ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថ្កោល​ទោស ​ការ​ប្រើ​ហិង្សា​ក្រៅ​ប្រព័ន្ធ​ច្បាប់​និង​អំពាវនាវ​ឲ្យ​​បញ្ឈប់​ការ​ប្រើ​ហិង្សា​​ទាំង​នោះ


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។(ឡេង ឡែន/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។(ឡេង ឡែន/VOA)

បន្ទាប់ពី​មាន​ករណី​​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​​លើ​អ្នក​បើកបរ​ដែល​ទទួល​រង​ការ​ចោទ​ថា​ ​បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​និង​បើក​រត់នោះ​ ​កាលពីថ្ងៃពុធម្សិល​ម៉ិញ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​បង្ហាញ​ការ​សោក​ស្តាយ​ ​និង​ឈឺចាប់​​ហើយ​ថា​ ​អាជ្ញាធរ​ចាប់​បាច់​ត្រូវ​ចាត់​វិធានការ​លើ​ជន​បង្ក​ឲ្យ​បាន​ម៉ឺងម៉ាត់។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅព្រឹក​ថ្ងៃ​ពុធ​នេះ​ ​ប្រកាស​ថ្កោល​ទោសចំពោះ​ការ​ប្រើ​ហិង្សា​លើ​លោ​កសាស្រ្តាចារ្យ​ ​ស៊ុយ សារ៉េត​ ​កាលពី​សប្តាហ៍​កន្លង​ទៅ​ ហើយ​ថា​ ​លោក​«មាន​ការ​ឈឺ​ចាប់»​ ​ដែល​កម្ពុជា​កើត​មាន​នូវ​អំពើ​ហិង្សា​លើ​ដង​វិថី​បែប​នេះ។

ថ្លែង​ក្នុង​ពិធីជួប​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​ ​មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​៥​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ​ ​រាជធានី​ភ្នំពេញ​ ​លោក​នាយក​រដ្ឋមន្រ្តី​លើក​ឡើង​ថា​ ​ការ​ប្រើ​ហិង្សា​លើ​អ្នក​បើក​បរក្នុង​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​មិនមែន​ជា​រឿង​ត្រូវ​ស្វាគមន៍​នោះ​ទេ​ ​តែ​លោក​ថា​ ​គឺ​ជា​រឿង​ដែល​ត្រូវ​ថ្កោល​ទោស។​

លោក​បញ្ជាក់​ថា៖​

«មិន​គួរ​គប្បី​ប្រទេស​កម្ពុជា​យើង​មាន​ស្ថានភាព​បែប​នេះ​ទេ​ ​ហើយ​បែប​នេះ​មិនមែន​ជា​សីលធម៌​របស់​មនុស្ស​ទេ ​តែ​នេះ​គឺជា​ប្រភេទ​ដែល​យើង​ត្រូវ​តែ​បញ្ចៀស​ ​កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​អនាធិបតេយ្យ​ ​ហើយ​មាន​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​បែប​នេះ​ឲ្យ​សោះ»។​

លោក​នាយក​រដ្ឋមន្រ្តី​បន្ថែម​ថា​ ​លោក​ឈឺ​ចាប់​ដែល​កម្ពុជា​កើត​មាន​នូវ​វប្បធម៌​ហិង្សា​បែប​នេះ​ ​និង​ថា​ ការ​ប្រើហិង្សាគឺ​ជា​សកម្មភាព​មិន​ត្រឹមត្រូវ​ ​ដែលចាំបាច់​ត្រូវ​មានការចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ជន​ដែល​បង្ក​ហិង្សា​ទាំង​នោះ​ ​ដើម្បី​បញ្ជៀស​ការ​ប្រើហិង្សា​ ​ឬ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ចោរ​លួច​ ចោរ​ប្លន់ក៏​ដូចគ្នា​ដែរ។​ ​យើង​ត្រឹមរួម​ចំណែក​ចាប់​ ​ប៉ុន្តែយើង​គ្មាន​សិទ្ធិ​ដើម្បី​នឹង​វាយ​តប់​ ឬក៏​គ្មាន​សិទ្ធិ​នឹងធ្វើការសម្លាប់​នោះ​ទេ។ ​ខ្ញុំ​ពិត​ជា​មាន​ការ​សោកស្តាយ ​និង​បង្ហាញ​នូវ​ការ​ឈឺ​ចាប់ ហេតុ​អ្វី​ទៅ​បាន​វា​កើត​នូវ​សីលធម៌​បែប​នេះ​ចំពោះ​មនុស្ស​មួយ​ចំនួន​តូច​ណា​មួយ​នោះ?​ ​ឥឡូវ​ត្រូវ​បាន​ចាប់​ខ្លួន​មួយ​ចំនួន​ហើយ​ ​យើង​នឹង​បន្ត​តាម​ស្វែង​រកចាប់​ខ្លួន​បន្ត​ទៅ​ទៀត​ ​ដែល​មិន​ត្រូវ​ឲ្យ​ជន​ពាល​បែប​នេះ​ ​បង្កើត​ឡើង​នូវ​ស្ថានភាព​ ​ហើយ​ដោយ​ខ្វះ​ការ​ទទួល​ខុសត្រូវ​ ​ចំពោះ​ផ្នែក​ព្រហ្មទណ្ឌ​នោះ​ទេ»។​

បុរសម្នាក់បានរងរបួសជាទម្ងន់ ក្រោយពីមហាជនមួយចំនួនបានព្រួតគ្នាវាយ បន្ទាប់ពីបុរសម្នាក់នេះត្រូវបានចោទប្រកាន់ថាបានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់។ (រូបភាពដកស្រង់ពីហ្វេសប៊ុក)
បុរសម្នាក់បានរងរបួសជាទម្ងន់ ក្រោយពីមហាជនមួយចំនួនបានព្រួតគ្នាវាយ បន្ទាប់ពីបុរសម្នាក់នេះត្រូវបានចោទប្រកាន់ថាបានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់។ (រូបភាពដកស្រង់ពីហ្វេសប៊ុក)

កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​ ​កន្លង​ទៅ​ ​លោក​ ​ស៊ុយ សារ៉េត​ ​ព្រឹទ្ធ​បុរស​នៃ​មហា​វិទ្យាល័យ​សិល្បៈ​ ​មនុស្ស​សាស្រ្ត​ ​និង​ភាសា​ ​និង​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​ ​បាន​រង​ការវាយ​យ៉ាង​ដំណំ​ទៅ​លើ​ក្បាល​ និង​មុខ​របស់​លោក​ ​បណ្តាល​ឲ្យ​ឈាម​ស្រោច​ជោគជាំ​ទៅ​លើ​ខ្លួន​ ​បន្ទាប់ពី​លោក​រងការ​ចោទ​ថា​ ​បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​និង​បើក​រត់។​ ​ក្រោយ​កើត​ហេតុ​ភ្លាមៗ​ ​លោក​ ​ស៊ុយ សារ៉េត​ ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ ​នៅ​ឯ​ប្រទេស​វៀតណាម។​ ចំណែក​សមត្ថកិច្ច​បាន​ប្រកាស​តាម​ចាប់ជន​បង្ក​យក​ទៅ​ផ្តន្ទាទោស​ជា​បន្តបន្ទាប់។​

ការ​វាយ​ប្រហារ​ដោយ​ក្រុម​មនុស្ស​បាន​កើត​ឡើង​ច្រើន​នៅ​ប្រទេស​កម្ពុជា​ក្នុង​ករណី​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​រួច​បើក​រត់​ និងក្នុង​ករណី​ចាប់​បាន​ជន​សង្ស័យ​ ​ឬ​ជន​ដៃ​ដល់​ក្នុង​ករណី​រំលោភ​សម្លាប់​ ​និង​ចោរកម្ម​ផ្សេងៗ។​ ​ពលរដ្ឋ​បាន​បញ្ចេញ​កំហឹង​របស់​ពួក​គេ​ទៅ​លើ​ជន​សង្ស័យ​ដែល​មាន​ករណី​ខ្លះ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ​រហូត​ដល់​ស្លាប់។​

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​និង​ការ​វិវត្ត​សង្គម​លើក​ឡើង​ថា​ ​ការ​កើន​ឡើង​នៃ​ការ​វាយ​តប់​របស់​ក្រុម​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ជា​ការ​បង្ហាញ​ពី​ភាព​ផុយ​ស្រួយ​នៃ​សន្តិភាព​ក្នុង​សង្គម​ខ្មែរ​ ​និង​ការ​បាត់បង់​ជំនឿលើ​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា។​

បន្ទាប់ពី​លោក ស៊ុយ សារ៉េត ​រង​ការ​ប្រើ​ហិង្សា ​លោក ប៉ា ចន្ទរឿន ​ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ដន៍​ និង​សីលធម៌​កម្ពុជា​លើក​ឡើង​ថា ​ទង្វើ​របស់​ប្រជា​ពលរដ្ឋ ​ដែល​វាយ​តប់​ទៅ​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ កំពុង​បង្ហាញ​ពីភាព​ផុយ​ស្រួយ​នៃ​សន្តិភាព​ក្នុង​សង្គម។ លោក​បន្ថែម​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​បញ្ចេញ​សកម្ម​ភាព​អសីលធម៌​ និង​ជា​វប្បធម៌​អាក្រក់បែប​នេះ​ គឺ​បណ្តាល​មក​ពី​ការ​មិន​ទុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​សង្គម។​

លោក​បញ្ជាក់​ថា៖​

«ក្នុង​ទ្រឹស្តី​វិទ្យាសាស្រ្ត​សង្គម​គឺ​នៅ​ពេល​ដែល​ប្រជាជន​បាត់បង់​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​ ​ប្រព័ន្ធ​យុត្តិធម៌​ ប្រព័ន្ធ​តុលាការ​ ការ​អនុវត្ត​ច្បាប់​ហ្នឹង​ ​ប្រជាជន​លែង​ប្រើប្រាស់​ច្បាប់​ ​ហើយ​ លែង​គោរព​ច្បាប់​ហើយ​ ហើយ​មាន​តែ​ប្រើប្រាស់​វិធីសាស្រ្ត​ផ្ទាល់​ខ្លួន​ដែល​គាត់​អាច​គិត​ឃើញ​ហ្នឹង​គឺ​ព្រលែង​កំហឹង​ ប្រព្រឹត្ត​អំពើ​ហិង្សា​ជាក់​ស្តែង​ទៅលើ​បុគ្គល ​ដល់​ពេល​ខ្លះ ​ខ្វះ​ការ​គិត​គូរ​ពិចារណា​ លែង​គិត​គូរ​ថា​ បុគ្គល​ណា​ខុស ​បុគ្គល​ណា​ត្រូវ»។​

លោក​ ​ប៉ា ចន្ទរឿន ​បន្ថែមថា​ ការ​ប្រើ​អំពើ​ហិង្សា​ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​ការ​ពិចារណា​ទាំង​នោះ​ នឹង​ធ្វើ​ឲ្យប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម​ជាតិ​ទាំង​មូល​ ហើយ​ថា​ ​សមត្ថកិច្ច​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ​ដោយ​ស្មើភាព​ ​និង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ឲ្យប្រជា​ពលរដ្ឋ​បាន​ដឹង​ពី​ទោស​ទណ្ឌ​ និង​ការ​ទទួល​ខុសត្រូវ​ផ្លូវ​ច្បាប់ ​ដែល​បណ្តាល​មក​ពី​ទង្វើ​ទាំង​នោះ៕

XS
SM
MD
LG