ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការពារ​សិទ្ធិ​មនុស្ស​​រិះគន់​ការ​ព្រ​មាន​ហិង្សា​​របស់​លោក​ ​វង សូត​ ​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច


រូបឯកសារ៖ លោក វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា។ (កាន់ វិ​ច្ឆិកា/VOA)
រូបឯកសារ៖ លោក វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា។ (កាន់ វិ​ច្ឆិកា/VOA)

ការព្រមាន​របស់​លោក​ ​វង សូត​ រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ ​ក្រុម​អង្គការ​ជាតិ​ ​និង​អន្តរជាតិ​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស ​ដោយ​លើក​ឡើង​ថា​​វា​ជា​ការ​ប្រើ​សម្តី​​​​​​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​បំបិទ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ​ ​និង​មិន​សាក​សម​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​សង្គម​​កិច្ច។​

នា​ថ្ងៃ​ពុធ​នេះ​ ​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជាតិ​ ​និង​អន្តរជាតិ​រិះគន់​រដ្ឋ​មន្រ្តី​ក្រសួង​សង្គម​កិច្ច​ដែល​បាន​ព្រមាន​វាយ​សំពង​អ្នក​តវ៉ា​លទ្ធផល​ឆ្នោត​ដោយ​ប្រើ​ដំបង​ឬស្សី។​ ​អ្នការពារ​សិទ្ធិ​មនុស្ស​ ​ថា​នេះ​ជា​ការប្រើ​ពាក្យ​សម្តីផ្ទុយ​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​និង​គួរ​តែ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តួនាទីជា​រដ្ឋមន្រ្តី​ក្រសួង​លើក​កម្ពស់​សុខុមាល​ភាព​សង្គម​មួយ​នេះ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច​កាល​ពី​ថ្ងៃចន្ទ​ ​លោក​ ​វង សូត​ រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុវនីតិ​សម្បទា​ ​លើក​ឡើង​ថា ​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ប្រើ​កម្លាំងដើម្បី​បង្ក្រាប​ទៅ​លើ​បក្សប្រឆាំង​ ​និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ណា​ដែល​ប្រឆាំង​ទៅ​នឹង​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​ ឆ្នាំ​២០១៨ ​ដោយ​ព្រមាន​សំពង​ក្បាល​ដោយ​គល់​ឫស្សី។​

លោក​ ​វង សូត​ ​បញ្ជាក់​ថា៖

«បោះឆ្នោត​លើក​នេះ​ ​បើ​មាន​បញ្ហា​តវ៉ា​ទៀត​ ​ត្រូវ​ក្បាល​ម៉ា​គល់​ឫស្សី​ហើយ។​ ​ច្បាស់​អញ្ចឹង​ហ្មង​ ​អត់​មាន​ឲ្យ​បើក​សិទ្ធិ​ឲ្យ​តវ៉ា​អី​ទេ។​ ​តវ៉ា​ ​តបាន​ ​តតាម​ផ្លូវច្បាប់ អត់​បិទ​ទេ​ ​ច្បាប់​គេ​ឲ្យ​យើង​តវ៉ា​យ៉ាងម៉េច ដាក់​ពាក្យ​ប្តឹងអី​យ៉ាងម៉េច​ ​ដាក់​ប្តឹង​យ៉ាង​ម៉េច។​ ​អត់​ឲ្យ​ពួកអ្ហែង​ថា​យល់ថា​ដាក់​ប្តឹង​យ៉ាងម៉េច​ ​បើ​ពួក​ហ្នឹង​សុទ្ធ​តែ​គ្នា​វា?​ ​អើ​បើ​អ្ហែង​មិន​ប្តឹង​អត់​ទៅ អ្ហែងធ្វើ​ខុសច្បាប់​ ​ចាប់​ដាក់​គុក។ ​អាហ្នឹង​គាត់​ចង់​និយាយថា​ ​យើង​ប្រើ​អំណាច​ស្រប​ច្បាប់​ហើយ​ហ្នឹង។​ ​ហើយ​បើ​ថា​ចាប់​វា​មិន​បាន​ ​អា​ច្បាប់​ហ្នឹង​នៅ​ចន្លោះ​ប្រហោង​ ​អញ​បបួល​គ្នាធ្វើ​ច្បាប់ទៀត។​ ​ថា​ម៉េច​បាន​បបួល​គ្នា?​ ​ចុះ​បើ​អញ​ឈ្នះ​ហើយ​ ​អញ​ចង់​ធ្វើ​អីក៏បាន»។​

លោក​ ​វង សូត​ ​បាន​បន្ថែមដោយ​លើកយក​សម្តី​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ក្នុង​កិច្ច​ប្រជុំផ្ទៃ​ក្នុងបក្សដើម្បី​ដាក់​ចេញ​យុទ្ធសាស្ត្រ​របស់​ខ្លួន​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ខែកក្កដា​ ​ឆ្នាំ​ក្រោយ​ ​កាល​ពី​ថ្ងៃអាទិត្យ​ថា​ ​ប្រសិន​បើ​មន្ត្រី​រាជការមិនគាំទ្រ​រដ្ឋា​ភិបាល​ដែល​កើត​ចេញ​ពី​គណបក្ស​កាន់​អំណាច​ ​គឺ​ត្រូវ​លាលែង​ចេញ​ពី​ការងារ។​

លោក​បាន​បន្ថែម​ថា៖​

«មន្ត្រី​ស៊ី​ប្រាក់​ខែ​របស់​រដ្ឋ​ឲ្យអព្យាក្រឹត្យ​ ​ប៉ុន្តែ​កុំ​ភ្លេច​ណា​ថា​រដ្ឋ​នេះ​វា​កើត​ពី​បក្សហ្នឹង​ ​អញ្ចឹង​ហើយ​ខ្ញុំ​គិត​ថា​មន្ត្រី​យើង​ទាំងអស់​ត្រូវ​តែ​មាន​ឥរិយាបថ​មួយ​ច្បាស់លាស់​រឿង​បក្ស​ អត់​មាន​ញ៉េញ៉ូ​ទេ។​ ​បើ​ថា​មិន​ច្បាស់​ទៅ​ណា​ទៅ បើ​មិន​នៅ​ក្នុង​បក្ស​ប្រជាជន​ទេ មិន​បាច់​នៅ​ទេ ​ទៅ​នៅ​ណា​ទៅៗ​ ​គណបក្ស​នេះ​ក៏​អត់​ស្វាគមន៍​ដែរ​ បើ​ស្រឡាញ់​គណបក្ស​ចាំ​នៅ បើ​មិន​ស្រឡាញ់​គណបក្ស​មិន​បាច់​នៅ​ចាំ​ស៊ីពែ​របស់​គណបក្ស​អី​ទៀត​ទេ»។​

ការព្រមាន​របស់​លោក​ ​វង សូត​ រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ ​ក្រុម​អង្គការ​ជាតិ​ ​និង​អន្តរជាតិ​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស ​ដោយ​លើក​ឡើង​ថាវា​ជា​ការ​ប្រើ​សម្តីជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​បំបិទ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ​ ​និង​មិន​សាក​សម​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច។​

លោក​ ​Phil Robertson​ ​នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីរបស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​បាន​ឆ្លើយ​ប្រាប់​ VOA​ ​តាម​រយៈសារអេឡិច​ត្រូវ​និក ​ឬ​អ៊ីមែល​នារ​សៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​ការ​និយាយ​របស់​រដ្ឋមន្ត្រី​លោក​ ​វង សូត​ ​គឺ​ជា​ការនិយាយបំបិទ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ​ ​ដើម្បី​យក​ចិត្ត​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន ។​ ​ជាង​នេះ​ទៀត​ ​លោក​ ​វង សូត​ ​គួរ​តែ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច​ ​ដែល​ជា​ក្រសួងមាន​តួនាទី​លើក​កម្ពស់​សុខុ​មាល​ភាព​សង្គម។

រូបឯកសារ៖ លោក​ ​Phil Robertson​ ​នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីរបស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក​ ​Phil Robertson​ ​នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីរបស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ (អូន ឆេងប៉រ/VOA)

លោក​ Phil Robertson​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

​«គាត់​ ​[វង សូត]​ ​មិន​សាកសម​នឹង​ការងារ​ដែល​លើក​កម្ពស់​សុខុមាល​ភាព​សង្គម​នៅ​ពេល​គាត់​គិតថា ការ​វាយ​សំពង​ប្រជាជន​ដោយ​ប្រើ​ដំបង​ឬស្សី គឺជា​វិធីសាស្រ្ត​ត្រឹមត្រូវ ប្រសិនបើ ពួកគេ​ហ៊ាន​បញ្ចេញ​មតិ​យោបល់​ខុសគ្នា​ពី​រដ្ឋាភិបាល​ ​ឬ​ការ​តវ៉ា​ដោយ​សន្តិវិធី​ដើម្បី​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​របស់​ពួក​គេ។​ ​ហើយ​គាត់​បាន​បង្ហាញ​ពីការ​មិន​អើ​ពើ​ ​ចំពោះ​គោលការណ៍​លទ្ធិប្រជា​ធិបតេយ្យ​ទំនើប​ ​នៅ​ពេល​ដែល​គាត់​បរាជ័យ​ក្នុង​ការទទួល​ស្គាល់​ថា​ ​នៅ​ក្នុង​លទ្ធិ​ប្រជា​ធិបតេយ្យ ​អ្នក​នយោបាយ​ត្រូវបាន​ជ្រើស​រើស​ឲ្យ​ធ្វើការ​សម្រេចចិត្ត​លើ​ច្បាប់ និង​គោល​នយោបាយ​ ​ប៉ុន្តែ​មន្ត្រី​រាជការ​ស៊ីវិល​មាន​ភារកិច្ច​ខុសៗ​គ្នា​ ​ដូចជា​អនុវត្ត​មុខងារ​ប្រចាំថ្ងៃ​របស់​រដ្ឋាភិបាល​តាម​របៀប​មិន​លំអៀង និង​មាន​វិជ្ជាជីវៈ»។​

កាល​ពី​ចុង​ខែ​ឧសភា​ ​ពោល​គឺ ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤​ ​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ ​លោក​ ​ទៀ បាញ់​ ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ ក៏​បាន​ព្រមាន​វាយ​បំបែក​ធ្មេញ​អ្នក​ដែល​ហ៊ាន​តវ៉ា​ក្រោយ​ការ​បោះ​ឆ្នោត​ផង​ដែរ។​ ​ចំណែក​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ក៏​សកម្ម​ក្នុង​ការ​ព្រមាន​ថា​ ​ប្រទេស​នឹង​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម​ ​ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ចាញ់​ឆ្នោត។​

លោក ​ស៊ឹង សែនករុណា​ ​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​លើកឡើង​ថា​ ​ការ​ព្រមាន​របស់​លោក​ ​វង សូត​ ​ជា​ការ​ជំរុញ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​នៅ​កម្ពុជា​ ​និង​ជា​ការ​គំរាម​កំហែង​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ។​ ​លោក​បន្ថែម​ថា​ ​ការ​បន្ត​ប្រើ​ប្រាស់សារ​ព្រមានរបស់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាលទាំងនោះ​ ​ដោយ​មិន​មាន​ចំណាត់ការ​ដាក់​វិន័យ​ណា​មួយ​ នឹងធ្វើឲ្យជះឥទ្ធិពល​អវិជ្ជមាន​ក្នុង​ការអនុវត្ត​ការ​ងារ​នៅក្នុង​សង្គម។​

លោក​ ​ស៊ឹង សែនករុណា​ ​មាន​ប្រសាសន៍​ថា៖​

«កន្លងមក​មាន​មន្រ្តី​សមត្ថកិច្ច​ប្រដាប់​អាវុធ​មួយ​ចំនួន​បាន​ប្រើប្រាស់​ហិង្សា​លើ​អ្នក​តំណាងរាស្រ្ត​ ​អីជា​ដើម​ហ្នឹង​ ​ត្រូវបាន​លើក​ទឹក​ចិត្ត ហើយ​ឡើង​ឋានៈ​ទៅ​ទៀត។​ ​រួមទាំង​មាន​ការលើក​ឡើង​ពីរឿង​មុនៗ ដែល​រដ្ឋមន្រ្តី​មុន​មក​មិនមាន​ចាត់​វិធានការ​ព្រមាន​ដើម្បី​កុំ​ឲ្យ​មាន​ការ​ប្រើ​កាយ​វិការ​ ​ឬ​ពាក្យ​សម្តី​បែប​នេះ​ ​ដាក់​ប្រជាពលរដ្ឋ​ ​ឬ​អ្នកគាំទ្រ​សកម្មជននយោបាយ​ណា​ បក្ស​ណា​មួយ​ ​គឺ​មិន​ឃើញ​មាន​ចំណាត់​ការ»។​

ក្រោយ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣​ ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​ម៉ឺន​នាក់​ ​បាន​ចូលរួមដង្ហែ​ក្បួន​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាច្រើន​ថ្ងៃ​ ​តវ៉ា​មិន​ទទួល​ស្គាល់លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ ​និង​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ចុះ​ចេញ​ពី​តំណែង។​

​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ ​បាតុកម្ម​ទាមទារប្រាក់​ខែជាច្រើន​កន្លែង​បានកើតឡើងជា​បន្ត​បន្ទាប់។​ ​កង​ទ័ព​ពិសេស​នៃ​កង​ពល​៩១១​ ​ដែល​គេ​ស្គាល់​ថា​ជា​ជំនិត​លោក​ ​ហ៊ុន សែន​ ​បាន​បើក​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​បាតុករ​ទាំង​នោះនៅ​ថ្ងៃ​ទី​២​ ​ខែ​មករា​ ​ឆ្នាំ២០១៤។​ ​មួយ​ថ្ងៃ​ក្រោយ​មក​ ​គឺ​ថ្ងៃ​ទី​៣​ ​ខែ​មករា​ ​ឆ្នាំ​២០១៤​ ​មាន​មនុស្ស​បួន​នាក់​បាន​ស្លាប់​ ​ម្នាក់​បាត់​ខ្លួន​ ​ហើយ​២៤​នាក់​ផ្សេង​ទៀត​ ​បាន​រង​របួស​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បង្ក្រាប​បាតុកម្ម​នោះ​ ​ដោយ​ក្នុង​ថ្ងៃ​នោះ​ ​មាន​ការ​បាញ់​រះ​មួយ​បាន​កើត​ឡើង​ពី​ក្រុម​សមត្ថកិច្ច​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​ ​កាណាឌីយ៉ា​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ​លើ​កំណាត់​ផ្លូវ​វេង​ស្រេង៕

XS
SM
MD
LG