ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖លោក​ប្រែដ អាដាម​បង្ហាញ​បន្ថែម​ពី​បទឧក្រិដ្ឋ​នៃ​ឧត្តមសេនីយ៍​ទុច្ចរិត​១២​រូប


រូបឯកសារ៖ លោក ប្រែដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​​ Human Rights Watch។ (រូបថត AP)
រូបឯកសារ៖ លោក ប្រែដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​​ Human Rights Watch។ (រូបថត AP)

កំណត់និពន្ធ៖ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​ចេញ​របាយការណ៍​ថ្មី​មួយ​ដែល​បាន​បង្ហាញ​មុខ​ឧត្តមសេនីយ៍​យោធា ​ប៉ូលិស​និង​កងរាជអាវុធ​ហត្ថ​ចំនួន​១២​នាក់​ដែល​ស្មោះ​ស្ម័គ្រ​នឹង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​សែន​ហើយ​បាន​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដែល​សម​នឹង​ទទួល​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺរ៉ុប។

លោក​ ប្រែដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ផ្តល់​បទសម្ភាស​ដល់​លោក ​ម៉ែន គឹមសេង នៃ​វីអូអេ​ពី​របាយការណ៍​នោះ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វីអូអេ៖ សូមជម្រាបសួរលោក​ប្រែដ អាដាម!

ប្រែដ អាដាម៖ សូមអរគុណ​ដែលផ្តល់​ឱកាស​ដល់ខ្ញុំ!

វីអូអេ៖ អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស​ទើប​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ឧត្តមសេនីយ៍​ទុច្ចរិត​ចំនួន​១២នាក់។ តើ​ហេតុអ្វី​បាន​ជា​កំណត់តែលើ​មនុស្ស​១២​នាក់​នេះ​។ តើ​ពួកគាត់​បាន​ធ្វើ​អ្វី ខុសខ្លះ?

ប្រែដ អាដាម៖ និយាយដោយស្មោះត្រង់​ទៅ​គឺយើងពិបាក​ក្នុងការជ្រើសរើស​យក​ឧត្តម​សេនីយ៍តែ​១២នាក់​ណាស់​ពីព្រោះ​មាន​ឧត្តមសេនីយ៍ និង​វរសេនីយ៍​ជាច្រើន​ដែល​ធ្វើការ​ដើម្បី​រក្សា​អំណាច​របស់​លោក​ ហ៊ុន សែន​ ដោយ​ប្រើប្រាស់​អំពើ​ហិង្សា ការបំភិតបំភ័យ​និង​គំរាម​កំហែងនិង​អំពើ​ពុករលួយ។ យើង​ក៏​អាច​ដាក់​បញ្ចូល​ឈ្មោះ​លោក​ ហ៊ីង ប៊ុនហៀង ដែរ​តែ​លោក​បាន​ត្រូវ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ហើយ។ ដូច្នេះ​ឧត្តមសេនីយ៍​ទាំង១២នាក់​នេះ​គឺ​ត្រូវ​លោក ​ហ៊ុន សែន​ ប្រើ​ដើម្បីកម្ចាត់​បក្ស​ប្រឆាំង បិទអង្គការ​សង្គមស៊ីវិល ចាប់ខ្លួន​អ្នកនយោបាយ​ប្រឆាំង​ ជាអ្នក​បំភិតបំភ័យ​ពលរដ្ឋ​ និង​ជា​អ្នក​ឆក់ប្លន់ដីធ្លី​ពលរដ្ឋ​ជាដើម។ ដូច្នេះ​ពលរដ្ឋ​កម្ពុជា​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​អ្នក​ទាំងនេះ​មាន​ធ្វើ​អ្វីខ្លះ​ព្រោះ​កន្លងមក​ពួកគេ​គ្រាន់តែ​ដឹង​ថា​ពួកគេ​នេះ​ជា​ដៃជើង​របស់​លោក​ ហ៊ុន សែន​តែប៉ុណ្ណោះ។

វីអូអេ៖ តើ​លោក​មាន​វិធីសាស្រ្ត​ស្រាវជ្រាវ​យ៉ាង​ម៉េច​ដើម្បី​ធានា​ឱ្យ​ច្បាស់​ថា​វា​មិន​មែន​ជា​ឧបករណ៍​នយោបាយ​ដើម្បី​ប្រឆាំង​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន​ទេ?

ប្រែដ អាដាម៖ យើង​បាន​ចំណាយ​ពេល​ស្រាវ​ជ្រាវ​ជាច្រើន​ឆ្នាំ​និង​សម្ភាស​មនុស្ស​ជាច្រើន។ យើង​បាន​ធ្វើ​របាយការណ៍នេះ​រួចរាល់កាលពីដើម​ឆ្នាំ​នេះ​ហើយ​បានចេញផ្សាយ​នៅ​ពេល​នេះ​ដោយសារ​តែ​យើង​ទើប​បាន​បញ្ចប់ប៉ុណ្ណោះ។ ការផ្សាយ​ការពិត​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​គឺមិន​មែន​ជារឿង​នយោបាយ​ទេ​។ រដ្ឋាភិបាល​បាន​ចោទ​យើង​ថា​គាំទ្រ​បក្ស​ប្រឆាំង​ដើម្បីជាផ្នែក​មួយ​នៃ​បដិវត្ត​ន៍​ពណ៌​ប៉ុន្តែ​មិន​ពិត​ទេ​។ ពួកគេ​គ្មាន​ភស្តុតាង​អ្វី​មក​បង្ហាញឡើយ។ ​ជាជាង​មក​ចោទ​ប្រកាន់​ពួកយើង​ពួកគេ​គួរតែស៊ើបអង្កេត​ពី​ឧត្តមសេនីយ៍ទាំងនោះ​ហើយ​កាត់ទោស​ព្រោះ​ពួកគេ​សុទ្ធ​តែជា​ឧក្រិដ្ឋ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ដែល​មាន​ដូច​ជា​សម្លាប់​មនុស្ស​។ បើ​អ្នកសម្លាប់​មនុស្ស​គឺអ្នក​នឹង​ជាប់​គុក ​ប៉ុន្តែ​ពួកគេនេះ​សម្លាប់​មនុស្ស​ជាប្រចាំ​ហើយ​អត់​មាន​ដែល​ជាប់ទោស​ទេ​។ នេះ​គឺជា​រឿង​មិន​អាច​ទទួល​យក​បាន។

វីអូអេ​៖ ខ្ញុំ​បាន​អាន​ខ្លះ​ពី​អ្វី​ដែល​លោក​ថា​ជាបទឧក្រិដ្ឋ​របស់​ពួកគេ។ ខ្ញុំ​ឃើញ​មាន​ឧត្តម​សេនីយ៍​ខ្លះ​មាន​ប្រវត្តិតាំងពី​ជាមេបញ្ជាការ​ខ្មែរ​ក្រហម។ តើ​ប្រវត្តិ​អតីតកាល​របស់​ពួកគេ​ប៉ះពាល់​យ៉ាង​ម៉េច​ខ្លះ​ដល់​ការ​បំពេញភារកិច្ចក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន?

ប្រែដ អាដាម៖ ​បើ​យើង​យក​លោក ​ប៉ុល សារឿន​ជា​ឧទាហរណ៍ គឺគាត់​ប្រហែល​ជា​មេទាហាន​ដ៏​សំខាន់​ជាងគេបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​២០ឆ្នាំ​នេះ​។ គាត់​ជាមនុស្ស​មាន​អំណាច​ក្នុង​របបខ្មែរ​ក្រហម​ ហើយ​បាន​រៀនសូត្រ​ពីការ​កម្ទេច​អ្នកដែល​ហ៊ាន​ប្រឆាំង​នឹង​គាត់​ដោយ​គ្មាន​ការ​អនុគ្រោះ​អត់ឱន​ឱ្យ​ទេ។ គាត់​បាន​រៀនសូត្រ​ទៀត​ពី​សម័យ​វៀតណាម​នៅ​កម្ពុជា។ គាត់​អាយុស្របាល​គ្នា​នឹង​លោក ហ៊ុន សែន​ដែរ​ ដូច្នេះ​អាចបង្រៀន​និង​រៀនសូត្រ​ពី​លោក ​ហ៊ុន សែន ​ទៅវិញ​ទៅមក។ ហើយ​បើ​និយាយ​ពី​លោក សៅ សុខា ​ដែល​ចូលខ្មែរ​ក្រហម​តាំងពីក្មេង​គឺ​រៀន​សូត្រ​បាន​ថា ​អំពើ​ឃោរឃៅ​គឺ​ជាការ​អាច​ទទួល​យក​បាន​ហើយ​ក្រោយ​មក​ចូល​ខាង​វៀតណាម​ដែល​ផ្តួល​របបខ្មែរ​ក្រហម​តាម​មធ្យោបាយ​ឃោរឃៅ​ដូច​គ្នា​។ នេះ​គឺ​ជា​បរិយាកាស​ដែល​ពួកនេះ​រៀនសូត្រ​ដោយ​មិន​ដឹង​ថា​ ទាហាន​អាជីព​ដែល​អព្យាក្រិត​ត្រូវ​ធ្វើ​យ៉ាងម៉េច​ទេ​ហើយ​ថា​ការទទួល​ខុស​ត្រូវ​របស់​ទាហាន​គឺ​លើស​ពី​គណបក្ស​នោះ​ទេ។

វីអូអេ៖ និយាយ​ដោយស្មោះទៅ​ខ្ញុំ​ភ្ញាក់ផ្អើលដែរ​ដែល​របាយការណ៍​នេះ​មិន​បាន​បញ្ចូល​ឈ្មោះ​លោក​ ទៀ បាញ់។ គាត់​បាន​ជាប់​ពាក់ព័ន្ធ​តាំងពីសម័យ​តស៊ូប្រឆាំង​ខ្មែរ​ក្រហម​ហើយ​ពេលថ្មីៗ​នេះ​គាត់​បាន​គំរាម​វាយ​បំបែក​ធ្មេញ​ពលរដ្ឋ​ជាពិសេស​អ្នកគាំទ្រ​បក្ស​ប្រឆាំង។ ហេតុអី​បាន​ជាមិន​បញ្ចូល​ឈ្មោះ​គាត់?

ប្រែដ អាដាម៖ លោក​និយាយ​ត្រូវ​ហើយ​គឺ​លោក​ ទៀ បាញ់​ មា​ន​ប្រវត្តិ​អាក្រក់ ពុករលួយ ហើយ​មានលុយច្រើន។ ប៉ុន្តែ​ពេល​នេះ​គាត់​ជា​អ្នក​នយោបាយ​ច្រើន​ជាង​ជា​ទាហាន​ដោយ​សារ​គាត់​ជាសមាជិក​គណៈរដ្ឋ​មន្ត្រី​ បើ​ទោះបីជា​គាត់​នៅ​ស្លៀកពាក់ឯកសណ្ឋាន​យោធាក៏ដោយ។ គាត់​ពិត​ជា​មាន​ប្រវត្តិ​អាក្រក់​ដែល​គួរដាក់ឈ្មោះចូល ហើយ​អ្នកដទៃ​ទៀត​ដូច​ជា​លោក ​មាស សុភា ​ក៏គួរ​តែដាក់​ឈ្មោះចូល​ហើយ​ដូច​ខ្ញុំ​បាន​បញ្ជាក់​ពីខាង​ដើម​គឺ​យើង​មាន​ការពិបាកសម្រេច​ចិត្ត​ដែរ​តែ​យើង​ផ្តោតតែលើ​អ្នកដែល​នៅ​សកម្ម​ខ្លាំង។

វីអូអេ៖ របាយការណ៍​នេះ​ក៏​និយាយ​ដល់​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧​ផងដែរ។ នោះ​ជា​ព្រឹត្តិការណ៍​បង្ហូរឈាម​ដ៏ខ្លាំងមួយ​ក្រោយពី​របបខ្មែរ​ក្រហមដួលរលំ​ហើយ​ការប្រយុទ្ធគ្នា​មាន​រវាង​ឧត្តម​សេនីយ៍​លោក​ ហ៊ុន សែន​និង​ក្រុមហ៊្វុនស៊ីនប៉ិច​ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​លោក​បន្ទោស​តែ​មេទ័ព​ខាង​គណបក្ស​ប្រជាជន​កម្ពុជា?

ប្រែដ អាដាម៖ ជាបឋម​គឺ​ខ្ញុំ​ក៏នៅក្នុង​ប្រទេស​កម្ពុជា​ដោយធ្វើការ​ឱ្យ​អង្គការ​សហប្រជាជាតិ​ហើយ​ស៊ើបអង្កេត​រដ្ឋ​ប្រហារ​នោះ។ ប៉ុន្តែ​យើង​ត្រូ​វបញ្ជាក់​ឱ្យ​ច្បាស់​ថា​គឺ​ក្រុម​ខាង​លោក ហ៊ុន សែន​ ជាអ្នក​បង្ក​ហេតុមុន​ដោយ​ចាប់ផ្តើម​ឱ្យ​ក្រុមហ៊្វុនស៊ីនប៉ិច​ទម្លាក់​អាវុធ ប៉ុន្តែ​ពួកគេ​មិន​ព្រម​ដោយ​ខ្លាចមាន​បញ្ហាទើប​ឈាន​ទៅដល់ការវាយប្រយុទ្ធគ្នា។ ប៉ុន្តែ​តើ​ក្រុមហ៊្វុនស៊ីនប៉ិច​មាន​ប្រព្រឹត្ត​អំពើឧក្រិដ្ឋ​ទេ​ក្នុងរយៈ​ពេល​ពីរថ្ងៃនោះ។ បាទ គឺ​ពិតជាមាន។ ប៉ុន្តែ​ខាងហ៊្វុនស៊ីនប៉ិច​ដូច​ជា​លោក ​ញ៉ឹក ប៊ុនឆៃ​លែង​មាន​អំណាច​ហើយ​។ គាត់ចេញចូល​តែពន្ធនាគារ។ ហើយ​របាយការណ៍​នេះ​ផ្តោត​លើ​តែ​មេទាហាន មេប៉ូលិស មេអាវុធហត្ថ​ ដែល​កំពុង​មាន​អំណាច​ធ្វើ​បាប​ពលរដ្ឋ​។ យើង​អាច​សរសេរ​សៀវភៅ​ប្រវត្តិសាស្រ្ត​ស្តីពីក្រុម​ដែលមិន​មែន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ ក៏ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ស្ថាន​ភាព​នយោបាយ​នាពេល​បច្ចុប្បន្ន​នៅកម្ពុជា​ទេ។

វីអូអេ៖ បាទគឺ​របាយការណ៍​សំដៅ​លើ​អ្នក​កំពុង​មាន​អំណាច​ដែល​អាចបន្ត​ប្រព្រឹត្ត​អំពើ​អាក្រក់​បាន។ តើ​លោកយល់​យ៉ាងណា​ដែរ​ចំពោះការដាក់ទណ្ឌកម្ម​លោក​ហ៊ីង ប៊ុនហៀង និង​តើ​ទណ្ឌកម្ម​បែបណា​គួរដាក់​លើ​ឧត្តម​សេនីយ៍​ទាំង​១២​នាក់នេះ?

ប្រែដ អាដាម៖ មនុស្ស​គ្រប់គ្នានៅ​ក្នុង​បញ្ជីនេះ​គួរតែ​ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិកនិង​សហគមន៍​អឺរ៉ុប​និង​ប្រទេស​ដទៃទៀត​ដូច​ជា​កាណាដា​ដែល​មាន​ការដាក់ទណ្ឌកម្ម​ដែរ។ ពួកគេ​នេះ​សមតែ​ត្រូវ​ហាមឃាត់ទិដ្ឋាការនិង​បង្កកទ្រព្យ​សម្បត្តិ។ បើ​យើង​មិន​យក​ចិត្ត​ទុកដាក់​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​ទេ​គឺ​ពួកគេ​នឹង​បន្ត​ប្រព្រឹត្ត​ទៀត។ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ថា​ជាការរំលោភ​ដែន​អធិបតេយ្យ​របស់​ខ្លួន​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ដាក់ទណ្ឌកម្ម​លោក​ ហ៊ីង ប៊ុនហៀង។ នេះ​គឺជា​ការមិនត្រឹមត្រូវ​ទេ​។ វាជារឿង​គួរ​ឱ្យ​អស់​សំណើច​ពីព្រោះ​ពួកគេនោះ​គ្មាន​សិទ្ធិ​មកដាក់​លុយ​កាក់​នៅ​ធនាគារ​របស់​សហរដ្ឋ​អាមេរិក​ទេ​គឺ​វា​ដូច​គ្នា​នឹង​ការ​ណ៍​ដែល​ពលរដ្ឋអាមេរិកាំងគ្មាន​សិទ្ធិ​ដាក់​លុយ​នៅ​ធនាគារ​កម្ពុជា​អីចឹង​ដែរ។ បញ្ហា​នៅ​ត្រង់​ថា​ពួកគេ​នោះ​មិន​ទុក​ចិត្ត​ប្រព័ន្ធ​ធនាគារស្រុកខ្មែរ​គឺ​ពួកគេ​យក​លុយ​មក​ដាក់​នៅក្រៅ​ប្រទេស​ដើម្បីទិញ​ផ្ទះសម្បែង​ដែល​នេះ​ជា​ហេតុផល​ដែល​ក្រុមគ្រួសារ​ត្រកូល​ហ៊ុនមាន​ទ្រព្យ​នៅ​ក្រៅ​ប្រទេស​ច្រើន​ក្នុងនោះ​មាន​នៅទីក្រុង​ឡុងដ៍​ផងដែរ។

វីអូអេ៖ ឧត្តមសេនីយ៍​ទាំង​នេះ​មានឈ្មោះ​ជាប់ក្នុងរបាយការណ៍​នេះ​ដោយ​សារ​តែ​ស្មោះស្ម័គ្រ​នឹង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុនសែន​។ ចុះតើ​កងកម្លាំង​ប្រដាប់​អាវុធ​ត្រឹម​ត្រូវ​នៅ​ក្នុង​ប្រទេសដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​គួរ​តែ​មាន​តួនាទីដូចម្តេចទៅ?

ប្រែដ អាដាម៖ ការស្មោះត្រង់​របស់​កងកម្លាំង​ប្រដាប់​អាវុធ​គឺលើ​ប្រទេស​ជាតិ​និង​សាធារណ​ជន​ពីព្រោះ​នេះ​គឺជា​ការ​បម្រើ​សាធារណជន។ វាជា​កិត្តិយស​ដែល​បាន​បម្រើ​មហាជន។ ច្បាប់​កម្ពុជា​ក៏បាន​ចែងដូច្នេះ​ដែរ​គឺ​ពួកគេ​ត្រូវ​តែ​គោរព​ច្បាប់​មិន​មែន​រំលោភច្បាប់​រាល់ថ្ងៃ​ទេ​។ ពួកគេ​បានធ្វើ​យុទ្ធនាការ​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​រាល់ថ្ងៃ។ យើង​ឃើញ​លោក ​ប៉ុល សារឿន ធ្វើយុទ្ធនាការ​យ៉ាង​ខ្លាំង​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​នឹង​បក្ស​ប្រឆាំង។ លោក​ សៅ សុខា​ក៏​ធ្វើ​ដែរ។ ជាទូទៅ​គឺ​គ្រប់​ឧត្តមសេនីយ៍​មានឈ្មោះ​ក្នុង​របាយការណ៍​គឺ​ធ្វើ​ការឃោសនា​ជាច្រើន​ខែ​ចុងក្រោយនេះ។ នៅ​សហរដ្ឋ​អាមេរិក អង់គ្លេស​និង​បារាំង​ជាដើម​គឺ​បើ​មេទ័ព​ណា​ហ៊ាន​ធ្វើ​ដូច្នេះ​គឺ​ត្រូវ​បណ្តេញ​ចេញ​ភ្លាម​។ អ្នកត្រូវ​ចាកចេញ​ពីកងទ័ព​ទើប​អាច​ធ្វើការឃោសនា​នយោបាយ​បាន។

វីអូអេ៖ សូមអរគុណច្រើន​លោក ​ប្រែដ អាដាម​ដែល​បាន​ផ្តល់​បទសម្ភាស​ដល់​វីអូអេ។

ប្រែដ​ អាដាម៖ សូមអរគុណច្រើន។ ​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG