តំណាងរាស្ត្រពីរនាក់ដែលមកពីគណបក្សទាំងពីរនៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិក កំពុងស្នើឱ្យមានបម្រាបមិនឱ្យប្រើកម្មវិធី app បញ្ញាសិប្បនិម្មិត AI របស់ចិនឈ្មោះ DeepSeek ពីឧបករណ៍នានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបម្រាមនេះស្រដៀងគ្នានឹងបម្រាមដែលមានស្រាប់ចំពោះកម្មវិធី app បណ្តាញសង្គមដ៏មានប្រជាប្រិយភាពគឺ TikTok។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Josh Gottheimer តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យពីរដ្ឋ New Jersey និងលោក Darin LaHood តំណាងរាស្ត្រគណបក្សសាធារណរដ្ឋមកពីរដ្ឋ Illinois កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញសេចក្តីព្រាងនៃ«ច្បាប់ហាម DeepSeek នៅក្នុងឧបករណ៍រដ្ឋាភិបាល» ដែលនឹងហាមឃាត់មន្ត្រីរដ្ឋការសហរដ្ឋអាមេរិក ពីការប្រើប្រាស់កម្មវិធី app AI របស់ចិននេះ នៅលើឧបករណ៍របស់រដ្ឋាភិបាលអាមេរិក។ ពួកគេបានលើកឡើងវិញលទ្ធភាពដែលរដ្ឋាភិបាលចិនអាចប្រើapp នេះ ដើម្បីឈ្លបយកការណ៍និងការផ្សាយព័ត៌មានមិនពិត ថាជាមូលហេតុនៃបម្រាមនេះ។
លោក Gottheimer និយាយក្នុងសេចក្តីថ្លែងការណ៍ ថា៖«គណបក្សកុម្មុយនីស្តចិនបានបង្ហាញយ៉ាងច្បាស់ថាខ្លួននឹងកេងចំណេញពីឧបករណ៍ណាដែលក៏ដោយដែលខ្លួនមាន ដើម្បីធ្វើឱ្យខ្សោយដល់សន្តិសុខជាតិរបស់យើង បញ្ចេញព័ត៌មានមិនពិតដែលមានគ្រោះថ្នាក់ និងប្រមូលទិន្នន័យពីពលរដ្ឋអាមេរិក» យើងមិនអាចប្រថុយឱ្យគណបក្សកុម្មុយនីស្តចិនចូលក្នុងឧបករណ៍រដ្ឋាភិបាលនិងធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិយើងទេ»។
សំណើនេះកើតមានឡើងក្រោយពីក្រុមហ៊ុនកម្មវិធី software របស់ចិននេះ កាលពីខែមករា បានបោះពុម្ពផ្សាយពីគំរូភាសា AI មួយដែលមានសមត្ថភាពស្មើនឹងគំរូភាសា AI ដែលបង្កើតឡើងដោយក្រុមហ៊ុនអាមេរិកាំងដូចជាOpenAI ក្រុមហ៊ុន Meta និងក្រុម ហ៊ុន Alphabet និងក្រុមហ៊ុនផ្សេងទៀត។ ក្រុមហ៊ុន DeepSeek ត្រូវរាយការណ៍ថាបានបង្កើតគំរូភាសា AI នេះដោយចំណាយប្រាក់បន្តិចបន្តួចប៉ុណ្ណោះបើប្រៀបនឹងការចំណាយរបស់គូប្រជែងអាមេរិក។ ការប្រកាសនេះបានធ្វើឱ្យមានការភ័យបារម្ភខ្លាំងនិងការពិភាក្សាក្នុងចំណោមអ្នកធ្វើគោលនយោបាយនិងអ្នកវិនិយោគចំពោះតំបន់បច្ចេកវិទ្យា Silicon Valley៕
វេទិកាបញ្ចេញមតិ