ក្រុមអ្នកស្រាវជ្រាវស្នើឱ្យសហរដ្ឋអាមេរិកដាក់ចេញគោលនយោបាយការបរទេសច្បាស់លាស់មួយចំពោះប្រទេសកម្ពុជាដោយបានរិះគន់ថា គោលនយោបាយបច្ចុប្បន្នមានលក្ខណៈ «មិនស៊ីសង្វាក់គ្នា ដើរផ្ទុយគ្នានិងមិនមានចីរភាព»ទេ ហើយបានជំរុញកម្ពុជាឱ្យចូលក្នុងគន្លងកុម្មុយនីស្តចិនកាន់តែជ្រៅនិងផ្តាច់ការកាន់តែខ្លាំង។
មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ(CSIS)ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនយល់ថា ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកមិនបានបែងចែកដាច់ស្រេចគ្នារវាងការខឹងសម្បានឹងការដើរថយក្រោយផ្នែកលទ្ធិប្រជាធិបតេយ្យ និងការធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាប្រកបដោយប្រសិទ្ធភាពទេបើទោះជាមានផលប្រយោជន៍របស់សហរដ្ឋអាមេរិកក្នុងតំបន់ក៏ដោយ។ នេះបើតាមរបាយការណ៍ដែលមានចំណងជើងថា៖ «ជនក្រៅសង្គមឬជាដៃគូ? ការបញ្ជាក់ឱ្យច្បាស់ពីគោលនយោបាយអាមេរិកចំពោះកម្ពុជា» (Pariah or Partner? Clarifying the U.S. Approach to Cambodia)ដែលបានចេញផ្សាយកាលពីពាក់កណ្តាលខែមិថុនា។
មជ្ឈមណ្ឌល CSIS រិះគន់ថា ក្រុងវ៉ាស៊ីនតោនមានការភាន់ច្រឡំថា ទណ្ឌកម្មលើប្រទេសកម្ពុជានឹងជួយកែប្រែស្ថានការណ៍ធ្លាក់ចុះផ្នែកសិទ្ធិមនុស្សនិងទាញកម្ពុជាមកគន្លងប្រជាធិបតេយ្យវិញ។ មជ្ឈមណ្ឌល CSIS យល់ថា ការធ្វើបែបនេះហាក់មិនមានប្រសិទ្ធភាពទេ ហើយផ្ទុយទៅវិញ វាធ្វើឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ងាកទៅពឹងពាក់ប្រទេសចិនកុម្មុយនីស្តកាន់តែខ្លាំងឡើង។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើននាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងការរំលោភសិទ្ធិមនុស្សនិងសិទ្ធិសហជីពជាបន្តបន្ទាប់ជាពិសេសក្រោយការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំនៅចុងឆ្នាំ២០១៧។ ក្នុងចំណោមអ្នករងទណ្ឌកម្មពីក្រសួងហិរញ្ញវត្ថុអាមេរិកក្រោមច្បាប់ Global MagnitskyAct មានឧត្តមសេនីយ៍យោធានិងពាណិជ្ជករដែលជិតស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនោះមានលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង លោកនាយឧត្តមសេនីយ៍ គន់ គីម និងក្រុមគ្រួសារនិងលោកឧកញ៉ា ទ្រី ភាព។
សភាសហរដ្ឋអាមេរិកក៏បានបង្កើនការពិនិត្យមើលការវិវត្តនយោបាយនៅប្រទេសកម្ពុជាដោយបានស្នើច្បាប់ជាច្រើនដាក់ទណ្ឌកម្មលើផ្នែកសេដ្ឋកិច្ចដល់មន្ត្រីជាន់ខ្ពស់កម្ពុជានិងជនទាំងឡាយណាដែលពាក់ព័ន្ធនឹងសកម្មភាពរំលោភបំពានទាំងនេះផងដែរ។
កាលពីថ្ងៃអង្គារទី១៩ខែកក្កដា គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២១ (S-3052) បន្ទាប់ពីមានការទន្ទឹងរង់ចាំជាយូរ។
សេចក្តីស្នើច្បាប់ S-3052 នេះត្រូវបានស្នើឡើងដោយលោក Ed Markey សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យនៃរដ្ឋ Massachusetts កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ស្តារលទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជា។ ច្បាប់នេះក៏តម្រូវឱ្យដាក់ទណ្ឌកម្មបុគ្គលទាំងឡាយណាដែលរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដោយការបង្កកទ្រព្យសម្បត្តិដែលមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឱ្យចូលសហរដ្ឋអាមេរិកនិងដកហូតទិដ្ឋាការដែលមានស្រាប់។
លោក Ed Markey បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានក្រោយពីការអនុម័តថា៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបក្ខពួករបស់លោកបានទទួលខុសត្រូវលើការបង្រ្កាបទូទាំងប្រទេសប្រឆាំងនឹងក្រុមនយោបាយជំទាស់ ការនិយាយស្តីដោយសេរី និងផ្នែកសារព័ត៌មាន ខណៈពេលដែលប្រកាន់យកអំពើពុករលួយជាអចិន្ត្រៃយ៍ដោយប្រជាជនកម្ពុជាជាអ្នករងគ្រោះ»។
លោក Bob Menendez ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាបានប្រាប់អ្នកសារព័ត៌មានដែរថា៖ «ខ្ញុំគិតថានេះគឺជាកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងសម្បើមក្នុងការជួយកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងកសាងស្ថាប័នប្រជាធិបតេយ្យនិងស្វែងរកសន្តិភាព។ វាក៏បង្ហាញថាសហរដ្ឋអាមេរិកចូលរួមចំណែកក្នុងកិច្ចការនេះផងដែរ»។
សេចក្តីស្នើច្បាប់ S-3052 នេះក៏ស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមដានពិនិត្យមើលសកម្មភាពរបស់យោធាចិននៅកម្ពុជាផងដែរ ក្នុងនោះមានការសាងសង់ពង្រីកមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុនិងនៅអាកាសយានដ្ឋានតារាសាគរនៅក្នុងខេត្តកោះកុង។ ការណ៍នេះដោយសារអ្នកតាក់តែងច្បាប់បារម្ភថាវាអាចនឹងមានផលប៉ះពាល់ដល់ផលប្រយោជន៍សម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ សេចក្តីស្នើច្បាប់មួយទៀតដែលអមនឹងច្បាប់នេះដែរនិងមានវិសាលភាពដូចគ្នាគឺច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១(HR-4686) ត្រូវបានរដ្ឋសភាអនុម័តកាលពីខែកញ្ញាឆ្នាំមុននិងកំពុងតែស្ថិតនៅក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា។ សេចក្តីស្នើច្បាប់នោះស្នើឡើងដោយលោក Steve Chabot សមាជិករដ្ឋសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋ Ohio និងលោក Alan Lowenthal សមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ California។
លោក Charles Dunst អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល CSIS និងជាអ្នកនិពន្ធមួយរូបនៃរបាយការណ៍«ជនក្រៅសង្គមឬជាដៃគូ? ការបញ្ជាក់ឱ្យច្បាស់ពីគោលនយោបាយអាមេរិកចំពោះកម្ពុជា» បានថ្លែងថាចំណាត់ការរបស់គណៈកម្មាធិការព្រឹទ្ធសភាគឺជាការបំពេញចន្លោះប្រហោងដោយសារស្ថាប័ននីតិប្រតិបត្តិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយពេលអស់ជាច្រើនឆ្នាំដោយមិនមានគោលនយោបាយច្រើនចំពោះកម្ពុជាទេ។
លោក Charles Dunst បានបន្ថែមប្រាប់វីអូអេតាមសារអ៊ីមែលកាលពីថ្ងៃសុក្រសប្តាហ៍មុនថា៖ «ប្រសិនបើសេចក្តីព្រាងច្បាប់នេះក្លាយជាច្បាប់ វានឹងតម្រូវឱ្យសេតវិមានយ៉ាងហោចណាស់ពិចារណាលើការដាក់ទណ្ឌកម្មដែលមានកម្រិតបន្ថែមទៀត និងតាមដានយ៉ាងដិតដល់នូវការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ដែលទាំងពីរនេះនឹងមិនធ្វើឱ្យទំនាក់ទំនងមិនល្អស្រាប់រវាងសហរដ្ឋអាមេរិក និងកម្ពុជាកាន់តែចុះខ្សោយនោះទេ»។
មជ្ឈមណ្ឌល CSIS យល់ថា វិធានការទណ្ឌកម្មដែលសហរដ្ឋអាមេរិកដាក់កន្លងមកក៏មិនមានប្រសិទ្ធភាពនិងមានផលបញ្ច្រាសវិញ។ ដូច្នេះសហរដ្ឋអាមេរិកគួរតែជៀសវាងការដាក់ទណ្ឌកម្មដើម្បីឱ្យមានការផ្លាស់ប្តូររបប។ មជ្ឈមណ្ឌល CSIS យល់ថា សេចក្តីស្នើច្បាប់នានាដែលសមាជិករដ្ឋសភានិងព្រឹទ្ធសភាស្នើឡើងដែលមានដូចជាសេចក្តីស្នើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា (Cambodia Trade Act) ដែលស្នើឡើងដោយលោក Chris Coons សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Delaware និងលោក Ted Cruz សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Texasដើម្បីរឹតត្បិតឋានៈអនុគ្រោះពន្ធ (GSP) នាំទំនិញចូលសហរដ្ឋអាមេរិកគឺមិនមានប្រសិទ្ធភាពទេ ហើយបែរជាធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋកម្ពុជានិងមិនអាចធ្វើកំណែទម្រង់តាមលទ្ធិប្រជាធិបតេយ្យឡើយ។
របាយការណ៍បានបន្ថែមថា៖ «ក្រុមឥស្សរជនដែលជាមុខសញ្ញានឹងចូលទៅឱបរឹតចិនដែលជាអ្នកផ្តល់ផលប្រយោជន៍កាន់តែខ្លាំងឡើង។ អ៊ីចឹងហើយពួកគេនឹងប្រើឧបករណ៍ផ្តាច់ការកាន់តែច្រើនឡើង ដោយបង្កើតឱ្យមានវដ្ដនៃការដើរថយក្រោយ»។
ក្នុងវិធានការដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានចាត់ការជាការឆ្លើយតបនឹងចំណាត់ការរបស់សហរដ្ឋអាមេរិកគឺការអនុម័តយកច្រកចេញអ៊ីនធឺណិតជាតិដែលមានការរឹតត្បិត ការបង្ក្រាបលើសកម្មជនបរិស្ថាននិងសហជីព និងការកាត់ទោសអ្នកនយោបាយប្រឆាំង។ នេះបើតាមការវាយតម្លៃរបស់មជ្ឈមណ្ឌល CSIS។
មជ្ឈមណ្ឌល CSIS បានបន្ថែមថា៖ «ប្រសិនបើទណ្ឌកម្មដោយផ្ទាល់លើបុគ្គលអ្នកធំទទួលបានការវិវត្តលើផ្នែកសិទ្ធិមនុស្ស ឬអំពើពុករលួយនៅកម្ពុជា ប្រហែលជាមកដល់ពេលនេះយើងឃើញជោគជ័យហើយ»។
រដ្ឋាភិបាលកម្ពុជាថ្លែងថាគោលនយោបាយការបរទេសកម្ពុជាគឺចងមិត្តជាមួយនឹងគ្រប់ប្រទេសជាពិសេសគឺមិនចង់ជ្រើសរើសរវាងចិនឬសហរដ្ឋអាមេរិកទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា ការមិនយល់គ្នារវាងកម្ពុជានិងសហរដ្ឋអាមេរិកគឺមានជាច្រើនទសវត្សរ៍មកហើយ៖ «អ្វីដែលខ្ញុំកត់សម្គាល់គឺថាតាំងពីឆ្នាំ៥០ជាងរហូតមកដល់ឥឡូវនេះ យើងអត់បានច្បាស់ អត់បានយល់គ្នា។ មួយជីវិតរបស់ខ្ញុំអត់ឃើញអ្វីទៅជាគោលនយោបាយរបស់សហរដ្ឋអាមេរិកធ្វើឱ្យកម្ពុជាយល់បានហើយសហរដ្ឋអាមេរិកក៏មិនយល់ច្បាស់អំពីថាតើធ្វើយ៉ាងម៉េចអំពីកម្ពុជាយើង។ អត់យល់ទាន់ច្បាស់ជាមួយគ្នានៅឡើយទេ។ នយោបាយបរទេសហ្នឹងគឺបរាជ័យរហូត រហូតដល់ខ្ញុំកំពុងតែនិយាយនេះ»។
លោក ផៃ ស៊ីផាន បន្ថែមថា អ្វីដែលកម្ពុជាមើលឃើញគឺការដាក់ទណ្ឌកម្មដែលមិនសមស្របតាមការវិវត្តនៃសម័យកាល៖ «ពិភពលោកកំពុងចូលមកដល់សម័យកាលនៃអ្វីទៅជាតម្លៃប្រជាធិបតេយ្យហើយនឹងអ្វីទៅមិនមែនជាប្រជាធិបតេយ្យ។ ពិភពលោកកំពុងតែទទួលស្គាល់ថាការជឿនលឿននៃឧត្តមភាពសេដ្ឋកិច្ច ពិភពលោកកំពុងតែយល់ឃើញថាពហុបក្សនៃកិច្ចសហប្រតិបត្តិការគឺល្អដែលមានឧត្តមភាព»។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចយល់ថាការយល់ច្រឡំគ្នានេះមិនធំដុំទេហើយអាចនឹងមានឱកាសជជែកគ្នារកដំណោះស្រាយបានបើសហរដ្ឋអាមេរិកសុខចិត្តស្តាប់និងទទួលយកការពន្យល់របស់កម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថា៖ «រាជរដ្ឋាភិបាលកម្ពុជាអត់មានគំនិតចង្អៀតចង្អល់ទេគឺអនុវត្តត្រឹមត្រូវទៅតាមខ្លឹមសារដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមិនមែនយើងមានទំនាក់ទំនងស្និតរមួតរវាងកម្ពុជាចិន ជាមួយវៀតណាមជាមួយបណ្តាប្រទេសផ្សេងៗទៀតហើយយើងឈប់ទំនាក់ទំនងជាមួយលោកខាងលិចទេ។ អត់មានអ៊ីចឹងទេ»។
រដ្ឋបាលលោកប្រធានាធិបតី Joe Biden បានខិតខំផ្តោតការយកចិត្តទុកដាក់លើតំបន់អាស៊ីអាគ្នេយ៍ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិនដែលកាន់តែកើនឡើងនិងអាចគំរាមកំហែងដល់ផលប្រយោជន៍សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់។ កាលពីពាក់កណ្តាលខែឧសភា សេតវិមានបានអញ្ជើញមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) មកចូលរួមកិច្ចប្រជុំកំពូលពិសេសនៅរដ្ឋធានីវ៉ាស៊ីនតោន។
ប៉ុន្តែ មជ្ឈមណ្ឌល CSIS យល់ថា ការអញ្ជើញលោកហ៊ុនសែនមករដ្ឋធានីវ៉ាស៊ីនតោនចូលរួមកិច្ចប្រជុំកំពូលនោះដើម្បីបង្ហាញថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់និងជិតស្និទ្ធនឹងអាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងទប់ទល់ចិនក៏ជាការបង្កើតឱ្យមានការភាន់ច្រឡំមួយដែរលើជំហររបស់អាមេរិកចំពោះកម្ពុជាដែលបច្ចុប្បន្នជាប្រធានប្តូរវេនរបស់អាស៊ាន។ ការណ៍នេះដោយសារលោកហ៊ុន សែនមានទំនោរក្នុងការដាក់ឱ្យមហាអំណាចជល់គ្នាដើម្បីទាញយកផលប្រយោជន៍។ ឆ្លងតាមកាយវិការនេះលោក ហ៊ុន សែន រំពឹងថានឹងមិនមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់កម្ពុជាដូចមុនឡើយសូម្បីនៅពេលកម្ពុជាលែងជាប្រធានប្តូរវេនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។
យ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវយល់ថា ការធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាត្រូវមានលក្ខណៈយុទ្ធសាស្ត្រដោយមិនត្រូវឱបក្រសោបរបបរបស់លោកហ៊ុនសែនទេ ហើយមានឱកាសជាច្រើនដែលសហរដ្ឋអាមេរិកគួរតែផ្តោតក្នុងការរឹតចំណងមិត្តភាពរបស់ប្រទេសទាំងពីរសម្រាប់ពេលខាងមុខ។
មជ្ឈមណ្ឌល CSIS ស្នើឱ្យអ្នកតាក់តែងគោលនយោបាយអាមេរិកាំងត្រូវបង្កើតគោលនយោបាយដែលមានលក្ខណៈច្នៃប្រឌិតនិងស្ថាបនាចំពោះប្រទេសកម្ពុជាឱ្យឆាប់ដោយផ្តោតលើការស្តារការខូចខាតដែលមាននៅមូលដ្ឋានកងទ័ពជើងទឹករាមនិងរមណីយដ្ឋានតារាសាគរ ចូលរួមធ្វើការជាមួយរដ្ឋាភិបាលលោក ហ៊ុនសែន នៅកន្លែងណាដែលការដាក់ទណ្ឌកម្មនៅមានចន្លោះប្រហោង ដាក់ទុនលើសារព័ត៌មានភាសាខ្មែរដែលឯករាជ្យ ពង្រីកនិងផ្សព្វផ្សាយជំនួយរបស់សហរដ្ឋអាមេរិកទៅប្រទេសកម្ពុជា ពង្រីកការចូលរួមរបស់អង្គការសង្គមស៊ីវិលឱ្យហួសពីរាជធានីភ្នំពេញ ផ្តល់មូលនិធិដល់សកម្មភាពដោះមីន និងចរចាស្វែងរកដំណោះស្រាយបំណុលជាង៥០០លានដុល្លារដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកតាំងពីសម័យសង្គ្រាមជាដើម។
មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រយល់ថាកិច្ចសហការជាមួយនឹងកម្ពុជាគួរតែធ្វើឱ្យបានឆាប់ព្រោះការរង់ចាំណាមួយដល់អ្នកដឹកនាំជំនាន់ក្រោយដែលគេរំពឹងថានឹងមានលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក៏នៅមានភាពមិនទាន់ច្បាស់លាស់។
លោក Charles Dunst បានបញ្ជាក់បន្ថែមថា៖ «ការណ៍ដែលលោក ហ៊ុន ម៉ាណែត សិក្សានៅសហរដ្ឋអាមេរិកអស់រយៈពេលយូរ បង្ហាញថា គាត់អាចរក្សាភាពស្និទ្ធស្នាលផ្ទាល់ខ្លួនជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ជាងឪពុករបស់គាត់។ ប៉ុន្តែប្រសិនបើលោក ហ៊ុន ម៉ាណែត ទទួលបានជោគជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា លោកទំនងជាប្រឈមមុខនឹងការប្រឆាំងទាំងសាធារណជន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាដែលនេះបង្ហាញថា លោកនឹងត្រូវពឹងលើចិន ដើម្បីការគាំទ្រនយោបាយ។ លោក ហ៊ុន ម៉ាណែត ប្រហែលជាចូលចិត្តសហរដ្ឋអាមេរិក ប៉ុន្តែវាពិបាកនឹងស្រមៃថាគាត់ជានាយករដ្ឋមន្ត្រី ដែលរៀបចំទំនាក់ទំនងការបរទេសឡើងវិញរបស់កម្ពុជាឱ្យបានធំដុំ យ៉ាងហោចណាស់ក៏មិនលឿនភ្លាមៗដែរ»។
គណបក្សសង្គ្រោះជាតិយល់ស្របនឹងការវាយតម្លៃរបស់មជ្ឈមណ្ឌល CSIS ថាកម្ពុជាបានធ្លាក់ចុះខាងផ្នែកលទ្ធិប្រជាធិបតេយ្យនិងជាកង្វល់មួយសម្រាប់សហរដ្ឋអាមេរិក។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្នុងសហរដ្ឋអាមេរិកបានថ្លែងប្រាប់វីអូអេថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែយកប្រទេសកម្ពុជាជារឿងអាទិភាព គឺមិនត្រឹមតែថា កម្ពុជាមានវត្តមានចិននៅលើទឹកដី មានទាំងយោធា។ល។ និង។ល។ទេ។ ឥឡូវយើងឃើញមានទៅដល់រឿងម៉ាហ្វីយ៉ា រឿងដូរលុយកខ្វក់នៅកម្ពុជា។ នេះគឺជាកង្វល់របស់សហរដ្ឋអាមេរិក»។
ប៉ុន្តែអ្នកស្រី មូរ សុខហួរ យល់ថា របាយការណ៍ស្រាវជ្រាវនេះផ្តល់តម្លៃខ្ពស់ពេកដល់លោក ហ៊ុន សែន ដែលចង់ឱ្យយករបបរបស់លោក ហ៊ុន សែន ជាដៃគូនិងបន្តកិច្ចសហការ៖ «ខ្ញុំមិនយល់ឃើញថា សហរដ្ឋអាមេរិកគួរតែបន្តយករបបលោក ហ៊ុន សែន ធ្វើជាដៃគូហើយសង្ឃឹមថានឹងអាចកែទម្រង់របបលោក ហ៊ុន សែន បានទេ។ អត់បានទេ។ អ្វីដែលសហរដ្ឋអាមេរិកត្រូវតែធ្វើ ត្រូវតែបង្ហាញឱ្យច្បាស់គឺដូចអ្វីដែលសហរដ្ឋអាមេរិកបានធ្វើជាមួយនឹងអ៊ុយក្រែនអ៊ីចឹង។ សហរដ្ឋអាមេរិកដាក់ទុនទាំងអស់មកជួយអ្នកប្រជាធិបតេយ្យ ជួយចលនាអ្នកប្រជាធិបតេយ្យនៅគ្រប់រូបភាពទាំងអស់ជាពិសេសលើការបង្កឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌»។
គណបក្សសង្គ្រោះជាតិយល់ថាទណ្ឌកម្មកន្លងមកដោយផ្ទាល់លើឥស្សរជនធំៗជុំវិញលោក ហ៊ុន សែន គឺមានផលប៉ះពាល់ដែរដោយសារអ្នកទាំងនោះលែងចេញមុខមាត់សាធារណៈច្រើនដូចមុនដើម្បីបង្ហាញឥទ្ធិពលរបស់ពួកគេ។
សហរដ្ឋអាមេរិកអះអាងពីការបន្តជួយដល់ប្រទេសកម្ពុជាបើទោះជាមានការរិះគន់ពីអ្នកជំនាញអន្តរជាតិនិងក្នុងពេលដែលឥទ្ធិពលរបស់ចិននៅកម្ពុជារីកចម្រើនដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក៏ដោយ។
កញ្ញា Stephanie Arzate អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានបញ្ជាក់តាមសារអេឡិកត្រូនិកប្រាប់វីអូអេថា៖ «សហរដ្ឋអាមេរិកនៅតែប្តេជ្ញាជួយពលរដ្ឋកម្ពុជានិងក្តីប្រាថ្នារបស់ពួកគេចង់បានប្រទេសមួយដែលឯករាជ្យ ប្រជាធិបតេយ្យនិងរុងរឿងដែលសំឡេងទាំងអស់ត្រូវបានគេទទួលស្តាប់និងគោរពនិងអធិបតេយ្យភាពនៃព្រះរាជាណាចក្រត្រូវបានគោរព»។
ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ថា កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការនាំទំនិញមកលក់នៅទីផ្សារសហរដ្ឋអាមេរិកហើយសព្វថ្ងៃនេះ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញតែមួយធំជាងគេរបស់កម្ពុជា។
កញ្ញា Arzate ក៏បានបន្ថែមថា៖ «ទំនាក់ទំនងពាណិជ្ជកម្មរបស់យើងគួរតែមានផលប្រយោជន៍ទៅវិញទៅមក តម្លាភាព តុល្យភាព និងប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុត រួមទាំងសិទ្ធិការងារផងដែរ»។
ទោះបីជាមានការដាក់ទណ្ឌកម្មនិងការធ្លាក់ចុះផ្នែកសិទ្ធិមនុស្សក៏ដោយ ក៏ទំហំពាណិជ្ជកម្មដែលកម្ពុជានាំទំនិញចូលសហរដ្ឋអាមេរិកមានការកើនឡើងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០១៧កម្ពុជានាំទំនិញចូលសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ចំនួន៣,០៦ពាន់លានដុល្លារនិងក្នុងឆ្នាំ២០២១បានឡើងដល់៨,៧៤ពាន់លានដុល្លារ។ នេះបើតាមស្ថិតិចងក្រងដោយការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក៕