សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់មន្រ្តីគណបក្សភ្លើងទៀនមួយរូបដែលជាហេរញ្ញិកានៃចលនាស្រ្ដីថ្នាក់ជាតិ ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស កាលពីចុងសប្ដាហ៍មុន។
ការចោទប្រកាន់នេះពាក់ព័ន្ធនឹងសកម្មភាពដែលប្រព្រឹត្តនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣ ឬនៅមុនការបោះឆ្នោតថ្នាក់ជាតិ។ នេះបើតាមអាជ្ញាធរ និងមន្រ្ដីជាន់ខ្ពស់គណបក្សភ្លើងទៀន។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា អ្នកស្រី ណែវ ស៊ីអ៊ីម ហេរញ្ញិកានៃចលនាស្រ្ដីថ្នាក់ជាតិរបស់គណបក្សភ្លើងទៀន ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួន និងបញ្ជូនទៅតុលាការ ហើយតុលាការបានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន កាលពីថ្ងៃទី៣ ខែវិច្ឆិកា។
លោកថ្លែងថា៖ «ការងារហ្នឹង សមត្ថកិច្ចអនុវត្តតាមដីការបស់តុលាការ។ ពាក់ព័ន្ធនឹងការងារលម្អិតខាងតុលាការ អ្នកចេញបញ្ជាឱ្យនាំខ្លួន»។
មកដល់ពេលនេះ គេមិនទាន់ដឹងអង្គហេតុពិតប្រាកដនៃការចាប់ខ្លួននេះនៅឡើយទេ ខណៈគណបក្សភ្លើងទៀន កំពុងពិភាក្សាជាមួយក្រុមគ្រួសារ ដើម្បីរកមេធាវីការពារក្តី និងពិនិត្យសំណុំរឿង។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
ចំណែកលោក ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញម្នាក់ទៀត បដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយលោកថាអ្នកសារព័ត៌មានវីអូអេមិនមានកាតសម្គាល់ពីក្រសួងព័ត៌មានត្រឹមត្រូវ។ ប៉ុន្តែក្រោយពេលអ្នកសារព័ត៌មានវីអូអេបង្ហាញកាតសម្គាល់ដែលចេញដោយក្រសួងព័ត៌មាន លោកមិនបានផ្តល់ការអត្ថាធិប្បាយឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមគ្រួសាររបស់អ្នកស្រី ណែវ ស៊ីអ៊ីម បាននៅឡើយទេ។
ការចាប់ខ្លួនសកម្មជនគណបក្សជំទាស់ចុងក្រោយនេះ ត្រូវបានមន្រ្ដីជាន់ខ្ពស់គណបក្សភ្លើងទៀនចាត់ទុកថាជារឿងនយោបាយ និងជាការធ្វើទុក្ខបុកម្នេញសកម្មជនគណបក្សប្រឆាំង ជាជាងការអនុវត្តច្បាប់ ព្រោះថាសកម្មជនគណបក្សភ្លើងទៀនជាច្រើននាក់ផ្សេងទៀត ក៏រងការចោទប្រកាន់ពីបទ«ញុះញង់» និងកំពុងជាប់ពន្ធនាគារផងដែរ។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «រូបភាពនេះជារូបភាពនយោបាយច្រើនជាងការអនុវត្តច្បាប់ ដោយសារតែកន្លងមកយើងឃើញហើយថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនតាមខេត្តក្ដី ថា្នក់ជាតិក្ដី នៅពេលដែលសំពះសូមទោស ហើយសុំចុះចូលជាមួយបក្សកាន់អំណាចត្រូវបានដោះលែងឱ្យមានសេរីភាព។ ដូច្នេះយោងទៅលើចំណុចទាំងអស់នេះ វាមិនមែនជារឿងការអនុវត្តច្បាប់ទេ វាជារឿងនយោបាយ»។
លោក រ៉ុង ឈុន ក៏បានអំពាវនាវឱ្យនាយករដ្ឋមន្រ្តីថ្មី លោក ហ៊ុន ម៉ាណែត ដោះស្រាយបញ្ហានយោបាយនៅកម្ពុជា និងដោះលែងថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំង រួមទាំង មេដឹកនាំសហជីពឱ្យមានសេរីភាពឡើងវិញ ដើម្បីអាចធ្វើឱ្យកម្ពុជាអាចទាញយកមកវិញ នូវប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុប និងGSPរបស់សហរដ្ឋអាមេរិក។
បើតាមលោក រ៉ុង ឈុន មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ សកម្មជនគណបក្សភ្លើងទៀនមួយចំនួនត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ«ញុះញង់» ប៉ុន្តែក្រោយមកអ្នកខ្លះ ត្រូវបានដោះលែងវិញ បន្ទាប់ពីសុំទោសរដ្ឋាភិបាល និងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយស្នើឱ្យសួរខាងអាជ្ញាធរវិញ។
គិតមកដល់ពេលនេះ សកម្មជននិងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនជាង២០នាក់ ត្រូវបានចាប់ខ្លួន ដែលពួកគេភាគច្រើនត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់» «រួមគំនិតក្បត់» និង«ក្លែងបន្លំឯកសារសាធារណៈ»ជាដើម។ នេះបើតាមលោក រ៉ុង ឈុន៕