ក្នុងពិធីចែកសញ្ញាប័ត្រមួយនៅរាជធានីភ្នំពេញ កាលពីដើមសប្ដាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកការវាយប្រហារទៅលើ ក្រុមប្រឆាំងនឹងរូបលោក ដែលលោកចោទថា បានបំផុសព័ត៌មានមិនពិតអំពីការស្លាប់របស់លោក។ លោកនាយករដ្ឋមន្ត្រី ថ្លែងថា លោកនឹងមិនមែនជាមុខសញ្ញា ដែលត្រូវបានកម្លាំងប្រដាប់អាវុធចាត់ការមុននោះទេ តែក្រុមជំទាស់ទាំងនោះទៅវិញទេ ដែលនឹងត្រូវកងកម្លាំងប្រដាប់អាវុធចាត់ការមុន។
លោក ហ៊ុន សែន មិនបានបញ្ជាក់ថាតើក្រុមណាមួយជាក់លាក់ដែលចង់ឃើញរូបលោកស្លាប់នោះទេ តែលោក ហ៊ុន សែន ក៏បានអះអាងថា ប្រសិនបើលោកអស់ជីវិត នោះនគរខ្មែរទាំងមូលនឹងស្ថិតក្នុងភាព«រំជើបរំជួល»។
«បើនាយករដ្ឋមន្ត្រីស្លាប់ ពេលនោះគឺរដ្ឋាភិបាលគឺអត់តាហ្មង រលាយទាំងអស់។ គ្មានឧបនាយករដ្ឋមន្ត្រី គ្មានរដ្ឋមន្ត្រីអីទាំងអស់ បានសេចក្ដីថា នគរមួយនេះ គឺអត់ក្បាលហ្មង។ បើអត់ក្បាល តើអ្វីវានឹងកើតឡើង? គ្រោះថ្នាក់ណាស់ កម្លាំងប្រដាប់អាវុធ ដែលត្រៀមជាស្រេចហើយនោះ គេនឹងចាត់ការជាមួយនឹងអ្វីដែលគេចង់ចាត់។ យកល្អទុកឲ្យហ៊ុន សែន រស់។ បើបន់ឲ្យ ហ៊ុន សែន ស្លាប់ អ្នកក៏ងាយស្លាប់ដែរ សុំជម្រាបឲ្យច្បាស់។
ក្រុមមន្ត្រីសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជានិងអន្តរជាតិ ថ្លែងប្រាប់VOA ដោយប្រយ័ត្នប្រយែងក្នុងការអធិប្បាយលើប្រតិបត្តិការរបស់រដ្ឋាភិបាល។ ពួកគេបានធ្វើការវិភាគផ្សេងៗគ្នាដោយអះអាងថា លោក ហ៊ុន សែន កំពុងតាំងខ្លួនឯងជាមនុស្សដែលពលរដ្ឋកម្ពុជាមិនអាចខ្វះបាន ក៏ប៉ុន្តែលោកនឹងមិនអាចប្រឆាំងនឹងច្បាប់ធម្មជាតិបាននោះទេ។
លោក Phil Robertson នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានបញ្ជាក់ប្រាប់VOA តាមរយៈសារអេឡិចត្រូនិក ឬ Email កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា វាជារឿងពិបាកក្នុងការប៉ាន់ស្មានថា នឹងមានរឿងអ្វីកើតឡើង ប្រសិនបើលោក ហ៊ុន សែន អវត្តមានពីតំណែងរបស់លោក ពីព្រោះតែសេចក្ដីស្លាប់។
តែអ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សរូបនេះ បន្តថា អ្នកនយោបាយរូបណាក៏ដោយ ដែលតាំងខ្លួនថា មានតែខ្លួនទេ ដែលអាចសម្រេចការងារអ្វីទាំងអស់បាននោះ គួរតែត្រូវបានឲ្យសម្រាក ដោយហេតុថារដ្ឋាភិបាលទាំងមូល មានគោលដៅបម្រើពលរដ្ឋឲ្យបានល្អ ឲ្យជីវភាពរស់នៅពលរដ្ឋបានល្អប្រសើរ មិនមែនឲ្យពលរដ្ឋឈឺចាប់ តាមការគំរាមកំហែង និងការគ្មានភាពស្មោះត្រង់នោះទេ។
លោក Phil Robertson បានសរសេរក្នុងន័យដើមថា៖
«ក្នុងពេលដែលអ្នកនយោបាយម្នាក់ជឿថា គេជាមនុស្សម្នាក់ដែលមិនអាចអត់បានដើម្បីការដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាព នោះទង់ក្រហម គួរតែលើកឡើង។ អ្វីដែលបង្ហាញនោះ គឺជាផ្នត់គំនិតនៃមេដឹកនាំ ដែលបានភ្លេចពីគំនិតដែលថា រដ្ឋាភិបាលទាំងឡាយ ត្រូវបានសន្មតថា ជួយប្រជាជន និងធ្វើឲ្យជីវិតរបស់ពួកគេបានល្អប្រសើរ មិនមែនធ្វើឲ្យពួកគេឈឺចាប់ តាមការគំរាមកំហែង និងចិត្តវៀចវេរ។ អ្វីដែលយើងបានឃើញពីលោក ហ៊ុន សែន នោះគឺថា លោក ហ៊ុន សែន ជឿថា មានតែលោកទេ ដែលអាចរក្សាសន្តិសុខ និងស្ថិរភាព ហើយគាត់បានត្រៀម បំពានគ្រប់រាល់សិទ្ធិអ្វីក៏ដោយ ដែលលោកចាំបាច់ធ្វើ ដើម្បីលោកអាចរក្សាការគ្រប់គ្រងបាន»។
លោក Phil Robertson បានសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែប្រើប្រាស់ការរំលោភបំពានសិទ្ធិមនុស្ស ដើម្បីរក្សាការក្ដោបក្ដាប់កិច្ចការនយោបាយ។
លោកបានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬ Email ក្នុងន័យដើមថា៖
«លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបទពិសោធន៍ជាយូរមកហើយនៅក្នុងការបំពានសិទ្ធិមនុស្ស ដែលជាមធ្យោបាយក្នុងការរក្សាការគ្រប់គ្រងខាងនយោបាយ។ វាពិតជានីតិវិធីស្តង់ដាររបស់លោក»។
យ៉ាងណាក៏ដោយ លោក Phil Robertson មិនហ៊ានសន្មតថា រដ្ឋាភិបាល នឹងរលំរលាយប្រសិនបើគ្មានលោក ហ៊ុន សែនទេនោះ។ ប៉ុន្តែ លោក ហ៊ុន សែន កាលពីសប្ដាហ៍មុន បានថ្លែងខ្លាំងៗថា បើអស់ពីលោកទៅ រដ្ឋមន្ត្រីទាំងអស់នឹងបាត់បង់តួនាទី ហើយយោធា នឹងធ្វើសកម្មភាពឆ្លើយតបក្រុមដែលប្រមាថជីវិតរបស់លោក។
លោក ហ៊ុន សែន ថ្លែងក្នុងន័យដើមថា៖
«ផលចំណេញអស់លោក បានមកពីការស្លាប់របស់ ហ៊ុន សែន វាមានចំនួនតិចជាងការណ៍ដែលទុកឲ្យ ហ៊ុន សែននៅរស់។ នេះខ្ញុំសូមប្រាប់អ្នកឯងឲ្យបានច្បាស់។ នៅពេលវេលានេះ ហ៊ុន សែនរក្សាបាននូវការគ្រប់គ្រងលើកម្លាំងទាំងអស់»។
នាយករដ្ឋមន្ត្រីកម្ពុជាដែលគ្រងអំណាចជាង៣០ឆ្នាំ ថ្លែងបន្តថា៖
«ប៉ុន្តែអត់ពី ហ៊ុន សែន មិនប្រាកដទេ នៅពេលនោះ រដ្ឋាភិបាលអត់មានក្បាល តំណែងរបស់រដ្ឋមន្ត្រីទាំងអស់នឹងត្រូវរលាយ ជាស្វ័យប្រវត្តិ។ ប៉ុន្តែអ្នកដែលគ្រប់គ្រងអង្គភាពកងទ័ព ដែលជាស្ថិតនៅក្នុងមុខងារសាធារណៈ គឺមិនត្រូវបានបាត់បង់ទេ។ អាហ្នឹងហើយ ជាចំណុចគ្រោះថ្នាក់របស់អស់លោក ព្រោះគេនៅតែបញ្ជា កម្លាំងប្រដាប់អាវុធរបស់គេ អង្គភាពរបស់គេបាន។ ខ្ញុំសុំដាស់តឿន សារជាថ្មី បើអស់លោក កេងចំណេញពីការស្លាប់របស់ ហ៊ុន សែន អ្នកឯងនឹងគ្រោះថ្នាក់ហើយ គ្រោះថ្នាក់ហើយ»។
លោក ហ៊ុន សែន តែងមានប្រតិកម្ម ក្រោយពីលោកបានដឹង ឬឮពាក្យចចាមអារ៉ាមថា លោកមានបញ្ហាសុខភាព ឬក៏លោកបានស្លាប់ ក៏ប៉ុន្តែ លោកមិនដែលបង្ហើបឲ្យដឹងថា តើនរណាជាអ្នកជំនួសរូបលោក ប្រសិនបើលោកពិតជាស្លាប់មែន ខណៈដែលគណបក្សប្រជាជនកម្ពុជារបស់លោក តែងប្រកាសជំហរគាំទ្របេក្ខភាពលោកជានាយករដ្ឋមន្ត្រីជានិច្ច។
លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា «ប្រទេសកម្ពុជារបស់លោកហ៊ុន សែន» (Hun Sen’s Cambodia) បានប្រាប់VOA កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា លោក ហ៊ុន សែន ពិតជាបានចាត់ទុកខ្លួនលោក ជាអ្នកដែលមិនអាចខ្វះបានរបស់កម្ពុជា។
អ្នកនិពន្ធរូបនេះ អះអាង វាជារឿងពិបាក ក្នុងការនិយាយថាតើលោក ហ៊ុន សែន បានត្រៀមរួចរាល់ឬនៅចំពោះការផ្ទេរអំណាចដោយសន្តិវិធី ឬអ្នកនយោបាយខ្មែររូបណា ដែលលោកគិតថា ទុកចិត្តបានសម្រាប់រក្សាអ្វីៗ ដែលលោក ហ៊ុន សែន បានកសាងមកជាង ៣០ឆ្នាំមកនេះ។
លោក Sebastian Strangio បានប្រាប់VOAថា៖
«វាជាការពិត ដែលមិនមានស្ថាប័នឯករាជ្យដែលលោកនឹងដឹងទេថា អាចនឹងធ្វើឲ្យប្រសើរឡើងដោយលោក ហ៊ុន សែន ប្រសិនបើលោកត្រូវចុះចេញពីអំណាច។ លោកដឹងទេថា គាត់នៅតែ រក្សាបុគ្គលិកលក្ខណៈរបស់គាត់ និងអំណាចរបស់គាត់នៅតែស្ថិតនៅចំណុចស្នូលនៃស្ថិរភាពនយោបាយនៅក្នុងប្រទេស នាពេលនេះ។ ហើយនេះ គឺជាកម្សោយមួយក្នុងកម្សោយជាច្រើននៃកេរដំណែលរបស់គាត់ ដែលលោកដឹងទេថា សម្រាប់រាល់សមិទ្ធផលនានារបស់នាយករដ្ឋមន្ត្រីនៅក្នុងរយៈពេល២០ ឬ៣០ឆ្នាំនេះ គឺគ្មានការធានាថា សមិទ្ធផលរបស់គាត់នឹងរស់បានយូរជាងខ្លួនគាត់ដែលនៅជានាយករដ្ឋមន្ត្រីនោះ»។
ក្នុងពេលលោក ហ៊ុន សែន មិនដែលទម្លាយឲ្យដឹងថា ឥស្សរជនរូបណានៃគណបក្សប្រជាជនកម្ពុជាដែលអាចនឹងជំនួសរូបលោកនោះ លោកSebastian Strangio ឲ្យដឹងថា ការជ្រើសរើសយក ឥស្សរជនណាម្នាក់ នឹងមិនអាចធ្វើឡើង ដោយការសម្រេចរបស់លោក ហ៊ុន សែន នោះទេ គឺត្រូវតែមានការយល់ព្រមពីសមាជិករបស់គណបក្សប្រជាជនទាំងមូលដែរ។
លោកថា ហេតុដូច្នោះ ទើបលោក ហ៊ុន សែន ប្រឹងប្រែងបញ្ជាក់ប្រាប់គេឯងថា មានតែលោកទេដែលអាចរក្សាស្ថិរភាពក្នុងប្រទេសទោះជាលោកត្រូវគេមើលឃើញថា ព្យាយាមរកផ្លូវផ្ទេរអំណាចទៅកូនណាម្នាក់របស់លោក។
«លោកដឹងទេ ខ្ញុំគិតថា ទីបំផុតទៅ គាត់ប្រហែលជាចង់ប្រគល់អំណាចទៅឲ្យកូនម្នាក់ក្នុងចំណោមកូនៗរបស់គាត់ ប៉ុន្តែសំណួរសួរថាតើពួកគេបានត្រៀមរួចរាល់ហើយឬនៅ និងថាតើមនុស្សមានអំណាចផ្សេងទៀតក្នុងជួរគណបក្សប្រជាជនកម្ពុជា នឹងទទួលយកពួកគេជាមេដឹកនាំដែរឬទេ? ខ្ញុំគិតថា នឹងមានមនុស្សផ្សេងទៀត មកពីគណបក្សប្រជាជនកម្ពុជា ដែលមានមហិច្ឆតា ចង់ក្លាយជានាយករដ្ឋមន្ត្រី និងបន្តតំណែងពីលោក ហ៊ុន សែន»។
លោក Sebastian បានបន្ថែមថា៖
«នេះជាហេតុផលមួយ ដែលលោក ហ៊ុន សែន បានប្ដេជ្ញាចិត្តថា លោកនឹងជ្រើសរើសយកខ្លួនលោក ថាជាមនុស្សតែម្នាក់គត់ដែលគ្មានអ្នកណាជំនួសបាន។ លោកដឹងទេ គាត់ព្យាយាមជ្រើសរើសយកខ្លួនគាត់ថា ជាមនុស្សតែម្នាក់ប៉ុណ្ណោះ នៅក្នុងក្រុមណាក៏ដោយ ដែលអាចធ្វើឲ្យប្រទេសនៅរួបរួមគ្នាបាន។ ប៉ុន្តែ រៀងរាល់ឆ្នាំដែលកន្លងផុតទៅ លោកដឹងទេថា លោក ហ៊ុន សែន កាន់តែចាស់ ហើយក្តីប្រាថ្នារបស់លោកដើម្បីដំណោះស្រាយ ក៏នឹងកាន់តែមានភាពបន្ទាន់ឡើង»។
សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតនៃអង្គការខុមហ្វ្រែល គឺលោក យឿង សុធារ៉ា បានប្រាប់ VOA ថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានធនធានមនុស្សដែលសាកសមនឹងតំណែងជានាយករដ្ឋមន្ត្រី។
លោកអះអាងថា បើទោះបីជា លោក ហ៊ុន សែន ប្រឹងប្រកាសខ្លាំងៗទៅសាធារណជនខ្មែរថា គ្មាននរណាម្នាក់ជំនួសរូបលោកនោះ ក៏មេដឹកនាំដែលស្ថិតក្នុងអំណាចយូរជាងគេបង្អស់នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន»រូបនេះ មិនអាចប្រឆាំងនឹងច្បាប់ធម្មជាតិ ដែលកំណត់ថាអ្វីៗមិនទៀងទាត់នោះឡើយ។
«គោលការណ៍នៃច្បាប់ធម្មជាតិគឺ ដឹងហើយថា គ្មានអ្នកណា ដែលអាចរស់នៅបានមួយពាន់ឆ្នាំ មួយរយឆ្នាំជាងទេ គឺនៅលើផែនដីនេះ សុទ្ធតែជា អនត្តាអីចឹង អាណឹងតាម តាមធម៌ព្រះ គឺថា មនុស្សមិនអាចមានអាយុរាប់កោដិ ឬក៏ថា មិនអាចរស់រហូត ជាអមតទេ។ ដូច្នេះ ខ្ញុំគិតថា នៅក្នុងជួរគណបក្សប្រជាជន ដូចជា កូនគាត់អីជាដើម ក៏មានសមត្ថភាព ដូចគាត់អញ្ចឹងដែរ។ កូនគាត់ច្រើនសុទ្ធតែមាន សុទ្ធតែទទួលបានការអប់រំច្រើនទាំងពី អឺរ៉ុប ពីអីអញ្ចឹង។ អញ្ចឹង ជាធម្មជាតិ គឺថា ទំពាំង គឺថាត្រូវស្នងឫស្សី អញ្ចឹងបាទ មិនអាចថា អត់ពីគាត់ទៅ ប្រទេសក្រឡាប់ចាក់»។
មុនការបោះឆ្នោតឃុំ-សង្កាត់ធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ លោក ហ៊ុន សែន បានប្រកាសថា ក្រុមអ្នកនយោបាយណាក៏ដោយ ដែលមិនមានប្រភពចេញពីគណបក្សប្រជាជនកម្ពុជា មិនអាចស្នងអំណាចពីរូបលោកបានទេ គឺមានតែកូនចៅនៃគណបក្សដែលមានរូបសញ្ញាទេវតា បាចផ្ការបស់លោកតែប៉ុណ្ណោះ។
លោក អ៊ា សុផល សាស្ត្រាចារ្យរងនៃមហាវិទ្យាល័យ Occidental College ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ Email កាលពីសប្ដាហ៍មុនថា មានឥស្សរជននយោបាយមកពីគណបក្សប្រជាជនកម្ពុជាមួយចំនួន ដែលមានចំណេះដឹងជ្រៅជ្រះហើយអាចជំនួសតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបាន ក្នុងនោះគឺមានកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
យ៉ាងណាមិញ លោកថា ក្រុមអ្នកនយោបាយទាំងនេះ ត្រូវជ្រើសរើសឲ្យធ្វើតំណាងរាស្ត្រជាមុន មុនការឈរឈ្មោះជានាយរដ្ឋមន្ត្រី។
បន្ថែមលើក្រុមអ្នកនយោបាយខាងលើនេះ លោក អ៊ា សុផល បានសម្លឹងទៅលើលោក ស ខេង រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ និងលោក ទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលអ្នកទាំងពីរជាតំណាងរាស្ត្រមកពីមណ្ឌលខេត្តបាត់ដំបង និងខេត្តសៀមរាប។
លោក អ៊ា សុផល បានបន្តថា លោក ស ខេង ទំនងជាមានសក្ដានុពលច្រើនជាងគេក្នុងចំណោម ឥស្សរជននយោបាយទាំងនោះ ប្រសិនបើក្រឡេកទៅមើល ក្រុមនីមួយៗនៅក្នុងបក្សប្រជាជន។
លោកបានប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ Email ក្នុងន័យដើមថា៖
«ជម្រើសបណ្ដោះអាសន្ន (ប្រសិនបើមិនអចិន្ត្រៃយ៍) ហើយដែលឥតគួរឲ្យឆ្ងល់នោះគឺ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង។ ជម្រើសនេះ នឹងត្រូវបានមើលឃើញថា ជាជំហានមួយ ដើម្បីការពារក្រុមលោក ជា ស៊ីម ដែលបានទទួលមរណភាពទៅហើយ ដោយត្រូវមានកិច្ចព្រមព្រៀងពេញលេញ ដើម្បីរក្សាក្រុមមានឥទ្ធិពលដែលកំពុងក្ដោបក្ដាប់ភាគច្រើននៃកិច្ចការរដ្ឋាភិបាល។ ការណ៍នេះ នឹងធ្វើឲ្យមានស្ថិរភាពកិច្ចការជាច្រើន រហូតទាល់តែមានកិច្ចព្រមព្រៀងមួយ ត្រូវបានសម្របសម្រួលរវាងភាគីនានា។ អ្នកគ្រាន់តែសម្លឹងទៅងារជាសម្ដេច ដែលថ្មីៗនេះ មានម្នាក់ទៀតទើបទទួលបាន ហើយសួរថាហេតុអ្វី? គឺដើម្បីឲ្យយល់ថា មានក្រុមមួយដែលជាក្រុមមានអំណាចរបស់គណបក្សគ្រប់គ្រងប្រទេស»។
ខណៈដែលក្រុមអ្នកសង្កេតការណ៍នយោបាយ និងសិទ្ធិមនុស្សកម្ពុជា នៅមិនហ៊ាននិយាយចំៗថា នរណានឹងអាចឡើងកាន់អំណាចក្នុងប្រទេសកម្ពុជា ដែលគេដឹងថា មានឫសកែវនយោបាយស្មុគស្មាញ តាំងពីសម័យសង្គ្រាមត្រជាក់ រហូតដល់ការដួលរលំទៅនៃរបបកម្ពុជាប្រជាធិបតេយ្យនោះ លោក ហ៊ុន សែន ត្រូវគេមើលឃើញថា បានបង្កើនការថែទាំសុខភាពរបស់លោក ដោយខិតខំរកការព្យាបាលនៅក្រៅប្រទេស និងប្រឹងប្រែងធ្វើលំហាត់ប្រាណ មិនថារដូវប្រាំង និងរដូវវស្សា។
លោក ហ៊ុន សែន មិនត្រឹមតែប្រឹងខិតខំថែទាំសុខភាពរបស់លោកនោះទេ លោកក៏ត្រូវគេមើលឃើញថា បានខិតខំកម្ចាត់កម្ចាយគូបដិបក្ខផ្នែកនយោបាយរបស់លោក តួយ៉ាងដូចជា លោក សម រង្ស៊ី ដែលបានបង្ខំចិត្តរស់នៅនិរទេសខ្លួននៅស្រុកបារាំងវិញ ដើម្បីគេចពីការជាប់ពន្ធនាគារ តាមបណ្ដឹងនានារបស់ក្រុមមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា និងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន ក៏ធ្លាប់ព្រមានកម្ទេចក្រុមណាក៏ដោយដែលចង់ងើបឈរប្រឆាំងនឹងរដ្ឋាភិបាលពេញច្បាប់របស់លោក តាមរូបភាពចលនាបដិវត្តន៍ ឬចលនាយោធាណាមួយ៕