នៅថ្ងៃចន្ទនេះ ប្រទេសវៀតណាមបានក្លាយជាប្រទេសទី ៧ ដែលផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ប៉ាស៊ីហ្វិកដ៏ទូលំទូលាយមួយ ដែលនឹងចូលជាធរមាននៅចុងឆ្នាំនេះ។
ប្រទេសចំនួន ១១ បានផ្ដល់ដង្ហើមឡើងវិញដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដែលហៅកាត់ថា TPP ដោយគ្មានវត្តមានរបស់សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP នេះកាលពីឆ្នាំមុន។
កាលពីខែមុន ប្រទេសអូស្ត្រាលីបានក្លាយជាប្រទេសទី ៦ ដែលផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ដោយបើកផ្លូវឲ្យកិច្ចព្រមព្រៀងនេះចូលជាធរមាននៅចុងខែធ្នូខាងមុខនេះ ដោយសារសមាជិកជាងពាក់កណ្ដាលនៃកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាជាផ្លូវការ។
នៅថ្ងៃចន្ទនេះ ប្រទេសវៀតណាមបានធ្វើដូចគ្នានេះដែរ ដោយរដ្ឋសភាវៀតណាមបានបោះឆ្នោតជាឯកច្ឆន្ទដើម្បីអនុម័តលើកិច្ចព្រមព្រៀងនេះ។
លោក Nguyen Van Giau ប្រធាននាយកដ្ឋានទំនាក់ទំនងក្រៅប្រទេសនៃរដ្ឋសភាជាតិវៀតណាម និយាយដូច្នេះថា៖ «នេះជាការសម្រេចចិត្តផ្នែកនយោបាយដ៏សំខាន់មួយ ដោយបញ្ជាក់អំពីតួនាទីសកម្មរបស់ប្រទេសយើងនៅក្នុងការធ្វើសមាហរណកម្មអន្តរជាតិ»។
សេដ្ឋកិច្ចនាំចេញរីកចម្រើនលឿនរបស់ប្រទេសវៀតណាមត្រៀមរួចជាស្រេចដើម្បីទទួលបានប្រយោជន៍ជាច្រើនពីលទ្ធភាពបើកចំហទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏សំខាន់សម្រាប់ទំនិញផលិតក្នុងតម្លៃថោកនានាដូចជាស្បែកជើងម៉ាក Adidas អាវយឺតម៉ាក Gap និងទូរស័ព្ទម៉ាក Samsung ជាដើម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនេះមានឈ្មោះថាកិច្ចព្រមព្រៀងទូលំទូលាយ និងវិវឌ្ឍទៅមុខនៃភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដែលហៅកាត់ថា CPTPP។ កិច្ចព្រមព្រៀងនេះនឹងចងសមាជិកទាំងអស់នៅក្នុងផ្លូវច្បាប់ដ៏តឹងតែងមួយសម្រាប់ការធ្វើពាណិជ្ជកម្ម ពន្ធគយទាប និងទីផ្សារបើកចំហ ក៏ដូចជាដាក់ឲ្យប្រើនូវបទដ្ឋានពលកម្មថ្មីផងដែរ៕