ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សុខ ឥសាន៖ កេរ​ដំណែល​ លោក ​ហ៊ុន សែន ​ច្រើន​ឥត​គណនា


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំរបស់រដ្ឋសភា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំរបស់រដ្ឋសភា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ​សុខ ឥសាន​ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់អំណាច​ផង​នោះ​ រៀប​រាប់កេរ​ដំណែល​របស់​ លោក​ ហ៊ុន សែន​ មាន​ដូច​ជា​ការ​ភៀស​ខ្លួន​ទៅ​ពឹង​ពាក់​កងទ័ព​វៀតណាម​មក​វាយ​រំលំ​របប​ខ្មែរ​ក្រហម​ប្រល័យ​ពូជសាសន៍​ ​រួម​ចំណែក​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ​ដោយ​ដឹកនាំ​ភាគី​រដ្ឋ​កម្ពុជា​ចរចា​ជាមួយ​ភាគី​រដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​សម្តេច​ព្រះ​នរោត្តម​សីហនុ​នៃ​ចលនា​តស៊ូ​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​វៀតណាម​ជាដើម។

លោក សុខ ឥសាន ​ថ្លែងថា៖​ «កេរ​ដំណែលរបស់​សម្តេច​តេជោ​ ហ៊ុន សែន ​ក្នុង​នាម​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ច្រើន​ឥត​គណនា ​ហើយ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន»។

លោក​ក៏​សរសើរ​ថា ​ផែនការ​ក៥ ​និង​ការផ្ទុះអាវុធ​ថ្ងៃ​ទី​៥ ​និង​ទី៦ ​ខែ​កក្កដា​ ឆ្នាំ​១៩៩៧ ​ក៏​ជា​កេរ​ដំណែល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែរ។ ​

លោក​បន្ថែម​ថា៖ «ក្នុង​ឆ្នាំ​១៩៨៤-៨៥ ​គឺ​ពួក​ខ្មែរក្រហម​មាន​មហិច្ឆិតា​មាន​បំណង​វិល​ត្រឡប់​មក​កាប់​ស្លាប់​ប្រជាជន​ជាថ្មី ​អ៊ីចឹង​ទេ ​សម្តេច​និងក្រុម​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​បាន​បង្កើត​នូវ​ផែនការ​ក៥​ ដើម្បី​ទប់ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជសាសន៍​»។

ការ​លើកឡើង​របស់​ លោក​ សុខ ឥសាន​ ធ្វើឡើង​ក្រោយពី​គណបក្ស​កាន់​អំណាច​នេះ​បាន​ឈ្នះ​បាន​អាសនៈ១២០ ដោយ​គ្មាន​គណបក្ស​ភ្លើងទៀន​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២៣។

ស្រប​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​មាន​អំណាច​ពេញ​ដៃ​នោះ ​សំឡេង​រិះគន់​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ថយ​ចុះ​ដែរ ​តួយ៉ាង​ផែនការ​ក៥ ​ដែល​ធ្លាប់​មាន​ការ​រិះគន់​ថា ​បាន​បំផ្លាញ​ព្រៃឈើ​កម្ពុជា ​ពលករ​រងគ្រោះ​ថ្នាក់​ដោយ​សារ​មីន ​ការ​វាយ​ប្រយុទ្ធ​គ្នា ​និង​ការ​ផ្ទុះអាវុធ​ដែល​ភាគី​ លោក​ ហ៊ុន សែន​ សហ​នាយក​រដ្ឋមន្ត្រី​ទី២​ ហៅ​ថ ​ព្រឹត្តិ​ការណ៍​ថ្ងៃ៥-៦ខែ​កក្កដា​ឆ្នាំ​១៩៩៧ ​ ខណៈ​អ្នក​រិះគន់​ និង​ភាគី​សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​ កាល​ណោះហៅ​ថា ​រដ្ឋប្រហារ។​

មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ទទួល​ស្គាល់​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ដឹកនាំ​ប្រទេស​កម្ចាត់​ក្រុម​ខ្មែរក្រហម ​និង​មាន​សន្តិភាព ​ ​ប៉ុន្តែ​ចង់ឱ្យ​មាន​សន្តិភាព​ពេញលេញ​ ទាំង​សន្តិភាព​ផ្លូវ​ចិត្ត​ ស្តារ​សេរីភាព​បញ្ចេញ​មតិ​ សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ ព្រម​ទាំង​ធ្វើឱ្យ​ប្រព័ន្ធ​អប់រំ ​សុខាភិបាល ​សេវា​សង្គម​ជា​ច្រើន​ទៀត​បាន​ប្រសើរ​ឡើង​ រួមមាន​សិទ្ធិ​កាន់កាប់​ដី​ឆ្លី​ដែល​មាន​ជម្លោះ​ច្រើន ​និង​បំបាត់​ផ្នត់​គំនិត​លាប​ពណ៌គ្នា។​

កេរដំណែល​របស់​លោក ហ៊ុន សែន ធំធេង​ ខណៈ​មាន​ការ​រិះគន់
សូម​រង់ចាំ

No media source currently available

0:00 0:06:24 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី ​ចក់ សុភាព ដែលជា​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាថ្លែងថា៖ «កម្ពុជា​យើង​បាន​រក្សា​ស្ថានភាព​មួយ​គេ​ហៅ​ថា ​អវត្តមាន​នៃ​សង្គ្រាម ​ដែល​យើង​ធ្លាប់​ឆ្លង​កាត់។​ ប្រជា​ពលរដ្ឋ​ជំនាន់​មុនៗ ​គាត់​ធ្លាប់ឆ្លង​កាត់​របប​ប្រល័យ​ពូជ​សាសន៍​អីជាដើម ​ហើយ​ដោយសារ​មាន​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​រំដោះ​ប្រទេស​អីជា​ដើម​។ ​អ៊ីចឹង​ហ្នឹង​ជា​ចំណុច​មួយ​ដែល​យើង​ត្រូវតែ​ទទួល​ស្គាល់​ទាំងអស់​គ្នា»។​

ខណៈ​អ្នកស្រី​ ចក់ សុភាព​ ទទួល​ស្គាល់​សមិទ្ធផល​មួយ​ចំនួន​របស់លោក​នាយក​រដ្ឋមន្ត្រី​នោះ​ អ្នកស្រី​ថា ​លោក ​ហ៊ុន សែន ​ខកខាន​រៀបចំ​ការ​ដឹកនាំ​ប្រទេស​ជា​លក្ខណៈ​ប្រព័ន្ធ ​ព្រោះ​ឃើញ​ថា​ កិច្ចការ​ទាំង​តូចទាំងធំ​លោក​ជា​អ្នក​សម្រេច។​

អ្នកស្រី​លើក​ឡើង​ទៀត​ថា​៖ «ខ្ញុំ​យល់ថា ​អ្វីដែល​អាច​ថា​ ​ភាព​ខកខាត​របស់​ថ្នាក់​ដឹកនាំ​យើង​កន្លង​មក​នេះ​គឺ​ការ​ពង្រឹង​នូវ​ស្ថាប័ន​មួយ​ឱ្យ​មាន​ភាព​រឹងមាំ​ដែល​អាច​ធ្វើការ​សម្រេច​ចិត្ត​អាស្រ័យ​ទៅលើ​គោល​ការណ៍​ជា​ជាង​ការ​ពឹង​ផ្អែក​ទៅលើ​បទ​បញ្ជា​របស់​បុគ្គល»។

ថ្លែង​អំពី​កេរ​ដំណែល​នៃ​ការ​ដឹកនាំ​ប្រទេស​ លោក ​សុន ឆ័យ ​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ក៏​បញ្ចេញ​យោបល់​ដោយ​ប្រយ័ត្ន​ប្រយែង​ថា​ ​ក្នុង​ពិភព​លោក​មិន​មាន​មេដឹកនាំ​ដែល​ប្រជាជន​គាំទ្ រ​១០០%​ទេ។​

លោក​ប្រាប់​វីអូអេថា៖ «ធម្មតា​ការ​គ្រប់គ្រង​ប្រទេស​វា​តែងតែ​មាន​ស្នាដៃ​រវាង​ការ​ពេញចិត្ត​ និង​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​ប្រជា​ពលរដ្ឋ ​ប៉ុន្តែ​យើង​ឃើញ​ថា​ ក្នុង​ប្រទេស​កម្ពុជា​យើង ​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​ទទួលរង​គ្រោះ​ពីការ​រិះគន់​ធ្ងន់​ធ្ងរ​ណាស់​ពី​សហគមន៍​អន្តរជាតិ ​ហើយ​នឹង​ប្រជា​ពលរដ្ឋ​ខ្លះ​ក៏​លោក​មិន​សប្បាយ​ចិត្ត​ទៅ​លើការ​ដឹក​នាំ​មួយ​ចំនួន​ដែរ»។

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អតីតមេបញ្ជាការ​ខ្មែរ​ក្រហម​មួយរូប​ បាន​ស្ថិត​ក្នុង​អំណាច​ជាង​ ៤ទសវត្សរ៍​ និងបាន​ទទួល​រង​ការ​រិះគន់ចំពោះ​ការប្រើប្រាស់​កណ្តាប់​ដៃ​ដែក​បង្រ្កាបគូប្រជែង​នយោបាយ​ ការរឹតត្បិត​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

កាលពី​ចុងខែ​កក្កដា​ លោកហ៊ុន សែន បាន​ប្រកាស​ថា​ លោក​នឹង​លែង​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​តទៅ​ទៀតហើយ​ ដោយ​ឱ្យកូន​ប្រុសច្បង​របស់​លោកគឺ ​លោក ហ៊ុន ម៉ាណែត ដែល​ជាបេក្ខជនសម្រាប់​ពេល​អនាគតរបស់​គណបក្ស​ប្រជាជនកម្ពុជា​ ទទួល​តំណែង​នេះ​ជំនួស ចាប់​ពី​ខែសីហានេះ។

វីអូអេ​បាន​ព្យាយាម​សាកសួរ​មតិ​យុវជន​មួយ​ចំនួន​អំពី​កេរ​ដំណែល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ប៉ុន្តែ​ពួក​គេ​បានបដិសេធ​មិន​ផ្តល់​សម្ភាសន៍។

ត្រង់​ចំណុច​នេះ​ លោក ​សុន ឆ័យ​ ស្នើ​ថា៖​«នេះ​ជា​យោបល់​ខ្ញុំ​ទេណា៎ ​មិន​ដឹង​ខុស ​ឬ​ត្រូវ​ទេ! ​ប៉ុន្តែ​ខ្ញុំ​មិន​ជឿថា ​យើង​អាច​ទៅ​បង្ខំ​ឱ្យ​ប្រជារាស្ត្រ​ស្រឡាញ់​យើង​១០០%។​ អត់​មាន​ទេ ​ក្នុង​ពិភាព​លោក​អត់​មាន​ទេ ​គ្រាន់​តែ​គ្នា​និយាយ​បាន​ ឬ​មិន​បាន។ ​ហើយ​ដល់​យើង​ចេះតែ​មាន​យុទ្ធសាស្ត្រ​មិន​ឱ្យ​គ្នា​មាន​មតិ ​មនុស្ស​គេ​មិន​ពេញ​ចិត្ត ​គេ​អត់​និយាយ​ទេ។ ​គេ​ទុក​ក្នុង​ចិត្ត​គេ​។ ​ អា​នោះ​ពិបាក​គ្រប់គ្រង​ទៅ​វិញ​ទេ។​ ដូច្នេះ​យើង​ត្រូវ​បើក​ចំហ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​សេរីភាព​ក្នុង​ការ​ចូល​រួម​នយោបាយ​ឱ្យ​បាន​ប្រសើរ​ឡើង»។

វីអូអេ​ត្រូវ​បាន​សន្តិសុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ស្នើ​ឱ្យ​ចេញ​ពី​បរិវេណ​សាកល​វិទ្យាល័យ ​កាល​ពី​ថ្ងៃពុធ​ ហើយ​និស្សិត​នៅ​ទីនោះ​ប្រាប់​វីអូអេ​ថា ​ពួកគេ​ត្រូវ​ហាម​មិនឱ្យ​ផ្តល់​បទ​សម្តាសន៍​ដោយ​គ្មាន​ការ​អនុញ្ញាត​ពីរដ្ឋបាល​សាកល​វិទ្យាល័យ។

ការ​ហាម​ប្រាម​នេះ​កើត​មាន​ក្រោយ​ពី​វីអូអេ​បាន​សម្ភាស​និស្សិត​មួយ​ចំនួន​មុន​ការ​បោះឆ្នោត។​

និស្សិត​ដែល​វីអូអ​បាន​សម្ភាស​កាល​ណោះ ​គ្រាន់តែ​លើក​សំណូមពរ​ទៅ​រដ្ឋាភិបាល​ឈាម​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​សង្ឃឹម​ថា ​ក្នុង​ដំណាក់​កាល​សន្តិភាព​ រដ្ឋាភិបាល​ជំនាន់​ក្រោយ​អាច​ផ្តោត​លើ​វិស័យ​សេដ្ឋកិច្ច។

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​ អ្នកស្រី ​ជាប សុធារី ​មាន​ជំនឿថា​ រដ្ឋាភិបាល​ឈាម​ថ្មី​ដឹក​នាំ​ដោយ​ លោក ​ហ៊ុន មាណែត ​អាច​ជំរុញ​សេដ្ឋកិច្ច ​ជា​ពិសេស​នៅ​ខេត្ត​ព្រះ​សីហនុ​ដែល​អ្នក​វិនិយោគ​ទុក​អគារ​ចោល​ដុះ​ស្លែ។

អ្នកស្រី​ថ្លែង​ថា៖ «យើង​ក៏​សប្បាយ​ចិត្ត​ដែរ ​ព្រោះ​ឯកឧត្តម ​ហ៊ុន មាណែត ​លោក​ក៏​រៀន​សូត្រ​អី​បាន​ច្រើន​ដែរ ​ប៉ុន្តែ​យើង​ក៏​អត់​ទាន់​វិនិច្ឆ័យ​ថា ​លោក​ជា​មនុស្ស​យ៉ាង​ម៉េច​ទេ​។ ​ប៉ុន្តែគ្រាន់​តែ​ការងារ​កន្លង​មក​ លោក​ក៏​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះ​ស្រាយ​ដែរ​»។​

ក្នុង​នាម​ជា​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ អ្នក​ស្រី ​ជាប សុធារី ​មាន​សំណូម​ពរ​ថា៖ «សុំ​ថា ​ថ្នាក់​ដឹកនាំ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ក៏​ដូច​គ្នា​ សូម​បើក​បេះដូង​ឱ្យ​ទូលាយ ​សូម​ទទួល​យក​នូវ​បញ្ហា​ទាំងអស់​ហ្នឹង​ទៅ​ពិនិត្យ ​ពិចារណា»។​

ក្នុង​ដំណាក់ការ​ចាំមើល​នេះ ​ការ​បញ្ចេញមតិ​ក៏​សុទ្ធតែជា​ការ​បញ្ចេញ​មតិចាំមើល​ការ​អនុវត្ត​ជាក់​ស្តែង​ដែរ ​ព្រោះ​ជា​បទ​ពិសោធន៍​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​ល្អ​ហួស​ពី​សមត្ថភាព​អនុវត្ត។

អវត្តមាន​សេរីភាព​បញ្ចេញ​មតិ​ធ្វើ​ឱ្យ​មាន​មន្ទិល​អំពី​ប្រវត្តិ​សាស្ត្រ​នៃ​កេរ​ដំណែល​របស់​អ្នកឈ្នះ៕

XS
SM
MD
LG