រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានលើកឡើងថា លោកនឹងបន្តគាំទ្ររដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត នឹងដឹកនាំរដ្ឋាភិបាលជាផ្លូវការ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីឪពុករបស់លោកដែលដឹកនាំប្រទេសអស់រយៈពេល៣៨ឆ្នាំ បានប្រកាសចុះចេញពីតំណែង បីថ្ងៃបន្ទាប់ពីការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលគ្មានគណបក្សប្រឆាំងចម្បងចូលរួម បានបញ្ចប់។
លោក ស ខេង បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនាថ្ងៃសុក្រនេះថា ក្រុមអ្នកនយោបាយនិងអ្នកវិភាគមួយចំនួនបានលើកឡើងថា «មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា» នៅពេលលោក ហ៊ុន សែន បានឲ្យកូនប្រុសរបស់លោកធ្វើជានាយករដ្ឋមន្ត្រី។ លោក ស ខេង បានច្រានចោលការលើកឡើងនេះ។
លោកបន្ថែមថា ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត លោកគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធាន។
លោកបញ្ជាក់ថា៖ «ក្នុងន័យនេះ ខ្ញុំនឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឲ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបំពេញភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យតាមគោលការណ៍ទាំងឡាយ ដែលសម្រេចដោយសន្និបាតគណបក្សប្រជាជនកម្ពុជា»។
គួរបញ្ជាក់ថា គេមិនទាន់ដឹងនៅឡើយទេថា តើ លោក ស ខេង នឹងទទួលបានតំណែងអ្វីនោះទេ នៅពេលលោកឈប់ធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាពេលខាងមុខ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ ធ្លាប់បានលើកឡើងថាលោក ស ខេង នឹងក្លាយជាប្រធានរដ្ឋសភា ហើយកូនប្រុសរបស់លោកគឺ លោក ស សុខា នឹងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំនួសឪពុក៕