ការចរចាបានឈានទៅដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយនៅឯសន្និសីទរបស់អង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះកាលពីព្រឹកថ្ងៃចន្ទ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
កិច្ចព្រមព្រៀងនេះនឹងតំណាងឱ្យកិច្ចប្រឹងប្រែងដ៏សំខាន់បំផុតនៅក្នុងការការពារផ្ទៃដីនិងមហាសមុទ្ររបស់ពិភពលោក និងផ្ដល់នូវហិរញ្ញប្បទានដ៏សំខាន់ដើម្បីជួយសង្គ្រោះជីវៈចម្រុះនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
កិច្ចព្រមព្រៀងពិភពលោកនេះបានធ្វើឡើងនៅថ្ងៃដែលសន្និសីទអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ (COP15) គ្រោងនឹងបញ្ចប់នៅក្នុងទីក្រុង Montreal ប្រទេសកាណាដា។
ប្រទេសចិន ដែលជាប្រធាននៅក្នុងសន្និសីទនេះ បានចេញផ្សាយនូវសេចក្ដីព្រាងថ្មីមួយកាលពីថ្ងៃអាទិត្យដែលផ្ដល់ឱ្យការពិភាក្សាដែលពេលខ្លះមានលក្ខណៈតឹងសសៃកនេះ នូវកម្លាំងជំរុញទៅមុខដែលត្រូវការចាំបាច់បំផុត។
ផ្នែកសំខាន់បំផុតនៃកិច្ចព្រមព្រៀងនេះគឺការតាំងចិត្តនៅក្នុងការការពារផ្ទៃដីនិងផ្ទៃទឹកចំនួន ៣០% ដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ជីវៈចម្រុះនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។ នាពេលបច្ចុប្បន្ននេះ ផ្ទៃដីចំនួន ១៧% និងផ្ទៃសមុទ្រចំនួន ១០% កំពុងត្រូវបានការពារ។
កិច្ចព្រមព្រៀងនេះក៏អំពាវនាវផងដែរឱ្យមានការអង្គាសថវិកាឱ្យបានចំនួន ២០០ ពាន់លានដុល្លារអាមេរិកពីប្រភពផ្សេងៗនៅត្រឹមឆ្នាំ ២០៣០ ខាងមុខសម្រាប់ជីវៈចម្រុះ និងធ្វើការដើម្បីដកចេញឬក៏កែទម្រង់ថវិការួមចំណែករបស់រដ្ឋាភិបាលដែលអាចផ្ដល់នូវថវិកាចំនួន ៥០០ ពាន់លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ធម្មជាតិ។
នៅក្នុងផ្នែកមួយនៃកញ្ចប់ហិរញ្ញប្បទាននេះ កិច្ចព្រមព្រៀងនេះស្នើឱ្យមានការបង្កើនថវិការហូតដល់យ៉ាងតិច ២០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំនៅត្រឹមឆ្នាំ ២០២៥ ខាងមុខសម្រាប់ប្រទេសក្រីក្រ។ នេះមានន័យថា ថវិកានេះនឹងកើនរហូតដល់ ៣០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ៕
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រត្រូវបានធ្វើឡើងនៅឯសន្និសីទអង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ

ទីក្រុង Montreal ប្រទេសកាណាដា —