ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ចិនបានធ្វើការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅនឹងលក្ខខណ្ឌពាណិជ្ជកម្មសហរដ្ឋអាមេរិក ក៏ប៉ុន្តែមិនទាន់ច្បាស់តើរដ្ឋាភិបាលក្រុងប៉េកាំងនឹងផ្តល់ឲ្យល្មមគ្រប់គ្រាន់ដែរឬទេ។ ចិននិងសហរដ្ឋអាមេរិកបន្តការ ចរចាពាណិជ្ជកម្មកម្រិតខ្ពស់។
ក្រសួងពាណិជ្ជកម្មចិនប្រាប់ថា ការចរចាកម្រិតខ្ពស់រវាងក្រុមមន្រ្តីមកពីប្រទេសដែលសេដ្ឋកិច្ចធំបង្អស់២ របស់ពិភពលោកបានបន្ត។ ក៏ប៉ុន្តែថាតើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងអាចធ្វើឲ្យសម្រេចជោគជ័យកិច្ចព្រមព្រៀង និងបញ្ចៀសការដំ ឡើងពន្ធគយយ៉ាងខ្លាំងលើទំនិញរបស់ចិនដែលមានតម្លៃ២រយពាន់លានដុល្លារនៅមិនទាន់ប្រាកដប្រជានៅឡើយទេ។
លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន និយាយថា ការបន្តការចរចាបានចាប់ផ្តើម បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនិងមេដឹកនាំចិនលោក ស៊ី ជីងពីង បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃទី១ ខែវិច្ឆិកា។ លោកGao Feng បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ក្រុមការងាររបស់ប្រទេសទាំង២ កំពុងបន្តទាក់ទងគ្នាយ៉ាងជិតស្និទ្ធដើម្បីអនុវត្ត ដោយប្រុងប្រយ័ត្នតាមការមូលមតិដែលមេដឹកនាំទាំង២ បានព្រមព្រៀងគ្នាក្នុងអំឡុងនៃការសន្ទនាតាមទូរសព្ទ»។
លោកបាននិយាយទៀតថា ក្រុមហ៊ុនទាំងនៅក្នុងសហរដ្ឋអាមេរិក និងចិនបានទទួលរងផលប៉ះពាល់ហើយកំពុងឆ្លើយតបទៅនឹងជម្លោះពាណិជ្ជកម្មនេះដែលបណ្តាលឲ្យមានការយកពន្ធគយទៅវិញទៅមកលើទំនិញ។
បន្ទាប់ពីការនិយាយតាមទូរសព្ទនៅដើមខែនេះ ប្រធានាធិបតីត្រាំបាននិយាយថា លោកបានគិតថា ប្រទេសទាំង២ អាចមានកិច្ចព្រមព្រៀងមួយ ប៉ុន្តែ បាននិយាយទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រុងប្រៀបយកពន្ធគយកាន់តែច្រើនឡើងលើទំនិញរបស់ចិន ប្រសិនបើ មិនមានការជឿនលឿនបានត្រូវធ្វើឡើងនោះ។
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ អត្រាពន្ធគយចំនួន១០ភាគរយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនលើទំនិញរបស់ចិនដែលមានតម្លៃ២រយពាន់លានដុល្លារមានគម្រោងនឹងដំឡើងដល់២៥ភាគរយ។លោកប្រធានាធិបតីត្រាំ ក៏បាននិយាយដែរថា ប្រសិនបើ ភាគីទាំង២មិនអាចធ្វើឲ្យសម្រេចកិច្ចព្រមព្រៀងទេ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងដាក់ពន្ធគយលើការនាំចូលទំនិញដែលនៅសេសសល់ទាំងអស់របស់ចិន ដែលមានតម្លៃប្រហែល២៦៧ពាន់លានដុល្លារ។
ប្រធានាធិបតីត្រាំនិងប្រធានាធិបតីស៊ី មានគម្រោងជួបគ្នានៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនៅខាងក្រៅសន្និសីទកំពូលរបស់មេដឹកនាំក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ហៅកាត់ថា G20នៅទីក្រុង Buenos Airesនៃប្រទេសអាហ្សង់ ទីន។នៅដើមសប្តាហ៍នេះ មានសេចក្តីរាយការណ៍ថា ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He ដែលជាអ្នកចរចាពាណិជ្ជកម្មកំពូលរបស់ចិន នឹងធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដែលដកស្រង់សម្តីប្រភព៣របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកមកចុះផ្សាយថា ចិនបានធ្វើការឆ្លើយតបជាលាយលក្ខ័ណ៍អក្សរទៅនឹងការទាមទាររបស់សហរដ្ឋអាមេរិកសម្រាប់ការធ្វើកំណែទម្រង់ពាណិជ្ជកម្មដ៏ទូលំទូលាយ។
គេមិនទាន់ដឹងភ្លាមៗនៅឡើយថាតើការឆ្លើយតបនេះ អាចជួយបំពេញគម្លាតរវាងប្រទេសទាំង២ស្តីពីពាណិជ្ជកម្មឬធ្វើទៅតាមការទាមទាររបស់លោកត្រាំដើម្បីឲ្យមានការផ្លាស់ប្តូរ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានរិះគន់ម្តងហើយម្តងទៀតពីការផ្តល់ប្រាក់ជំនួយដល់ឧស្សាហកម្មពីរដ្ឋរបស់ចិន ការលួចកម្មសិទ្ធបញ្ញា ការខ្វះការប្រកួតប្រជែងស្មើភាពគ្នាសម្រាប់ក្រុមហ៊ុនសហរដ្ឋអាមេរិកក្នុងប្រទេសចិនហើយនឹងឱនភាពពាណិជ្ជកម្ម។
លោក Darson Chiu អ្នកសិក្សាស្រាវជ្រាវនៅឯវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ចនៅកោះតៃវ៉ាន់និយាយថា អ្វីដែលកើតឡើងបន្ទាប់អាស្រ័យលើឥរិយាបទរបស់រដ្ឋាភិបាលក្រុងប៉េកាំង។លោកនិយាយទៀតថា៖ «ម្យ៉ាងទៀត ប្រសិនបើ រដ្ឋាភិបាលក្រុងប៉េកាំងកាត់បន្ថយទំហំនៃពាណិជ្ជកម្មទ្វេភាគីដែលអសមភាពហើយធានាថា សិទ្ធិកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក នឹងមិនត្រូវបានរំលោភឬត្រូវប្រគល់បច្ចេកវិទ្យាទៅឲ្យចិន មានឱកាសល្អមួយសម្រាប់ភាគីទាំង ២ អាចធ្វើឲ្យសម្រេចការមូលមតិមួយ»។
មធ្យោបាយមួយដែលរដ្ឋាភិបាលក្រុងប៉េកាំង អាចធ្វើបាន គឺការស្នើឲ្យសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលរួមមានការព្រួយកង្វល់ទាំងអស់ដែលប្រធានាធិបតីត្រាំបានថ្លែងមាន៖ ការបំភ្លៃរូបិយប័ណ្ណ សិទ្ធិកម្មសិទ្ធបញ្ញា ការព្រួយកង្វល់អំពីសហគ្រាសដែលកាន់កាប់ដោយរដ្ឋ។
លោកChiu បាននិយាយទៀតថា៖«នេះជាមធ្យោបាយដែលប្រធានាធិបតីត្រាំ នឹងសុខចិត្តទទួលយកសំណើនេះ។ហើយនៅពេលជាមួយនេះដែរ ការណ៍នេះ នឹងជួយដកអ្នកដែលមានផលប្រយោជន៍ដ៏ធំធេងចេញពីឧបសគ្គហើយដកចេញឧបសគ្គដ៏យូរអង្វែងដល់ការធ្វើកំណែទម្រង់ដែលពួកអ្នកតាក់តែងគោលនយោបាយនៅក្នុងប្រទេសចិនប្រឈម»។
លោកChiuបានសារភាពថា ដំណោះស្រាយបែបនេះងាយស្រួលនិយាយជាងការធ្វើហើយមានមនុស្សជាច្រើននៅក្នុងប្រទេសចិនដែលមានទស្សនៈផ្សេងអំពីដំណោះ ស្រាយ អ្នកដែលមានផលប្រយោជន៍ច្រើន ដូចជាប្រធានសហគ្រាសដែលកាន់កាប់ដោយរដ្ឋ ក៏បន្តជជែកឲ្យហេតុផលថា ពួកគេអាចជួយចិនពុះពារព្យុះសង្ឃរានេះ។
អ្នកវិភាគខ្លះនិយាយថា អ្វីដែលប្រទេសទាំង២នេះ អាចសង្ឃឹមគឺការបញ្ចុះភាពតានតឹង។
លោក Shi Yinhong ជាអ្នកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Renmin និយាយថា ចិនមានឆន្ទៈធ្វើសម្បទានខ្លះដរាបណាការទាមទារទាំងនោះមិនខ្លាំងពេក។
លោក Shi បាននិយាយថា៖ «ចិនបានយល់ព្រមជាយូរណាស់មកហើយដើម្បីធ្វើសម្ប ទានដូចជា៖ នាំចូលទំនិញរបស់សហរដ្ឋអាមេរិកឲ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើបានហើយនឹងបន្ធូរបន្ថយទីផ្សារយ៉ាងខ្លាំងក្នុងស្រុកសម្រាប់ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក។ក៏ប៉ុន្តែ សម្បទានទាំងនេះ អាចធ្វើឲ្យប្រធានាធិបតីត្រាំមិនសប្បាយចិត្តដែលចង់ឲ្យចិនផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចនិងគោលនយោបាយឧស្សាហកម្មរបស់ខ្លួនតែម្តង»។
លោកបាននិយាយបន្ថែទៀតថា សហរដ្ឋអាមេរិក ក៏អាចបង្កើតយន្តការឃ្លាំមើលដើម្បីធ្វើឲ្យប្រាកដថា ចិនធ្វើទៅតាមសម្តីរបស់ខ្លួននៅពេលនេះ។
លោក Shi និយាយថា ខណៈដែលចិនចង់ធ្វើកំណែទម្រង់ដែរ មធ្យោបាយដ៏ល្អបំផុតដែលអាចក្លាយជាក្តីសង្ឃឹមគឺការបញ្ឈប់សង្គ្រាមពាណិជ្ជកម្ម។
លោក Shi បាននិយាយទៀតថា ការណ៍នេះមានន័យថា សហរដ្ឋអាមេរិក នឹងផ្អាកការយកពន្ធគយច្រើនលើទំនិញចិនដែលមានតម្លៃ២រយពាន់លានដុល្លារនៅក្នុងការដោះដូរដើម្បីឲ្យបានទទួលសម្បទានច្រើនពីចិន រួមមានការផ្អាកដែលរដ្ឋាភិបាលក្រុងប៉េ កាំងបានធ្វើក្នុងអំឡុងនៃការចរចាកាលពីខែកក្កដា។នៅពេលជាមួយគ្នានោះដែរ រដ្ឋា ភិបាលក្រុងវ៉ាស៊ីនតោន ហាក់ដូចជាមិនទម្លាក់ចោលការរឹតត្បិតរបស់ខ្លួនឬបង្កើនការ ពិនិត្យពិច្ច័យលើក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់របស់ចិនទេ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន