រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុងគឺជា «ការប្រមាថមើលងាយដល់ប្រទេសទាំងអស់» និងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការដើម្បីបញ្ចប់ការអនុគ្រោះពិសេសសម្រាប់ទីក្រុងហុងកុង។
លោក Pompeo និយាយដូច្នេះថា៖ «សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង អំពីខចែងទាំងស្រុងរបស់ច្បាប់នេះ និងអំពីសុវត្ថិភាពរបស់អ្នករស់នៅក្នុងទីក្រុងហុងកុង ដែលក្នុងនោះមានទាំងពលរដ្ឋអាមេរិកាំងផងដែរ»។
រដ្ឋសភាចិនបានអនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង កាលពីថ្ងៃអង្គារ។ ច្បាប់នេះចែងអំពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះបទឧក្រិដ្ឋមិនច្បាស់លាស់មួយចំនួន ដូចជា «ការឃុបឃិតជាមួយនឹងបរទេស» ជាដើម។ បទឧក្រិដ្ឋមួយចំនួនទៀត ដូចជាការបំផ្លិចបំផ្លាញប្រព័ន្ធធ្វើដំណើរសាធារណៈជាដើម អាចចាត់ទុកថាជាសកម្មភាពភេរវកម្មដែលអាចដាក់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតបាន។
អ្នកវិភាគផ្នែកច្បាប់បាននិយាយថា ច្បាប់នេះបានបញ្ចប់យ៉ាងមានប្រសិទ្ធភាពនូវសេរីភាពនយោបាយ ដែលបានអនុញ្ញាតជាយូរមកហើយឲ្យពលរដ្ឋហុងកុងអាចបញ្ចេញទស្សនៈនយោបាយរបស់ពួកគេជាសាធារណៈបាន និងបានជួយប្រែក្លាយទីក្រុងហុងកុងឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិមួយ។
លោក Pompeo បញ្ជាក់ដូច្នេះថា៖ «មាត្រាទី ៣៨ នៃច្បាប់ថ្មីនេះ ក៏មានចេតនាចង់សំដៅលើបទឧក្រិដ្ឋដែលប្រព្រឹត្តិឡើងនៅខាងក្រៅទីក្រុងហុងកុង ដោយអ្នកដែលមិនមែនជាពលរដ្ឋហុងកុងផងដែរ ហើយករណីនេះទំនងជាបូករួមទាំងពលរដ្ឋអាមេរិកាំងផងដែរ។ នេះគឺជារឿងហួសហេតុជ្រុល និងជាការប្រមាថមើលងាយដល់ប្រទេសទាំងអស់»៕