កាលពីថ្ងៃចន្ទទី១ខែមេសា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានប្រកាសអំពីភាពដៃគូថ្មីអំពីវិទ្យាសាស្ត្រនៃសុវត្ថិភាពបញ្ញាសិប្បនិម្មិត ខណៈការព្រួយបារម្ភកាន់តែខ្លាំងឡើងអំបញ្ញាសិប្បនិម្មិតជំនាន់ក្រោយៗទៀត។
រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Gina Raimondo និងរដ្ឋមន្ត្រីបច្ចេកវិទ្យាអង់គ្លេសលោកស្រី Michelle Donelan បានចុះហត្ថលេខាលើអនុស្សារណៈនៃការយល់គ្នានៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីអភិវឌ្ឍរួមគ្នានូវការពិសោធន៍គំរូបញ្ញាសិប្បនិម្មិតទំនើប នៅក្រោយមានការប្តេជ្ញាត្រូវប្រកាសនៅក្នុងសន្និសីទកំពូល
AI នៅ Bletchley Park កាលពីខែវិច្ឆិកា។
លោកស្រី Raimondo បាននិយាយថា«យើងទាំងអស់គ្នាដឹងថាបញ្ញាសិប្បនិម្មិត AI ជាបច្ចេកវិទ្យានៃជំនាន់របស់យើង។ ភាពជាដៃគូនេះនឹងពន្លឿនការងារស្ថាប័នទាំងពីររបស់យើងក្នុងការដោះស្រាយហានិភ័យសន្តិសុខជាតិនិងកង្វល់អំពីសង្គមរបស់យើង»។
ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកស្ថិតក្នុងចំណោមបណ្តាប្រទេសបង្កើតឱ្យមានស្ថាប័នសុវត្ថិភាព AI ដឹកនាំដោយរដ្ឋាភិបាល។
កាលពីខែតុលា ចក្រភពអង់គ្លេសបាននិយាយថាស្ថាប័នរបស់ខ្លួននឹងពិនិត្យមើលនិងធ្វើតេស្តបញ្ញាសិប្បនិម្មិតប្រភេទថ្មីៗ ចំណែកឯសហរដ្ឋអាមេរិកវិញបាននិយាយកាលពីខែវិច្ឆិកាថាខ្លួនបង្កើតស្ថាប័នសុវត្ថិភាពរបស់ខ្លួនផ្ទាល់ដើម្បីវាយតម្លៃហានិភ័យនៃអ្វីដែលហៅថាបច្ចេកវិទ្យា AI កម្រិតខ្ពស់ចុងក្រោយហើយនៅពេលនេះកំពុងធ្វើការជាមួយក្រុមហ៊ុននិងអង្គភាពចំនួន២០០។
តាមរយៈភាពដៃគូជាផ្លូវការនេះ ចក្រភពអង់គ្លេសនិងសហរដ្ខអាមេរិកគ្រោងនឹងធ្វើតេស្តសាកល្បងរួមគ្នាលើគំរូដែលអាចចូលបានជាសាធារណៈនិងកំពុងពិចារណាអំពីការផ្លាស់ប្តូរពួកបុគ្គលិករវាងវិទ្យាស្ថានទាំងពីរនេះផងដែរ។ ប្រទេសទាំងពីរនេះកំពុងអភិវឌ្ឍភាពជាដៃគូស្រដៀងគ្នាជាមួយប្រទេសឯទៀតៗដែរដើម្បីផ្ចុងផ្តើមសុវត្ថិភាព AI។
លោកស្រី Donelan បានថ្លែងថា«នេះជាកិច្ចព្រមព្រៀងប្រភេទីនេះទីមួយហើយនៅក្នុងពិភពលោក។ បញ្ញាសិប្បនិម្មិតជាកម្លាំងខ្លាំងដ៏ល្អមួយនៅក្នុងសង្គមរបស់យើនិងមានសក្តានុពលទូលំទូលាយដើម្បីដោះស្រាយឧបសគ្គធំបំផុតរបស់ពិភពលោក ប៉ុន្តែលុះត្រាណាតែយើងទប់ទល់នឹងហានិភ័យទាំងនោះបានដែរ»។
បញ្ញាសិប្បនិម្មិត Generative AI ដែលចេះនិពន្ធ អាចបង្កើតអត្ថបទ រូបថតនិងវីដេអូជាការឆ្លើយតបនឹង open-ended prompts បាននាំឱ្យមានការរំជួលចិត្តនិងការបារម្ភថាវាអាចជំនួសការងារមួយចំនួនរបស់មនុស្ស ប៉ះពាល់ដល់ការបោះឆ្នោតនិងអាចមានសក្តានុពលលើសមនុស្សព្រមទាំងអាចបង្កជាមហន្តរាយផងដែរ។
នៅក្នុងបទសម្ភាសន៍រួមគ្នាជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទទី១ ខែមេសា លោកស្រី Raimondo និងលោកស្រី Donelan បាននិយាយថាគេត្រូវការឱ្យមានសកម្មភាពរួមគ្នាសម្រាប់ដោះស្រាយហានិភ័យនៃបញ្ញាសិប្បនិម្មិត។
លោកស្រី Donelan បានថ្លែងថា«ពេលវេលាសំខាន់ណាស់ពីព្រោះនឹងមានចេញផ្សាយគម្រូថ្មីៗហើយ ដែលមានសមត្ថភាពខ្លាំងជាងមុន។ យើងមានការផ្តោតមួយលើផ្នែកមួយក្នុងបណ្តាផ្នែកនានាដែលយើងខ្វែងគំនិតគ្នានិងមានភាពជំនាញពិតប្រាកដ។
លោកស្រី Raimondo បានពោលថាលោកស្រីនឹងលើកឡើងអំពីបញ្ហា AI នៅក្នុងការប្រជុំនៃក្រុមប្រឹក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យាសហរដ្ឋអាមេរិក-សហភាពអឺរ៉ុបនៅក្នុងប្រទេសបែលហ្សិកនៅថ្ងៃទី៤ ខែមេសា។
រដ្ឋបាលលោក Biden គ្រោងនឹងប្រកាសឆាប់ៗនេះអំពីការបន្ថែមទៅក្នុងក្រុម AI របស់ខ្លួន។ លោកស្រី Raimondo ថា«យើងទាញយកធនធានពេញលេញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក»។
ប្រទេសទាំងពីរនេះគ្រោងចែកចាយព័ត៌មានអំពីសមត្ថភាពនិងហានិភ័យទាក់ទិននឹងគំរូបញ្ញាសិប្បនិម្មិត ប្រព័ន្ធនិងការស្រាវជ្រាវអំពីសុវត្ថិភាពនិងសន្តិសុខ AI។
កាលពីខែតុលា លោក Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយសម្រាប់កាត់បន្ថយគ្រោះថ្នាក់ខាងបញ្ញាសិប្បនិម្មិត។ កាលពីខែមករា ក្រសួងពាណិជ្ជកម្មបាននិយាយថាខ្លួនស្នើឱ្យមានការតម្រូវដល់ក្រុមហ៊ុន cloud អាមេរិកឱ្យកំណត់ថាតើអង្គភាពបរទេសអាចចូលក្នុងមជ្ឈមណ្ឌលទិន្នន័យអាមេរិកបានឬទេដើម្បីហ្វឹកហ្វឺនគំរូ AI។
ចក្រភពអង់គ្លេសបាននិយាយកាលពីខែកុម្ភៈថាខ្លូននឹងចំណាយប្រាក់កាសជាង១២៥លានដុល្លារដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវថ្មីៗនិងនិយតកម្មខាងហ្វឹកហ្វឺនបញ្ញាសិប្បនិម្មិតអំពីបច្ចេកវិទ្យាចំនួន៩។
លោកស្រី Raimondo បានថ្លែងថាលោកស្រីខ្វល់ខ្វាយជាពិសេសអំពីការគំរាមកំហែងខាងបញ្ញាសិប្បនិម្មិតត្រូវប្រើក្នុងភេរវកម្មជីវសាស្ត្រឬការធ្វើឱ្យដូចសង្គ្រាមនុយក្លេអ៊ែរ។
លោកស្រីថា«ទាំងនោះគឺជាអ្វីៗដែលអាចនាំឱ្យមានផលវិបាកជាមហន្តរាយ ហើយដូច្នេះយើងមិនត្រូវមានការអត់ឱនដល់គំរូខ្លះដែលត្រូវប្រើសម្រាប់សមត្ថភាពនោះឡើយ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ