លោក Antony Blinken រដ្ឋមន្ត្រីការបរទេសស.រ.អា.កាលពីថ្ងៃអង្គារបានជួបតាមអនឡាញជាមួយជនជាតិមូស្លីម Uyghurs ដែលធ្លាប់ត្រូវបានឃុំខ្លួននៅក្នុងជំរំនានាក្នុងតំបន់ស៊ីនជាំងប្រទេសចិនដើម្បីស្តាប់អំពីបទពិសោធន៍របស់ពួកគេ និងស្វែងរកដំបូន្មានល្អបំផុតដើម្បីដាក់សម្ពាធឱ្យប្រទេសចិនបញ្ឈប់ការបង្ក្រាបនៅទីនោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
ក្រសួងការបរទេសបានបញ្ជាក់ថា លោក Blinken ចង់ស្តាប់យោបល់អតីតអ្នកជាប់ឃុំ៧នាក់ សាច់ញាតិរបស់អ្នកដទៃ និងអ្នកតស៊ូមតិអំពីស្ថានភាពដែលពួកគេ និងសហគមន៍ Uyghursប្រឈម។
ប្រទេសចិនបានរងការរិះគន់យ៉ាងខ្លាំង និងរងទណ្ឌកម្មពីអន្តរជាតិចំពោះការឃុំខ្លួនជនជាតិ Uyghurs និងជនជាតិភាគតិចដទៃទៀតជាង១លាននាក់ដើម្បីអប់រំនយោបាយនៅតំបន់ស៊ីនជាំង។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា កិច្ចប្រជុំនេះបង្ហាញការបន្តគោលនយោបាយរបស់អាមេរិកស្តីពីបញ្ហានេះរបស់រដ្ឋបាលលោក Biden និងរដ្ឋបាលលោក Donald Trump ដែលខុសគ្នា។
រដ្ឋបាលទាំងពីរបានហៅយុទ្ធនាការនៅតំបន់ស៊ីនជាំងថា «អំពើប្រល័យពូជសាសន៍» និងបានដាក់ទណ្ឌកម្មប្រទេសចិនចំពោះការរំលោភសិទ្ធិមនុស្ស។ អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានជួបជាច្រើនដងជាមួយជនជាតិ Uyghurs ដែលជាអតីតអ្នកទោស។
ចាប់តាំងពីរដ្ឋបាលលោក Trump សហរដ្ឋអាមេរិកបានបង្កើនសម្ពាធជាប្រចាំទៅលើប្រទេសចិនចំពោះបញ្ហាមួយចំនួន ជាពិសេសការគាបសង្កត់នៅតំបន់ស៊ីនជាំង និងការបង្ក្រាបការប្រឆាំងនយោបាយ និងសិទ្ធិមនុស្សនៅហុងកុង។ ទណ្ឌកម្មទាំងនោះរួមមានការហាមឃាត់ការធ្វើដំណើរ ទណ្ឌកម្មហិរញ្ញវត្ថុ និងការរឹតត្បិតពាណិជ្ជកម្មលើការនាំចូលពីប្រទេសចិនមកសហរដ្ឋអាមេរិក៕