ក្រុមគ្រួសារនិងអ្នកជិតស្និទ្ធនឹងមេដឹកនាំប្រឆាំងនៅរុស្ស៊ី លោក Alexey Navalny បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមូស្គូ ថាបានរារាំងមិនឲ្យបញ្ជូនលោក Navalny ដើម្បីទៅព្យាបាលនៅប្រទេសអាល្លឺម៉ង់ ក្នុងបំណងបិទបាំងផែនការបំពុលលោក។
លោក Alexey Navalny បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាបន្ទាន់ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីលោកបានធ្លាក់ខ្លួនឈឺភ្លាមៗ ពេលធ្វើដំណើរលើយន្តហោះ ដោយត្រូវបង្ខំឲ្យយន្តហោះចុះចតបន្ទាន់នៅទីក្រុង Omsk ក្នុងតំបន់ស៊ីបេរី ដែលព្រឹត្តិការណ៍នេះ ត្រូវអ្នកនាំពាក្យរបស់លោកពិពណ៌នាថា ទំនងជាការបំពុលដោយចេតនា។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅមន្ទីរពេទ្យ Omsk ក្នុងតំបន់ស៊ីបេរី កាលពីថ្ងៃសុក្រ អ្នកស្រី Yulia Navalnaya ភរិយាលោក Alexey Navalny និងលោក Ivan Zhdanov អ្នកជំនិតនឹងលោក Navalny ថ្លែងថា ការសម្រេចនេះបានធ្វើឲ្យជីវិតរបស់លោក Navalny នៅក្នុងស្ថានភាពគ្រោះថ្នាក់។
អ្នកស្រី Yulia Navalnaya ថ្លែងថា អ្នកស្រីមិនទុកចិត្តគ្រូពេទ្យ ហើយថា៖ «ពួកគេមិនព្រមឲ្យលោក Alexei ធ្វើដំណើរទៅព្យាបាលបន្តទៀត។ យើងជឿជាក់ថា ការនេះគឺដើម្បីធ្វើឲ្យប្រាកដថា ជាតិគីមីនៅក្នុងខ្លួនរបស់លោកនឹងរលាយអស់»។
អ្នកស្រីក៏បានថ្លែងរិះគន់រដ្ឋាភិបាលវិមានក្រឹមឡាំង ក្រោយពីប្រធានមន្ទីរពេទ្យថា ការបញ្ជូនលោកទៅប្រទេសអាល្លឺម៉ង់ នឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតលោក ដោយសារលោកស្ថិតនៅក្នុងស្ថានភាពដាក់ឲ្យសន្លប់ និងមិនទាន់នឹងនរនៅឡើយ៕