លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃចន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកសិករទាំងអស់ឲ្យមានការ«ទុកចិត្ត»លើរដ្ឋាភិបាលក្នុងការដោះស្រាយទុក្ខកង្វល់របស់ពួកគេក្នុងវិស័យកសិកម្ម។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត យ៉ាងដូច្នេះ កើតឡើងបន្ទាប់ពីប្រជាកសិករបានត្អូញត្អែរអំពីការធ្លាក់ដាំក្បាលចុះនៃតម្លៃស្រូវនាពេលថ្មីៗនេះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់«សមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់» កាលពីថ្ងៃចន្ទ លោកហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលមិនបានទុកប្រជាពលរដ្ឋចោលនៅពេលពលរដ្ឋកំពុងមានទុកកង្វល់ក្នុងការធ្វើកសិកម្មនោះទេ។
លោកថ្លែងថា៖ «បងប្អូនប្រជាពលរដ្ឋរួមទាំងកសិកររបស់យើង សូមទុកចិត្ត! រដ្ឋាភិបាលមិននៅឱបដៃទុកឲ្យបងប្អូនវេទនានោះទេ យើងខិតខំដោះស្រាយជាបន្តបន្ទាប់»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរពីតម្លៃទីផ្សារនៃការធ្វើកសិកម្មតែមួយមុខនោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងជំរុញការវិនិយោគឲ្យកាន់តែច្រើន ដើម្បីបង្កើនការងារ និងបង្កើនប្រាក់ចំណូលឲ្យកាន់តែច្រើនបន្តទៀតផងដែរ សម្រាប់ប្រជាពលរដ្ឋ។
លោកក៏បានប្រកាសថា រដ្ឋាភិបាលបានតម្លើងឥណទានរហូតដល់ ១៥០លានដុល្លារអាមេរិក ដើម្បីប្រមូលទិញស្រូវពីកសិករដើម្បីឆ្លើយតបទៅនឹងវិបត្តិស្រូវធ្លាក់ថ្លៃនៅក្នុងប្រទេស និងថា ការទម្លាក់លុយ១៥០លានរបស់រដ្ឋ ក៏ដើម្បីធានាថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទៅខ្ចីលុយពីធនាគារឯកជនដើម្បីប្រមូលទិញស្រូវពីកសិករ។
ក៏ប៉ុន្តែ លោក ស៊ុន វិបុល អាយុ៣៩ឆ្នាំ ប្រជាកសិករដាំដំឡូងមីក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ប្រាប់វីអូអេថា លោកសាទរចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ប្រសិនបើការលើកឡើងនេះពិតជាជួយគិតគូរដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋពិតប្រាកដមែននោះ។
លោកថ្លែងថា៖ «គាត់លើកឡើងល្អ! បើគាត់ជួយមែនទែនអរហ្នឹងឯង។ ម្នាក់ៗសព្វថ្ងៃគ្រាន់តែថ្លៃជីថ្នាំបាញ់ ធ្វើស្មៅធ្វើអីហ្នឹង មិនរួចថ្លៃកម្លាំងធ្វើផង»។
កសិករដាំដំឡូងមីរូបនេះ បានឲ្យដឹងទៀតថា តម្លៃដំឡូងមីស្រស់បច្ចុប្បន្នមានតម្លៃទាបខ្លាំងពិបាកក្នុងការលក់ ខណៈត្រូវប្រឈមជាមួយនឹងបំណុលធនាគារ។
លោកថ្លែងប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «ដកហើយបាន១៨ បាន១បាត៨កាក់[ជិត២បាតគិតជាលុយថៃ]ដកអស់២ហិតាហើយ។ ទាំងថ្លៃឈ្នួល ទាំងថ្លៃឡានអស់លុយអស់បាត់ហើយហ្នឹង។ ដំឡូងវាថោកពេក តម្លៃមុនបាន២បាត៨ ៣បាត៣ ៣បាត៤ កាលពីឆ្នាំមុន។ តែឆ្នាំនេះចប់ហើយបានតែ១បាត៨កាក់។ រាល់ថ្ងៃពលរដ្ឋជំពាក់លុយគេ ម្នាក់ៗឃើញដកដែរហ្នឹង! ធ្វើម៉េចទុកម៉េចកើតបើដល់លុយអង្គការហើយហ្នឹង មានរដ្ឋណាជួយទិញដំឡូងបានថ្លៃ»។
ចំណែកអ្នកស្រី យ៉ា ស្រីម៉ុម ប្រជាកសិករម្នាក់ទៀតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង លើកឡើងថា តម្លៃដំឡូងមីទាំងតម្លៃលក់ស្រស់(សើម) និងស្ងួត មានតម្លៃទាបធ្វើឲ្យប្រជាកសិករប្រឈមនឹងអត្រាខាតខ្លាំង ដោយអ្នកស្រីថាថ្លៃចំណោយទៅលើការដាំដុះមានតម្លៃច្រើនជាងតម្លៃដំឡូង។
អ្នកស្រីស្នើឲ្យរដ្ឋ និងក្រសួងពាក់ព័ន្ធជួយដំឡើងតម្លៃដំឡូងមីឲ្យបានថ្លៃជាងនេះ។ អ្នកស្រីថ្លែងថា៖«បើសិនជារដ្ឋជួយដោះស្រាយបាន រឿងតម្លៃដំបូងហ្នឹង សម្រាប់ដំឡូងសើមចង់ឲ្យឡើងថ្លៃដល់យ៉ាងថោក២បាត យ៉ាងថោកហើយអាចដល់៣បាតក៏ល្អដែរ ព្រោះតម្លៃហ្នឹង៣បាតប្រជាពលរដ្ឋអាចចំណេញបានខ្លះហើយ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបាននៅឡើយទេ។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ប្រាប់វីអូអេនៅថ្ងៃអង្គារថា តម្លៃដំឡូងមីទាបឬខ្ពស់អាស្រ័យលើកម្រិតសាច់ម្ស៉ៅរបស់ដំឡូង ទៅតាមស្ថានភាពដីដាំដុះ និងប្រភេទពូជដំឡូង។
លោកថ្លែងថា៖«កន្លែងខ្លះគាត់ ការដករបស់គាត់ហាក់ដូចជាលឿនអត់ទាន់បានចេញម្ស៉ៅល្អ ហើយតម្លៃក៏ទៅតាមហ្នឹងដែរ តាមកម្រិតភាពម្ស៉ៅតាមប្រភេទដំឡូងរបស់គាត់។ ដូចខ្ញុំបានជម្រាបជូនវា អាស្រ័យលើគុណភាព ទី១គុណភាពម្ស៉ៅក្នុងមើមដំឡូង ភាពស្ងួត និងសាច់ដំឡូង និងកម្ទេចកម្ទីដែលវាមាន នេះជាក់ស្តែងតាមអ្វីដែលខ្ញុំទទួលបានព័ត៌មានពីខាងសៃឡូ»។
លោកថា កាលពីថ្ងៃចន្ទ តម្លៃដំឡូងមីតាមបណ្តាស្រុកមានតម្លៃចន្លោះពី១៩៩រៀលដល់២២៥រៀល ក្នុង១គីឡូក្រាមសម្រាប់ដំឡូងសើម ហើយតម្លៃដំឡូងស្ងួតមានចន្លោះពី៥៦១រៀលដល់៦៨០រៀលក្នុង១គីឡូក្រាម។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោកយង់ គិមអេង យល់ថាដើម្បីឲ្យប្រជាកសិករអាចទុកចិត្តលើរដ្ឋាភិបាល ទាល់តែរដ្ឋ«យកចិត្តទុកដាក់ខ្លាំង»បន្ថែមទៀតលើបញ្ហាកសិផលរបស់ប្រជាកសិករ និងបង្កើនការពង្រីកអន្តរគមន៍ដាក់ទុនជួយពួកគេបន្ថែមទៀត ដើម្បីកាត់បន្ថយការខាតបង់។
លោកថ្លែងថា៖ «ជុំវិញរឿងនេះ អ្វីដែលអាចគិតគូរទៅដល់គាត់បាន គឺធ្វើយ៉ាងណារក្សានូវតម្លៃកសិកផលរបស់ពួកគាត់ កុំឲ្យតម្លៃកសិកផលនោះមានការធ្លាក់ចុះដែលធ្វើឲ្យគាត់ខាតបង់ដូចជាស្រូវក្តី ដំឡូងក្តី ព្រោះគ្នាប្រឹងណាស់ប្រឹងដាំ តស៊ូហាលខ្យល់ភ្លៀង ដល់ពេលប្រមូលផលខាតបង់គឺធម្មតាគឺអស់សង្ឃឹម»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន ថ្លែងថា រដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធត្រូវតែធ្វើកិច្ចការងារជាបន្ទាន់ដើម្បីឆ្លើយតបនឹងការធ្លាក់ថ្លៃតម្លៃដំឡូងមី ហើយធ្វើយ៉ាងណាឲ្យប្រជាកសិករទទួលបានតម្លៃសមរម្យចំពោះការខិតខំរបស់ពួកគេក្នុងការបង្កបង្កើនផល។
លោកប្រាប់វីអូអេថា៖ «បញ្ហាដំឡូងមីធ្លាក់ថ្លៃនេះ ខ្ញុំគិតថារដ្ឋាភិបាលក៏ដូចជាក្រសួងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែធ្វើកិច្ចការងារចាំបាច់ចំពោះមុខហើយបន្ទាន់បំផុត ដើម្បីដោះស្រាយ និងឆ្លើយតបបញ្ហាប្រជាពលរដ្ឋ ពិសេសតម្លៃថ្លៃ។ ត្រូវតែគិតរកមើលក្រុមហ៊ុនក៏ដូចជា រៀបចំទម្លាក់នូវយន្តការថវិកាជំរុញ និងលើកទឹកចិត្តម៉េចឲ្យតម្លៃដំឡូងមីមានភាពល្អប្រសើរ»។
លោកបន្ថែមថា ការឡើងចុះនៃតម្លៃផលដំណាំប៉ះពាល់ដល់ការប្រកបមុខរបរប្រជាពលរដ្ឋនិងសេដ្ឋកិច្ចរបស់ពួកគេ ដោយសារតែអ្នកប្រកបរបរនេះមួយភាគធំខ្ចីបុលពីធនគារមកធ្វើដើមទុន៕
វេទិកាបញ្ចេញមតិ