ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​លោក Biden ចេញ​វិធាន​ថ្មី​រឹតត្បិត​ការ​នាំចេញ​បន្ទះ​ឈីប AI ទំនើប​បំផុត


ប្រធានាធិបតី​លោក​ Joe Biden ថ្លែង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពីថ្ងៃទី​១៨ កញ្ញា ឆ្នាំ២០២៤។
ប្រធានាធិបតី​លោក​ Joe Biden ថ្លែង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពីថ្ងៃទី​១៨ កញ្ញា ឆ្នាំ២០២៤។

កាលពី​ថ្ងៃចន្ទ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ប្រកាស​វិធានការ​រឹតត្បិត​ថ្មី​លើ ការ​នាំចេញ​បន្ទះ​ឈីប​បច្ចេកវិទ្យា AI ទំនើប​បំផុត​និង​លេខ​សំគាល់ PGN ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​អន្តរកម្ម​របស់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ AI។

វិធាន​ថ្មី​នេះ​ដែល​នឹង​បើក​ឲ្យ​សាធារណជន​ផ្តល់​យោបល់​លើ​ក្នុង​រយៈពេល ១២០ ថ្ងៃ បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ហៅ​ថា​ជា​ការ​ចាំបាច់​ក្នុង​ការ​ការពារ​សន្តិសុខ​ជាតិ ហើយ​ស្រប​ពេល​នោះ​ដែរ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​វិធាន​ដែល​ក្រុមហ៊ុន​នានា​ក្នុង​ប្រទេស​ដៃគូ​ដែល​គួរឲ្យ​ទុកចិត្ត​អាច​ចូល​ទៅ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​នេះ​ដើម្បី​លើកកម្ពស់​នវានុវត្តន៍។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​អ្នកស្រី Gina Raimondo បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ «ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះ AI នឹង​មាន​គ្រប់​កន្លែង​ក្នុង​គ្រប់​អាជីវកម្ម​លើ​គ្រប់​វិស័យ​ទាំងអស់​ជុំវិញ​ពិភពលោក ដោយ​មាន​សក្តានុពល​ធំធេង​សម្រាប់​ផលិតភាព​កើនឡើង​និង​អត្ថប្រយោជន៍​សង្គម សុខាភិបាល និង​សេដ្ឋកិច្ច»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «និយាយ​ដូច្នេះ ពេល AI កាន់តែ​មាន​ឥទ្ធិពល ហានិភ័យ​ចំពោះ​សន្តិសុខ​ជាតិ​របស់​យើង​ក៏​កាន់តែ​តានតឹង​ដែរ»។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ក្នុង​រដ្ឋបាល​លោក Biden ថា វិធាន​ថ្មី​នេះ​នឹង​មិន​បញ្ចូល​ការ​រឹតត្បិត​ណាមួយ​ទៅ​លើ​ការ​លក់​បន្ទះឈីប​ដល់​ប្រទេស​សម្ព័ន្ធមិត្ត​សំខាន់ៗ​ចំនួន ១៨ ឬ​នៅ​សហរដ្ឋ​អាមេរិក​ទេ។ ប្រទេស​ទាំង ១៨ នោះ​រួមមាន​អូស្ត្រាលី បែលហ្ស៊ិក កាណាដា ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី ជប៉ុន ហូឡង់ នូវែលសេឡង់ ន័រវែស កូរ៉េ​ខាងត្បូង អេស្ប៉ាញ ស៊ុយអែត តៃវាន់​និង​ចក្រភព​អង់គ្លេស។

ប្រទេស​ស្ថិត​ក្រោម​បញ្ជី​របស់​អាមេរិក​ហាមឃាត់​ការ​ជួញដូរ​អាវុធ​បាន​ជាប់​បម្រាម​នាំចេញ​រួច​ទៅហើយ​លើ​បន្ទះឈីប AI ទំនើប តែ​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ថា​ពេលនេះ​ប្រទេស​ទាំងនោះ​ក៏​ត្រូវ​ហាមប្រាម​មិន​ឲ្យ​ផ្ទេរ​ប្រភេទ AI បិទ (ដែល​សាធារណជន​មិន​អាច​ចូល​ប្រើប្រាស់​បាន) ដ៏​មាន​ឥទ្ធិពល​បំផុត​ផងដែរ។

ក្រុមហ៊ុន​នានា​ក្នុង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​សម្ព័ន្ធមិត្ត​នឹង​មិន​ប្រឈម​នឹង​ការ​រឹតត្បិត​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ AI បិទ​ដ៏​មាន​ឥទ្ធិពល​បំផុត​នោះ​ទេ ដរាបណា​ប្រព័ន្ធ​នោះ​ត្រូវបាន​រក្សា​ទុក​ដោយ​មាន​សន្តិសុខ​គ្រប់គ្រាន់។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ក្នុង​រដ្ឋបាល​លោក Biden៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG