ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកការពារ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​យុវជន​ដើម្បី​បន្ត​ការងារ​សង្គម


បុរស​ម្នាក់​អង្គុយ​លើ​ម៉ូតូ​របស់​លោក ដែល​ចត​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី ២៦ ខែ​សីហា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
បុរស​ម្នាក់​អង្គុយ​លើ​ម៉ូតូ​របស់​លោក ដែល​ចត​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី ២៦ ខែ​សីហា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

សង្គម​ស៊ីវិលផ្នែក​សិទ្ធិមនុស្ស​លើកឡើងថា រដ្ឋាភិបាលគួរ​ដោះលែង​យុវជនដែល​តែង​សកម្ម​ក្នុងការងារ​សង្គម​ ​ដើម្បីឲ្យពួកគេ​អាចបន្តការងារ​ជា​ប្រយោជន៍​ និង​ដើម្បី​ស្ដារ​មុខ​មាត់​ប្រទេសឲ្យរួច​ផុត​ពី​ការ​ដាក់​ទណ្ឌ​កម្មអន្តរជាតិ​។ ​

ក្រុម​សង្គម​ស៊ីវិល​ការពារ​សិទ្ធិដែលមាន​អង្គការ​លីកាដូ និងសមាគម​អាដហុក លើកឡើង​បែប​នេះ​ក្រោយ​សាលាឧទ្ធរណ៍កាលពីថ្ងៃទី​ ៥ ខែធ្នូ បាន​បដិសេធសំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្នរបស់​សមាជិក​ក្រុម​យុវជន​ ​និង​និស្សិត​ចំនួន ៥ ​នាក់នៃ​សមាគម​ស​ម្ព័ន្ធ​និស្សិត​ប​ញ្ញ​វ័ន្ត​ខ្មែរ​ (KS​I​L​A​) ​និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (​Y​R​D​P​)។​

នាយកទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក​ អំ​ សំអាត​ ប្រាប់​វីអូអេនៅ​ថ្ងៃសុក្រ​នេះ​ថា​ យុវជនទាំង ៥ នាក់​ បានចូលរួម​ក្នុងកិច្ច​ការពារ​សិទ្ធិ​មនុស្ស​ បរិស្ថាន​ ធនធាន​ធម្មជាតិ​ ដីធ្លី​ ជាពិសេស​នៅ​ក្នុងកិច្ច​ការងារ​ជួយ​ដល់​សង្គម។ លោកថា ការ​បន្ត​ឃុំ​ខ្លួន​ពួកគេ​កាន់តែធ្វើឲ្យ​កម្ពុជារង​នូវ​ការ​រិះគន់​បន្ថែម​ពី​សហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងការ​រឹតត្បិត​សេរីភាព​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។​

លោក​ថ្លែងថា​៖ «ការ​ចាប់ខ្លួន​ទៅ​លើសកម្មជន​ ឬក៏​សកម្មជន​បរិស្ថាន​អីជាដើម​ តែងតែ​មាន​ការរិះគន់ ការលើកឡើង​អំពី​សហគមន៍​អន្តរជាតិ​ថា វាជា​ការរឹតត្បិត​សេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ ដែល​ធ្វើឲ្យប៉ះពាល់ទៅ​ដល់ការ​ចូលរួម​ ឬក៏​ភាព​សកម្មរបស់​យុវជន​ ឬ​ក៏អ្នក​ដែល​ការពារ​សិទ្ធិមនុស្ស​ បរិស្ថាន​ និងធនធាន​ធម្មជាតិជាដើម​»។

លោក​ស្នើឲ្យ​រដ្ឋាភិបាលកម្ពុជា​គោរព​តាមបទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ និងបំពេញ​កាតព្វកិច្ច​នៅ​ក្នុង​ការ​គោរព​តាមបទ​ដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​ និងធានាអំពីការ​អនុវត្ត​សិទ្ធិសេរីភាព​របស់ពលរដ្ឋ​។​

ចំណែក​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ យី សុខ​សាន្ត​ បាន​ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រនេះដែរថា តុលាការ​គួរទម្លាក់​ចោលបទចោទប្រកាន់ដើម្បី​ឲ្យយុវជន​មានសេរីភាព​នៅ​ក្នុង​ការ​ចូលរួម​ធ្វើការងារ​សង្គម​ឡើងវិញ។

លោក​ថ្លែងថា​៖ «រដ្ឋាភិបាល​ក៏គិតដែរ​ គិតពី​ប្រយោជន៍​ជាតិ​ដែរ​ ដើម្បី​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ​ ក៏ដូចជា​សេរីភាព​ចូលរួម​ការងារ​សង្គម​ ការងារ​នយោបាយ​គឺគួរ​តែដោះលែង​សកម្មជន​នយោបាយ​ ក៏ដូច​ជាសកម្មជន​បរិស្ថាន​ហ្នឹង ​គឺថា​ឲ្យពួកគាត់​មាន​សេរីភាព​ឡើងវិញ​ ដើម្បី​ស្ដារ​កិត្តិយស​ប្រទេស​ជាតិ​យើង កុំ​ឲ្យមាន​ជាប់ទណ្ឌកម្ម​បន្ត​ទៅទៀត»។

យុវជន​ទាំង ​៥ នាក់ ដែល​ត្រូវ​បាន​សាលាឧទ្ធរណ៍បដិសេធ​មិនឲ្យនៅក្រៅឃុំរួមមាន​ លោក​ ធី​ ថន​ និង​កញ្ញា​ រៀម​ ស្រីពេជ្រ​រតនា​ ជាអនុប្រធានសមាគម​ស​ម្ព័ន្ធ​និស្សិត​ប​ញ្ញ​វ័ន្ត​ខ្មែរ​ កញ្ញា​ សើន​ ស្រីម៉ៃ​ ​ជា​សមាជិក​សមាគម និង​បុគ្គលិក​ ​អង្គការកម្មវិធីអភិវឌ្ឍន៍​ធនធាន​យុវជន​ លោកស្រី​ សាក់​ កន្និការ​ និង​លោក​ ឈាង​ ឬទ្ធី​។ ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន និង​ឃុំខ្លួន​ពីបទ​រួមគំនិត​ក្បត់ដែលអាចប្រឈម​នឹង​ការ​ជាប់​ពន្ធនា​គារ​រហូតដល់​ ១០ ឆ្នាំ​ ពាក់ព័ន្ធ​នឹងការ​បញ្ចេញមតិ​ និង​ប្រមូលផ្ដុំ​គ្នា​ជុំវិញ​បញ្ហា​តំ​បន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ (CLV)។ នេះ​បើតាមអង្គការ​លីកាដូ។​

អនុ​ប្រធាន​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ លោក​ ឃុន​ លាង​ម៉េង​ ប្រាប់​វីអូអេថា​ ​ចៅក្រម​សម្រេច​មិន​អនុញ្ញាតឲ្យ​ជនជាប់ចោទនៅ​ក្រៅឃុំ ដោយសារនីតិវិធី​ស៊ើប​សួរ​កំពុង​ដំណើរ​ការ។ ​

លោក​ថ្លែងថា​៖ «នីតិវិធី​ស៊ើបសួរ​របស់ចៅ​ក្រម​ស៊ើប​សួរ​កំពុង​ដំណើរ​ការ​ ណា​មួយ​ជន​ត្រូវ​ចោទហ្នឹងអត់​ទាន់​បាន​ឆ្លើយ​ទេ​ គាត់​សុំ​អត់ទាន់​ឆ្លើយ​ អ៊ីចឹង​រង់ចាំឲ្យចៅក្រម​សួរ​ចម្លើយ​គាត់សិន​»។

បើតាម​អង្គការ​លីកាដូ យុវជន​ទាំង​ ៥ នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ចាប់តាំង​ពី​ខែ​សីហា​ ​ឆ្នាំ​ ២​០​២​៤​ ​អំឡុង​ពេល​មានការ​ចាប់ខ្លួន​ពលរដ្ឋ​ជាង​ ១០០ ​នាក់​ ​ដែលជាអ្នក​ចូលរួម​បញ្ចេញ​មតិ​ ​ឬ​លើកឡើង​ពី​ផែនការ​ប្រមូល​ផ្តុំ​គ្នា​ទាក់ទង​នឹង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ​កម្ពុជា​ ​វៀតណាម​ ​និង​ឡាវ​ (C​L​V​-​D​T​A​) ដែលរដ្ឋាភិបាល​កម្ពុជា​ទើប​សម្រេចដកខ្លួន​ចេញ។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជាលោក​ ប៉ែន​ បូណា លើកឡើង​ថា​ សេរីភាព​បញ្ចេញមតិ​ សេរីភាព​ក្នុងការ​ជួបជុំ​ ការបោះពុម្ព​ផ្សាយនៅ​កម្ពុជា​មាន​គ្រប់គ្រាន់ ​ធានា​ដោយរដ្ឋ​ធម្មនុញ្ញ​កម្ពុជា​។

លោក​ថ្លែងថា​៖ «ជនណា​ក៏ដោយ​មិនអាច​ប្រើសេរីភាព​នេះ​ដោយ​រំលោភ​ទៅលើ​សិទ្ធិ ​កិត្តិយស​ សេចក្ដីថ្លៃថ្នូរ​របស់​អ្នកដទៃ​ រំលោភ​ទៅលើ​ទំនៀម​ទម្លាប់​ប្រពៃណី​ល្អរបស់​ប្រទេសជាតិ​ ទៅលើ​សណ្ដាប់​ធ្នាប់​សាធារណៈ​ ឬក៏​សន្តិសុខ​ជាតិបាន​ឡើយ។ ឲ្យតែអនុវត្តបាន​ប៉ុណ្ណឹង គឺថា​សេរីភាព​ពេញទី តែកុំឲ្យ​ទៅបំពានគេ កុំទៅបំពានច្បាប់»។

កាលពីថ្ងៃ​ទី ​២៨​ ខែវិច្ឆិកា សភា​សហភាព​អឺរ៉ុប​បានថ្កោល​ទោស​ចំពោះ​ការ​គាប​សង្កត់​អង្គការ​សង្គម​ស៊ីវិល​ពី​សំណាក់រដ្ឋាភិបាល​កម្ពុជា ហើយ​បានអំពាវ​នាវ​ឲ្យមាន​ការដោះ​លែងអ្នក​ទោស​ន​យោ​បាយ និង​សកម្មជន និង​ជំរុញ​ឲ្យ​បញ្ឈប់​ការយាយី​ប្រឆាំងនឹង​អង្គការ​សិទ្ធិ​មនុស្ស។ សភា​សហភាពអឺ​រ៉ុប​ក៏​បាន​អំពាវ​នាវ​ឲ្យ​គណៈ​កម្មការ ​និង​រដ្ឋសមាជិក​គិត​គូរ​ឡើងវិញ​លើ​ការ​ផ្លាស់​ប្តូរ​ចំពោះ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ លើក​លែង​សព្វាវុធ» ហៅកាត់ថា​ EBA ​ក៏​ដូច​ជាបញ្ជូន​សារ​ច្បាស់​លាស់​មួយ​ថា​ «ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ការ​ការពារ​សិទ្ធិ​សេរី​ភាពរបស់​សង្គម​ស៊ីវិល ​គឺ​ជា​លក្ខ​ខណ្ឌ​កំណត់​ទុក​ជា​មុន​សម្រាប់​កិច្ច​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម និង​ការវិនិយោគ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG