លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍នេះ ថ្លែងថារដ្ឋាភិបាលរបស់លោកប្តេជ្ញាការពារសន្តិភាព ឯករាជ្យជាតិ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយការគោរពសិទ្ធិមនុស្ស។
លោកនាយករដ្ឋមន្រ្តីថ្លែងបែបនេះក្នុងទិវាខួបលើកទី៧០នៃពិធីបុណ្យឯករាជ្យជាតិ ដែលកម្ពុជាទទួលបានពីបារាំងកាលពីឆ្នាំ១៩៥៣។
នៅចំពោះមុខព្រះភ័ក្រ្តរបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំផ្សេងទៀត លោក ហ៊ុន ម៉ាណែត ថ្លែងថាកម្ពុជានឹង«រួមគ្នាជាធ្លុងមួយ» ដើម្បីបន្តការពារឯករាជ្យភាព អធិបតេយ្យភាព ទឹកដី សន្តិភាព ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។ លោកបន្ថែមថារដ្ឋាភិបាលរបស់លោកនឹងបន្តអនុវត្តលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សផងដែរ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ទីមួយការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថិរ។ ទីពីរកសាងព្រះរាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យ សេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដោយផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយ រស់នៅសុខដុមរមនា ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស»។
លោក ហ៊ុន ម៉ាណែត ក៏បានអះអាងថារដ្ឋាភិបាលរបស់លោកនឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់។
ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីក៏មានព្រះរាជបន្ទូលក្នុងពិធីនោះថាកម្ពុជារួបរួមជាធ្លុងមួយដែលស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរូមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។
ព្រះអង្គមានព្រះបន្ទូលថា៖ «រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មានការប្រែប្រួលមុខមាត់ថ្មីគួរឱ្យកោតសរសើរ។ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង»។
នាថ្ងៃព្រហស្បតិ៍នេះ គណបក្សភ្លើងទៀន និងគណបក្ស៣ទៀតដែលជាសម្ពន្ធភាពរបស់ខ្លួន គឺគណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ក៏បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថាការទាមទារនិងការថែរក្សាការពារឯករាជ្យជាតិពិតប្រាកដទៅបាន គឺ«អាស្រ័យលើស្មារតីនៃការរួបរួម និងឯកភាពជាតិ»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភីរិទ្ធ ប្រាប់វីអូអេថា លោកគាំទ្រចំពោះការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះការបេ្តជ្ញាចិត្តរក្សាសន្តិភាព និងការគោរពលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ប៉ុន្តែលោកថារដ្ឋាភិបាលគួរមានការផ្តល់សន្តិភាពមួយដែលមានយុត្តិធម៌ និងមិនរើសអើងដល់ប្រជាពលរដ្ឋ នោះទើបជាសន្តិភាពប្រាកដ និងពេញលេញ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែខ្ញុំមានសំណូមពរបន្ថែមថាសូមឱ្យសម្តេចមេត្តាផ្តល់នូវភាពយុត្តិធម៌ស្មើភាពគ្នានៅក្នុងសង្គម ដើម្បីធានាបានថាសន្តិភាពហ្នឹងជាសន្តិភាពមួយដែលពេញលេញ សន្តិភាពដែលប្រកបទៅដោយភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទូទៅដោយមិនមានការរើសអើង»។
បើតាមលោក គឹមសួរ ភីរិទ្ធ លទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សនៅកម្ពុជាហាក់មិនទាន់មានភាពពេញលេញនៅឡើយ ដោយសារតែមានការរាំងខ្ទប់គណបក្សជំទាស់ដែលមានសក្តានុពលមួយគឺគណបក្សភ្លើងទៀន មិនឱ្យចូលរួមក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០២៣។ លោកបញ្ជាក់ថាការណ៍នេះបានបង្ហាញពីការរើសអើង និងរឹតត្បិតសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយដែលមានស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថាការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគោរពសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យជារឿងដែលល្អប្រសើរ ដោយសារតែកន្លងមកស្ថានភាពនៃការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាតែងកើតមានជារឿយៗ និងមានការច្រានចោលពីរដ្ឋាភិបាល បើទោះបីជាមានការរកឃើញពីអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀតក្តី។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា៖ «ចំពោះចំណាត់ការដោះស្រាយពាក់ព័ន្ធនឹងស្ថានភាពរំលោភសិទ្ធិមនុស្ស និងស្ថានភាពលទ្ធិប្រជាធិបតេយ្យនាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងសិទ្ធិនយោបាយគឺយើងឃើញហើយមានការរឹតត្បិតទៅលើទៅគណបក្សនយោបាយដែលប្រកួតប្រជែង ទៅលើសកម្មជននយោបាយ មានការចោទប្រកាន់ចាប់ចងតាមផ្លូវតុលាការ មានការប្រើប្រាស់នូវអំពើហិង្សា មានការគំរាមកំហែង រហូតដល់អ្នកខ្លះគាត់មិនអាចនៅក្នុងប្រទេសបានអីជាដើម»។
លោក ស៊ឹង សែនកុរណា បន្ថែមទៀតថាប្រសិនបើរដ្ឋាភិបាលពិតជាយកចិត្តទុកដាក់ទៅលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមែន គួរតែមានការបើកលំហ និងសេរីភាពពេញលេញ ក៏ដូចជាការកែតម្រូវប្រព័ន្ធបោះឆ្នោត ដើម្បីឱ្យមានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ៕