នៅថ្ងៃព្រហស្បត៍នេះ មេដឹកនាំទីក្រុងហុងកុងបានសរសើរ «ការវិលត្រឡប់ទៅរកសន្តិភាពវិញ» របស់ទីក្រុងហុងកុង បន្ទាប់ពីច្បាប់សន្តិសុខជាតិថ្មីដែលរដ្ឋាភិបាលចិនបានដាក់ឲ្យអនុវត្ត បានជួយបង្ក្រាបចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ស្របពេលដែលមនុស្សមួយចំនួនតូចបានប្រឆាំងនឹងវត្តមានដ៏ច្រើនរបស់ប៉ូលិស និងបានតវ៉ានៅក្នុងអំឡុងពេលប្រារព្ធទិវាជាតិ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP។
សាធារណរដ្ឋប្រជាមានិតចិនបានប្រារព្ធខួបនៃការបង្កើតប្រទេសរបស់ខ្លួននៅថ្ងៃទី ១ ខែតុលានេះ ដោយមានការឈប់សម្រាក និងពិធីរាំរបាំប្រកបដោយការប្រយ័ត្នប្រយែង។
ក៏ប៉ុន្តែ នៅក្នុងទីក្រុងហុងកុង ថ្ងៃនេះបានក្លាយជាថ្ងៃទុក្ខព្រួយសម្រាប់អ្នកដែលព្រួយបារម្ភអំពីការ បង្ក្រាបកាន់តែខ្លាំងឡើងរបស់អាជ្ញាធរក្រុងប៉េកាំងលើអ្នកប្រឆាំង។
ការតវ៉ាបានក្លាយជារឿងខុសច្បាប់ក្នុងពេលភាគច្រើនបំផុតនៅក្នុងឆ្នាំនេះ ហើយរដ្ឋាភិបាលក្រុងប៉េកាំងក៏បានដាក់ឲ្យអនុវត្តនូវច្បាប់សន្តិសុខជាតិដ៏តឹងរឹងលើមជ្ឈមណ្ឌលពាណិជ្ជកម្មពាក់កណ្តាលស្វយយ័តនេះកាលពីខែមិថុនាផងដែរ។
មេដឹកនាំទីក្រុងហុងកុងអ្នកស្រី Carrie Lam បាននិយាយថា៖ «ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ ការពិតដែលមិនអាចប្រកែកបានសម្រាប់មនុស្សគ្រប់គ្នាគឺថា សង្គមរបស់យើងបានវិលត្រឡប់មករកសន្តិភាពវិញ»។
អ្នកស្រីបានបន្ថែមថា៖ «សន្តិសុខជាតិរបស់ប្រទេសយើងត្រូវបានការពារនៅក្នុងទីក្រុងហុងកុង ហើយពលរដ្ឋរបស់យើងអាចអនុវត្តសិទ្ធិ និងសេរីភាពរបស់ពួកគេស្របទៅតាមច្បាប់បានឡើងវិញ»។
កាលពីឆ្នាំមុន ទិវាជាតិចិនលើកទី ៧០ បានបង្កឲ្យមានការប៉ះទង្គិចគ្នាខ្លាំងក្លារវាងអ្នកតវ៉ានិងប៉ូលិស ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឲ្យក្រឡាប់ចាក់ទីក្រុងហុងកុងនៅពេលនោះ។
អាជ្ញាធរបានបដិសេធមិនអនុញ្ញាតឲ្យមានការដើរក្បួនតវ៉ាក្នុងថ្ងៃទិវាជាតិចិននៅក្នុងឆ្នាំនេះ ដោយលើកឡើងពីបញ្ហាព្រួយបារម្ភផ្នែកសន្តិសុខ និងបម្រាបទាក់ទិននឹងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលតម្រូវឲ្យមានការជួបជុំមិនឲ្យលើសពី ៤ នាក់នៅតាមទីសាធារណៈ៕