ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រាប់​ពលរដ្ឋ​ឲ្យបង្ហាញ​បណ្ណចាក់​វ៉ាក់សាំង​កូវីដ១៩​ ពេល​​ចេញ​ចូល​គ្រឹះស្ថានឯកជន​និងសាធារណៈ


រូបឯកសារ៖ ប្រជាជន​នាំ​គ្នា​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​វត្ត​គោក​អំពិល​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ប្រជាជន​នាំ​គ្នា​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​វត្ត​គោក​អំពិល​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)

អ្នក​ជំនាញ​សុខភាព​សាធារណៈ និង​អ្នកឃ្លាំមើល​សង្គម​ ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋានពង្រឹង​ចំណាត់ការ​បង្ការការ​ឆ្លង​ជំងឺ​កូវីដ ១៩​ និង​រក្សា​ការ​តាមដាន​មុតមាំ​បន្ថែមលើ​សកម្មភាព​សង្គម និង​ធុរកិច្ច​ ក្រោយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំឲ្យ​ប្រជាពលរដ្ឋ​ត្រូវបង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ឬ​លិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ រាល់​ពេល​ចេញ-ចូល​គ្រឹះ​ស្ថាន​សាធារណៈ​ និង​ឯកជន​ ក៏ដូច​ជា​ទីផ្សារនានា​ក្នុង​ទីក្រុង​ភ្នំពេញ។

យោង​តាម​សេចក្តី​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​០៥ ខែ​តុលា​នេះ​ ពលរដ្ឋ​ដែល​មាន​អាយុ ​១៨​ឆ្នាំ​ឡើង​ទៅ​ នឹង​ត្រូវតម្រូវ​ឲ្យបង្ហាញ​បណ្ណ​ចាក់វ៉ាក់សាំង​កូវីដ១៩ ឬ​លិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​ ចេញ​ដោយ​ក្រសួង​សុខាភិបាល ​ឬ​ក្រសួង​ការពារ​ជាតិ ​រាល់​ពេល​ចេញ-ចូល​ទីតាំង​ផ្សេងៗ​ ដូចជា ​គ្រឹះស្ថានសិក្សា​ ផ្សារ​រដ្ឋ​ ផ្សារ​ឯកជន​ ផ្សារ​ម៉ាត ​ភោជនីយដ្ឋាន​ អាហារ​ដ្ឋាន​ ហាង​កាហ្វេ​ និង​ទីតាំង​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ។

មាតា​បិតា​ ឬ​អាណាព្យាបាល​របស់​កុមារ​-យុវវ័យ​អាយុ​ចន្លោះ​ ៦ ទៅ ១៨​ឆ្នាំ​ ក៏​នឹង​ត្រូវ​ស្នើ​ឲ្យ​បង្ហាញ​បណ្ណ ឬ​លិខិត​បញ្ជាក់ការ​ចាក់​វ៉ាក់សាំងរាល់​ពេល​នាំ​កូន​ចេញ-ចូល​ទីតាំង​ដែល​បាន​ចែង​ខាង​លើផង​ដែរ​។

ចំពោះ​បុគ្គល​ដែល​បដិសេធ​មិន​បង្ហាញ​បណ្ណ ឬ​លិខិត​ចាក់វ៉ាក់សាំង​គណៈកម្មការ​គ្រប់គ្រង​គ្រឹះស្ថាន ឬ​ម្ចាស់​ទីតាំង​ ​មិន​ត្រូវផ្តល់​ការអនុញ្ញាត​ឲ្យ​បុគ្គល​នោះ​ ​ចូល​ក្នុង​ទីតាំង​ឬ​ទីកន្លែង​របស់​ខ្លួន​ជា​ដាច់​ខាត និង​ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់។ ហើយ​គ្រឹះស្ថាន ឬ​អាជីវកម្ម​ដែល​មិន​គោរព​តាម​គោលការណ៍​ណែនាំ​នេះ​ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដកហូត​អាជ្ញាបណ្ណ​ ឬ​លិខិត​អនុញ្ញាត និង​អាច​ឈាន​ទៅ​បិទ​ទីតាំង​ និងចំណាត់ការ​ផ្លូវ​ច្បាប់​ផង​ដែរ។ នេះ​បើ​យោងទៅ​តាម​សេចក្តី​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ។

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា​ ​លោក ​អ៊ូច វុឌ្ឍី បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ បង្កើន​ការ​តាមដាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ លើ​ដំណើរ​ការ​អនុវត្ត​វិធានការ​គាំពារ​សុវត្ថិភា​ព​សុខភាព​សាធារណៈ​នេះ បើ​ទោះ​ជា​មាន​ការ​តម្រូវ​ឲ្យ​បង្ហាញ​បណ្ណ ឬ​លិខិត​បញ្ជាក់​ការ​ចាក់វ៉ាក់សាំង​ក៏​ដោយ។

លោក​បានប្រាប់​វីអូអេ​ថា៖ «បើ​សិន​ជា​បើក​ផ្សារ​ បើក​សាលារៀន​ បើក​កន្លែង​ធ្វើ​ការ​ ទូលំ​ទូលាយ​ឡើង​វិញ​ អ្នក​ដែល​មាន​កាត គេ​គិត​ថា អ្នក​អស់​ហ្នឹង​អត់​ឆ្លង​ អា​ហ្នឹង​ជា​រឿង​មួយ​យើង​គួរ​តែ​ពិនិត្យ​ដែរ​ ព្រោះ​អ្នក​ខ្លះ​ចាក់​ពីរ​ដូស​ហើយ​ នៅ​តែ​ឆ្លង»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោកបាន​ស្នើ​ឲ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ចេញ​លិខិតបញ្ជាក់​បន្ថែម​ចំពោះអ្នក​ធ្លាប់​កើត​ជំងឺ​កូវីដ១៩ ប៉ុន្តែ​បានជា​សះស្បើយ និង​មិន​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​បន្ថែម​ទៀត​ ដោយ​សារ​មាន​អង់ទីករ​ការពារ​ខ្លួន​គ្រប់គ្រាន់ និង​អ្នកដែល​មាន​ជំងឺ​ប្រចាំ​កាយ​មិន​អាច​ចាក់​វ៉ាក់សាំង​បាន​ ដើម្បី​អាច​ឲ្យ​ពួកគេ​មាន​លទ្ធភាព​ចូល​ទីតាំង​ផ្សេងៗ​ ដែល​តម្រូវ​ឲ្យ​បង្ហាញ​បណ្ណ​ ឬ​លិខិត​ចាក់​វ៉ាក់សាំង​កូវីដ១៩ ក៏​ដូចជា​ បញ្ចៀស​ការ​អើសរើង​ផង​ដែរ។ ​

សេចក្តី​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ចំណាត់ការ​ដែល​ដាក់​ចេញ​ចុងក្រោយ​ថ្មី​នេះ​ ជា​ផ្នែក​មួយ​នៅ​ក្នុង​ដំណើរការ​ឈាន​ទៅ​រក​ការ​បើក​ដំណើរការ​ឡើង​វិញ​លើ​គ្រប់វិស័យក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ខណៈ​រាជធានី​ភ្នំពេញ​ជា​ទីក្រុង​ដែល​មាន​ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ជូន​ពលរដ្ឋ​អាយុ ​១៨​ឆ្នាំ​ឡើង​ទៅ និង​កុមារ-យុវជន​ដែល​មាន​អាយុ​ចន្លោះ​ ៦ ទៅ ១៨ ឆ្នាំ បាន​សឹង​តែ​ ១០០​ភាគរយ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ លោក យង់ គិមអេង​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​នេះ​ថា ការ​ពង្រឹង​វិធានការ​សុខាភិបាល​និង​ការ​ការពារ​ជាទូទៅ​បន្ថែមលើ​ចំណាត់ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញក្នុង​ការ​បង្ហាញ​បណ្ណចាក់​វ៉ាក់សាំង​កូវីដ​១៩​ជារឿង​ប្រសើរ​មួយ ដើម្បី​ធានា​ថា​ ​ការ​ឆ្លងជំងឺ​កូវីដ១៩​នឹង​មិន​មាន​សន្ទុះ​ខ្លាំង​ នៅ​ពេល​មាន​ការ​បើក​ដំណើរការ​សេដ្ឋកិច្ច​ទាំងស្រុង​ឡើង​វិញ។

លោក​បាន​ថ្លែង​ថា «ចំណាត់ការ​ហ្នឹង​ វា​ជា​ចំណាត់ការ​មួយ​ផ្នែក​ ប៉ុន្តែ​ខ្ញុំ​មិន​ឯកភាព​តាម​ហ្នឹង​ទាំង​ស្រុង​នោះ​ទេ។ ខ្ញុំ​ថា វា​គួរ​តែ​មាន​ការ​គួប​ផ្សំ​វិធានការ​ផ្សេងៗ​ទៀត ព្រោះ​ថា ការ​ចាក់វ៉ាក់សាំង​តែ​មួយ​មុខ​ ហើយ​បើ​សិន​ជា​មាន​ការ​ភ្លេច​វិធានការ​របស់​ក្រសួង​សុខាភិបាល​នៅ​ក្នុងការ​បង្ការការ​ចម្លង​ជំងឺ​កូវីដ១៩ ហ្នឹង​ ខ្ញុំ​ថា​ ក៏​វា​មិនអាច​ទៅ​រួច​ផងដែរ»។

លោក យង់ គិមអេង ក៏​បាន​ជំរុញឲ្យ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានរដ្ឋ​ និងឯកជន​ និង​ម្ចាស់​ទីតាំង​អាជីវកម្ម​ គោរព​និង​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ រួម​មាន​ ការ​វាស់កម្តៅ​ឲ្យ​បាន​ត្រឹមត្រូវ ការ​រក្សា​អនាម័យ​ខ្ពស់​ជា​ដើម ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ មក​លើ​បុគ្គល​ដែល​បាន​ចេញ-ចូល​ទីតាំង​របស់​ខ្លួន។ ​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយពី​លោក ម៉េត​ មាសភក្តី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ទេ​នៅថ្ងៃ​ពុធនេះ។

នៅ​ក្នុង​សារ​សំឡេង​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុកនៅ​ថ្ងៃ​ពុធនេះ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បង្ការ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដើម្បី​ការ​ការពារ​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ បន្ទាប់​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ លោក​បន្ថែម​ថា ការ​រក្សា​កម្រិត​ឆ្លង​ជំងឺកូវីដ១៩​ឲ្យ​នៅ​ទាប​ អាច​ឲ្យ​ប្រទេស​បើក​សេដ្ឋកិច្ច​ទាំង​មូល​ឡើង​វិញ។

«ខ្ញុំ​ព្រះករុណា​សង្ឃឹម​ថា សុវត្ថិភាព​វា​នឹង​អាច​កើត​មាន​បាន ​អាស្រ័យ​លើ​មនុស្ស​ម្នាក់ៗ​ និង​ក្រុម​គ្រួសារ​នីមួយៗ ក្នុង​ពេល​ដើរ​កម្សាន្ត​នេះ។ ហើយ​សុវត្ថិភាព​ក្រោយ​ពេល​ភ្ជុំ​បិណ្ឌ​នេះ​ វា​នឹង​នាំ​ឲ្យ​យើង​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ»។

មក​ទល់​ពេល​នេះ គ្រឹះស្ថាន​ និង​ទីតាំង​អាជីវកម្ម​មួយ​ចំនួន ​ដូចជា​រោង​ភាពយន្ត ​កន្លែង​ហាត់ប្រាណ ​ឬ​រង្គសាល​ជា​ដើម​ ដែល​ត្រូវ​បាន​ចាត់ទុក​ថា ​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ខ្ពស់​ មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​នៅ​ឡើយ​នោះ​ទេ។

រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​របស់​ខេត្តកណ្តាល ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ទាំងស្រុង​រយៈពេល ​១៤​ ថ្ងៃ​ កាល​ពី​ខែ​មេសា ក្រោយ​ពី​មាន​ការ​ផ្ទុះ​ឆ្លង​ក្នុង​សហគមន៍ ក្នុង​ «ព្រឹត្តិការណ៍ ២០​កុម្ភៈ» ​មក៕

XS
SM
MD
LG