អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចំាតំបន់អាស៊ី បានលើកឡើងថា វិធានការសុខាភិបាលរបស់អាជ្ញាធរកម្ពុជា តម្រូវឲ្យមានការបញ្ជាក់ភស្តុតាងពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន អាចបង្កឲ្យមានទម្រង់នៃការរំលោភបំពានសិទ្ធិសេរីភាពពលរដ្ឋក្នុងការទទួលបានសេវាសុខាភិបាល អប់រំ របបសន្តិសុខសង្គម និងការគោរពសិទ្ធិមូលដ្ឋានដទៃទៀត។
កាលពីខែតុលា ឆ្នាំ២០២១នេះ អភិបាលក្រុងភ្នំពេញ បានចេញបញ្ជាឲ្យមានការបង្ហាញភស្តុតាងបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមទីតាំងសាធារណៈ និងឯកជនមួយចំនួន ដោយមិនមានការផ្សព្វផ្សាយព័ត៌មានជាសាធារណៈទូលំទូលាយ ឬផ្តល់ការអប់រំបង្រៀនផ្សេងៗពាក់ព័ន្ធនឹងចំណាត់ការថ្មីនេះទេ។ ការណ៍នេះ ជំរុញឲ្យមាននូវលទ្ធភាពដែលអាចនាំឲ្យពលរដ្ឋប្រឈមនឹងការបដិសេធចំពោះការផ្តល់ស្បៀងអាហារ សេវាថែទាំសុខភាព ឬការអប់រំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។
នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីលោក Phil Robertson បានថ្លែងក្នុងសម្តីដើម និងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «បទបញ្ជាពីសំណាក់រដ្ឋាភិបាលកម្ពុជា ដោយតម្រូវឲ្យមានការបង្ហាញភស្តុតាងពីការចាក់វ៉ាក់សាំងកូវីដ១៩ ដោយមិនបានផ្តល់ព័ត៌មានទូលំទូលាយជាសាធារណៈ ឬការអប់រំបង្រៀនណាមួយ គឺជាកត្តាជំរុញឆ្ពោះទៅរកគ្រោះមហន្តរាយ»។
លោកបានបន្តថា៖ «រដ្ឋាភិបាល[កម្ពុជា] ត្រូវធានាថា វ៉ាក់សាំងកូវីដ១៩ គឺមានសម្រាប់មនុស្សគ្រប់គ្នា និងថា វិធានការរឹតត្បិតផ្សេងៗ នឹងមិនរារាំងពលរដ្ឋពីការបំពេញតម្រូវការមូលដ្ឋាន និងការទទួលបានសេវាកម្មសំខាន់ៗ»។
យោងតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី៥ ខែតុលា កន្លងទៅនេះ ពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ នឹងត្រូវតម្រូវឲ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង ចេញដោយក្រសួងសុខាភិបាល ឬក្រសួងការពារជាតិ រាល់ពេលចេញ-ចូលទីតាំងផ្សេងៗ ដូចជា គ្រឹះស្ថានសិក្សា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ។
មាតាបិតា ឬអាណាព្យាបាលរបស់កុមារ-យុវវ័យ អាយុចន្លោះ ៦ ទៅ ១៨ឆ្នាំ ក៏នឹងត្រូវស្នើឲ្យបង្ហាញបណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងរាល់ពេលនាំកូនចេញ-ចូលទីតាំងដែលបានចែងខាងលើផងដែរ។
ឆើ្លយតបទៅនឹងការរិះគន់របស់អង្គការឃ្លំាមើលសិទ្ធិមនុស្ស អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានស្នើឲ្យអង្គការសិទ្ធិមនុស្សមួយនេះ យកករណីពាក់ព័ន្ធនឹងការបង្ហាញឯកសារផ្សេងៗបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ១៩ នៅបណ្តាប្រទេសបស្ចិមលោកមកនិយាយថ្លឹងថ្លែងក្នុងការអត្ថាធិប្បាយរបស់ខ្លួនផងដែរ។
លោកប្រាប់វីអូអេថា៖ «ឲ្យគាត់ប្រតិកម្មជាមួយប្រទេសមហាអំណាចទៅ បិតាប្រជាធិបតេយ្យអាមេរិក បារាំង និងនៅអឺរ៉ុបមួយចំនួន ដែលតម្រូវឲ្យចូលទីកន្លែងសាធារណៈមួយចំនួនត្រូវបង្ហាញ [កាត] វ៉ាក់សាំង ហើយមានការបណ្តេញមន្រ្តីសុខាភិបាល មន្រ្តីរាជការមួយចំនួន ដែលអត់មានកាតវ៉ាក់សាំង អត់ចាក់វ៉ាក់សាំងហ្នឹងចេញ។ អាហ្នឹងក្នុងបណ្តាប្រទេសប្រជាធិបតេយ្យធំៗឲ្យគាត់ទៅរិះគន់ហ្នឹងផងទៅ»។
ចំណែកអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានអំពាវនាវឲ្យអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក មកពិនិត្យស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា មុនពេលធ្វើសេចក្តីប្រកាសព័ត៌មានបង្អាប់វិធានការរដ្ឋបាលរាជធានីភ្នំពេញ ដែលមានគោលដៅការពារសុវត្ថិភាពសុខភាពសាធារណៈរបស់ពលរដ្ឋកម្ពុជា។
លោកបានមានប្រសាសន៍ថា៖ «អ៊ីចឹងកាលណាគាត់និយាយនៅខាងក្រៅ ហើយអត់បានឃើញជាក់ស្តែង។ វាមានការខុសគ្នាឆ្ងាយណាស់។ អ៊ីចឹងយើងនឹងស្វាគមន៍ចំពោះអង្គការ Human Rights Watch បើសិនជាគាត់មករាជធានីភ្នំពេញ យើងនឹងសហការនិងបង្ហាញអំពីការធ្វើ និងការអនុវត្តដ៏ត្រឹមត្រូវស្របតាមស្តង់ដារមួយដែលគេទទួលស្គាល់ជាទូទៅនៅបណ្តាប្រទេសមួយចំនួននៅប៉ែកអឺរ៉ុបផង និងនៅប្រទេសមួយចំនួនទៀត»។
បើតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយកាលពីដើមខែតុលាដដែលនោះ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាអប់រំត្រូវបានស្នើសុំឲ្យត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សាស្រ្តាចារ្យ គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្ស-និស្សិតឲ្យបានត្រឹមត្រូវ សម្រាប់តែមួយលើកគត់ មុនពេលអនុញ្ញាតឲ្យចូលសិក្សាក្នុងគ្រឹះស្ថានសិក្សា។
ចំពោះបុគ្គលដែលបដិសេធមិនបង្ហាញបណ្ណ ឬលិខិតចាក់វ៉ាក់សាំង «គណៈកម្មការគ្រប់គ្រងគ្រឹះស្ថាន ឬម្ចាស់ទីតាំង មិនត្រូវផ្តល់ការអនុញ្ញាតឲ្យបុគ្គលនោះ ចូលក្នុងទីតាំង ឬទីកន្លែងរបស់ខ្លួនជាដាច់ខាត និងត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់»។ ហើយគ្រឹះស្ថាន ឬអាជីវកម្មដែលមិនគោរពតាមគោលការណ៍ណែនាំនេះ ត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំង និងចំណាត់ការផ្លូវច្បាប់ផងដែរ។ នេះបើយោងទៅតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ។
យ៉ាងណាក្តី សេចក្តីណែនាំខាងលើរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនបានលើកឡើងពីលក្ខខណ្ឌលើកលែងនានាចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង ដោយសារបញ្ហាសុខភាព ឬករណីផ្សេងៗនោះទេ៕