស្រីវេន សាវីន បន្ថែមថា សហភាពអឺរ៉ុប និងអង្គការអាល្លឺម៉ង់ GIZ ជាអ្នកជួយជ្រោមជ្រែងឲ្យមានការចងក្រងសហគមន៍ តាមរយៈគម្រោងធ្វើឲ្យប្រសើរឡើងសន្តិសុខអាហារ និងការចិញ្ចឹមជីវិតហៅកាត់ថា ILF។
អ្នកស្រីថ្លែងថា៖ «នៅខាងសហគមន៍ខ្ញុំមានអង្គការ GIZ មួយដែលមានគម្រោងពីរ គម្រោងក្រដាសហ្នឹងមួយ ហើយនឹងគម្រោង ILF មួយទៀតគឺគាត់ជួយគាំទ្រទៅលើបច្ចេកទេស បច្ចេកទេសហ្នឹងដូចជាឃ្លាំង ដូចជាតូប បន្ទប់ទឹក ហើយមានលានហាលអីចឹងទៅ»។
ការខិតខំរបស់ម្ចាស់សិប្បកម្មមួយចំនួននៅក្នុងការពង្រីកសង្វាក់ផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជា និងការចងក្រងជាសហគមន៍ ដើម្បីគ្រប់គ្រងការប្រមូលផល និងលក់ទៅឲ្យឈ្មួញក្នុងតម្លៃសមស្រប កើតឡើងស្របពេលវិស័យនេះនៅបន្តមានស្ថានភាពប្រឈមមួយចំនួន។
រដ្ឋលេខាធិការក្រសួងកសិកម្ម លោក តូច ប៊ុនហួរ បានថ្លែងថា ទោះបីជាអនុវិស័យដំណាំស្វាយចន្ទីទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ ក៏អនុវិស័យនេះ នៅជួបប្រទេះបញ្ហាប្រឈមចម្បងៗមួយចំនួនដូចជា ផលិតកម្មដំណាំទទួលបានទិន្នផល និងប្រសិទ្ធភាពសេដ្ឋកិច្ចនៅទាប ធនធានមនុស្ស និងថវិកាសម្រាប់បម្រើឲ្យការងារស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងនវានុវត្តន៍ថ្មីៗ នៅមានកម្រិត កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនិងការកែច្នៃ ហើយតម្លៃកសិផលនៅលើទីផ្សារឡើងចុះមិនទៀងទាត់។
យ៉ាងណាក៏ដោយ លោក Guenter K. Wessel អ្នកគ្រប់គ្រងកម្មវិធីអង្គការ GIZ របស់ អាល្លឺម៉ង់យល់ថា អ្នកកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសវៀតណាម អាចសម្រេចផ្លាស់ប្តូរមកកាន់ប្រទេសកម្ពុជា ជាមួយនឹងការដំឡើងគ្រឿងម៉ាស៊ីនកែច្នៃថ្មីៗ នៅពេលដែលគ្រឿងចក្រចាស់ៗដល់ពេលត្រូវប្តូរចេញ។ លោកថា ធ្វើយ៉ាងដូច្នេះ វិនិយោគិននឹងកាត់បន្ថយការចំណាយរបស់ពួកគេក្នុងការទិញនិងដឹកស្វាយចន្ទីចេញពីកម្ពុជាទៅកែច្នៃនៅប្រទេសវៀតណាម។
លោកបន្ថែមថា សហគមន៍កសិកម្មដែលត្រូវបានចងក្រងសម្រាប់ការប្រមូលទិញកសិផលស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ទៅក្រុមហ៊ុន ធ្លាប់ទទួលទូរស័ព្ទដោយផ្ទាល់ជាលើកដំបូងពីរោងចក្រកែច្នៃនៅប្រទេសវៀតណាមអំពីការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្ងួតដែលកសិករកម្ពុជាអាចធ្វើបាន ហើយរោងចក្រនោះក៏បង្ហាញការចាប់អារម្មណ៍។ លោកថាការណ៍នេះនឹងធ្វើឲ្យម្ចាស់រោងចក្រកែច្នៃនៅវៀតណាមងាកមកដំឡើងគ្រឿងម៉ាស៊ីនកែច្នៃនៅកម្ពុជា។
លោកប្រាប់អ្នកកាសែតថា៖ «ខ្ញុំជឿដោយមិនគិតច្រើនថា នៅពេលណាមួយ ដែលមធ្យោបាយនៃការធ្វើជំនួញនេះមានការវិវឌ្ឍ ហើយម្នាក់ៗបានដឹងអំពីរឿងនេះ នោះឆាប់ៗនេះ បើសិនជាគេចាំបាច់ត្រូវផ្លាស់ប្តូរឧបករណ៍នៅក្នុងរោងចក្រនៅក្នុងប្រទេសវៀតណាម ដើម្បីដំណើរការម្តងទៀត ឬធ្វើអ្វីៗផ្សេងទៀត គេអាចចាប់ផ្តើមគិតថា ហេតុអ្វីមិនដាក់ទុននៅកម្ពុជាពីពេលឥឡូវនេះទៅ ព្រោះវាដូចជារឿងត្រឹមត្រូវជាង។ វាចំណាយតិចលើការដឹកជញ្ជូន។ បើសិនជានៅតែត្រូវដាក់ទុនលើឧបករណ៍ថ្មីៗដដែល ដូច្នេះគួរតែរើកន្លែងផលិតកម្មទាំងមូលមកកម្ពុជា ឬក៏ប្តូរមកកម្ពុជាតែម្តងទៅ»។
យោងតាមឯកសារគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧ របស់រដ្ឋាភិបាលកម្ពុជា កម្ពុជាអាចផលិតគ្រាប់ស្វាយចន្ទីបានប្រមាណជាង២០ម៉ឺនតោនក្នុង១ឆ្នាំ តែបច្ចុប្បន្នកម្ពុជាបានកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណត្រឹមតែ ៥ ភាគរយប៉ុណ្ណោះ ហើយគ្រាប់ស្វាយចន្ទីស្រស់មួយភាគធំត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាង ដែលជាហេតុធ្វើឲ្យកម្ពុជាបាត់បង់តម្លៃបន្ថែម និងការងារយ៉ាងច្រើន រួមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះគ្រាប់ស្វាយចន្ទីកម្ពុជា ដែលមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។
នៅក្នុងគោលនយោបាយនេះ រដ្ឋាភិបាលបានសម្រេចកំណត់យុទ្ធសាស្ត្រសម្រាប់បង្កើនតម្លៃបន្ថែមដល់ផលិតផលស្វាយចន្ទី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដោយប្រែក្លាយពីកសិករទៅជាពាណិជ្ជករ តាមរយៈការបង្កើនផលិតភាព ការកាត់បន្ថយថ្លៃ ដើម្បីផលិតកម្ម ការអនុវត្តបច្ចេកវិទ្យាទំនើបសមស្រប និងផលិតផលមានគុណភាពប្រកបដោយឧត្តមភាពប្រកួតប្រជែង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។ នៅពេលអនុវត្តយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលបានកំណត់គោលការណ៍សំខាន់ៗមួយចំនួន ដូចជាការជំរុញកៀរគរវិនិយោគ ជំនួយបច្ចេកទេស និងធនធានទាំងក្នុងនិងក្រៅប្រទេស ដើម្បីជំរុញវិស័យស្វាយចន្ទីកម្ពុជាឲ្យមាននិរន្តរភាពនិងអភិវឌ្ឍន៍។
អ្នកនាំពាក្យក្រសួងកសិកម្មកញ្ញា អ៊ឹម រចនា ថ្លែងថា កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៧០ ម៉ឺនហិកតា និងអាចផលិតបាន ១ លានតោនក្នុងមួយឆ្នាំៗ តែបញ្ហាប្រឈមដែលមានបច្ចុប្បន្នក្នុងវិស័យចន្ទី គឺកង្វះការកែច្នៃ។ កញ្ញាបន្ថែមថា រដ្ឋាភិបាលជំរុញឲ្យមានការប្រឹងប្រែងបន្ថែមទៀតលើការកែច្នៃ ដែលអាចបង្កើនការផ្គត់ផ្គង់គ្រាប់ចន្ទីក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេសផង។
កញ្ញាថ្លែងថា៖ «ខ្ញុំបានបញ្ជាក់ម្តងហើយថា ផ្ទៃដីដាំដុះស្វាយចន្ទីរាល់ថ្ងៃ មាន ៧០ ម៉ឺនជាងហិកតា ដែលផ្តល់ផលជាង ១លានតោននៅក្នុងមួយឆ្នាំ។ ប៉ុន្តែ គឺនៅត្រង់ថា យើងមិនមានសហគ្រាស។ អ្វីដែលយើងចង់បានធ្វើម៉េច ជំរុញឲ្យមានការកែច្នៃគ្រប់គ្រាន់ដើម្បីស្រូបទាញផលិតផលស្វាយចន្ទីរបស់យើងហ្នឹង យកទៅកែច្នៃ ធ្វើជាផលិតផលសម្រេចដើម្បីដាក់លក់ ឬក៏នាំចេញទៅកាន់ទីផ្សារដោយផ្ទាល់។ បញ្ហាគឺនៅត្រង់ចំណុចកណ្តាលនេះ គឺសហគ្រាស គឺការកែច្នៃ។ អ្វីដែលយើងចង់បានគឺធ្វើម៉េច ជំរុញឲ្យមានការកែច្នៃ ធ្វើម៉េចឲ្យទីផ្សារស្វាយចន្ទីហ្នឹងស្ថិតនៅក្នុងស្រុកយើងទាំងស្រុង ទាំងអស់បើអាចធ្វើទៅបាន។ យើងផលិតនៅក្នុងស្រុក ១លានតោន យើងកែច្នៃស្រុក ១លានតោន ឬបើល្អជាងហ្នឹងទៀត យើងទិញពីគេហើយកែច្នៃនាំចេញទៅលក់នៅក្រៅប្រទេស»។
មន្ត្រីកសិកម្មរូបនេះមានសុទិដ្ឋិនិយមថា វិនិយោគិនក្នុងស្រុកនឹងបង្វែរធុរកិច្ចរបស់ខ្លួនមកក្នុង ឧស្សាហកម្មកែច្នៃគ្រាប់ចន្ទី ខណៈមានការកើនឡើងនូវទិន្នផលនៃគ្រាប់ស្វាយចន្ទីក្នុងស្រុក។ កញ្ញាលើកឡើងថា បញ្ហានៃការស្ទាក់ស្ទើររបស់អ្នកវិនិយោគដែលមិនទាន់សម្រេចចិត្ត បណ្តាក់ទុនលើការវិនិយោគនៅក្នុងសង្វាក់កែច្នៃផលិតផលស្វាយចន្ទីនេះ គឺដោយសារកម្សោយនៃការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដែលមិនទាន់អាចបំពេញទៅតាមសេចក្តីត្រូវការរបស់ម្ចាស់សហគ្រាសកែច្នៃ។
កញ្ញាថ្លែងថា៖ « អ៊ីចឹងនៅពេលដែលក្រសួងកសិកម្មរៀបចំជាគោលនយោបាយសហគមន៍កសិកម្មថ្មីនេះ យើងនឹងចងក្រងភ្ជាប់គ្នា រវាងប្រជាកសិករដែលជាអ្នកដាំដុះ អ្នកប្រមូលទិញ ហើយនឹងសហគ្រាសកែច្នៃ។ អ៊ីចឹងខ្សែរយៈទាំងអស់ហ្នឹងហើយនឹងធានាបាននូវការផ្គត់ផ្គង់ ដែលមានបរិមាណស្របទៅតាមតម្រូវការទីមួយ។ គុណភាពស្របទៅតាមទៅទីផ្សារដែលចង់បានទីពីរ។ ហើយនឹងយើងអាចធានាបានថា គុណភាពដែលនឹងផ្តល់ចេញមកហ្នឹងវានឹងអាចទទួលយកបាននៅលើទីផ្សារ ជាពិសេស ទទួលបានការគាំទ្រពីអតិថិជនទាំងនៅក្នុងស្រុក ហើយនឹងនៅក្រៅស្រុក។ រឿងហ្នឹងគឺជារឿងដែលយើងគិតគូរអស់ហើយ។ ហើយនៅពេលដែលយើងអនុវត្ត យើងជឿជាក់ថា វានឹងអាចដោះស្រាយបញ្ហាហ្នឹងបានហើយវានឹងជួយលើកទឹកចិត្តឲ្យអ្នកវិនិយោគហ៊ានដាក់ទុនវិនិយោគនៅក្នុងផលិតកម្មស្វាយចន្ទីនេះឲ្យបានកាន់តែច្រើន ដោយសារតែយើងជឿជាក់ណាស់ថា សហគមន៍កសិកម្មទំនើបរបស់យើងនេះនឹងអាចដោះស្រាយបានបញ្ហាទាំងស្រុងតែម្តង»។
ក្រៅតែពីបញ្ហានៃកង្វះរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ស្ថានភាពប្រែប្រួលអាកាសធាតុក៏បានបង្កក្តីបារម្ភផងដែរ ដល់កសិករ ដែលកំពុងខិតខំបង្កើនការដាំដុំដំណាំស្វាយចន្ទី។
អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាលោកស៊ុយ កុកធាន ឲ្យដឹងថា ការប្រែប្រួលអាកាសធាតុនាំឲ្យមានការកាប់ដើមស្វាយចន្ទីចោល ប្រមាណ ១០ ម៉ឺនហិកតាកាលពីឆ្នាំ ២០២២ តែមានការដាំដុះឡើងវិញប្រមាណ ៤ ម៉ឺនហិកតាក្នុងឆ្នាំ ២០២៣។ នេះបើតាមការស្រាវជ្រាវទៅលើកូនដើមស្វាយចន្ទីដែលត្រូវបានលក់ចេញពីថ្នាលទូទាំងប្រទេស។ លោកបន្ថែមថា បញ្ហាប្រែប្រួលអាកាសធាតុ គឺជាក្តីបារម្ភធំជាងគេរបស់សមាគមទៅថ្ងៃអនាគត។
នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ លោក លី គឹមស៊ុយ គឺជាម្ចាស់ចម្ការដើមស្វាយចន្ទីដែលត្រូវបានដាំអស់រយៈពេល១៣ឆ្នាំមកហើយលើផ្ទៃដី ១៩ ហិកតា។ លោកបានជួបប្រទះនឹងបញ្ហាមួយចំនួននៅពេលចាប់ផ្តើមដំាដំណាំកសិឧស្សាហកម្មមួយនេះ ក្នុងនោះគឺការប្រែប្រួលអាកាសធាតុ។
បើតាមកសិកររូបនេះ ការប្រែប្រួលអាកាសធាតុបានបង្ខំចិត្តកសិករមួយចំនួនឲ្យផ្លាស់ប្តូរដំណាំរបស់ពួកគេពីស្វាយចន្ទីទៅដំណាំផ្សេងទៀត ដែលជាការខាតបង់មួយដែលកសិករគួរចៀសវាង។
លោកថ្លែងថា៖ «មូលហេតុគឺការបម្រែបម្រួលអាកាសធាតុហ្នឹងហើយបាទ ហើយណាមួយ កសិករបើសិនជាគាត់ឃើញដំណាំណាមានតម្លៃថ្លៃ គាត់អាចកាប់ភ្លាម ដាំដំណាំផ្សេងភ្លាម។ អាហ្នឹង ចិត្តគាត់អត់ហ្នឹងទេបាទ។ តែបើចំពោះខ្ញុំវិញ ខ្ញុំអត់ទេបាទ ព្រោះឥឡូវខ្ញុំគិតថា កសិករនៅក្នុងភូមិខ្ញុំចូល១០ភាគរយហើយសម្រាប់ឥឡូវគាត់កាប់ដើមចន្ទីចោល ដាំដំឡូងមីបាទ»។
បន្ថែមលើការប្រែប្រួលអាកាសធាតុ ការកើនឡើងថ្លៃជីរកសិកម្មទ្វេដងកាលពីឆ្នាំ ២០២២ ក៏បានបង្កផលប៉ះពាល់ខ្លះៗមកលើចម្ការរបស់លោក។ ទោះយ៉ាងណា ដំណាំស្វាយចន្ទីរបស់លោកនៅតែហុចផលចំណេញបានប្រមាណ៦លានរៀលក្នុងមួយឆ្នាំ ហើយលោកទទូចសុំឲ្យកសិករឯទៀត រក្សាជំហរក្នុងការដាំដុះស្វាយចន្ទីដែលកំពុងមានតម្រូវការពីសំណាក់ម្ចាស់រោងចក្រកែច្នៃស្វាយចន្ទី។
យោងតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី រដ្ឋាភិបាលកម្ពុជាមានគោលបំណងប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
សិប្បកម្មកែច្នៃគ្រាប់ចន្ទីរបស់អ្នកស្រី មុត ចរិយា ក្នុងខេត្តស្ទឹងត្រែង កំពុងប្រឹងប្រែងសម្រេចនូវគោលដៅរបស់ខ្លួនដើម្បីនាំចេញគ្រាប់ស្វាយចន្ទីប្រកបដោយគុណភាពទៅក្រៅប្រទេស ដែល ស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីរបស់កម្ពុជា។
អ្នកស្រីថា បច្ចុប្បន្នផលិតផលខ្លះដែលចម្រាញ់ចេញពីស្វាយចន្ទីនៅសិប្បកម្មរបស់អ្នកស្រីត្រូវបានបញ្ជូនទៅឲ្យអតិថិជនធ្វើការសាកល្បងនៅក្រៅប្រទេស ឬទទួលការពិសោធន៍រកអត្ថប្រយោជន៍ ពាក់ព័ន្ធនឹងសារធាតុបំប៉នសុខភាព ហើយផលិតផលខ្លះទៀតត្រូវបាននាំទៅលក់នៅប្រទេសជប៉ុន។ ក្រៅពីប្រទេសជប៉ុន អ្នកស្រី មុត ចរិយា ក៏កំពុងស្វែងរកទីផ្សារនៅសហរដ្ឋអាមេរិក ដែលនឹងជាទីផ្សារធំបំផុតមួយចំពោះសិប្បកម្មរបស់អ្នកស្រី។
អ្នកស្រីថ្លែងថា៖ «នាំទៅលក់ហើយបច្ចុប្បន្ន គឺនៅជប៉ុន។ ប៉ុន្តែដោយសារតែយើងទើបចាប់ផ្តើមអ៊ីចឹង។ យើងនៅបរិមាណតិចតួចនៅឡើយទេ។ ហើយខែ ១២ នេះ យើងចេញទៅហុងកុងមួយទៀត ច៎ា។ ហុងកុង! រាង …បរិមាណរាងច្រើនដែរ អ៊ីចឹងច៎ា! ហើយឆ្នាំក្រោយទៅចិន។ យើងកំពុងតែពិភាក្សាគ្នាទៅខាងអីគេ Netherland [ហូឡង់ដ៍] ហើយចំណែកទីផ្សារអាមេរិក កាលពីខែមុននេះ យើងទើបតែត្រឡប់មកពីអាមេរិកទេ។ យើងកំពុងតែរៀបចំ warehouse [ឃ្លាំងស្តុកអីវ៉ាន់]នៅអាមេរិក ដើម្បីរកទីផ្សារ ពីព្រោះថា ទីផ្សារនៅទីនោះ ទាល់តែយើងមាន warehouse ហើយគេចាំទិញពីយើងនៅទីនោះតែម្តង»៕