ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅកិច្ចប្រជុំសិទ្ធិមនុស្ស អ.ស.ប. ក្រុមបស្ចិមលោករួមគ្នាបរិហារកម្ពុជា


រូបឯកសារ៖ ទិដ្ឋភាពនៃកិច្ចប្រជំុសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
រូបឯកសារ៖ ទិដ្ឋភាពនៃកិច្ចប្រជំុសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។

នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅឯទីក្រុងហ្សឺណែវ អ្នកការទូតនូវែលសេឡង់ បានចេញមុខតំណាងរដ្ឋចំនួនយ៉ាងហោច៤៥ កាលពីថ្ងៃពុធ ដើម្បីធ្វើសេចក្ដីថ្លែងការណ៍មួយបរិហារចំពោះការបង្ក្រាបនយោបាយ និងការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជា នៅមុនការបោះឆ្នោតខែកក្កដា ជាជំហានដែលអ្នកវិភាគម្នាក់បាននិយាយថា ជាការបង្ហាញនូវភាពខុសគ្នាកាន់តែជ្រាលជ្រៅរវាងកម្ពុជា និងលោកខាងលិច។

បណ្ដា​រដ្ឋនានាចំនួន​៤៥​ ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​បានចេញនូវ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ ​បរិហារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ​និង​ការ​ដើរ​បញ្ច្រាស​ទិស​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ​អង្គការ​សហ​ប្រជា​ជាតិ​ ​នៅ​ទី​ក្រុង​ហ្សឺណែវប្រទេស​ស្វ៊ីស។​ ​នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍ ​ដែល​ ​VOA ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍។

​ការរិះ​គន់ធ្ងន់ៗ​របស់​ក្រុម​បស្ចិម​ប្រទេស​ទាំង​នោះ​ ​ត្រូវបាន​ច្រាន​ចោល​និងធ្វើការ​តប​ត​ ​ដោយ​ភាសា​ធ្ងន់ៗ​របស់​អ្នក​ការ​ទូត​កម្ពុជា​ ​ដែល​មាន​វត្តមាន​នៅ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សអង្គការ​សហ​ប្រជា​ជាតិនោះដែរ។

​ក្រុម​ប្រទេស​ទាំង៤៥​ ​ដែល​ភាគ​ច្រើន​ជា​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប ​រួម​មាន​ ​បារាំង​ ​អាឡឺម៉ង់​ ​និង​ចក្រភព​អង់គ្លេស​ ​និង​បូក​បញ្ចូល​ទាំង​សហរដ្ឋ​អាមេរិក​ អូស្ត្រាលី​ ​ផង​ដែរ​នោះ​ ​ត្រូវ​បាន​តំណាង​ដោយ​ប្រទេស​នូវែលសេឡង់​ ​ដែល​ជា​ភាគី​រដ្ឋនាំ​មុខ​ ​បាន​ថ្លែង​ប្រាប់​សម័យ​ប្រជុំ​លើក​ទី៣៧​ ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃពុធ​ថា​ ​ពួកគេបានកត់​សម្គាល់​ជាមួយ​នឹង​«ក្ដីបារម្ភ​យ៉ាង​ជាក់​ច្បាស់»​ចំពោះ​ការ​ដើរ​ថយក្រោយ​នៃ​នាវា​ប្រជា​ធិបតេយ្យ​កម្ពុជា។

​សេចក្ដី​ថ្លែង​ការណ៍​រួម​តំណាង​ឱ្យ​៤៥​ប្រទេស​ ​ត្រូវ​បាន​អាន​ជូន​មហា​សន្និបាត​រួម​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​អ្នកស្រី​ ​Jillian Dempster​ ​ប្រមុខ​ការ​ទូត​នូវែល​សេឡង់​ប្រចាំ​ទី​ស្នាក់ការ​ ​អ.ស.ប.​ ​ក្នុង​ទីក្រុង​ហ្សឺណែវ។​

​សេច​ក្តី​ថ្លែង​ការណ៍​ដែល VOA​ ​បាន​ទទួល​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

​«ខណៈ​ដែល​យើង​ខិត​ជិត​ទៅ​ដល់​ការ​បោះ​ឆ្នោត​ថ្ងៃទី២៩​ ខែកក្កដា​ឆ្នាំនេះ​ ​សុទិដ្ឋិនិយមរបស់​យើង​នា​គ្រា​មុន ​ត្រូវ​បានជំនួស​ដោយ​ក្ដី​ព្រួយ​បារម្ភយ៉ាង​ជ្រាល​ជ្រៅ ​ជុំវិញ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នា​ពេល​ថ្មីៗ​នេះ​ ​នូវ​សិទ្ធិ​ស៊ីវិល​ ​និង​សិទ្ធិ​នយោបាយនៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ជំហាន​ដើរ​ថយ​ក្រោយ​ទាំង​នេះ​ ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​សញ្ញាណ​នៃ​ការ​គាស់​រំលើងដែល​មាន​ចរឹត​ចេះ​តែ​រណ្ថើន​ឡើង​ទៅ​លើ​ក្រុម​នយោបាយ​ជំទាស់ ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ»។

​ក្ដី​បារម្ភ​នោះ​ ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​ដដែល​ ​បណ្ដាល​មក​ពី​ការ​កៀប​សង្កត់​លើ​ដៃ​គូ​ប្រជែងនយោបាយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ​និងភាគី​ពាក់​ព័ន្ធ​សំខាន់ៗ​ផ្សេង​ទៀត ​នៅ​មុន​ការ​បោះ​ឆ្នោតសភា​ខែ​កក្កដា​ឈាន​ចូល​មក​ដល់​ ​រួម​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​បក្ស​ជំទាស់​ធំ​បង្អស់​នៅ​ក្នុង​ប្រទេស​ ​ការ​ចាប់​ខ្លួន​ ​និង​បន្ត​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​កឹម សុខា​ ​ដាក់​ពន្ធនាគារ​ ​ការ​ឱ្យ​កាត​ក្រហម​ដល់​សមាជិក​ជាន់​ខ្ពស់​បក្ស​ជំទាស់​១១៨នាក់​ ​ឱ្យ​នៅ​ក្រៅ​សង្វៀន​នយោបាយ​រយៈ​ពេល​០៥ឆ្នាំ ​និង​ការ​បែង​ចែក​អសនៈ​ជាប់​ឆ្នោត​ទាំង​នៅ​សភា​ ​និង​នៅ​ថ្នាក់​ក្រោម​ជាតិ​ ​ដល់​អ្នក​ជំនួស​ដែល​មិន​បាន​ទទួល​អណ្ណត្តិ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ។

​សេចក្ដី​ថ្លែង​ការណ៍​រួម​ដែល​អន្តរាគមន៍​ដោយ ​អ្នកស្រី ​Jillian ​Dempster ​នៃ​ប្រទេស​នូវែល​សេឡង់ ​បាន​បន្ត​ថា៖​

​«ដើម្បី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​បាន​នូវ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន ​រាល់​ការ​បោះ​ឆ្នោត​ត្រូវ​តែ​រៀប​ចំ​ឡើង​ដោយ​សេរី ​យុត្តិ​ធម៌ ​និង​ត្រឹម​ត្រូវ។​ ​... ​ដំណើរ​ការ​បោះ​ឆ្នោត​មួយ ​ដែល​គណបក្ស​ជំទាស់​ដ៏​ធំ​ចម្បង ត្រូវ​បាន​ដក​ចេញតាម​តែ​អំពើ​ចិត្ត​[មិន​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង] ​មិន​អាច​ត្រូវ​បាន​ពិចារណា​ចាត់​ទុក​ថា​ត្រឹម​ត្រូវ​ ឬ​ស្រប​ច្បាប់​បាន​នោះ​ទេ»។

​បណ្ដា​ប្រទេស​ទាំង​៤៥​ ​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​សើរើ​ឡើង​វិញ​ ​នូវ​ការ​សម្រេច​កាល​ពី​ខែ​វិច្ឆិកា ​ដើម្បី​ធានា​ឱ្យ​គណបក្សសង្គ្រោះ​ជាតិ​ ​អាច​វិល​ត្រឡប់​មក​វិញ ​ជាមួយ​នឹង​ការ​ប្រគល់​ឱ្យ​ឡើង​វិញ​តំណែង​នយោបាយ​នៅ​រដ្ឋ​សភា​ ​និង​ថ្នាក់​ក្រោម​ជាតិ​ ​បូក​រួម​ទាំង​ការ​ដក​បម្រាម​នយោបាយ​ ​និង​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់រួម​ទាំង​លោក​ ​កឹម សុខា​ ​ផង​ដែរ។

​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​រចនា​សម្ព័ន្ធ​នយោបាយ​ ​និង​យោធា​នៃ​របប​ដឹក​នាំ​ប្រទេស​កម្ពុជា​ ​បាន​ប្រកាន់ជំហរ​តឹង​ផ្អឹង ​នា​ពេល​កន្លង​មក ​អំពី​ការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​តាម​រយៈ​បណ្ដឹង​របស់​ខ្លួនទៅ​កាន់​តុលាការ​កំពូល ​កាល​ពី​ឆ្នាំ​មុន និង​ការ​បន្ត​ឃុំ​ខ្លួន​ ​និង​ចោទ​ប្រកាន់​លើ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

​ភ្លាមៗ​នៅ​ឯ​អង្គ​មហា​សន្និបាត​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អ​.ស.ប.​ដដែល​ ​លោក​ ​ណី សំអុល​ ​ឯក​អគ្គ​រាជ​ទូតប្រចាំស្ថាន​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​នៅ​ទី​ក្រុង​ហ្សឺណែវ​ ​បាន​ធ្វើការ​តបត​ ​ដោយ​ជំទាស់​ថា​របៀប​វារៈ​ស្ដីពី​កម្ពុជា​ដែល​ត្រូវបាន​តំណាង​ប្រទេស​នូវែល​សេឡង់​ ​តំណាង​ឱ្យ​រដ្ឋ​ចំនួន​៤៥​ ​លើក​ឡើង​មក​និយាយ​កណ្ដាល​ហ្វូង​ចំណោម​នេះ​ ​មាន​លក្ខណៈ​ខុស​ពី​បែប​បទ​ ​និង​ពិធីការ​នៃ​ការ​ប្រជុំ ​ដែល​គួរ​តែ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នា​ពេល​ក្រោយ។

​លោក ​ណី សំអុល​ ​បានធ្វើ​សេចក្ដីថ្លែង ដែលត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​អក្ខរា​សេចក្ដី​ ​ក្នុង​សម្រង់​ដើម​យ៉ាង​ដូច្នេះ​ថា៖​

​«វា​អយុត្តិធម៌​ណាស់​សម្រាប់​កម្ពុជា​ ​ហើយ​កម្ពុជា​ក៏​មិន​អាច​ទទួល​យក​បាន​ទេ​ដែរ​ ​ក្នុង​ពេល​ដែល​ចំណុច​នៃ​របៀប​វារៈដែល​ត្រូវ​បាន​គេ​កំណត់​រួច​ហើយ​ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ​គឺ​ពេល​ធ្វើ​ការ​ពិភាក្សា​ ​បែរ​ជា​លើក​យក​ចំណុច​ផ្សេងមកជជែកជំនួស​ទៅ​វិញ។​ ​ត្រង់​នេះ​វា​មិន​ខុស​អំពី​អ្វី​ដែល​គេ​បាន​កំណត់​នៅ​ក្នុង​សៀវ​ភៅ​មុខ​ម្ហូបថា​ត្រី​សាឌីន​ ​គឺ​នឹង​ត្រូវដាក់ជូន​ពិសារ​ ​ប៉ុន្តែ​បែ[រ]​ជា​ត្រី​ធូ​ណា ​ត្រូវ​បានគេ​ដាក់​មក​លើ​តុ​ធ្វើ​ជា​ម្ហូប​ជំនួស​វិញ»។

​ប្រមុខ​ការ​ទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សឺណែវ​ ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ ​បរិហារ​តប​ទៅ​វិញ​ចំពោះ​ការ​អំពាវនាវ​របស់​បណ្ដា​រដ្ឋទាំង៤៥​ ​ចំពោះ​អ្វី​ដែល​គេ​ហៅ​ថា​ជា​ការ​បង្ក្រាប​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​ជំទាស់ ​ ​ថា​ជា​ការ​ប៉ុន​ប៉ងប្រើ​ប្រាស់​វេទិកា​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ជា​«ឧបករណ៍​នយោបាយ»​ដើម្បី​បៀត​បៀន​កិច្ច​ការ​ផ្ទៃក្នុង​កម្ពុជា។

​លោក​ ​ណី សំអុល​ ​បាន​ថ្លែងក្នុង​ន័យ​ដើម​ទាំង​ស្រុង​ថា៖​

​«តើ​ហេតុអ្វី​បាន​ជា​គំនិត​ដ៏​គួរ​ឱ្យ​អស់​សំណើច​បែប​នេះ​ត្រូវ​បាន​គេ​ស្នើ​ឡើង?​ ​ហេតុ​ផល​ ​គឺ​ដោយ​សារ​តែ​ប្រទេស​កម្ពុជានឹង​មាន​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​នេះ​ ​ហើយ​ក៏​ព្រោះ​តែ​ពួក​គេ​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របប​ ​ពួក​គេ​មាន​បេក្ខជនដែល​ពួក​គេ​បាន​សន្មត់​ជា​មុន​ ​ដើម្បី​ថា​ជា​អ្នក​ឈ្នះ ​នេះ​គ្រាន់​តែ​ជា​ការ​រៀប​រាប់​ខ្លះៗ​ប៉ុណ្ណោះ។​ ​ហេតុ​ដូច្នេះ​ហើយ ពួកគេគ្មាន​ការ​អៀន​ខ្មាស់ ​ក្នុង​ការ​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ច​ការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​ទេ​ ​ហើយ​ជា​ពិសេស​ការ​ជ្រៀតជ្រែក​ទាំងនេះ ​ធ្វើ​ឡើង​ភ្លាមៗ​នៅ​មុន​ការ​បោះ​ឆ្នោត ​ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ខែ​កក្កដា​នេះ»។

ការណ៍​ដែល​ឈាន​ទៅ​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​តុលាការ​កំពូល​កាល​ពីខែ​វិច្ឆិកា​នោះ​ ​រដ្ឋាភិបាលកម្ពុជា​បាន​ប្រឹង​ប្រែង​ប្រមែ​ប្រមូល​ភស្តុតាង​ដើម្បី​ព្យាយាម​ទាញ​បទ​ចោទ​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​លោក​ ​កឹម​ សុខា ​មានការ​ជាប់​ពាក់​ព័ន្ធ​នឹង​គំរោងការ​ដែល​មាន​លោក​ខាង​លិច​ជា​មេខ្លោង ​ប៉ុន​ប៉ង​ផ្ដួលរំលំ​រដ្ឋ​អំណាច​កម្ពុជា។

គណបក្សសង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​នឹង​ក្លាយ​ជា​គូ​ប្រជែង​ដ៏​ស្វិត​ស្វាញ​ជាមួយ​នឹង​គណ​បក្ស​ប្រជាជនកម្ពុជា​ ​បើ​សិន​ជា​បក្ស​មួយ​នេះ​ចូល​រួម​ការ​បោះ​ឆ្នោត​ខែ​កក្កដា​កន្លង​ទៅ។​ ​ការណ៍​នេះ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​លទ្ធ​ផល​នៃការបោះ​ឆ្នោត​កន្លង​មក។

​ក្នុង​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៣​ ​បក្ស​សង្គ្រោះ​ជាតិ​បាន​ដណ្ដើម​ការ​កាន់​កាប់​កៅអី​រដ្ឋ​សភា​ចំនួន​៥៥​ ​ដែល​នាំ​ឱ្យ​បក្សប្រជាជន​កម្ពុជា​ធ្លាក់​ចំនួន​កៅអី​ពី​៩០អសនៈ​ ​មក​ត្រឹម​៦៨អសនៈ​ ​ក្នុង​ចំណោម​អសនៈ​សរុប​១២៣។​ ​រី​ឯ​ការ​បោះ​ឆ្នោតឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧​ ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ឈ្នះ​បាន​ការ​គ្រប់​គ្រង​ប្រមាណ​១/៣​នៃ​តំណែង​មេ​ឃុំនៅទូទាំង​ប្រទេស​ ​ជាមួយ​នឹង​សម្លេង​ឆ្នោត​គាំទ្រ​ជាង​៤០%។

​នៅ​ក្នុង​បណ្ដា​ប្រទេស​ទាំង​៤៥​ ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ ​គេ​ពុំ​ឃើញ​មាន​ឡើយ​បណ្ដា​រដ្ឋ​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អគ្នេយ៍​(អាស៊ាន)ទាំង​១០​ប្រទេស​ ហើយ​គេ​ក៏​មិន​ឃើញ​មាន​ដែរ​ ​បណ្ដា​មហា​អំណាច​នៅ​អាស៊ី​ ​ដូច​យ៉ាង​ឥណ្ឌា​ ​ជប៉ុន​ ​កូរ៉េខាង​ត្បូង​ ​និង​ប្រទេស​ចិន​ជា​ដើម។

​ក៏​ប៉ុន្តែ​ វត្តមា​ន​របស់​ប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​បាន​តំណាង​ទាំង​៤៥​ ​ដើម្បី​បរិហារ​ស្ថាន​ការណ៍សិទ្ធិ​មនុស្ស​ ​និង​របប​នយោបាយ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ ​ត្រូវ​បាន​គេ​កត់​សម្គាល់​ ​ខណៈ​ដែល​អូស្ត្រាលី​បាន​រក្សា​ភាពស្ងៀម​ស្ងាត់​អស់​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ​ ​ជា​ពិសេស​នៅ​អំឡុង​ពេល​ ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ានអូស្ត្រាលី​ ​កាល​ពីសប្ដាហ៍​មុន​ ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ប្រកាស​ថា​លោក​ទៅ​ចូល​រួម​ដោយ​ជោគ​ជ័យ។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអមស្វាគមន៍ដោយសមាជិកក្រុមប្រឹក្សាឃំុ នៅក្នុងអំឡុងពេលបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអមស្វាគមន៍ដោយសមាជិកក្រុមប្រឹក្សាឃំុ នៅក្នុងអំឡុងពេលបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

​កាលពី​ម្សិល​មិញ​ ​លោក​ ​ហ៊ុន សែន​ ​នៅ​តែ​បន្ត​រក្សា​ជំហរ​មិន​ព្រម​ចរចារ​ ​និង​មិន​បន្ធូរដៃ​នៃ​ការ​បង្ក្រាប​នយោបាយ​នោះ​ឡើយ​ ​ខណៈ​ដែល​នាយក​រដ្ឋ​មន្ត្រី​កម្ពុជាដែល​កាន់​អំណាច​បាន​៣៣ឆ្នាំ​មក​ហើយ​រូប​នេះ ​បាន​ប្រកាស​ជា​បន្ត​បន្ទាប់​បន្ត​កាន់​អំណាចរយៈ​ពេល​១០ឆ្នាំ​ទៅ​មុខ​ទៀត។

​សហរដ្ឋ​អាមេរិក​ដែល​បាន​បដិសេធ​ជា​ហូរ​ហែរ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ ថា​នៅ​ពី​ក្រោយការ​ប៉ុន​ប៉ង​ផ្លាស់​ប្ដូរ​របប​នៅ​កម្ពុជា​ ​បានប្រកាស​ឈប់​ផ្ដល់​ជំនួយ​ដល់​ការ​បោះ​ឆ្នោត​កម្ពុជា​ ​និង​ក្រោយ​មក​បាន​ប្រកាស​ផ្អាក​ឈប់​ផ្ដល់​ជំនួយ​ផ្សេង​ទៀត​ដូច​ជា​ ​កំណែ​ទម្រង់​សមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​ យោធា ​និង​ពន្ធដារ​ជា​ដើម។

​ដោយ​ឡែក​សហភាព​អឺរ៉ុប​ក៏​បាន​ប្រកាស​ឈប់​ផ្ដល់​ជំនួយ​បោះ​ឆ្នោត​កាល​ពី​ខែ​ធ្នូ​ ​និង​បាន​ព្រមាន​ម្ដង​ទៀត​ថា​នឹង​ពិចារណា​ ​ទណ្ឌ​កម្ម​ចំពោះ​បុគ្គល​ជា​ឥស្សរ​ជន​នយោបាយ​កម្ពុជា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប ​និង​សើរើ​ឋានៈ​ពាណិជ្ជកម្ម​រួច​ពន្ធ​របស់​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ទៀត​ផង​ បើ​ស្ថាន​ការណ៍​នយោបាយ​នៅ​តែ​បន្ត​លក្ខណៈ​បែប​នេះ។

​ខណៈ​ដែល​ទំនាក់​ទំនង​ជាមួយ​បស្ចិម​លោក​ ​ដែល​យក​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​បែប​បទ​នៃ​ការ​គោរព​សិទ្ធិ​មនុស្សជា​ត្រីមុខ​ ​កំពុង​តែ​រអិល​ធ្លាក់​ចុះ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិត​ទៅ​រក​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ ​ដែលជា​និច្ចជា​កាល ​បាន​ថ្លែង​ការពារ​កម្ពុជា​នូវ​រាល់​វិធានការ​ចាត់​ការ​ក្រុម​ជំទាស់​ ​ថា​ជា​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​របស់​រាជាណាចក្រ​មួយ​នេះ​ ​ហើយ​បាន​បន្ត​ផ្ដល់​ជា​ជំនួយ ​និង​ការ​គាំទ្រ​ជា​ហូរ​ហែរ ​ទាំង​ផ្នែក​សេដ្ឋកិច្ច ​នយោបាយ ​និង​សន្តិសុខ។

​លោក​ ​ឯម ​សុវណ្ណារ៉ា ​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ ​បាន​និយាយ​ថា​ ​សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​រដ្ឋ​ទាំង​៤៥​ ​បាន​បង្ហាញអំពី​ជំហាន​ថ្មី​មួយ​ទៀត​របស់​សហគមន៍​អន្តរជាតិ​ ​ជា​ពិសេស​បណ្ដា​ប្រទេស​បស្ចិម​លោក​ ​ឆ្លើយ​តប​នឹង​ដំណើរ​វិវត្តន៍នយោបាយ​នា​រយៈពេល​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា​ ​តែ​លោក​ថា​ ​លោក​មើល​មិន​ឃើញ​សញ្ញាណ​ណាមួយ​នៃ​ភាព​ត្រូវ​រ៉ូវគ្នា​រក​ចំណុច​រួម​ ​ដើម្បីទម្លុះ​ទម្លាយ​ភាព​ខុស​គ្នា ទៅ​លើ​វិធានការ​របស់​រដ្ឋ​អំណាច​ខ្មែរ​ទៅ​លើ​ក្រុម​ជំទាស់​នៅ​ឡើយ។

​«ផល​ប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា​ ​វា​ពឹង​ផ្អែក​ទៅ​លើ​សហគមន៍​អឺរ៉ុប ​និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​ហ្នឹង​ភាគ​ច្រើន ​ព្រោះ​ថា​ភាគរយ​ច្រើន​នៃ​ការ​នាំ​ចេញ​របស់​យើង​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ​អាមេរិក ​អូស្ត្រាលី​ អី​ជា​ដើម។ ​តែ​ប្រសិន​បើ​កម្ពុជា​ឈរ​ជំហរ​ផ្សេង ​ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត ​ឬ​ការ​យល់​ឃើញ​ទៅ​លើ​ដំណើរ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ​នោះ​កម្ពុជា​អាចប្រឈម​នឹង​បញ្ហា​ទាក់​ទង​នឹង​សេដ្ឋកិច្ច​ហ្នឹង​បាទ!»។

​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​រូប​នេះ​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​ថា​ ​ស្ថាន​ការណ៍​នយោបាយ​ដែល​ក្រុម​ជំទាស់ត្រូវ​បាន​ដាក់ឱ្យ​នៅ​ក្រៅ​ច្បាប់​ ​ទំនង​ជា​នឹង​មិន​អាច​ប្រែ​ប្រួល​នោះ​ទេ ​បើ​សិន​ជា​មិន​មាន​វិធានការណ៍​ផ្នែក​ហិរញ្ញវត្ថុ ​និងសេដ្ឋកិច្ច​ណាមួយ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ទីក្រុង​ភ្នំពេញ ​បើ​ទោះ​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​អាច​មិន​ទាន់​ត្រូវ​បាន​ប្រើ​ភ្លាមៗ​ក្ដី។

​«យើង​កសាង​ទំនាក់​ទំនង​ជាមួយ​ចិន​ជា​កិច្ចការ​មួយ​ល្អ​ហើយ​ ​សម្រាប់​កម្ពុជា​ជា​រដ្ឋ​មួយ​តូច​ ​បើ​យើង​ធៀប​ជាមួយ​នឹង​ចិន និង​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​តំបន់ ​ប៉ុន្តែ​កម្ពុជា​មិន​គួរ ​គេ​ហៅ​ថា ​ដើរ​នយោបាយ​ណា​មួយ​ឱ្យ​ប្រាស​ចាក​ពី​លោកខាង​លិច​ ​និង​ផល​ប្រយោជន៍​លោក​ខាង​លិច​បាន​នោះ​ទេ»។

​បើ​យោង​តាម​របាយការណ៍ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ ​មូលនិធិ​ ​Bertelsmann ​Stiftung​ ​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេសអាឡឺម៉ង់​ និង​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ សប្ដាហ៍​នេះ​ដែរ ​បាន​ដាក់​ពិន្ទុ​នៃ​សុខភាព​ប្រជាធិបតេយ្យនៅ​កម្ពុជា​ ​បាន​ត្រឹម​ ​៣.៦​ ​ក្នុង​ចំណោម​ពិន្ទុ​ពេញ​ ​១០​ ​ដោយ​ព្រមាន​ថា​ ​បើ​សិន​ជា​ការ​បង្ក្រាប​លើ​គណបក្ស​សង្គ្រោះ​ជាតិមិនមាន​លក្ខណៈ​ធូរ​ស្រាល​នោះ​ទេ​ ​វានឹង​បង្កើន​នូវ​លទ្ធភាព​នៃ​ជម្លោះ​ដែល​អាច​ផ្ទុះ​ឡើង​គ្រប់​ពេល​វេលា​ ​ពី​ពេល​នេះដល់​ការបោះ​ឆ្នោត​ជាតិ​ថ្ងៃទី២៩ ​ខែកក្កដា​ ​ឆ្នាំ២០១៨​ខាង​មុខ​នេះ៕​

XS
SM
MD
LG