លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី នៅថ្ងៃពុធនេះ បានច្រានចោលការចោទប្រកាន់ និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរូបលោក ដែលថា លោកមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ VOA នាព្រឹកថ្ងៃពុធនេះថា លោកមិនខ្វល់ទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះទេ ដោយលោកថា លោកអនុវត្តការងារទៅតាមច្បាប់និងរដ្ឋធម្មនុញ្ញកម្ពុជាប៉ុណ្ណោះ។ លោកបន្ថែមដោយបានច្រានចោលការចោទប្រកាន់ដែលថា លោកជាប់ពាក់ព័ន្ធនឹងការបោកគ្រាប់បែកនៅខាងមុខរដ្ឋសភាចាស់កាលពីឆ្នាំ១៩៩៧និងថា ការសម្រេចរបស់សហរដ្ឋអាមេរិកធ្វើឡើងដោយខ្វះការវិភាគ។
លោកបញ្ជាក់ថា៖
«មិនដឹងថាគាត់យល់យ៉ាងម៉េចដែរ អាហ្នឹងរឿងសិទ្ធិរបស់គាត់ ព្រោះគាត់មហាអំណាច ចង់គាបពីណា ឬបុគ្គលណា រឿងរបស់គាត់។ តែសម្រាប់ខ្ញុំ ខ្ញុំអត់ខ្វល់អីផង ហើយមានតែអរគុណគាត់ទៀត ឲ្យគាត់គាបចុះ ហើយបើមានទ្រព្យសម្បត្តិនៅអាមេរិក សូមបង្កកឲ្យបានលឿន ហើយយកឲ្យអស់តែម្តងទៅ»។
នាយឧត្តមសេនីយផ្កាយមាសបួន ហ៊ីង ប៊ុនហៀង បន្ថែមថា លោកមិនមានទ្រព្យសម្បត្តិ ឬ ជំនួញណាមួយនៅសហរដ្ឋអាមេរិកនោះទេ ហើយលោកថា ការសម្រេចដាក់ទណ្ឌកម្មលើលោក ប្រៀបដូចជាការ «អារកខ្យង» យ៉ាងដូច្នោះ។
លោកមានប្រសាសន៍ដោយមានសំឡេងសើចតិចៗថា៖
«អាមេរិកមិនអារ ក ត្រីរ៉ស់ មកអារ ក ខ្យង។ ខ្ញុំចង់និយាយថា ខ្ញុំអត់មានលុយទេ ខ្ញុំឧទាហរណ៍អញ្ចឹង។ អ្នកណាដែលគេមានលុយអាហ្នឹងទៅគាបអ្នកហ្នឹងទៅ តែគេមិនគាបមកគាបចំអ្នកអត់មានលុយ។ វាគួរឲ្យអស់សំណើច ហើយមហាអំណាចមួយទាំងមូល គាត់បែរមកធ្វើអញ្ចឹង។ ពូវាគួរឲ្យឆ្ងល់ណាស់ក្មួយ»។
ការច្រានចោលរបស់មេអង្គរក្សរូបនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសនៅថ្ងៃអង្គារ ដោយសម្រេចដាក់ទណ្ឌកម្មលោក ដោយថា លោកមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា និងថា លោកបានវាយប្រហារលើជនរងគ្រោះជាច្រើន ដែលក្នុងនោះមានពលរដ្ឋអាមេរិកាំងម្នាក់ផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកដែល VOA ទទួលបានកាលពីថ្ងៃអង្គារបញ្ជាក់ថា ការដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង ធ្វើឡើងដោយផ្អែកលើច្បាប់សិទ្ធិមនុស្ស Global Magnitsky ឆ្នាំ២០១៦ ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិជនណាដែលរំលោភសិទ្ធិមនុស្ស ឬ ប្រព្រឹត្តអំពើពុករលួយ។
សេចក្តីប្រកាសព័ត៌មាននោះត្រូវបានសរសេរក្នុងន័យដើមថា៖
«លោក ហ៊ីង ប៊ុនហៀង និងបញ្ជាការដ្ឋានអង្គរក្ស មានជាប់ពាក់ព័ន្ធនឹងឧប្បទ្ទវហេតុជាច្រើនដែលក្រុមយោធាត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងក្រុមបាតុករនិងគណបក្សប្រឆាំងតាំងពីឆ្នាំ១៩៩៧ មក ក្នុងនោះមានការគប់គ្រាប់បែកដែលមានពលរដ្ឋអាមេរិកាំងម្នាក់បានរងរបួស»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកដដែលនោះបន្ថែមថា បញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារជាច្រើនលើពលរដ្ឋកម្ពុជា ដែលគ្មានអាវុធក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនោះមានការវាយប្រហារកាលពីឆ្នាំ២០១៣ នៅក្បែរវត្តភ្នំ និងឆ្នាំ២០១៥ នៅមុខរដ្ឋសភាជាតិកម្ពុជា។
កាលពីឆ្នាំ២០១៥ មានអង្គរក្សបីនាក់របស់បញ្ជាការដ្ឋានអង្គរក្សលោក ហ៊ុន សែន បានសារភាពថា ពួកគេបានវាយតប់ទាត់ធាក់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួនពីរនាក់គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរប៉ុន្តែពួកគេជាប់ពន្ធនាគារតែរយៈពេលខ្លីហើយថែមទាំងទទួលបានការដំឡើងឋាន្តរស័ក្តិបន្ទាប់ពីចេញពីពន្ធនាគារ។
លោក ហ៊ីង ប៊ុនហៀង ក៏ជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាហើយទើបតែបានបញ្ចូលជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សនេះកាលពីឆ្នាំ២០១៥។
ឆ្លើយតបទៅនិងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្រសួងការពារជាតិនិងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចេញសេចក្តីប្រកាសព័ត៌មាន និងសេចក្តីថ្លែងការណ៍បន្ទាន់ព្រមៗគ្នា ដោយបានថ្កោលទោសសហរដ្ឋអាមេរិក ក្នុងការសម្រេចដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង។
ខុទ្ទកាល័យនាយករដ្ឋមន្រ្តីនិងក្រសួងការពារជាតិលើកឡើងថា ការសម្រេចដាក់ទណ្ឌកម្មដោយហាមមិនឲ្យចូលទឹកដីអាមេរិកនិងបង្កកទ្រព្យសម្បត្តិមកលើមន្រ្តីជាន់ខ្ពស់កម្ពុជាបែបនេះ គឺជាការរំលោភដល់ច្បាប់កម្ពុជាដោយគ្មានភស្តុតាងនិងយ៉ាងអយុត្តិធម៌ទីបំផុត។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបញ្ជាក់ក្នុងន័យដើមថា៖
«ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនេះ គឺជាការសម្រេចដ៏ល្ងង់ខ្លៅ ធ្វើឡើងដោយទំនើងចិត្តសហរដ្ឋអាមេរិកដែលកម្ពុជាមិនអាចទទួលស្គាល់បានឡើយ។ ក្រសួងការពារជាតិកម្ពុជា សូមអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យបញ្ឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្ម មកលើមន្រ្តីជាន់ខ្ពស់យោធាកម្ពុជាដោយមិនមានមូលដ្ឋានច្បាស់លាស់បែបនេះ»។
ចំណែកគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយបានចេញសេចក្តីថ្លែងការណ៍មួយគាំទ្រនូវចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មនេះថា ជាការផ្តល់ពន្លឺយុត្តិធម៌សម្រាប់ជនរងគ្រោះក្រោមស្នាដៃរបស់លោក ហ៊ីង ប៊ុនហៀង។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបានបញ្ជាក់ក្នុងន័យដើមថា៖
«ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង នាពេលនេះ គឺជាសារព្រមានដល់មេក្លោងរំលោភសិទ្ធិមនុស្សនៅកម្ពុជាដទៃទៀតថា ពួកគេនឹងមិនរួចខ្លួនពីសំណាញ់ច្បាប់ឡើយ ហើយពួកគេត្រូវតែបញ្ឈប់ជាបន្ទាន់នូវការរំលោភសិទ្ធិមនុស្សនិងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាពមកលើប្រជាពលរដ្ឋស្លូតត្រង់ ប្រសិនបើពួកគេមិនចង់ទទួលរងទណ្ឌកម្មពីសហគមន៍អន្តរជាតិទេនោះ»។
លោក Phil Robertson អនុប្រធានទទួលបន្ទុកតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រាប់ VOA ថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបញ្ចុះបញ្ចូលយ៉ាងយូរដើម្បីឲ្យមាននូវចំណាត់ការបែបនេះ។ លោកបន្ថែមថា នេះជាវិធានការសមស្របមួយ ដែលគួរតែកើតមានជាយូរមកហើយ។
លោកបញ្ជាក់ថា៖
«ពួកគេបានទទួលវាត្រឹមត្រូវ។ អ្នកដឹងហើយថា គាត់ជាមេដឹកនាំអង្គភាពដែលពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយអ្នកទាំងអស់គ្នាដឹងបែបនេះ។ ខ្ញុំសង្ឃឹមថានេះគឺជាការចាប់ផ្តើម»។
នេះជាការប្រើប្រាស់ច្បាប់ថ្មី Global Magnitsky ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដំបូងបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានចុះហត្ថលេខាបន្ថែមលើផ្នែកនៃការបង្កកទ្រព្យសម្បត្តិនេះនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
ជាលទ្ធផលនៃការដាក់ទណ្ឌកម្មនេះ រាល់ទ្រព្យសម្បត្តិ ឬ ផលប្រយោជន៍ពីទ្រព្យសម្បត្តិរបស់ជនទាំងនេះនៅក្នុងទឹកដីសហរដ្ឋអាមេរិកនឹងត្រូវហាមឃាត់ចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះ តទៅ ហើយជាការបន្ថែម គឺហាមឃាត់ពលរដ្ឋអាមេរិកាំងមិនឲ្យធ្វើការប្រាស្រ័យទាក់ទងការងារជាមួយនឹងជនទាំងនេះទេ៕