ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ហុងកុង​​ចាប់​ខ្លួន​បាតុករ​ជាង​ ៣០០ នាក់ ក្រោយ​ច្បាប់​សន្ដិសុខ​ជាតិ​ថ្មី​ត្រូវ​បាន​អនុម័ត


ប៉ូលិសហុងកុងប្រើប្រាស់កាំភ្លើងបាញ់ផ្សែងបង្ហូរទឹកភ្នែក ខណៈពេលចាប់ឃុំខ្លួនបុរសម្នាក់អំឡុងពេលបាតុកម្ម នៅក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។
ប៉ូលិសហុងកុងប្រើប្រាស់កាំភ្លើងបាញ់ផ្សែងបង្ហូរទឹកភ្នែក ខណៈពេលចាប់ឃុំខ្លួនបុរសម្នាក់អំឡុងពេលបាតុកម្ម នៅក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

ប៉ូលិស​ហុងកុង​បាន​ប្រើ​កាំភ្លើង​បាញ់​ទឹក​និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដាក់​ហ្វូង​បាតុករ និង​បាន​ចាប់​ខ្លួន​បាតុករ​ជាង ៣០០ នាក់​ កាល​ពី​ថ្ងៃ​ពុធ ខណៈ​ដែល​បាតុករ​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ ដើម្បី​ប្រឆាំង​នឹង​ច្បាប់​សន្ដិសុខ​ជាតិ​ថ្មី​ដែល​អនុម័ត​ដោយ​ចិន​។ ក្រុម​អ្នក​រិះគន់​និយាយ​ថា ច្បាប់​ថ្មី​នេះ​មាន​គោលបំណង​បំបិទ​មាត់​សំឡេង​ប្រឆាំង។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ចេញ​ខ្លឹមសារ​លម្អិត​នៃ​ច្បាប់​សន្ដិសុខ​ជាតិ​ថ្មី​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ក្រោយ​ពីមាន​ភាព​ស្រពេចស្រពិល​អំពី​ច្បាប់​នេះ​អស់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍។ ច្បាប់​នេះ​បាន​រុញច្រាន​ឲ្យ​ទីក្រុង​ហុងកុង​ដែល​ជា​ទីក្រុង​ដែល​មាន​សេរីភាព​បំផុត​របស់​ប្រទេស​ចិន និង​ជា​ទីក្រុង​មួយ​ដែល​ជា​បណ្ដុំ​ពាណិជ្ជកម្ម​ពិភពលោក​ធ្លាក់​ចូល​ទៅ​ក្នុង​មាគ៌ា​ផ្ដាច់ការ​ជាង​មុន។

ខណៈ​ដែល​បាតុករ​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​កណ្ដាល​ក្រុង​ដើម្បី​ដើរ​ដង្ហែ​ក្បួនប្រារព្ធ​ខួប​ឯករាជ្យ​ដែល​អតីត​អាណានិគមនិយម​អង់គ្លេស​ប្រគល់​ទីក្រុង​ហុងកុង​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​នៅ​ឆ្នាំ​១៩៩៧ ប៉ូលិស​បាន​ប្រើ​ទឹក​បាញ់​ឲ្យ​ក្រហាយ​ភ្នែក​បាញ់​ដាក់​ហ្វូង​បាតុករ និង​ចាប់​ខ្លួន​បាតុករ​មួយ​ចំនួន ក្រោយ​ពី​ពួកគេ​ស្រែក​ឃ្លា​ថា «ប្រឆាំង​រហូត​ដល់​ទីបញ្ចប់» និង​ «ឯករាជ្យ​ហុងកុង»។ ​

ច្បាប់​ថ្មី​នេះ​នឹង​ដាក់​ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ញុះញង់ ផ្ដួល​រំលំ​រដ្ឋាភិបាល ភេរវកម្ម និង​ការ​ឃុបឃិត​ជាមួយ​នឹង​កងកម្លាំង​បរទេស ដែល​អាច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ច្បាប់​នេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​មាន​ទីភ្នាក់ងារ​សន្ដិសុខ​ចិនដីគោក​ក្នុង​ទីក្រុង​ហុងកុង​ជា​លើក​ដំបូង និង​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ជូន​ខ្លួន​ពី​ទីក្រុង​ហុងកុង​ទៅ​កាន់​ចិន​ដីគោក​ដើម្បី​កាត់ក្ដី​ផង​ដែរ៕

XS
SM
MD
LG