សវនាការជនជាប់ចោទដំបូងគេក្រោមច្បាប់សន្តិសុខជាតិរបស់ក្រុងហុងកុងគ្រោងបញ្ចប់នៅថ្ងៃអង្គារ។ ជនជាប់ចោទត្រូវបានបដិសេធមិនឲ្យធានានៅក្រៅឃុំ ហើយគណៈវិនិច្ឆ័យក្នុងរឿងក្តីដ៏សំខាន់មួយនេះត្រូវបានអ្នករិះគន់ថាប្រាសចាកពីប្រព័ន្ធច្បាប់បែបអង់គ្លេស (common law) របស់ដែនកោះនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
លោក Tong Ying-kit អាយុ២៤ឆ្នាំជាជនជាប់ចោទនិងជាអតីតអ្នកបម្រើការក្នុងភោជនីយដ្ឋានមិនបានទទួលកំហុសដូចការចោទពីបទភេរវកម្មការញុះញង់ឲ្យមានអបគមន៍និងបទចោទផ្សេងទៀតគឺការបើកបរដែលបង្ករបួសស្នាមធ្ងន់ធ្ងរកាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២០គឺមិនយូរប៉ុន្មានបន្ទាប់ពីច្បាប់នេះចូលជាធរមាន។
ប្រព័ន្ធច្បាប់អង់គ្លេសរបស់ក្រុងហុងកុងអនុញ្ញាតឲ្យជនជាប់ចោទសុំនៅក្រៅឃុំលើកលែងតែរដ្ឋអាជ្ញាអាចបង្ហាញពីហេតុផលផ្លូវច្បាប់សម្រាប់ឃុំខ្លួនជនសង្ស័យ។
ប៉ុន្តែតាមច្បាប់ថ្មីដែលរដ្ឋាភិបាលបស្ចិមប្រទេសនិងអង្គការសិទ្ធិមនុស្សលើកឡើងថា ត្រូវអាជ្ញាធរប្រើដើម្បីបង្ក្រាបអ្នកប្រឆាំងនៅក្នុងទីក្រុងនេះនោះភាគីចុងចោទជាអ្នកទទួលបន្ទុកបង្ហាញថាខ្លួននឹងមិនបំពានច្បាប់ទេបើត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
រដ្ឋាភិបាលនៅទីក្រុងប៉េកាំងនិងហុងកុងបាននិយាយម្តងហើយម្តងទៀតថាច្បាប់ថ្មីនេះចាំបាច់ដើម្បីស្ថិរភាពរបស់អតីតអាណានិគមអង់គ្លេសនេះបន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលក្នុងឆ្នាំ២០១៩។
ការកាត់ទោសលោកTongដឹកនាំដោយចៅក្រមបីរូបដែលតែងតាំងដោយមេដឹកនាំគាំទ្រក្រុងប៉េកាំងគឺអ្នកស្រី Carrie Lam ស្តាប់រឿងក្តីសន្តិសុខជាតិគឺចៅក្រម Esther Toh, Anthea Pang និង Wilson Chan។ សំណុំរឿងនេះមិនមានគណៈវិនិច្ឆ័យទេ។
ប្រព័ន្ធតុលាការរបស់ហុងកុងហៅការជំនុំជម្រះដោយគណៈវិនិច្ឆ័យជាផ្នែកមួយនៃមុខងារសំខាន់បំផុតនៃប្រព័ន្ធច្បាប់របស់ទីក្រុងដែលជាច្បាប់តាមទម្លាប់អង់គ្លេសបង្កើតឡើងដើម្បីផ្តល់ការការពារបន្ថែមដល់ជនជាប់ចោទប្រឆាំងនឹងការរំលោភអំណាចរបស់អាជ្ញាធរ។
វាសនារបស់លោក Tong អាចបង្ហាញពីរបៀបដែលតុលាការចាត់ការសំណុំរឿងសន្តិសុខជាតិផ្សេងៗទៀត៕