ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីក្រសួង​ការងារ៖ វិវាទ​ការងារ​ណាហ្គាវើលដ៍​នៅតែ​អូសបន្លាយ​ ខណៈ​ភាគី​ទំនាស់​មិន​ព្រម​ផ្សះផ្សា


រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

រដ្ឋ​លេខា​ធិការ​ក្រសួង​ការងារ​ លោក​ ហេង​ សួរ ​ថ្លែង​ក្នុងសប្តាហ៍​នេះថា​ ក្រសួង​ការងារ​បាន​ព្យាយាម​សម្រប​សម្រួល​បញ្ចប់​វិវាទ​ការងារ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) តែ​ការ​សម្រប​សម្រួល​នោះ​បាន​បរាជ័យ​ ដោយ​ហេតុ​ផល​ថា ភាគី​វិវាទ​មិន​ព្រម​ទទួល​យក​ការ​ផ្សះ​ផ្សា​ និង​ប្រកែក​យក​ត្រូវ​តែ​រៀងៗ​ខ្លួន។

ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​ «សមិទ្ធ​ផល​សម្រេច​បាន​រយៈពេល​ ៥ ឆ្នាំ​កន្លង​មក​របស់​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ»​ នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​ ១២​ ខែតុលា លោក ហេង សួរ​ ដែល​ជា​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​ផង​នោះ​ លើក​ឡើង​ថា​ ​វិវាទ​ការងារ​ក្រុម​ហ៊ុនណា​ហ្គាវើលដ៍ដែល​កំពុង​កើត​មាន​បច្ចុប្បន្ននេះ ​គឺ​មិន​មែន​ជា​រឿង​តូច​តាច​នោះ​ទេ ព្រោះ​វិវាទ​ដែល​អូស​បន្លាយ​ពេល​ជាង​មួយ​ឆ្នាំមក​នោះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​មុខ​មាត់​រដ្ឋាភិបាល បន្ទាប់​ពី​ការ​សម្រប​សម្រួល​រវាង​ភាគី​ពាក់​ព័ន្ធ​បាន​ចំនួន​ ១៩​ លើក​ហើយ​ តែ​នៅ​មិនអាច​រក​ច្រក​ចេញ​បាន។

លោក​បន្ថែម​ថា មូលហេតុ​នៃ​ការ​ជាប់​គាំង​នៃ​ជម្លោះ​ការងារ​នេះ គឺ​ដោយ​សារ​ភាគី​ទាំង​ពីរ​នៅតែប្រកាន់​ជំហរ​ដាច់​ខាត​រៀងៗ​ខ្លួន ដោយ​ភាគី​និយោជក​មិន​ព្រម​ទទួល​យក​សំណូមពរ​កូដករ​ដែល​ទាម​ទារ​ចូល​ធ្វើការ​វិញ ខណៈក្រុម​កូដករ​មិន​សុខ​ចិត្ត​យក​សំណង​ដើម្បី​បញ្ចប់​ការ​ទាស់​ទែង​គ្នា។

លោក​ប្រាប់​សន្និសីទ​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា៖​ «មន្ត្រី​ក្រសួង​ការងារ ​គេ​ហៅ​ថា​ មន្ត្រី​ផ្សះផ្សា​វិវាទ។ យើង​ជា​អ្នក​ផ្សះផ្សា​វិវាទ​ មិន​មែន​ជា​ចៅក្រម​ ដែល​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ក្តី​ទេ​ គឺ​ក្រសួង​មាន​តួនាទី​មួយ​ គឺ​ជាមន្ត្រី​ផ្សះ​ផ្សាវិវាទ។ ​អ៊ីចឹង​ពាក្យ​ថា​ ផ្សះផ្សា​ គឺ​យើង​មានតែពន្យល់​ពី​ទិដ្ឋភាព​ច្បាប់ទាំង​សង​ខាង​ ពី​ផល​លំបាក ហើយ​ឱ្យមាន​ការ​យោគយល់​គ្នា។ ប៉ុន្តែ​ក្រសួង​មិនមាន​សិទ្ធិ​នៅ​ក្នុង​ការ​បង្ខំ​ឱ្យ​ភាគី​ណា​មួយ​ទទួល​យក​នូវ​អ្វី​ដែល​ជា​គំនិត​របស់​ខ្លួន​នោះ​ទេ»។

​លោក ហេង​ សួរ​ បញ្ជាក់​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បន្ថែម​ថា ក្រសួង​ការងារ​លើកទឹកចិត្ត​ឱ្យ​ភាគី​ពាក់​ព័ន្ធ​គោរព​ និង​អនុវត្ត​តាម​នីតិវិធី​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​រួម។ លោក​បន្ត​ថា​ ក្រសួង​ក៏​នៅតែ​បន្ត​សម្រប​សម្រួល​ការ​ប្រជុំ​ពិភាក្សា​តាម​សំណូម​ពរ​របស់​ភាគី​ពាក់​ព័ន្ធ ដោយ​បច្ចុប្បន្ន​នៅ​មានអតីត​បុគ្គ​លិក​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ចំនួន ​១២៨​ នាក់ ដែល​នៅ​បន្តតវ៉ា​ទាម​ទារឱ្យ​ក្រុមហ៊ុន​ទទួល​ចូល​ធ្វើការ​វិញ។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​កញ្ញា​ ឈឹម ស៊ីថរ ដែល​ជា​តំណាង​ក្រុម​កូដករ​បាន​នៅ​ឡើយ​ទេ។​

កញ្ញា​ ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​ធ្លាប់​លើក​ឡើង​កន្លង​មក​ថា​ ការ​តវ៉ា​របស់​កម្មករ​និយោជិត​ គឺ​ដើម្បី​ធានា​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​សហជីព ​ហើយ​សេរីភាព​នេះ​មិន​អាច​ទូទាត់​ជាមួយ​នឹង​សំណង​បាន​ឡើយ។ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​កញ្ញា​ ស៊ីថរ ឱ្យ​ដឹង​ទៀត​ថា ​កញ្ញា​ ក៏ដូចជាក្រុម​កូដករ ​នៅ​តែ​ចង់​ឃើញ​ក្រសួង​ការងារ​ និង​រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ឆាប់។

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​តាម​សារ​អ៊ីមែលពី​ភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ តែ​មិន​មានការឆ្លើយ​តប​ គិតត្រឹមរសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ។

កាល​ពី​ខែ​កក្កដា ឆ្នាំ​ ២០២២​ ក្រុម​សហជីព និង​សង្គម​ស៊ីវិល ចំនួន​ ៣៧​ ស្ថាប័ន​ រួម​មាន​សម្ព័ន្ធ​សហជីព​កម្ពុជា សហភាព​ការងារ​កម្ពុជា​ សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ និង​ស្ថាប័ន​ផ្សេង​ទៀត បញ្ជាក់ថា​ ការ​ពន្យារ​ពេល​មិន​ព្រម​ដោះ​ស្រាយ​វិវាទ​ការងារ​របស់​កម្មករ​និយោជិត​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ គឺជា​ «ចេតនា​បំបាក់​ស្មារតី» ចលនា​សហជីព​ឯករាជ្យ​ប្រកប​ដោយ​វិជ្ជាជីវៈ ដែល​ធានា​ដោយ​អនុសញ្ញា​ស្នូល​ផ្នែក​ការងារ​ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ច្បាប់​ស្តី​ពី​ការងារ​ និង​ច្បាប់ស្តី​ពី​សហជីព។

​លោក ​ឃុន ថារ៉ូ ​ប្រធាន​គ្រប់​គ្រង​កម្ម​វិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់​ត្រាល់​ កត់សម្គាល់ថា ក្រសួង​ការ​ងារ​ត្រូវ​បែង​ចែង​ឱ្យដាច់​អំពីវិវាទ​ការងារ​ ដែល​កើត​ឡើង​ដោយ​ប្រយោជន៍​ការងារ និង​សិទ្ធិ​ការងារ។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា វិវាទ​ការងារ​ដែលទាក់​ទង​សិទ្ធិ​ គឺ​ក្រសួង​ការងារ​ មាន​សិទ្ធិ​បញ្ជា​ទៅ​ឱ្យ​ក្រុម​ហ៊ុនអនុវត្ត​ច្បាប់។ ហើយ​ចំពោះ​ករណី​វិវាទ​ការងារ​ ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ លោក​យល់​ថា ក្រសួង​ការ​ងារ​គួរ​តែ​ចេញ​របាយ​ការណ៍​អំពី​ការ​ធ្វើអធិការកិច្ច​ការងារ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ ថា​តើ​ការ​បញ្ឈប់​មេដឹកនាំ​សហជីព​នៅ​ក្រុមហ៊ុន​មួយ​នេះ ពិត​ជា​បាន​ធ្វើទៅ​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់​ ឬ​យ៉ាង​ណា​នោះ។

​លោកថ្លែងថា៖ «ក្រសួង​គួរ​តែ​ចេញ​របាយការណ៍​មួយ​ហ្នឹង​មួយ​មក ដើម្បី​យកជា​ផ្លូវ​ការ​មក​ថា ក្រសួង​ពិត​ជា​រក​ឃើញ​តាម​រយៈ​ការ​ស៊ើបអង្កេត​ ការ​ធ្វើ​អធិការកិច្ច​ថា​ក្រុមហ៊ុន​ពិតជា​បាន​អនុវត្ត​ត្រឹម​ត្រូវ​ទៅតាម​នីតិ​វិធី​ផ្លូវ​ច្បាប់​ ដែល​អាច​បញ្ឈប់​មេដឹកនាំ​សហជីព​បាន​ អាហ្នឹង​ចេញ​របាយការណ៍ ចេញ​សេចក្តី​សម្រេច​ហ្នឹង​ជាផ្លូវ​ការ​មក។ ប៉ុន្តែ​មកដល់ពេល​នេះ យើង​អត់ឃើញ​ក្រសួង​ចេញ​របាយ​ការណ៍​ហ្នឹង...។ អ៊ីចឹង​ការ​ទាមទារ​របស់​សហជីព គឺ​គាត់​ចង់​ឱ្យ​មាន​តម្លាភាព​ ប្រសិទ្ធិភាព​ក្នុង​ការ​អនុវត្តន៍ច្បាប់»។

លោក​បន្ថែម​ថា៖ ​«ហើយ​មក​ដល់​ពេលនេះ ក្រសួង​បាន​លើកឡើង​ថា​ ខ្លួន​គ្មាន​សមត្ថកិច្ច​ក្នុង​ការ​បង្គាប់​បង្ខំ​ក្រុមហ៊ុន។ អ៊ីចឹង​បើ​សិនជា​មិន​មាន​សមត្ថកិច្ច​ក្នុង​ការបង្គាប់​ឱ្យ​ក្រុមហ៊ុ​នអនុវត្ត​ច្បាប់ អ៊ីចឹង​យើង​បង្កើត​ក្រសួង​ការ​ងារ​មកធ្វើ​អ្វី? យើង​បង្កើត​ច្បាប់​ស្តីពីការងារ​មក​ធ្វើ​អ្វី? ហើយ​យើង​បង្កើត​អំពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​អនុវត្ត​នីតិវិធី ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ធ្វើ​អធិការកិច្ចការងារ​ដើម្បី​គោល​បំណង​ក្នុងការ​អនុវត្ត​ប្រសិទ្ធិភាព​ច្បាប់​ស្តីពី​ការងារ​ ច្បាប់​ស្តីពី​សហជីព​ហ្នឹង​មក​ធ្វើ​អី? ចង់​និយាយ​អ៊ីចឹង»។

បើ​តា​មលោក ហេង​ សួរ ក្រសួង​ការងារ​ក៏​ធ្លាប់បាន​បង្ហាញ​របាយការណ៍​ស្តី​ពីធ្វើ​អធិការកិច្ច​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទៅឱ្យ​ភាគី​ជម្លោះ​បាន​ដឹង​ផង​ដែរ។ បើ​ភាគីទាំង​ពីរ​នៅ​តែ​មិន​សុខ​ចិត្ត​ គឺ​គួរ​តែ​ដោះ​ស្រាយ​គ្នា​តាម​យន្តការ​តុលាការ​ដើម្បីបញ្ចប់​វិវាទ​ការងារ​មួយ​នេះ។​ ​លោក ហេង សួរ អះអាង​បន្ត​ថា ​បើ​រដ្ឋា​ភិបាល​បង្ខំ​ឱ្យ​ក្រុមហ៊ុន​មួយ​ទទួល​ទាំង​ខុស​ច្បាប់ វា​ក៏​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​រដ្ឋាភិបាល​ផងដែរ៕

XS
SM
MD
LG