ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​ពី​សិទ្ធិមនុស្ស ​​និង​ដំណើរ​ឆ្ពោះ​ទៅ​របប​ផ្តាច់ការ​នៅ​កម្ពុជា


រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។
រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។

កំណត់​និពន្ធវោហាសាស្រ្ត​គំរាម​កំហែង​ជា​បន្តបន្ទាប់​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​រដ្ឋមន្ត្រី​កម្ពុជា​ ដែល​ចង់​កម្ទេច​អ្នក​តវ៉ាពី​ ១០០ ​ទៅ​២០០​នាក់​ និង​ការព្រមាន​វាយ​ក្បាល​នឹង​គល់​ឫស្សីបាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​សម្រាប់​សកម្មជន​សិទ្ធិមនុស្ស ជា​ពិសេស​ក្នុង​ពេល​ដែលប្រទេស​កម្ពុជា​កំពុងតែ​រៀបចំ​ឆ្ពោះ​ទៅ​ការបោះឆ្នោត​ជាតិ​នៅ​ខែកក្កដា ​ឆ្នាំ​២០១៨។ លោក​ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ​អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) ​ប្រចាំ​តំបន់​អាស៊ី​ផ្តល់​បទសម្ភាសន៍​ជាមួយ​លោក ម៉ែន គឹមសេង ​នៃ​ VOAពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

VOA៖ សូមជម្រាប​សួរ​លោក ហ្វ៊ីល រ៉ូប៊ឺតសុន!

លោក រ៉ូប៊ឺតសុន៖ សូមជម្រាបសួរ!

VOA៖ សូមអរគុណ ដែល​ផ្តល់ឱកាស​សម្ភាស​ដល់ VOA។ កាលពីពេលថ្មីៗ​នេះ​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​បាន​ព្រមាន​កម្ទេច​មនុស្ស​ពី ១០០​ ទៅ​២០០នាក់ ប្រសិន​បើ​ពួកគេ​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌។ តើ​លោក​យល់​ថា សភាពការណ៍​សិទ្ធិមនុស្ស​នឹង​វិវត្ត​យ៉ាងណាដែរ​ ឈានទៅ​ដល់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាងមុខនេះ?

លោក​ រ៉ូប៊ឺតសុន៖ យើង​មើលឃើញ​ការ​បង្ក្រាបលើ​សិទ្ធិ​ជាមូលដ្ឋាន​ខាងផ្នែក​សិទ្ធិស៊ីវិល​ និង​នយោបាយ ហើយ​នៅ​ពេល​ណា​ដែល​ខ្ញុំ​និយាយ​ពី​បញ្ហា​នេះ​គឺ ​ខ្ញុំ​សំដៅ​លើសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ សមាគម​ និង​សិទ្ធិ​ក្នុង​ការ​ជួបជុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ នៅ​ពេល​ដែល​លោក​ហ៊ុន សែន​ឬ​មន្ត្រី​របស់​គាត់​និយាយ​ពី​ការ​បង្ក្រាប​បដិវត្តន៍​ពណ៌​គឺ​ គាត់​សំដៅ​លើ​ការ​បង្រ្កាប​លើ​ការ​ជួបជុំ​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ​សាមញ្ញ​ ដើម្បី​សម្តែង​មតិ​របស់​ពួកគេ។

ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​មួយ​ចំនួន​របស់​អង្គការ​សហប្រជាជាតិ​ដូចជា​ កតិកា​សញ្ញា​ស្តី​ពី​សិទ្ធិ​ស៊ីវិល ​និង​នយោបាយ ដែល​តម្រូវ​ឱ្យ​ប្រទេស​កម្ពុជា​ត្រូវ​ការ​ពារ​សិទ្ធិ​ទាំងអស់​នេះ។ មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កំពុងតែ​វាយ​ប្រហារ​សិទ្ធិ​ទាំងនេះ និង​គំរាមកំហែង​ថា ​នឹង​ប្រើ​ហិង្សា​ដោយ​ថ្លែង​ថា ​ពួកគេ​មាន​សិទ្ធិ​បង្ក្រាប​ពលរដ្ឋ​ បើ​សិន​ជា​ពលរដ្ឋ​តវ៉ា។

VOA៖ នៅ​សប្តាហ៍​នេះ​លោក​ហ៊ុន សែន​បាន​និយាយ​ដោយ​ចំ​ចោទប្រកាន់​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ផ្សាយពាក្យ​ចចាម​អារ៉ាម​ពាក់​ព័ន្ធ​នឹង​សុខភាព​ និង​ការ​ស្លាប់​បាត់​បង់​ជីវិត​របស់​គាត់​។ បើ​មិន​អីចឹង​ទេ​ទាហាន​នឹង​ធ្វើការ​បង្ក្រាប​ពួកគេ​ហើយ។ តើ​លោក​យល់​យ៉ាង​ណាដែរ​ពី​អត្ថាធិប្បាយ​នេះ?

លោក ​រ៉ូប៊ឺតសុន៖ នេះ​ជាការ​បង្ហាញ​ថា​ វា​ជា​អំពើផ្តាច់ការ​ដែល​ជ្រក​ក្រោម​ផ្លាក​ប្រជាធិបតេយ្យ។ នៅ​ពេល​ណា​ដែល​លោក​ហ៊ុន សែន​និយាយ​ថា​ គ្មាន​អ្នក​ណា​អាច​និយាយ​ពី​គាត់ ហើយ​បើ​ហ៊ាន​គឺ​ នឹង​ត្រូវ​កងកម្លាំង​ប្រដាប់​អាវុធ​វាយ​ប្រហារ​នោះ​ គឺ​មានន័យ​ថា​ កងយោធា​ និង​ប៉ូលិស​គឺ​ជា ​សាខា​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​។ លោកដឹងទេ​នេះ​គឺ​ជា ​បញ្ហា​ដែល​យើង​ឃើញ​នៅ​គ្រប់ស្ថានភាព​ទាំងអស់​នៃ​នយោបាយ​កម្ពុជា​។ ជា​ការ​ពិត​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ។ ចៅក្រម ​និង​តុលាការ​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​។ យើង​ឮ​មន្ត្រី​និយាយ​ថា ​មន្ត្រី​រាជការ​ត្រូវ​តែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពេល​បោះឆ្នោត​ខាងមុខ​បើ​មិន​អីចឹង​ទេ​គឺ​ នឹង​បាត់​បង់​ការងារ។

យើង​ឃើញ​ការ​ប្រើប្រាស់​ប៉ូលិស ​និង​ទាហាន​ជា​ពិសេស​ពួក​សេនាជន​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។ គ្រប់​ក្បាល​ម៉ាស៊ីន​ទាំងអស់​របស់​រដ្ឋ​ត្រូវ​គេ​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ និង​ការពារ​ផលប្រយោជន៍ គណបក្ស​នយោបាយ​មួយ​គឺ គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​ការ​ធ្វើ​ដូច្នេះ​គឺ​ ពួកគេ​មិន​ខ្លាច​នឹង​រំលោភ​សិទ្ធិ​មនុស្ស។ ពួកគេ​មិន​ខ្លាច​នឹង​ប្រើប្រាស់​ការ​ចោទ​ប្រកាន់​ក្លែងក្លាយ​ប្រឆាំង​នឹង​ពលរដ្ឋ​មិន​ថា​តែ​លើ​លោក​សម រង្ស៊ី​ ឬ​អ្នកការពារសិទ្ធិ​មនុស្ស​អាដហុក​ទាំង៥នាក់​ និង​លោកស្រី​ទេព វន្នី​ដែល​ជា​អ្នក​តវ៉ា​តំបន់​បឹងកក់​ទេ។ ពួកគេ​មិន​ខ្លាច​នឹង​ប្រើប្រាស់​អំពើ​ហិង្សា​នៅ​តាម​ដង​វិធី​ ដើម្បី​បង្រ្កាប​ពលរដ្ឋ​ទេ​ ដែល​ក្នុង​នោះ​អាច​បាញ់​គ្រាប់ពិត ​ឬ​ការ​វាយ​តប់​ ដើម្បី​បង្ក្រាប​អ្នក​តវ៉ា។ នេះ​គឺជា​ ក្បួនខ្នាត​នៃ​របប​ផ្តាច់ការ​មិនមែន​របប​ប្រជាធិបតេយ្យ​ទេ។

ក្នុង​ខណៈពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ត្រៀមលក្ខណៈ​រៀបចំការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ខ្ញុំ​គិត​ថា​ អ្នក​ដែល​ចាប់​អារម្មណ៍​នឹង​ប្រទេស​កម្ពុជា​ និង​អនាគត​នៃ​ប្រទេស​នេះ​ ជាពិសេស​លើ​ពលរដ្ឋ​កម្ពុជា​គឺ ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់។

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

VOA៖ ជា​ការ​គួរឱ្យ​ចាប់​អារម្មណ៍​ណាស់​នៅ​ពេល​ដែល​លោក​និយាយ​ពី​កង​កម្លាំងប្រដាប់​អាវុធ​ដែល​នៅ​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ក្នុង​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​សន្និបាត​បញ្ចូល​សមាជិក​គណៈកម្មាធិការ​កណ្តាល​ថ្មី​ចំនួន៣០៦​នាក់​គឺ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រក​ឃើញ​ថា​ សមាជិក​ចំនួន​១១៦នាក់​គឺជា អ្នក​គ្រប់គ្រង​កងកម្លាំងប្រដាប់​អាវុធ។ ប៉ុន្តែ​លោក​ហ៊ុន សែន​បែរជា​និយាយ​ថា​ បើ​សិន​ជា​គាត់ស្លាប់​គឺ ​កងកម្លាំងយោធា​នឹង​ចេញមក​បង្ក្រាបគណបក្ស​ប្រឆាំង​ដោយសារ​តែគ្មាន​អ្នកគ្រប់គ្រង​ប្រទេស។​ តើ​មេដឹកនាំ​ដទៃ​ទៀត​ក្រុម​យោធា​មិន​ស្តាប់​ទេឬ? ឬ​ក៏​មាន​សញ្ញា​នៃ​ការ​បែកបាក់​ណាមួយ​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា?

លោក ​រ៉ូប៊ឺតសុន៖ យើង​ត្រូវតែ​ដឹង​ថា​ មេដឹកនាំ​ក្នុង​ជួរកងទ័ព​ និង​ប៉ូលិស​ជា​អ្នក ​ដែល​គាំទ្រ​និង​ស្មោះស្ម័គ្រ​នឹង​លោក​ហ៊ុន សែន ​តាំងតែ​ពី​សម័យ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍ ​១៩៨០​។ នេះ​គឺជា ​មនុស្សដែល​ជា​អតីត​សម​មិត្ត​រួមអាវុធ​ជាមួយ​នឹង​លោក​ហ៊ុន សែន​ប្រយុទ្ធ​នឹង​ពួក​អ្នក​តស៊ូ​នៅ​តាម​ជាយដែន។ សូម្បី​តែ​ក្នុង​អំឡុងពេល​គ្រប់គ្រង​ដោយ​អង្គការ​សហប្រជាជាតិ​អ៊ុនតាក់​នៅ​កម្ពុជា​ក៏​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​រក​ឃើញ​នូវ​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស ​និង​ធ្វើឃាត​ប្រព្រឹត្ត​ ដោយក្រុមនេះ ​និង​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ ដែល​ប្រព្រឹត្តដោយ​មនុស្ស​ដែល​នៅ​ជុំវិញ​លោកហ៊ុន​ សែន។

ក្រុម​នេះ​ស្មោះស្ម័គ្រ​នឹង​លោក​ហ៊ុន សែន​រាប់​ឆ្នាំ​មក​ហើយ​។ សំណួរគឺ​ថា​ បើ​សិន​ជា​អត់​ពី​លោក​ហ៊ុន សែន​ទៅ​តើ​ពួកគេ​នឹង​ស្តាប់​អ្នក​ណា​ផ្សេង​ទៀតទេ? យើង​អត់​ដឹង​ទេ។ ខ្ញុំគិត​ថា​ សូម្បី​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិន​ដឹង​ថា ​នឹង​មាន​អ្វី​កើតឡើង​ទេ​ បើ​សិន​ជា​អត់​ពី​លោក​ហ៊ុន សែន​នោះ។ បើ​សិនជា​និយាយ​ថា​ អ្នកណា​នឹង​គ្រប់គ្រង​លើ​អ្វី ហើយ​អ្នក​ណា​នឹង​ស្មោះត្រង់​នឹង​អ្នក​ណា គឺ​ពិត​ជា​ ពិបាក​ខ្លាំង​ណាស់​។ អ្វី​ដែល​ខ្ញុំ​អាច​និយាយបាន​គឺថា​ ហ៊ុន សែន​កាន់អំណាច​ជាង​៣០ឆ្នាំ​ហើយ​ រី​ឯល្បិច​កល​របស់​គាត់​មិន​ផ្លាស់​ប្តូរ​ទាល់​តែ​សោះ​។ គាត់​សុខចិត្ត​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ណា​ក៏​ធ្វើ​ដែរ​ឱ្យ​តែ​នៅ​រក្សា​អំណាច​បាន។

VOA៖ តើ​គាត់​មាន​អំណាច​ជាង​មុន​ ក្រោយ​ពី​ប្រធាន​របស់​គាត់​គឺ​លោក​ជា ស៊ីម​បាន​ស្លាប់​បាត់​បង់​ជីវិត​ ឬ​ក៏​នៅ​តែ​ដដែល​ទេ?

លោក ​រ៉ូប៊ឺតសុន៖ ជា​ការ​ច្បាស់ណាស់​គាត់​មាន​អំណាច​ជាង​មុន​ច្រើន​។ ឥឡូវនេះ​គាត់​ស្ថិត​នៅក្នុង​ដំណាក់កាល​មួយ​ ដែល​ប្រមូល​ផ្តុំ​អំណាច​លើ​ផ្នែក​ផ្សេងៗ​ ដែល​គាត់​មិន​អាច​គ្រប់គ្រង​បាន​កាល​ពី​ពេល​មុន។ ក្នុង​នោះ​មានដូចជា ការ​អនុម័តច្បាប់​គ្រប់គ្រងអង្គការ​សង្គមស៊ីវិល​ ដែល​ពេលនេះ​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ភ័យខ្លាច​ថា​បើ​សិន​ជា​ពួកគេ​និយាយ​អ្វី​មួយ​ខុស​ ដែល​រដ្ឋាភិបាល​មិន​ពេញចិត្ត​គឺ​ អាច​ប្រឈម​នឹង​ការ​ព្យួរ​ការងារ ​ឬ​រំលាយ​ចោល។ ច្បាប់​ស្តីពី​សហជីព​ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង​លើ​សកម្មភាព​របស់​សហជីព។ នេះ​គឺ​ជាអ្វី​ដែល​លោក​ហ៊ុន សែន​ធ្លាប់​តែ​ស្រមៃចង់​ធ្វើ​តាំងពី​១០​ ឬ​១៥ឆ្នាំ​មុន​ម្ល៉េះ។ ពួកគេ​ទើបតែ​ធ្វើ​បាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពីរឆ្នាំ​នេះ​ទេ។ ខ្ញុំ​អាច​និយាយ​ថា​ គាត់​ច្បាស់ជា​មាន​អំណាច​ជាង​មុន។ គាត់​មិន​ខ្វល់ថា​ នឹង​មាន​អ្នក​ប្រឆាំង​នៅ​ក្នុង​បក្ស​ទេ។

យើង​មើលមិនឃើញទាល់តែ​សោះថា​ មាន​អ្នក​ណា​ហ៊ានប្រឆាំង​នឹង​ការ​គ្រប់គ្រងរបស់​គាត់។ បញ្ហា​តែ​មួយ​គត់​ដែល​ហាក់​មិន​ច្បាស់លាស់​នោះ គឺ​ថា​តើ​សុខភាព​គាត់​នឹង​បន្ត​ទៀត​ ឬ​យ៉ាងណា? ឬ​ក៏​គាត់​ឈឺ​ជាង​អ្វី​ដែល​យើង​មើល​ឃើញ? ខ្ញុំ​មិន​ចង់​និយាយ​ស៊ី​ជម្រៅ​លើ​បញ្ហា​នេះ​ទេ ​ប៉ុន្តែ​អាច​បញ្ជាក់​បាន​ថា​ គាត់​ប្រើប្រាស់​ល្បិច ​ដែល​តែងតែ​ប្រើដដែល​ៗ​ដើម្បី បំភិតបំភ័យ​ ត្រួតតា និង​រំលោភសិទ្ធិ​មនុស្ស​។ នេះ​ជាការ​វិល​ត្រឡប់​មក​ប្រើ​ល្បិច​ចាស់ ដែល​គាត់​ប្រើ​ក្នុងឆ្នាំ​២០០៨ ​ដែល​គណបក្ស​ប្រជាជន​កម្ពុជាមិន​ខ្លាច​ក្នុង​ការ​ប្រើ​ហិង្សា​លើ​បក្ស​ប្រឆាំង​ សកម្មជន​នយោបាយ ​និង​បេក្ខជន​ដែល​នៅ​ថ្នាក់​មូលដ្ឋាន​ ដើម្បី​ជា​លេសគំរាមកំហែង​អ្នកដទៃ​ទៀត។ នេះ​គឺ​ជាល្បិច​សម្លាប់​កូន​មាន់​ដើម្បីបន្លាច​ស្វា។ នេះគឺជា​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រើ​ប្រាស់​ដដែលៗ​ ហើយ​ថ្មីៗនេះ​គឺជា អ្វី​ដែល​គាត់​ប្រើ​លើ​អ្នកការពារ​សិទ្ធិ​មនុស្ស​អាដហុក​ទាំង​៥នាក់​។

ពួកគេ​ចោទ​ប្រកាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ ដោយ​បទ​ចោទ​ក្លែងក្លាយ​ ឃុំឃាំង​ពួកគេ​អស់​ពេល​ជាង១ឆ្នាំ​ បដិសេធ​មិន​ឱ្យ​នៅ​ក្រៅ​ឃុំ រហូត​ទាល់​តែ​ពួកគេ​មាន​បញ្ហា​សុខភាព​ ដែល​អាច​ឈឺ​ និង​មាន​បញ្ហា​នៅ​ក្នុង​គុក​ ទើបគណបក្ស​ប្រជាជន​សម្រេច​ដោះលែង​ពួកគេ​។ សារ​នេះ​គឺ​ថា​បើ​សិន​ជា​អ្នក​ឯង​ប្រឆាំង​នឹង​យើង​គឺ​ យើង​នឹង​ធ្វើ​ជីវិត​អ្នក​ឯង​ឱ្យ​ដូច​ធ្លាក់​នរក ដោយសារ​យើង​អាច​ត្រួតត្រា​តុលាការ​បាន។ យើង​អាច​គ្រប់គ្រង​ប៉ូលិស​បាន​។ នេះគឺជាអ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដាក់​សកម្មជន​សិទ្ធិមនុស្ស​អាដហុក​ទាំង៥​នាក់​ និង​អ្នក​ស្រី​ទេព វន្នី។

រូបឯកសារ៖ កម្លាំងប៉ូលិសត្រូវបានដាក់ពង្រាយ ខណៈមានការតវ៉ានៅមុខព្រឹទ្ធសភាប្រឆាំងនឹងការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)
រូបឯកសារ៖ កម្លាំងប៉ូលិសត្រូវបានដាក់ពង្រាយ ខណៈមានការតវ៉ានៅមុខព្រឹទ្ធសភាប្រឆាំងនឹងការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)

VOA៖ បើនិយាយ​ពីច្បាប់​គឺ លោកបាន​លើកឡើងពី​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គមស៊ីវិល ច្បាប់​សហជីព ហើយ​កាលពីពេល​ថ្មីៗ​នេះ​កម្ពុជា​ទើបតែដាក់ឱ្យ​ប្រើ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​បន្ទាប់​ពី​ធ្វើ​វិសោធនកម្ម​រួចរាល់។ តើ​វា​នឹង​ប៉ះពាល់​យ៉ាង​ណា​ដែរ​ដល់​ដំណើរការ​របស់​គណបក្សប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា?

លោក ​រ៉ូប៊ឺតសុន៖ វាគឺជាការ​គួរឱ្យ​ព្រួយបារម្ភណាស់។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាន​ពីរ​លើក។ គេ​គ្រប់គ្នា​និយាយ​ជា​ទូទៅ​ពី​វិសោធនកម្ម​ចុងក្រោយ​ ដែល​ហាម​មិន​ឱ្យ​ប្រើ​ប្រាស់ឈ្មោះថ្នាក់​ដឹកនាំ​ ដែល​មានទោស។ យើង​ត្រូវ​យល់​ឱ្យ​ច្បាស់ពី​ចំណុចនេះ។ ទោសទណ្ឌ​ប្រឆាំងនឹង​លោក​សម រង្ស៊ី​មាន​យូរឆ្នាំ​មក​ហើយ​ដែល​គួរ​តែ​ត្រូវ​លើកលែង​ចប់​សព្វគ្រប់​ប៉ុន្តែ​រដ្ឋាភិបាល​បែរ​ជា​រក្សា​ទុក ​ហើយ​លោក​សម រង្ស៊ីគួរតែ​ត្រូវ​គេ​អនុញ្ញាត​ឱ្យ​វិលត្រឡប់​ចូល​ស្រុក​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់។

ប៉ុន្តែ​បញ្ហា​គឺ​នៅត្រង់ថា​ រដ្ឋាភិបាល​មិនគ្រាន់​តែមាន​អំណាច​ដែល​អាច​ហាមឃាត់ការប្រើប្រាស់​ឈ្មោះ ​និង​រូបថត​របស់​មេដឹកនាំ​បក្ស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​ក៏​មាន​សិទ្ធិ​ព្យួរ​ប្រតិបត្តិការ​របស់​គណបក្ស​នយោបាយ​ជា​អចិន្ត្រៃយ៍​ បើ​សិន​ជា​ពួកគេ​យល់ថា​គួរតែ​ធ្វើ​បើ​ទោះ​បី​ជា​មាន​ហេតុផល​តែ​បន្តិច​បន្តួចក៏ដោយ។ ឬ​ក៏ពួក​គេ​អាច​ប្តឹង​ទៅ​តុលាការ​ដែល​គណបក្ស​ប្រជាជន​គ្រប់គ្រង​ឱ្យ​រំលាយ​គណបក្ស​ណាមួយ​ក៏​បាន។ ពួកគេ​មាន​លទ្ធភាព​ដាច់ខាត​ក្នុង​ការ​ធ្វើ​អ្វី ក៏​បាន​តាម​ពួកគេ​ចង់​បាន​នៅ​ក្នុង​ឆាក​នយោបាយ​ ពីព្រោះ​ពួក​អាច​អាច​គំរាមកំហែង​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​ដូចជា​គណបក្ស​នយោបាយ។

VOA៖ សំណួរ​ចុង​ក្រោយ។ តើ​សហគមន៍​អន្តរជាតិគួរ​តែ​ធ្វើដូចម្តេច ​ដើម្បី​ធានា​ឱ្យ​មានការ​ផ្លាស់ប្តូរជា​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា?

លោក ​រ៉ូប៊ឺតសុន៖ ខ្ញុំ​គិត​ថាម្ចាស់​ជំនួយ និង​រដ្ឋាភិបាល​ផ្សេងៗ​ ក៏ដូចជា​អង្គការ​សហប្រជាជាតិ​ចង់​ឃើញប្រទេស​កម្ពុជា​ជោគជ័យ។ អ្នក​ដែល​ចង់​ឃើញ​ប្រទេស​កម្ពុជា​ ដែលរុងរឿង និង​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវតែ​ទទួល​ស្គាល់​ថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ ដែល​ចាប់​ផ្តើម​តាំង​ពី​សម័យ​អ៊ុនតាក់​នោះ​កំពុងតែ​ដើរ​មក​ជិតដល់ច្រកបរាជ័យ។ ពួកគេ​ត្រូវ​ទទួល​ស្គាល់​ថា​ គណបក្ស​ប្រជាជន​ដែល​បង្កើត​រដ្ឋាភិបាល​នៅ​ពេល​ឥឡូវនេះ​គឺ​ មិន​គោរព​សិទ្ធិ​មនុស្ស​ និង​គោលការណ៍​ជា​មូលដ្ឋាន​ដោយ​ប្រើប្រាស់​វិធី​ជាច្រើន​ដូច​ជា​ការ​គ្រប់​គ្រង​លើ​យន្តការ​អំណាច​ផ្សេងៗ​ ហើយ​បើ​មិន​មាន​ការ​គោរពសិទ្ធិ​មនុស្ស​ និង​មិន​មាន​ការបោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​ដោយ​គ្មាន​ការ​គំរាម​កំហែង​ ដោយ​គ្មាន​ការលម្អៀង ​និង​ដោយ​គ្មាន​ការ​រើសអើងទេ​គឺ ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ដួលរលំ។

លោក​ដឹង​ទេ​ថា​ ការ​ដក​ពិសោធន៍​ដ៏​ធំ​ ដែល​មនុស្ស​គ្រប់គ្នា​និយាយ​អំពី​ប្រទេស​កម្ពុជាប្រកាន់​តាមលទ្ធិប្រជាធិបតេយ្យ ហើយ​មាន​ការ​រីកចម្រើន​ដែល​ពលរដ្ឋ​អាច​រស់រាន​មានជីវិត​បាន​គឺ ​កំពុងតែ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ហើយ។ ​លោកមើល​តែចំនួន​ពលរដ្ឋ​ខ្មែរ​ ដែល​ទៅ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេសថៃ​ទៅ​គឺ​ដឹង​ហើយនេះ​ ដោយសារ​តែ​ពួកគេ​មិន​មាន​ដីធ្លី​។ ពួកគេ​មិន​អាច​ប្រកបរបរ​ចិញ្ចឹម​ជីវិត​នៅ​តំបន់​ជនបទ។ ការងារ​នៅក្នុង​ទីក្រុង​មិន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​វ័យក្មេង។ នេះគឺជា​ប្រទេស​ដែល​កំពុងតែ​ជួប​នឹង​វិបត្តិ​។ បើ​សិន​ជា ​លោក​មើល​នូវអ្វីដែល​នឹង​អាចកើត​ឡើង​នៅ​បឹង​ទន្លេសាប​ដោយ​សារតែ ការសាងសង់​ទំនប់កាត់ទន្លេ​នៅ​ខ្សែ​ទឹក​ខាងលើ​ គឺ​លោក​នឹង​ដឹង​ថា​ពលរដ្ឋ​ចាប់​ផ្តើម​បាត់​បង់​ប្រភព​ស្បៀង​ ដោយ​សារតែ​ការផ្លាស់ប្តូរចរន្ត​ទឹក​ទន្លេមេគង្គ ដូច្នេះប្រទេស​កម្ពុជា​កំពុងតែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ជួប​នឹង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ។ ហើយ​តើ​រដ្ឋាភិបាល​មាន​ដំណោះស្រាយ​អ្វី​ទេ​?

យើង​ឃើញតែ​រដ្ឋាភិបាល​រំលោភសិទ្ធិ​មនុស្ស​ដើម្បី​គ្រប់គ្រង​អំណាច​ រដ្ឋមន្ត្រី​បើកបរ​ឡាន​ស្អាតៗ​ហើយ​រស់នៅ​ក្នុង​ផ្ទះវីឡា​ និងមាន​គណនី​ធនាគារ​នៅប្រទេស​សិង្ហបុរី។ ស្ថានភាព​គឺ​ គណបក្ស​មួយ​លួច​ឆក់ប្លន់​ធនធាន​របស់​ប្រទេស​ ហើយ​រំលោភ​សិទ្ធិ​អ្នកណា​ដែល​ហ៊ាន​ជំទាស់។ នេះ​គឺជា​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​។ ខ្ញុំ​គិតថា​ ឆ្នាំ​២០១៨​ក៏​នឹង​ជា​ឱកាស​មួយ​ដែល​ពលរដ្ឋ​អាច​និយាយ​ថាការ​ជះលុយ​ដោយ​មិន​គិត​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​ និងការ​បន្ត​ទុក​ឱ្យ​មាន​បរិយាកាស​នយោបាយ​មាន​មេដឹកនាំ​ឈាន​ទៅ​រក​ការដឹកនាំ​ផ្តាច់​ការ​គឺ នឹង​មិន​ទទួល​បាន​ផល​អ្វីទេ​ ទោះបី​ជា​ផ្តល់​លុយ​ប៉ុណ្ណា​ក៏ដោយ។ ​

VOA៖ សូម​អរគុណ​លោក​ហ្វ៊ីល រ៉ូប៊ឺតសុន​ដែល​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ។​

លោក រ៉ូប៊ឺតសុន៖ សូមអរគុណ។

XS
SM
MD
LG