ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គនាយក​ដ្ឋានគយ​ថា​សាច់​បង្កក​៣៧០​តោន​ដែល​ឃាត់​ទុក​ពិនិត្យ មាន​ច្បាប់​នាំ​ចូល​ត្រឹមត្រូវ


រូប​ថត​ចែក​ផ្សាយ​​​តាម​​តាម​ទំព័រ​ហ្វេសប៊ុក​របស់​​អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ កាល​ពី​ថ្ងៃ​ទិ​២៧ ខែ​កក្កដា ឆ្នាំ​២០២១ បង្ហាញ​ពី​សាច់​ក្របី​ដែល​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា (ហ្វេសប៊ុក​របស់​​អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩)
រូប​ថត​ចែក​ផ្សាយ​​​តាម​​តាម​ទំព័រ​ហ្វេសប៊ុក​របស់​​អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ កាល​ពី​ថ្ងៃ​ទិ​២៧ ខែ​កក្កដា ឆ្នាំ​២០២១ បង្ហាញ​ពី​សាច់​ក្របី​ដែល​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា (ហ្វេសប៊ុក​របស់​​អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩)

បន្ទាប់​ពី​មាន​ការលើក​ឡើង​តាម​បណ្តាញ​សង្គម​ថា​សាច់​បង្កក​ប្រមាណ​៣៧០​តោន«នាំចូល​គ្មាន​ច្បាប់» អគ្គនាយក​ដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច​អះអាង​ថា​សាច់​បង្កក​ទាំង​នោះ នាំ​ចូល​មក​ ដោយបង់​ពន្ធ​ត្រឹម​ត្រូវ​តាម​ច្បាប់។

ការ​បក​ស្រាយ​នេះ បន្ទាប់​ពី​ក្រុម​ការងារ​អន្ត​រាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ​នៃ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ​និង​ផលិត​កម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម ​បាន​រក​ឃើញ​សាច់​បង្កក​ប្រមាណ​៣៧​ម៉ឺន​គីឡូ​ក្រាម ឬ​ស្មើ​៣៧០​តោន កាល​ពី​ថ្ងៃ​ទី៤​ ខែធ្នូ​ ឆ្នាំ​២០២៣ និង​ត្រូវ​បាន​សារព័ត៌​មាន​ជា​ច្រើន​ផ្សព្វផ្សាយ​ថា​ ការ​នាំ​ចូល​សាច់​បង្កក​នោះ​«ខុសច្បាប់» ដោយ​សារ​ព័ត៌មាន​យោង​ប្រភព​តាម​លោក ​ហ៊ុន សារ៉ាត់ អនុ​ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខ​ភាព​សាធារណៈ​បសុ​ព្យាបាល។

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អគ្គ​នាយកដ្ឋានគយ​និងរដ្ឋាករ​កម្ពុជា ​បញ្ជាក់​ថា​បន្ទាប់​ពី​បាន​ឃើញ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​និង​មាន​បុគ្គល​មួយ​ចំនួន​លើក​ឡើង​ថា​សាច់​បង្កក​ប្រមាណ​៣៧០​តោន​នោះ​«នាំចូល​គ្មាន​ច្បាប់»​ អគ្គនាយក​ដ្ឋានគយ​បាន​ចាត់​មន្ត្រី​គយ​និង​រដ្ឋាករ​ ចុះ​ទៅ​ទីតាំង​ឃ្លាំង​នោះ ​ដើម្បី​ស្រាវជ្រាវ​ និង​សាក​សួរ​ម្ចាស់​ឃ្លាំង​អំពី​អនុលោម​ភាព ​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​នាំចូល និង​ស្តុកទុក​សាច់​បង្កក​ទាំង​នោះ​ ដោយ​មន្ត្រីបាន​រកឃើញ​ថា​ការនាំចូល​សាច់​បង្កក​ទាំង​នោះ​បានបង់​ពន្ធ និង​អាករ​ត្រឹម​ត្រូវ​តាម​ច្បាប់។

អគ្គ​នាយកដ្ឋាន​គយ​បញ្ជាក់​ថា​៖ ​«ជា​លទ្ធផល អគរ [អគ្គ​នាយកដ្ឋានគយ ​និងរដ្ឋាករ​កម្ពុជា] ​បាន​ពិនិត្យ​ឃើញ​ថា​សាច់​បង្កក​ចម្រុះ​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​អ៊ីតាលី​ ប្រេស៊ីល អាល្លឺម៉ង់​ រុស្ស៊ី​ ឥណ្ឌា​ជាដើម ដែល​មាន​ទម្ងន់​សរុប​ប្រមាណ​៣៧០​តោន ត្រូវ​បាន​នាំចូល​ដោយ​បំពេញ​កាតព្វកិច្ចពន្ធ ​និង​អាករ​ត្រឹមត្រូវ​តាម​ច្បាប់​ និងបទ​ប្បញ្ញត្តិ​ជា​ធរមាន និង​មាន​ភ្ជាប់​មក​ជាមួយ​នូវ​វិញ្ញា​បនបត្រ​បញ្ជាក់​អនាម័យ​សាច់ពី​ប្រទេស​នាំចេញ ហើយនៅ​មាន​សុពល​ភាព​ប្រើប្រាស់ ពោលគឺ​ពុំទាន់​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​ដូច​បាន​លើក​ឡើង​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ដោយ​បុគ្គលមួយ​ចំនួន​ឡើយ»។

វីអូអេ​បាន​ទាក់​ទង​ទៅ​លោក ហ៊ុន សារ៉ាត់ ​អនុ​ប្រធាន​នាយក​ដ្ឋាន​សុខភាព​សត្វ និង​សុខ​ភាព​សាធារណៈ​បសុ​ព្យាបាល ដែល​ចុះ​ទៅ​ប្រតិបត្តិការ​ពិនិត្យ​សាច់​បង្កក ប៉ុន្តែ​លោក​ស្នើ​ឱ្យ​អ្នក​សារ​ព័ត៌មាន​សួរ​ទៅ​អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម​វិញ។

ប៉ុន្តែ​លោក ​ហ៊ុន សារ៉ាត់ ប្រាប់​វីអូអេកាល​ពី​ថ្ងៃ​ពុធ​ថា​ការ​រក​ឃើញ​សា​ច់បង្កក​ទាំង​នោះ អាជ្ញាធរ​គ្រាន់​តែ​ឃាត់​ទុក​សាច់​ជា​បណ្តោះ​អាសន្ន ដើម្បី​ស៊ើប​អង្កេត និង​ពិនិត្យ​មើល​ឯកសារ។

​កញ្ញា អ៊ឹម រចនា​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ក្រសួង​កសិកម្ម និង​អគ្គ​នាយក​ដ្ឋានគយ​នឹង​ធ្វើ​ការ​ជិត​ស្និទ្ធ​ជាមួយ​លើ​កិច្ច​ការ​ទាំង​នេះ​បន្ត​ទៀត។

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​រូប​នេះ​បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​បន្ថែម​ពី​លើ​ព័ត៌មាន​ដែល​ប្រកាស​ដោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា។

កញ្ញា​ អ៊ឹម រចនា ថ្លែងថា៖ ​«ការ​បំភ្លឺ​របស់​អគ្គ​នាយក​ដ្ឋាន​គយ ជុំវិញ​ករណី​សាច់​បង្កក​នេះ វា​គ្រាប់​គ្រាន់ ហើយ​អាច​ទទួល​យក​បាន​ហើយ។ ​ហើយ​បង​មិន​មាន​ការ​បំភ្លឺ​ណា​មួយ​ថែមពី​លើ​ហ្នឹង​ទៀត​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អគ្គនាយករដ្ឋ​គយ​នៅ​ក្នុង​រឿង​នេះ​ជា​បន្ត​ទៀត»។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា(CCFC)យល់​ថា​ករណី​នេះ​ត្រូវ​បាន​ពលរដ្ឋ​ វាយ​តម្លៃ​អំពី​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​ធ្វើ​ការងារ​របស់​នាយក​ដ្ឋាន​សុខ​ភាព​សត្វ ​នៃ​ក្រសួង​កសិកម្ម ​និង​នាយកដ្ឋាន​គយនិង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច ដែល​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ ​ត្រួត​ពិនិត្យ​ទំនិញ​នាំចូល​ពី​ក្រៅ​ប្រទេស។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ធ្វើ​ឱ្យ​មាន​ការ​រអា និង​បាត់​ទំនុក​ចិត្ត​ពី​សំណាក់​មហាជន ឬការ​បង្ហោះ​ផ្សាយ​ផ្សេងៗ​ទាក់​ទង​ទៅ​នឹង​សាច់​បង្កក ដែល​ជា​ហេតុ​ ឱ្យ​មាន​ការ​វាយ​តម្លៃ​ថា​ភាព​ខ្វះ​ចន្លោះ ​ក៏ដូចជា​របៀបនៃការធ្វើការ​របស់​នាយកដ្ឋាន​បសុសត្វ និង​គយ​រដ្ឋាករ​នេះ នៅ​មិន​ទាន់​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​សំណាក់​ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ»។

ជុំវិញការ​នាំចូល​សាច់​បង្កក​នេះ អ្នក​តាម​ដាន​ ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រី​តាម​ព្រំដែន​ត្រួត​ពិនិត្យ​សាច់​នាំចូល​ពី​ប្រទេស​ជិត​ខាង​ឱ្យ​បាន​ដិត​ដល់ ដើម្បី​កុំ​ឱ្យប៉ះ​ពាល់សុខភាព​ប្រជាពល​រដ្ឋ និង​អ្នក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក៕

XS
SM
MD
LG