ក្រោយបុរសនិងស្ត្រីជាជនជាតិចិនសរុប៣នាក់ដែលកាន់លិខិតឆ្លងដែនខ្មែរត្រូវបានបញ្ជូនចេញពីប្រទេសសិង្ហបុរីមកកម្ពុជា ក្នុងសំណុំរឿងលាងលុយកខ្វក់ អាជ្ញាធរកម្ពុជាអះអាងថា ខ្លួនមិនទាន់មានចំណាត់ការអ្វីឡើយលើពួកគេ។
បើតាមមន្ត្រីអន្តោប្រវេសន៍កម្ពុជា ជនជាតិចិនទាំង៣នាក់នោះត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ លោក Zhang Ruijin លោក Chen Qingyuan និងអ្នកស្រី Lin Baoying។ ពួកគេត្រូវបានបញ្ជូនមកកម្ពុជាកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «ដល់ម៉ោងនេះ យើងអត់ទាន់មានចំណាត់ការអីបន្ថែមផង។ យើងអត់ទាន់ដឹងដែរ ព្រោះឱ្យគាត់ថា ខុសរឿងអី យើងទៅដាក់ពន្ធនាគារគាត់ទៀត ដូចជាមិនទាន់មានចំណាត់ការអី»។
នៅពេលសួរថា តើពួកគេទាំង៣នាក់នោះកំពុងស្ថិតនៅទីណា លោក សុខ វាសនាថា លោកមិនដឹងនោះឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជាបាននៅឡើយទេ។
បើតាមសារព័ត៌មានសិង្ហបុរី The Straits Times ពួកគេម្នាក់ៗត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៥ខែកាលពីអំឡុងចន្លោះខែមេសា និងឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបានសារភាពកំហុសចំពោះការលាងលុយកខ្វក់ និងបទចោទប្រកាន់ពាក់ព័ន្ធនឹងការក្លែងបន្លំ។
បើតាមសារព័ត៌មានដដែល លោក Zhang មានអាយុ៤៥ឆ្នាំត្រូវបានរឹបអូសទ្រព្យសម្បត្តិប្រមាណ៨៧លានដុល្លារអាមេរិកទៅរដ្ឋ រីឯគូស្នេហ៍របស់លោក ឈ្មោះ Lin អាយុ៤៤ឆ្នាំត្រូវបានកាត់ទោសសម្រេចលះបង់ទ្រព្យសម្បត្តិប្រហែល១១៤លានដុល្លារអាមេរិក។ ចំណែកលោក Chen អាយុ៣៤ឆ្នាំត្រូវបានរឹបអូសទ្រព្យសម្បត្តិប្រហែល១៥លានដុល្លារអាមេរិក។
នេះជាករណីលើកទី២ហើយដែលអាជ្ញាធរសិង្ហបុរីបានបញ្ជូនជនបរទេសកាន់លិខិតឆ្លងដែនខ្មែរមកកម្ពុជាវិញ នៅក្នុងសំណុំរឿងលាងលុយកខ្វក់។ កាលពីខែឧសភា បុរសជាជនជាតិចិន២នាក់ដែលកាន់លិខិតឆ្លងដែនខ្មែរត្រូវបានបញ្ជូនចេញពីប្រទេសសិង្ហបុរីមកកម្ពុជា ក្រោយពួកគេទាំង២នាក់ត្រូវបានកាត់ទោសក្នុងសំណុំរឿងលាងលុយកខ្វក់។ អាជ្ញាធរកម្ពុជាមិនអាចបញ្ជាក់ថា តើពួកគេមានចំណាត់ការបែបម៉េចលើជនជាតិចិនដែលត្រូវបានបញ្ជូនមកនោះទេ។
ជារឿយៗ អាជ្ញាធរកម្ពុជាតែងតែបញ្ជូនជនជាតិចិនដែលរស់នៅនិងប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងប្រទេសកម្ពុជាទៅប្រទេសចិនវិញ។
មន្រ្តីសិទ្ធិមនុស្សបានរិះគន់យន្តការនៃការផ្តល់សញ្ជាតិដល់ជនបរទេសក្នុងប្រទេសកម្ពុជា ជាពិសេសជនជាតិចិនដែលតែងតែទទួលបានសញ្ជាតិខ្មែរ តាមរយៈការប្រកាសក្នុងព្រះរាជក្រឹត្យ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ករណីបែបនេះបានធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា។ លោកថា អាជ្ញាធរគួរតែពិនិត្យឱ្យបានច្បាស់លាស់លើគោលការណ៍ច្បាប់ មុនផ្តល់សញ្ជាតិដល់ជនបរទេស។
លោកថ្លែងថា៖ «មុននឹងការផ្តល់សញ្ជាតិទៅដល់ជនបរទេសណាមួយឬក៏ Passport [លិខិតឆ្លងដែន]សម្រាប់ជនបរទេសដែលកាន់សញ្ជាតិខ្មែរហ្នឹង គួរតែពិនិត្យឱ្យបានច្បាស់លាស់អំពីអត្តសញ្ញាណ ប្រវត្តិរូបរបស់ជនទាំងអស់ហ្នឹង មុនផ្តល់សញ្ជាតូបនីយកម្មឱ្យកាន់ Passport ខ្មែរបាន។ បើមិនអ៊ីចឹងទេ វាធ្វើឱ្យប៉ះពាល់សម្រាប់កេរ្តិ៍ឈ្មោះកម្ពុជា»។
បើតាមលោក អំ សំអាត ការផ្តល់សញ្ជាតិត្រូវធ្វើឡើងដោយការវាយតម្លៃច្បាស់លាស់ តម្លាភាព យុត្តិធម៌ និងគ្មានអំពើពុករលួយ៕
វេទិកាបញ្ចេញមតិ