ប៉ូលិសទីក្រុងហុងកុងបានចាប់ខ្លួនមនុស្សចំនួន ៧ នាក់កាលពីថ្ងៃអាទិត្យ ចំពោះការប្រតាយប្រតប់គ្នាមួយ ដែលបានកើតឡើងនៅក្នុងរដ្ឋសភានៃទីក្រុងនេះ ក្នុងអំឡុងពេលដែលមានការប៉ះទង្គិចគ្នាមួយរវាងក្រុមអ្នកតំណាងរាស្ត្រដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងអ្នកតំណាងរាស្ត្រដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង កាលពីដើមឆ្នាំនេះ។
អ្នកដែលត្រូវបានចាប់ខ្លួន រួមមានអតីតអ្នកតំណាងរាស្ត្រខាងគណបក្សប្រឆាំង និងអ្នកតំណាងរាស្ត្រខាងគណបក្សប្រឆាំងនាពេលបច្ចុប្បន្ននេះផងដែរ។ នេះបើយោងតាមគណបក្សនយោបាយរបស់ពួកគេ និងសេចក្ដីរាយការណ៍ព័ត៌មាននានា។
សេចក្ដីថ្លែងការណ៍មួយរបស់ប៉ូលិសបានឲ្យដឹងថា បុរសចំនួន ៦ នាក់និងស្ត្រីម្នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាមើលងាយ និងជ្រៀតជ្រែកកិច្ចការរបស់តំណាងរាស្ត្រដទៃទៀត។ សេចក្ដីថ្លែងការណ៍នោះមិនបានបញ្ជាក់ពីឈ្មោះរបស់ពួកគេនោះទេ។
សេចក្ដីថ្លែងការណ៍នោះបានឲ្យដឹងថា ការចាប់ខ្លួននេះជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើកិច្ចប្រជុំមួយរបស់គណៈកម្មាធិការរដ្ឋសភា កាលពីថ្ងៃទី ៨ ខែឧសភា ដែលអ្នកតំណាងរាស្ត្រគាំទ្រលទ្ធិប្រជាធិបតេយ្យមួយចំនួន បានរត់ទៅកាន់កៅអីរបស់ប្រធានរដ្ឋសភា ហើយកងកម្លាំងសន្ដិសុខបានរុញច្រានពួកគេចេញវិញ។
នៅក្នុងព្រឹត្តការណ៍នោះ ក្រុមសន្ដិសុខបានចាប់លើកអ្នកតំណាងរាស្ត្រដែលគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងនោះ ដែលរួមមានទាំងលោក Eddie Chu និងលោក Ray Chan ផងដែរ ចេញពីរដ្ឋសភា បន្ទាប់ពីពួកគេត្រូវបានបញ្ជាឲ្យចាកចេញចំពោះសកម្មភាពគ្មានសណ្ដាប់ធ្នាប់។ អ្នកទាំងពីរនាក់បានលាលែងពីតំណែង ចាប់តាំងពីពេលនោះមក។
លោក Chan បានបង្ហោះសារមួយលើបណ្តាញសង្គម Twitter ថា លោកត្រូវបានចាប់ខ្លួនកាលពីម៉ោង ៧ ព្រឹកថ្ងៃអាទិត្យនេះ ហើយបណ្ដាញព័ត៌មានហុងកុងបានឲ្យដឹងថា លោក Chu ក៏ត្រូវបានចាប់ខ្លួន កាលពីមុននេះផងដែរ។
ហេតុការណ៍នេះគឺស្ថិតក្នុងចំណោមការប្រតាយប្រតប់គ្នាមួយចំនួន ដោយសារតែការអនុម័តលើសំណើច្បាប់មួយកាលពីខែមិថុនា ដែលចាត់ទុកការប្រមាថភ្លេងជាតិរបស់ប្រទេសចិនថាជាការខុសច្បាប់៕