អតីតមេដឹកនាំសហជីព លោក ជា មុនី ដែលបានសម្រេចចូលរួមជាមួយគណបក្សកម្លាំងជាតិដែលទើបបង្កើតថ្មី(ដោយអតីតមន្រ្តីជាន់ខ្ពស់ម្នាក់របស់គណបក្សភ្លើងទៀនម្នាក់) បានប្តេជ្ញាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនាមជាអ្នកនយោបាយមួយរូប។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេនៅថ្ងៃអង្គារនេះ លោក ជា មុនី ដែលពីមុនជាមេដឹកនាំសហជីពសេរីកម្មករនៃព្រះជារាណាចក្រកម្ពុជា និងជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា អះអាងថាស្ថានភាពនយោបាយ និងសិទ្ធិមនុស្សសព្វថ្ងៃនេះ មានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ។ លោកបន្តថានេះជាមូលហេតុនាំឱ្យលោកចង់ចូលរួមនៅក្នុងវិស័យនយោបាយ ដើម្បីជ្រោងទង់លទ្ធិប្រជាធិបតេយ្យ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «នៅមានការគាបសង្កត់សេរីភាពរបស់អង្គការសង្គមស៊ីវិល និងគាបសង្កត់ច្រើនចំពោះគណបក្សនយោបាយ។ យើងអត់ទាន់បានគោរពត្រឹមត្រូវនូវបែបបទ ច្បាប់ និងបទដ្ឋានជាច្រើន ដែលប្រទេសកម្ពុជាទទួលសច្ចាប័នពីអន្តរជាតិ»។
អតីតមេដឹកនាំសហជីបរូបនេះមានទំនុកចិត្តថាលោកនឹងអាចទាក់ទាញកម្មករ និងប្រជាពលរដ្ឋខ្មែរឱ្យគាំទ្រគណបក្សបានច្រើន។
លោកបន្ថែមថា៖ «នៅពេលដែលបក្សកម្លាំងជាតិមានការគាំទ្រពីប្រជាពលរដ្ឋ ហើយគណបក្សនេះឆ្ពោះទៅដឹកនាំប្រទេស អានោះយើងបើកទូលាយ សេរីភាពពេញលេញដល់ប្រជាពលរដ្ឋ យើងគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋ»។
បើតាមលោក ជា មុនី ការដែលរូបលោកសម្រេចឈប់គាំទ្រគណបក្សភ្លើងទៀនហើយមកគាំទ្រគណបក្សកម្លាំងជាតិវិញ គឺដោយសារតែគណបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោតបាន ដែលនេះលោកថាជា«ការខាតបង់ធំ»។
លោក ជា មុនី គឺជាប្អូនប្រុសរបស់លោក ជា វិជ្ជា អតីតមេដឹកនាំកម្មករដ៏ឆ្នើមម្នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពី១៩ឆ្នាំមុន។ ភ្លាមៗក្រោយហេតុការណ៍បាញ់សម្លាប់បងរបស់លោកកាលពីឆ្នាំ២០០៤ លោក ជា មុនី បានឈានជើងចូលមកដឹកនាំសហជីព។ ប៉ុន្តែនៅឆ្នាំ២០១៧ លោកបានលាឈប់ ហើយបន្តគាំទ្រគណបក្សនយោបាយជំទាស់នានារាប់ចាប់ទាំងពីអតីតគណបក្សសង្គ្រោះជាតិ រហូតដល់គណបក្សភ្លើងទៀន ដែលបច្ចុប្បន្ននេះ គឺគណបក្សកម្លាំងជាតិ។
គណបក្សកម្លាំងជាតិជាគណបក្សនយោបាយថ្មីដែលត្រូវបានបានទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ លោក ស៊ុន ចន្ធី ដែលជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ធំ គឺជាប្រធានគណបក្សនយោបាយដែលទើបតែត្រូវបានបង្កើតឡើងនេះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថាសេរីភាពក៏ដូចជាការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពពេញលេញ និងថាអ្វីដែលជាការលើកឡើងរបស់គណបក្សជំទាស់ មិនឆ្លុះបញ្ចាំងពីស្ថានភាពនៅកម្ពុជាឡើយ។
លោកថ្លែងថា៖ «ថានៅប្រទេសកម្ពុជាយើង សេរីភាពនយោបាយរឹតត្បិត? មានរឹតត្បិតឯណា បើពីមុនឥឡូវពីមុនគាត់ធ្វើសហជីពគាត់ចង់ធ្វើសហជីព ក៏ធ្វើទៅ គាត់ធ្វើអស់ចិត្តគាត់ទៅធ្វើនយោបាយវិញក៏បាន ជាសិទ្ធិសេរីភាពរបស់គាត់នៅក្នុងការជ្រើសរើស។ អត់មាននរណាទៅរារាំងគាត់ទេ។ ដូច្នេះហេតុដូចម្តេចបានថាសេរីភាពសហជីព និងនយោបាយត្រូវបានរឹតត្បិត?»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថាការចូលរួមជីវភាពនយោបាយរបស់លោក ជា មុនី ជាមួយគណបក្សកម្លាំងជាតិជាសិទ្ធិសេរីភាពរបស់លោកក្នុងការជ្រើសរើសគណបក្សនយោបាយដែលលោកពេញចិត្ត។ លោកបន្ថែមថាសម្រាប់ប្រជាប្រិយភាពវិញ គណបក្សកម្លាំងជាតិដែលទើបតែបង្កើតនោះសុទ្ធសឹងតែចូលរួមដោយអតីតសមាជិកគណបក្សប្រឆាំង ដូច្នេះលោកយល់ថាគណបក្សមួយនេះនឹងមិនអាចបាត់ប្រជាប្រិយភាពពីសំណាក់ប្រជាពលរដ្ឋ និងសាធារណជនឡើយ។
លោកថ្លែងថា៖ «ខ្ញុំមើលទៅសក្តានុពល ឬក៏ប្រជាប្រិយភាពវាហាក់ដូចជាមិនបាត់បង់ទៅណាទេ ពីព្រោះសុទ្ធតែអ្នកចេញពីអតីតគណបក្សប្រឆាំង ហើយអតីតគណបក្សប្រឆាំងដូចជាគណបក្សសង្គ្រោះជាតិឬមកឥឡូវគណបក្សភ្លើងទៀនហ្នឹងក៏មិនអាចមានសកម្មភាពតទៅមុខទៀតបាននៅពេលបច្ចុប្បន្ន។ អ៊ីចឹងយើងសង្ឃឹមថាអ្នកដែលឆ្ពោះទៅគណបក្សកម្លាំងជាតិនេះ គឺគេមើលឃើញពីសក្តានុពល និងការគាំទ្រពីប្រជាពលរដ្ឋហ្នឹងហើយ»។
នៅពេលសួរពីការបែកខ្ញែកកម្លាំងរបស់គណបក្សប្រឆាំង លោក អំ សំអាត លើកឡើងថាការបង្កើតគណបក្សថ្មីរបស់អតីតសមាជិករបស់គណបក្សប្រឆាំង គឺដោយសារតែការជាប់គាំងរបស់គណបក្សភ្លើងទៀនដែលមិនអាចចូលរួមការបោះឆ្នោតនានាដូចជាការបោះឆ្នោតជាតិ និងការបោះឆ្នោតព្រឹទ្ធសភាជាដើម។ អ្នកតាមដានរូបនេះបន្ថែមថាអ្នកនយោបាយគ្រប់រូបតែងចង់ចូលរួមជាមួយគណបក្សណាដែលមានសកម្មភាព និងមានការប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យ។
រហូតមកដល់ពេលនេះ លោក ជា មុនី មិនទាន់អាចបញ្ជាក់ថាតើលោកនឹងមានតួនាទីអ្វីនៅក្នុងគណបក្សកម្លាំងជាតិឡើយ ខណៈគណបក្សជំទាស់មួយនេះនឹងរៀបចំសមាជលើកដំបូងរបស់ខ្លួន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
កាលពីកន្លងទៅ គណបក្សកម្លាំងជាតិបានអំពាវនាវអ្នកនយោបាយ និងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យឱ្យចូលរួមជាមួយគណបក្សរបស់ខ្លួន ដើម្បីការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការបោះឆ្នោត ទប់ស្កាត់នូវការឈ្លានពានរបស់បរទេស អំពើផ្តាច់ការ ពុករលួយ និងបក្ខពួកនិយម និងឈានទៅអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សជាដើម៕