តុលាការមួយក្នុងប្រទេសកូរ៉េខាងត្បូងបានអនុញ្ញាតកាលពីថ្ងៃអង្គារឲ្យអាជ្ញាធរចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានទម្លាក់ពីតំណែងលោក Yoon Suk Yeol នៅក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌមួយលើការប្រើច្បាប់អាជ្ញាសឹករបស់លោក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) របស់កូរ៉េខាងត្បូងបានបញ្ជាក់ថាតុលាការមណ្ឌលខាងលិចរដ្ឋធានីសេអ៊ូលបានយល់ព្រមឲ្យមានដីកាចាប់ខ្លួននេះ ដែលដីកានេះបានស្នើឡើងដោយក្រុមអ្នកស៊ើបអង្កេតលើការប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក Yoon។
លោក Yoon កំពុងប្រឈមនឹងការស៊ើបអង្កេតលើបទចោទប្រកាន់ថាលោកជាមេដឹកនាំនៃការបះបោរ ដែលជាបទចោទព្រហ្មទណ្ឌមួយនៃបទចោទព្រហ្មទណ្ឌមួយចំនួនតូចដែលប្រធានាធិបតីកូរ៉េខាងត្បូងមិនមានអភ័យឯកសិទ្ធិការពារ។
ដីកាចាប់ខ្លួននៅពេលបច្ចុប្បន្ននេះមានសុពលភាពរហូតដល់ថ្ងៃទី ៦ ខែមករា និងទុកពេលឲ្យក្រុមអ្នកស៊ើបអង្កេតតែ ៤៨ ម៉ោងប៉ុណ្ណោះដើម្បីឃុំខ្លួនលោក Yoon បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន។ បន្ទាប់មក ក្រុមអ្នកស៊ើបអង្កេតត្រូវតែសម្រេចថាតើត្រូវស្នើសុំដីកាឃុំឃាំងឬក៏ត្រូវដោះលែងលោក។
នៅពេលត្រូវបានចាប់ខ្លួន លោក Yoon ត្រូវគេរំពឹងថានឹងត្រូវឃុំខ្លួននៅឯមណ្ឌលឃុំឃាំងក្រុងសេអ៊ូល (Seoul Detention Center)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដែលបានយោងលើការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់។
លោក Yoon Kab-keun ដែលជាមេធាវីរបស់លោក Yoon បាននិយាយថាដីកាចាប់ខ្លួននេះគឺខុសច្បាប់និងគ្មានសុពលភាព ដោយហេតុថាការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់មិនមានអំណាចនៅក្រោមច្បាប់កូរ៉េខាងត្បូងដើម្បីស្នើសុំដីកានេះទេ៕