មនុស្សយ៉ាងតិច ២៨៩ នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងនឹងការពន្យារពេលការបោះឆ្នោតសភា។
ការបោះឆ្នោតដែលកាលពីដំបូងបានគ្រោងធ្វើកាលពីថ្ងៃអាទិត្យម្សិលមិញ គឺជាឱកាសមួយដែលពលរដ្ឋហុងកុងអាចធ្វើការបោះឆ្នោតបាន។
លោកស្រី Carrie Lam មេដឹកនាំទីក្រុងហុងកុងដែលជ្រើសរើសដោយរដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសកាលពីចុងខែកក្កដាថា ការបោះឆ្នោតនៅក្នុងទីក្រុងហុងកុងនឹងត្រូវពន្យារពេលមួយឆ្នាំ ដោយសារតែការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា។
ចំណាត់ការនេះត្រូវបានគេមើលឃើញថាជាការប៉ះពាល់ដល់ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលត្រូវគេរំពឹងថានឹងទទួលបានសន្លឹកឆ្នោតគាំទ្រច្រើននៅក្នុងការបោះឆ្នោតនេះ។
ការបោះឆ្នោតនេះគឺជាការបោះឆ្នោតលើកទីមួយនៅក្នុងទីក្រុងហុងកុង ចាប់តាំងពីរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ឱ្យប្រើប្រាស់ច្បាប់សន្តិសុខជាតិថ្មីកាលពីខែមិថុនាមក។ រដ្ឋាភិបាលនៅតែបញ្ជាក់ថា ការពន្យារពេលការបោះឆ្នោតនេះមិនមែនជារឿងនយោបាយនោះទេ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប៉ូលិសប្រឆាំងកុបកម្មបានបាញ់គ្រាប់ម្រេចដាក់អ្នកតវ៉ា។ ស្ថាប័នប៉ូលិសហុងកុងបានសរសេរនៅលើ Facebook របស់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញថា មនុស្ស ២៨៩ នាក់ត្រូវបានចាប់ខ្លួនភាគច្រើនពាក់ព័ន្ធនឹងការជួបជុំគ្នាខុសច្បាប់៕