និស្សិតសាកលវិទ្យាល័យក្រុងហុងកុង៤នាក់បានត្រូវចាប់ខ្លួនកាលពីថ្ងៃពុធ ពីបទសង្ស័យថាលើកតម្កើងភេរវកម្មបន្ទាប់ពីពួកគេបានកាន់ទុក្ខជាសាធារណៈដល់បុរសម្នាក់ដែលបានចាក់មន្ត្រីប៉ូលិសម្នាក់ហើយបានសម្លាប់ខ្លួនឯងកាលពីខែកក្កដា។
ពួកគេដែលមានអាយុរវាងពី១៨ទៅ២០ឆ្នាំជាសមាជិកសហជីពនិស្សិតដែលបានធ្វើការជួបប្រជុំផ្សាយបន្តផ្ទាល់កាលពីខែមុនដែលអំឡុងពេលនោះសមាជិកសហជីពចំនួន៣០នាក់បានអនុម័តញត្តិ«កោតសរសើរការលះបង់»របស់អ្នកដែលបានស្លាប់ហើយបានគោរពវិញ្ញាណក្ខន្ធគាត់។
ការផ្សាយបន្តផ្ទាល់នេះមានការរិះគន់ពីសាកលវិទ្យាល័យនិងរដ្ឋាភិបាលក្រុងហុងកុងដែលបានបណ្តាលឲ្យសហជីពនេះដកញត្តិនោះចេញហើយមេដឹកនាំជាច្រើនរបស់សហជីពនេះបានសុំទោសនិងចុះចេញពីតំណែង។
ថ្លែងនៅឯសន្និសីទកាសែតកាលពីថ្ងៃពុធ លោក Stve Li មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានប៉ូលិសសន្តិសុខជាតិបាននិយាយថាញត្តិនោះស្វះស្វែងលើកតម្កើងភេរវកម្ម។
លោក Li បានបន្ថែមថា ប៉ូលិសមានគម្រោងសួរចម្លើយសមាជិកផ្សេងទៀតរបស់សហជីពនេះដែលបានបោះឆ្នោតគាំទ្រញត្តិ ដែលលោកថា បានលើកទឹកចិត្តអត្តឃាត។
អ្នកវាយប្រហារដែលសហជីពបានអបអរនោះបានចាក់មន្ត្រីប៉ូលិសពីក្រោយនៅថ្ងៃទី១ខែកក្កដា ចំខួបមួយឆ្នាំចាប់តាំងពីរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ឲ្យប្រើច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងនៅក្រុងហុងហុង។ មន្ត្រីប៉ូលិសនោះបានត្រូវចាក់ចំសួតក៏ប៉ុន្តែនៅមានជីវិតរីឯជនដៃដល់បានចាក់សម្លាប់ខ្លួនឯងចំដើមទ្រូង។
លោក Chris Tang លេខាធិការទទួលបន្ទុកសន្តិសុខបានហៅការវាយប្រហារនេះថា ជាភេរវកម្មក្នុងស្រុកហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលិសបានព្រមានប្រជាជនកុំឱ្យកាន់ទុក្ខជនល្មើស៕
(Skye Witley រួមចំណែកក្នងសេចក្តីរាយការណ៍នេះ)